មេធាវីការពារក្តីឱ្យមន្ត្រីសមាគមអាដហុក និងប្រជាសហគមន៍ឃុំសេដា គ្រោងដាក់លិខិតស្នើសុំចៅក្រមស៊ើបសួរឱ្យលើកលែងការចោទប្រកាន់លើកូនក្ដីរបស់លោក ក្រោយពេលចៅក្រមបានប្រកាសបិទការស៊ើបអង្កេតកាលពីពេលថ្មីៗ នេះ។ មន្ត្រីសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែលរងបណ្ដឹងញុះញង់នេះ មានជំនឿថា ពួកលោកនឹងទទួលបានយុត្តិធម៌ ព្រោះពួកលោកមិនបានប្រព្រឹត្តកំហុសអ្វីនោះឡើយ។
មេធាវីការពារក្តីឱ្យមន្ត្រីជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ គឺលោក សំ ទិត្យសីហា ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៩ កុម្ភៈថា លោកកំពុងរៀបចំឯកសារ និងលិខិត ដាក់ជូនចៅក្រមស៊ើបសួរតុលាការខេត្តរតនគិរី ដើម្បីស្នើសុំលើកលែងបទចោទប្រកាន់ប្រឆាំងនឹងលោក ប៉ែន ប៊ុណ្ណារ៍ និងប្រជាសហគមន៍ឃុំសេដា២ នាក់ទៀត ដែលកំពុងរងការចោទប្រកាន់ពីបទញុះញង់បែបមិនសមហេតុផល។ លោកបញ្ជាក់ថា លោកនឹងដាក់លិខិតទាំងនោះយ៉ាងយូរបំផុតនៅអំឡុងសប្ដាហ៍ក្រោយ មុននឹងចៅក្រមស៊ើបសួរសម្រេចចេញដីកាដំណោះស្រាយ៖ «»
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរីលោក សេង ស៊ឹមសុរិយា បានសម្រេចបិទការស៊ើបសួរសំណុំរឿងនេះកាលពីដើមខែមករា កន្លងទៅ ក្រោយប្រើពេលស៊ើបអង្កេតជាងកន្លះឆ្នាំ។ ទោះជាយ៉ាងណា ចៅក្រមមិនទាន់ចេញដីកាដំណោះស្រាយនៅឡើយទេ ដែលតាមផ្លូវច្បាប់ នេះជាចន្លោះពេលដែលមេធាវីអាចដាក់ពាក្យស្នើសុំលើកលែងបទចោទប្រកាន់បាន។
មេធាវី សំ ទិត្យសីហា ឱ្យដឹងថា ទោះបីជាចៅក្រមស៊ើបសួរបិទបញ្ចប់នីតិវិធីស៊ើបអង្កេតក៏ដោយ ក៏កូនក្តីរបស់លោកទាំង៣ នាក់ រួមមានមន្ត្រីជាន់ខ្ពស់សមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ព្រមទាំងប្រជាសហគមន៍ឃុំសេដា លោក ស៊ីថ៉ាន់ ញ៉ាន់ និងលោក ឆន ផល្លា នៅតែជាប់កាតព្វកិច្ចស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល។ កាតព្វកិច្ចនោះ គឺពួកគេត្រូវទៅបង្ហាញមុខនៅសាលាដំបូងខេត្តរតនគិរីរៀងរាល់២ ខែម្តង និងមិនអាចផ្លាស់ប្ដូរទីលំនៅដោយគ្មានការអនុញ្ញាតពីតុលាការឡើយ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ អះអាងថា លោកមិនព្រួយបារម្ភ ចំពោះការប្ដឹងផ្ដល់នេះឡើយ ដោយសារតែលោកមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។ ផ្ទុយទៅវិញ លោកនៅតែប្រកាន់ជំហរជួយជ្រោមជ្រែង និងចូលរួមជាមួយសហគមន៍ដែលរងផលប៉ះពាល់ ក្នុងការរៀបចំបណ្ដឹងបរិហារប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ និងការរំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដដែល៖ «»
លោក ប៉ែន ប៊ុណ្ណារ៍ និងប្រជាសហគមន៍មួយចំនួនទៀត បានរងការចោទប្រកាន់ពីបទ "ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" ក្រោយពេលពួកគេបានប្ដឹងបរិហារក្រុមមន្ត្រីចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត ទាក់ទងនឹងករណីបណ្ដែតបណ្ដោយឱ្យមានបទល្មើសកាប់រានដីព្រៃអភិរក្សជាង៨០០ ហិកតារ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។ បណ្ដឹងបរិហាររបស់ក្រុមពលរដ្ឋ និងលោក ប៉ែន ប៊ុណ្ណារ៍ នោះ ត្រូវបានតុលាការខេត្តរតនគិរីតម្កល់ទុកឥតចាត់ការ ប៉ុន្តែតុលាការងាកមកចាត់ការបណ្ដឹងរបស់ក្រុមអាជ្ញាធរដែលប្ដឹងបកប្រជាសហគមន៍ និងមន្ត្រីអាដហុក អំពីករណីញុះញង់ទៅវិញ។
មេធាវី សំ ទិត្យសីហា បញ្ជាក់ថា ក្រុមអាជ្ញាធរដែលជាភាគីដើមបណ្ដឹង បានប្ដឹងចោទប្រកាន់កូនក្តីរបស់លោក អំពីការញុះញង់ឱ្យពលរដ្ឋទៅកាប់រានដីព្រៃ ដែលនេះគឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមិនត្រឹមត្រូវទាល់តែសោះ ព្រោះកូនក្តីរបស់លោកសុទ្ធសឹងជាអ្នកការពារព្រៃឈើ។ ចំណែកការប្ដឹងបរិហាររឿងបណ្ដែតបណ្ដោយឱ្យមានបទល្មើសកាប់រានដីព្រៃនោះទៀតសោត គឺជាសិទ្ធិដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICAHD) លោក អំ សំអាត មានប្រសាសន៍ថា បណ្ដឹងប្រឆាំងមន្ត្រីអាដហុក លោក ប៉ែន ប៊ុណ្ណរ៍ និងប្រជាសហគមន៍នេះ គឺជារឿងមិនសមហេតុផល និងជាវប្បធម៌ក្ដិចត្រួយនៅក្នុងសង្គមកម្ពុជា។ លោកថា តុលាការគួរតែចាត់ការបណ្ដឹងបរិហាររបស់ប្រជាសហគមន៍រឿងបទល្មើសកាប់រានដីព្រៃ មិនមែនចាត់ការលើបណ្ដឹងប្រឆាំងប្រជាសហគមន៍រឿងញុះញង់បែបនេះឡើយ។ មន្ត្រីសិទ្ធិមនុស្សរូបនេះស្នើយ៉ាងទទូចដល់តុលាការខេត្តរតនគិរីទម្លាក់ចោលបទចោទប្រកាន់នេះ និងផ្ដល់សិទ្ធិសេរីភាពពេញលេញដល់មន្ត្រីសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ និងប្រជាសហគមន៍វិញ ដើម្បីឱ្យពួកគេអាចបន្តការងារការពារបរិស្ថាន និងធនធានធម្មជាតិតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។