អ្នកច្បាប់​ថា ចំណាត់​ការ​តុលាការ​ទៅ​លើ​យុវជន ឡេង សេងហុង ជា​កា​រំលោភច្បាប់

ដោយ អាស៊ីសេរី
2017.10.29
Share on WhatsApp
Share on WhatsApp
ឡេង សេងហុង ៦២២ លោក ឡេង សេងហុង ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា។
Photo Provided

អ្នកច្បាប់ និង​អ្នកវិភាគ​បញ្ហា​សង្គម លើក​ឡើង​ថា ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី មិន​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​កំពុង​មាន​វិបត្តិ។ លោក ឡេង សេងហុង គឺជា​មនុស្ស​ថ្មី​មួយ​រូប​ទៀត​កំពុង​ប្រឈម​នឹង​ផ្លូវ​តុលាការ​ក្រោយ​ពេល​ដែល​លោក​បាន​ប្រកាស​ធ្វើបាតុកម្ម​អហិង្សា​ដើម្បី​ការពារ​របប​លទ្ធិប្រជាធិបតេយ្យ។

អ្នកច្បាប់​ចាត់​ទុក​ចំណាត់​ការ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឱ្យ​លោក ឡេង សេងហុង ចូល​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការ​នគរបាល​ជាតិ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ រំលោភ​សិទ្ធិ​បុគ្គល និង​ជា​ការ​គាប់​សង្កត់​ទៅលើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។

លោក​មេធាវី ហែម សុជាតិ បាន​ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៧ នេះ​ថា ការ​អំពាវនាវ​របស់​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក ឡេង សេងហុង កន្លង​មក ដែល​ប្រកាស​ត្រៀម​សម្រាប់​ធ្វើ​បាតុកម្ម​អហិង្សា ប្រសិនបើ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើ​ឡើង​ពុំ​មាន​ខុសឆ្គង​ផ្លូវច្បាប់​អ្វី​ឡើយ។ ដោយហេតុថា ការ​អំពាវ​នាវ​នេះ ធ្វើឡើង​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី។

លោក ឡេង សេងហុង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​តុលា បាន​អំពាវនាវ​ឱ្យ​សមាជិក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ត្រៀម​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​ធ្វើបាតុកម្ម​អហិង្សា ក្នុង​ករណី​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ មិនមែន​ដើម្បី​ការពារ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ប៉ុន្តែ​ដើម្បី​ការពារ​របប​ប្រជាធិបតេយ្យ ដែល​ចែង​ពី​ពហុបក្ស និង​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដោយ​លោក​អះអាង​ថា លោក​មាន​កម្លាំង​ប្រមាណ ៤​ពាន់​នាក់​រួចហើយ សម្រាប់​ធ្វើ​បាតុកម្ម​នេះ។

ក៏ប៉ុន្តែ​មួយថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​បង្គាប់​ឱ្យ​លោក ឡេង សេងហុង ចូល​បង្ហាញខ្លួន​ទៅ​បំភ្លឺ​ពី​ករណី ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការ​នគរបាល​ជាតិ ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

លោក ឡេង សេងហុង បាន​ថ្លែងប្រាប់​អាស៊ីសេរី ក្រោយពី​តុលាការ​ចេញ​ដីកា​កោះហៅ កាលពី​ថ្ងៃ​ទី២៧ ខែ​តុលា ឱ្យ​ដឹង​ថា លោក​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ថា លោក​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឱ្យ​ចូល​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការ​នគរបាល​ជាតិ។

លោក​អះអាង​ថា លោក​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ ហើយ​គម្រោង​ធ្វើបាតុកម្ម​នេះ គឺ​ដើម្បី​ការពារ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជាង ៣​លាន​នាក់​ដែល​គាំទ្រ​បក្ស​ប្រឆាំង ការពារ​រដ្ឋធម្មនុញ្ញ និង​របប​លទ្ធិប្រជាធិបតេយ្យ​តែប៉ុណ្ណោះ។ លោក​ឱ្យ​ដឹង​បន្ត​ថា លោក​បាន​ឃើញ​ដីកាកោះ​នោះ ចុះ​ផ្សព្វផ្សាយ​តាម​បណ្ដា​សារព័ត៌មាន និង​បណ្ដាញ​សង្គម ប៉ុន្តែ​លោក​មិនទាន់​ទទួល​បាន​ដីកាកោះ​នេះ​ជា​ផ្លូវការ​ពី​តុលាការ​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​តុលា។ លោក​បញ្ជាក់​ថា ចំណាត់​ការ​របស់​តុលាការ​នៅ​ពេល​នេះ គឺជា​ការ​គាបសង្កត់ បំបាក់​ស្មារតី និង​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។

លោក​មេធាវី ហែម សុជាតិ ថា ករណី​នេះ​គ្មាន​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ដែល​ត្រូវ​អាច​ចោទប្រកាន់​លោក ឡេង សេងហុង បាន​ឡើយ។ ដោយហេតុថា លោក ឡេង សេងហុង ប្រកាស​ធ្វើ​បាតុកម្ម​ដោយ​បាន​ភ្ជាប់​លក្ខខណ្ឌ​យ៉ាង​ច្បាស់​ថា ប្រសិនបើ​តុលាការ​រំលាយ​គណបក្ស​ប្រឆាំង ទើប​លោក ឡេង សេងហុង ធ្វើបាតុកម្ម​ដោយ​អហិង្សា។ លោក​មេធាវី​បាន​បញ្ជាក់​ថា គ្រាន់តែ​ការ​អំពាវនាវ​ធ្វើបាតុកម្ម​ដោយ​អហិង្សា​គ្មាន​ទោស​នោះ​ទេ។ លោក​មេធាវី​ក៏បាន​ចោទ​ជា​សំណួរ​ដែរ​ថា មក​ដល់​ពេល​នេះ តុលាការ​បាន​រំលាយ​គណបក្សប្រឆាំង​ហើយ ឬ​នៅ​? ហើយ​លោក ឡេង សេងហុង បាន​ធ្វើ​បាតុកម្ម​ហើយ ឬ​នៅ?

មាត្រា​២ នៃ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី​ចែងថា ច្បាប់​នេះ​មាន​គោលបំណង​ធានា​ការពារ​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាមរយៈ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

មាត្រា​៤ នៃ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី​ដដែល​ចែងថា បាតុកម្ម​ដោយ​សន្តិវិធី សំដៅ​លើ​ការ​ប្រ​ប្រមូល​ផ្ដុំ​គ្នា ឬ​ការ​ដង្ហែ​ក្បួន ដោយ​មនុស្ស​មួយ​ក្រុម ដើម្បី​ទាមទារ តវ៉ា សម្ដែង​ជា​សាធារណៈ​នូវ​មនោសញ្ចេតនា គំនិត ឬ​ឆន្ទៈ​របស់​ខ្លួន​តាម​រូបភាព ឬ​មធ្យោបាយ​ផ្សេងៗ​ដោយ​សន្តិវិធី។

មាត្រា​៣៧ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ក៏បាន​ដែរ​ចែងថា សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្រម​ខណ្ឌ​នៃ​ច្បាប់។

មាត្រា​៣៨ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដដែល​ចែងថា ការ​ចោទប្រកាន់ ការ​ចាប់ខ្លួន ការ​ឃាត់ខ្លួន ឬ​ការ​ឃុំខ្លួន​ជន​ណាមួយ នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​លោក ឯម សុវណ្ណារ៉ា ឱ្យ​ដឹង​ថា ថា ចំណាត់​ការ​របស់​តុលាការ​នៅ​ពេល​នេះ គឺ​ដើម្បី​គាបសង្កត់ បំបាក់​ស្មារតី និង​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ដែល​លោក​ចាត់ទុកថា របប​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ។

ទោះជា​យ៉ាងណាក៏ដោយ លោក ឡេង សេងហុង នៅ​តែ​រក្សា​ជំហរ​ថា លោក​នៅតែ​បន្ត​គ្រោង​ធ្វើ​បាតុកម្ម​អហិង្សា​ដដែល ប្រសិន​បើ តុលាការ​កំពូល​ហ៊ាន​រំលាយ​គណបក្សប្រឆាំង បើ​ទោះ​បី​ជា​មានការ​គំរាមកំហែង ការ​បង្ក្រាប ឬ​ការ​ចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​រាជរដ្ឋាភិបាល ក៏​រូបលោក​មិន​ខ្លាច​ដែរ។ លោក ឡេង សេងហុង បញ្ជាក់​ថា លោក​មិន​គាំទ្រ​គណបក្សប្រឆាំង​ទេ ប៉ុន្តែ​គម្រោង​ធ្វើ​បាតុកម្ម​នេះ គឺ​សម្ដែង​ការ​មិន​ពេញចិត្ត​ក្នុង​ករណី​ដែល​តុលាការ​រំលាយ​គណបក្ស​ប្រឆាំង​តែប៉ុណ្ណោះ។

ជាមួយគ្នា​នោះ​ដែរ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ ក្នុង​ពី​ធី​ប្រកាស​បង្កើត​កងពលតូច​អន្តរាគមន៍​លេខ ១២៨ នៅ​ខែត្រ​ស្ទឹងត្រែង កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៧ បាន​ប្រកាស​នៅ​ចំពោះ មុខ​មេទ័ព​កំពូលៗ និង​កងទ័ព​រាប់​រយ​នាក់ ឲ្យ​ត្រៀម​បង្ក្រាប​បដិវត្តន៍​ពណ៌ និង​ទប់ស្កាត់ សកម្មភាព​នានា ដែល​ចង់​មករា​រាំង​ការ​អនុវត្តន៍​ច្បាប់ ចំពោះ​ជន​ក្បត់​ជាតិ និង​បក្ស​ក្បត់ជាតិ។

ការ​ប្រកាស​របស់​លោក ទៀ បាញ់ ធ្វើឡើង​មួយថ្ងៃ​ក្រោយ​ពេល​ដែល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​មិន​ឈឺក្បាល​វិលមុខ​ចំពោះ​សម្ពាធ​អន្តរជាតិ ហើយក៏​មិន​បារម្ភ​ចំពោះ​ការ​គំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច របស់​ពិភពលោក​ចំពោះ​កម្ពុជា​នោះ​ដែរ។

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា ការ​បង្ក្រាប​ណាមួយ​របស់​កងកម្លាំង ប្រដាប់​អាវុធ ដល់​ពលរដ្ឋ​ដែល​តវ៉ា ក្រោយ​ការ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ គឺជា​អំពើ​ខុសច្បាប់​ជាតិ និង​អន្តរជាតិ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា កម្ពុជា នឹង​អាច​ជួប​បញ្ហា​ធ្ងន់ធ្ងរ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រួមមាន​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដែល​ជា​ទីផ្សារ​ដ៏​ធំ ក្នុង​ការ​នាំចូល​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​ពី​កម្ពុជា មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ។

នៅ​ក្រោយ​ពេល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បញ្ចប់​វប្បធម៌​សន្ទនា រដ្ឋាភិបាល​ហាក់​បី​ដូច​ខ្លាច​ពលរដ្ឋ​ធ្វើបាតុកម្ម​ទាមទារ​បញ្ហា​ផ្សេងៗ រួមមាន ក្រុម​អ្នក​បាតុកម្ម​រឿង​ដោះស្រាយ​ជម្លោះដីធ្លី ទាមទារ​សិទ្ធិ​សេរីភាព​ផ្សេងៗ គឺ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង​មិន​ឲ្យ​មានការ​ជួបជុំ​ឡើយ បន្ថែម​ពី​នេះ រដ្ឋាភិបាល​តែងតែ​ចោទប្រកាន់​អ្នកមាន​បំណង​ជួប​ជុំ​ធ្វើបាតុកម្ម​ទាំងនោះ​ថា ជា​ក្រុម​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទៅវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ទស្សន​ជុំវិញ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​យក​ស្បែកជើង​គប់​លោក ហ៊ុន សែន ក្នុង​ពេល​ជួប​អ្នកគាំទ្រ​នៅ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល