មេធាវីការក្ដីឱ្យសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១០នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស បានប្ដឹងទៅសាលាឧទ្ធរណ៍ស្នើសុំឱ្យកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី២២ មេសា។ មេធាវីអះអាងថា កូនក្ដីរបស់លោកភាគច្រើនមានជំងឺប្រចាំកាយ និងមានសុខភាពទ្រុឌទ្រោម ដែលត្រូវការព្យាបាលនៅខាងក្រៅពន្ធនាគារ។
លោកមេធាវី សំ សុគង់ ប្រាប់អាស៊ីសេរី នៅរសៀលថ្ងៃទី២២ មេសាថា លោកបានចូលសួរសុខទុក្ខកូនក្ដីរបស់លោកចំនួន ៦នាក់ ក្នុងចំណោមសកម្មជនគណបក្សប្រឆាំង ១០នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ លោកថា គឺលោក កែវ ថៃ មានបញ្ហាសុខភាពធ្ងន់ធ្ងរជាងគេ ដោយលោកមានជំងឺលើសឈាមផង និងហើមជើងពិបាកធ្វើដំណើរ។ លោកបន្តថា លោកបានប្ដឹងឧទ្ធរណ៍សុំឱ្យកូនក្ដីនៅក្រៅឃុំរួចហើយនៅព្រឹកថ្ងៃទី២២ មេសា ពីព្រោះព្រួយបារម្ភអំពីសុខភាពរបស់កូនក្ដី៖ «ហើយពួកគាត់ក៏ស្នើដែរថា រឿងរបស់ពួកគាត់នេះគឺពាក់ព័ន្ធនឹងសំណុំរឿងនយោបាយ ដូច្នេះគួរតែដោះលែងពួកគាត់ឱ្យមានសេរីភាពវិញ ព្រោះពួកគាត់ក៏មិនមានអីដែលពាក់ព័ន្ធនឹងនយោបាយដែរ ដោយសារពួកគាត់ហ្នឹងគ្រាន់តែជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ។ប៉ុន្តែឥឡូវនេះគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយអស់ហើយ»។
ថ្មីៗលោក បានប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញស្នើឱ្យកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្នដែរ ក៏ប៉ុន្តែចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ លោក កួយ សៅ បានបដិសេធការនឹងការស្នើសុំនេះ ក្រោមហេតុផលថា ខ្លាចជនជាប់ឃុំបង្កបញ្ហា និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៅក្នុងសង្គម។
ជាមួយគ្នានេះកូនប្រុសរបស់ជនជាប់ឃុំដែលជាប្រធានគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង លោក កែវ ថៃ គឺ កែវ ចាន់សួក៏ ថ្លែងថា ឪពុករបស់លោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយ ហើយលោកទាមទារតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងឪពុករបស់លោកឱ្យមានសេរីភាពឡើងវិញជាបន្ទាន់។ លោកបន្តថា ការចាប់ខ្លួនឪពុករបស់លោកនេះគឺជាការធ្វើទុក្ខទុក្ខបុកម្នេញដល់ក្រុមគ្រួសារធ្វើឱ្យគ្មានចិត្តធ្វើការងាររកប្រាក់ចំណូលដូចពេលមុនៗនោះឡើយ៖ «អ្វីដែលចោទប្រកាន់នេះសូមឱ្យតុលាការបង្ហាញភស្តុតាងមក ព្រោះឪពុកខ្ញុំតាំងពីរំលាយគណបក្សសង្គ្រោះជាតិមក គាត់នៅតែផ្ទះ បង្រៀនសិស្សដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។ ខ្ញុំឱ្យតុលាការដោះស្រាយឱ្យមានយុត្តិធម៌ កុំឱ្យមានស្តង់ដារ២ ហើយកុំឱ្យចេះតែដើរចាប់មនុស្សតាមអំពើចិត្ត ព្រោះតាំងតែប៉ូលិសចាប់ឪពុកខ្ញុំមកខ្ញុំមិនបានឃើញដីការបស់តុលាការនោះឡើយទេ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក ស៊ឹង សែនករុណា ហៅការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់នេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់ ពីព្រោះពួកគេមិនបានប្រព្រឹត្តខុសច្បាប់ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។