មេធាវីការពារក្ដីឱ្យអតីតអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) លោក អូន ភាព និងលោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) នឹងធ្វើលិខិតស្នើសុំតុលាការខេត្តរតនគិរីឱ្យពន្លឿនសវនាការរឿងក្ដីនេះ។ តុលាការខេត្តរតនគិរីមិនទាន់កំណត់ថ្ងៃជំនុំជម្រះរឿងក្តីនេះនៅឡើយទេ ក្រោយលើកពេលសវនាការកាលពីធ្នូ ឆ្នាំ២០១៩ កន្លងទៅ។
មេធាវីការពារក្ដីឱ្យអតីតអ្នកកាសែត ឌឹ ខេមបូឌា ដេលី លោក សេក សោភ័ណ ឱ្យដឹងថា ប្រសិនបើនៅក្នុងសប្ដាហ៍នេះ តុលាការមិនជូនដំណឹងអំពីការជំនុំជម្រះរឿងក្ដីនេះទេ លោកនឹងដាក់លិខិតស្នើសុំពន្លឿននីតិវិធីនេះ។ លោកពន្យល់ថា រឿងក្ដីព្រហ្មទណ្ឌតម្រូវឱ្យតុលាការបើកការជំនុំជម្រះឱ្យបានឆាប់ ក៏ប៉ុន្តែសំណុំរឿងនេះ តុលាការប្រើពេលយូរពេកណាស់ទៅហើយ ដែលប៉ះពាល់ដល់យុត្តិធម៌សម្រាប់កូនក្ដីរបស់លោក៖ «ការអូសបន្លាយហ្នឹង គឺធ្វើឱ្យការទន្ទឹងរង់ចាំរបស់កូនក្ដីហ្នឹង វាយូរ ហើយនីតិវិធីគេនិយាយថា ឱ្យមានរយៈពេលសមស្របដែលអាចប្រព្រឹត្តទៅបាន អ៊ីចឹងចៅក្រមដូចយូរហើយដែរ។ គាត់ថា ចាំជូនដំណឹងនៅពេលក្រោយ អ៊ីចឹងរហូតមកដល់ពេលនេះ គឺស្ងាត់ឈឹងតែម្ដង»។
សាលាដំបូងខេត្តរតនគិរីបានចោទប្រកាន់អតីតអ្នកកាសែត ឌឹ ខេមបូឌា ដេលី លោក អូន ភាព ជនជាតិខ្មែរ និងលោក លោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) ជនជាតិកាណាដា ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍”។ ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពេលអ្នកកាសែតទាំងពីររូបបានចុះទៅសម្ភាសពលរដ្ឋឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីខែសីហា ឆ្នាំ២០១៧ ទាក់ទងនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ក្រោយរងការចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ លោក អូន ភាព និងលោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) បានបង្ខំចិត្តរស់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួន ឬការធ្វើទុកបុកម្នេញពីសំណាក់អាជ្ញាធរកម្ពុជា។
តុលាការខេត្តរតនគិរីបានប្រើពេលស៊ើបអង្កេតរឿងនេះជាង ២ឆ្នាំ រួចក៏បានកំណត់យកថ្ងៃទី២៥ ធ្នូ២០១៩ ជាថ្ងៃបើកសវនាការ ក៏ប៉ុន្តែនៅថ្ងៃនោះមកដល់ ស្រាប់តែប្រធានក្រុមប្រឹក្សាជំនុំជម្រះប្រកាសថា សវនាការត្រូវលើកទៅធ្វើនៅថ្ងៃក្រោយវិញ ដោយសារចៅក្រមមួយរូបជាប់រវល់ទៅក្រៅប្រទេស។
ប្រធានលេខាធិការដ្ឋានរដ្ឋបាល និងជាអ្នកនាំពាក្យតុលាការខេត្តរតនគិរី លោក កែវ ពិសុទ្ធ ឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ឧសភា ចៅក្រមជំនុំជម្រះមិនទាន់កំណត់ថ្ងៃបើកសវនាការរឿងក្ដីនេះនៅឡើយទេ។ លោកបន្តថា មេធាវីអតីតអ្នកកាសែត ឌឹ ខេមបូឌា ដេលី អាចដាក់លិខិតមករដ្ឋបាលតុលាការដើម្បីស្នើសុំពន្លឿនរឿងក្តីនេះ។ ទាក់ទងនឹងរឿងខាតប្រយោជន៍ជនជាប់ចោទវិញ លោកសុំមិនធ្វើអត្ថាធិប្បាយទេ ព្រោះលោកថា នេះជារឿងបច្ចេកទេសច្បាប់៖ «សំណុំរឿងហ្នឹង អត់ទាន់ឃើញចៅក្រមគាត់ដាក់ថ្ងៃបរិច្ឆេទជម្រះសាថ្មីទេ នៅខាងខ្ញុំអត់ទាន់ទទួលព័ត៌មានហ្នឹង។ បើគាត់មាន គាត់ត្រូវមកសុំលេខសាជាថ្មី ហើយដាក់ថ្ងៃកំណត់ជាថ្មីថា ជម្រះថ្ងៃណាអ៊ីចឹង តែឥឡូវអត់ទាន់ឃើញគាត់ដាក់កម្មវិធីទេ»។
មេធាវី សេក សោភ័ណ អះអាងថា អំពើរបស់កូនក្ដីលោកទាំងពីរមិនមែនជាបទល្មើសនោះទេ តែជាការបំពេញវិជ្ជាជីវៈសារព័ត៌មាន ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។ ការីនិពន្ធវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) លោក មិន ពៅ ថ្លែងថា អាជ្ញាធរគួរតែប្រើច្បាប់ស្ដីពីរបបសារព័ត៌មានចំពោះអំពើរបស់អ្នកកាសែត។ លោកថា ការយកបទញុះញង់មកប្រើ ធ្វើឱ្យអ្នកសារព័ត៌មានងាយប្រឈមនឹងការចោទប្រកាន់ និងទោសទណ្ឌ កើតចេញពីការបំពេញវិជ្ជាជីវៈរបស់ខ្លួន ហើយធ្វើឱ្យសារព័ត៌មានឯករាជ្យកាន់តែចុះខ្សោយ៖ «ប្រសិនបើវាអត់មានភស្តុតាងច្បាស់លាស់ទេ គួរតែបញ្ចប់ ឬក៏ទម្លាក់ចោលតែម្ដង ដើម្បីឱ្យគាត់មានសិទ្ធិសេរីភាព ហើយដើម្បីបង្ហាញភាពស្អាតស្អំរបស់គាត់ ហើយក៏ជាផ្នែកមួយនៃការបង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រសួងព័ត៌មាន ដែលបញ្ជាក់ថា នឹងខំប្រឹងប្រែងលើកកម្ពស់សេរីភាពសារព័ត៌មាននេះ»។
អង្គការសារព័ត៌មានជាតិ និងអន្តរជាតិវាយតម្លៃថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីចុងឆ្នាំ២០១៧ រហូតមក។ ធ្លាក់ចុះ ដោយសារតែរបបក្រុងភ្នំពេញ បានបិទស្ថាប័នព័ត៌មានឯករាជ្យ និងប្រេកង់វិទ្យុមួយចំនួន ចោទប្រកាន់អ្នកកាសែតពីបទញុះញង់ ចាប់ខ្លួនអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីទាក់ទងនឹងអំពើចារកម្ម ព្រមទាំងរឹតត្បិតសេរីភាពបញ្ចេញមតិលើប្រព័ន្ធអ៊ិនធើណិតជាដើម។ ការបង្ក្រាបសារព័ត៌មានឯករាជ្យនេះ ធ្វើឡើងក្នុងបរិបទនៃការរំលាយគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ដើម្បីធានាជ័យជម្នះផ្ដាច់មុខឱ្យគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ក្នុងការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។