អ្នក​ច្បាប់​ទាមទារ​តុលាការ និង ACU ឱ្យ​ស៊ើបអង្កេត​​លោក ហ៊ុន សែន ករណី​​លោក លី សាម៉េត

ដោយ ប្រាជ្ញ ចេវ
2024.12.03
អ្នក​ច្បាប់​ទាមទារ​តុលាការ និង ACU ឱ្យ​ស៊ើបអង្កេត​​លោក ហ៊ុន សែន ករណី​​លោក លី សាម៉េត ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និងទីប្រឹក្សាលោក ហ៊ុន សែន គឺ​លោក លី សាម៉េត។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន លោក លី សាម៉េត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ច្បាប់​ទាមទារ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ឱ្យ​ស៊ើបអង្កេត​​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ពាក់ព័ន្ធ​សំណុំ​រឿង​បណ្ដាញ​ ឆបោក​ទ្រង់​ទ្រាយ​ធំ​របស់​អតីត​ទីប្រឹក្សា​របស់​លោក គឺ​លោក លី សាម៉េត និងបក្ខពួក។ ការ​លើក​ឡើង​នេះ គឺ​នៅ​ក្រោយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ ពុករលួយ ទើប​តែ​ឃាត់​ខ្លួន​ស្រ្តី២នាក់ បន្ថែម​ទៀត​ក្នុង​អំពើ​ល្មើស​យក​លុយ ៣០ម៉ឺនដុល្លារ ទៅ​ឱ្យ​លោក លី សាម៉េត និង​លោក មួង ឃីម ឱ្យ​ជួយ​រត់​ការ​ធ្វើ​មន្ត្រី​គយ។ យ៉ាងណាក្ដី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាងថា អំពើ​ឆបោក​របស់​លោក លី សាម៉េត និង​បក្ខពួក គឺ​ជា​ឧបាយកល​របស់​មនុស្ស​ទុច្ចរិត គ្មាន​អ្វី​ទាក់ទង​នឹង​លោក ហ៊ុន សែន នោះទេ។

អ្នក​ច្បាប់​លើក​ឡើង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​តុលាការ ត្រូវ​សហការ​គ្នា​បើក​ការ​ស៊ើបអង្កេត​លើ​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ហ៊ុន សែន ដើម្បី​ធានា​ថា ឧក្រិដ្ឋជន និង​អ្នក​ពាក់ព័ន្ធ​គ្រប់កម្រិត ត្រូវ ប្រឈមមុខច្បាប់ ហើយ​នេះ​ជា​គោលការណ៍​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ​លោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុ​អាស៊ី សេរីនៅថ្ងៃទី​២ ខែធ្នូ ថា ក្រៅ​ពី​យន្តការ​ស៊ើបអង្កេត ដោយ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថាប័ន​សភាក៏ជា​ជំនួយ​ក្នុង​ការ​កោះហៅ​លោក ហ៊ុន សែន ឱ្យ​ទៅ​បំភ្លឺ​ជុំវិញ​ដំណើរ​រឿង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​របស់​លោក លី សាម៉េត ដែរ។ លោក​ពន្យល់​ថា ដើម្បី​ធានា​យុត្តិធម៌ ត្រូវ​តែស្រាវជ្រាវ​ឱ្យ​ដល់​ឫសគល់​ពិត នៃ​ក្រុម​បុគ្គល​ដែល​ស្ថិត​នៅ​ក្នុង​រចនា​សម្ព័ន្ធ​សង្ស័យ បើ​មិន​ដូច្នេះ​ទេ ករណី​ឆបោក​ធំៗ មួយ​ហើយ​មួយ​ទៀត​នៅ​កម្ពុជា ចៀស​មិន​ផុត​ពី​ការ​ជាប់​ការ​សង្ស័យ​ថា បង្កើត​ឡើង​ដោយ មេ​ដឹក​នាំ​រដ្ឋ​អំណាច។

លោក វ៉ន ចាន់ឡូត៖ «ជា​ពិសេស​លោក លី សាម៉េត នេះ គឺ​ជា​មនុស្ស​ដែល​សិ្នទ្ធ​បំផុត​ទៅ​នឹង​លោក ហ៊ុន សែន បើ​គ្មាន​ការ​បើក​ភ្លើង​ខៀវ​ណា​មួយ​ពី​សំណាក់​លោក ហ៊ុន សែន ទេ យើង​ដឹង​ថា ឧក្រិដ្ឋជន​មួយ​នេះ មិន​អាច​ដើរ​បោក​ប្រាស់​មនុស្ស​បាន​ដោយ​សេរី និង​ជា​សាធារណៈ​បាន​ទេ»

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ព្រឹក​ថ្ងៃទី២៩ ខែ​វិច្ឆិកា បាន​ឃាត់​ខ្លួន​ស្រ្តី ២នាក់ គឺ​អ្នកស្រី ឆាយ សុវណ្ណារី និង​អ្នកស្រី ហ៊ើង ទិត្យរាត្រីល័ក្ខណ៍ ពាក់ព័ន្ធ​នឹង​ការ​យក​លុយ​ប្រមាណ ៣០ម៉ឺនដុល្លារ ទៅ​ឱ្យ​លោក លី សាម៉េត និងលោក មួង ឃីម ឱ្យ​ជួយ​រត់​ការ​ធ្វើ​មន្ត្រី​គយ​ខេត្ត​បាត់ដំបង។ សារព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ថា ស្ត្រី​ទាំង២នាក់​នេះ ក៏​ត្រូវ​បាន​អង្គភាព​ប្រឆាំង​​អំពើ​ពុករលួយ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​នៅ​ព្រឹក​ថ្ងៃទី២៩ ខែវិច្ឆិកា។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​រក​ប្រភព ដើម្បី​កំណត់​អត្តសញ្ញាណ អ្នកស្រី ឆាយ សុវណ្ណារី និងអ្នកស្រី ហ៊ើងទិត្យរាត្រីល័ក្ខណ៍ បាន​នៅ​ឡើយ​ទេ។ រីឯ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ និង​អ្នកនាំពាក្យ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក សយ ច័ន្ទវិចិត្រ ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃទី​២ ខែ​ធ្នូ នេះ។

យ៉ាងណា នៅ​ក្រោយ​ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​ចំនួន​មនុស្ស ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ ក្នុង​សំណុំ​រឿង​ពុករលួយ និង​ឆបោក​របស់​លោក លី សាម៉េត មក​ដល់​ពេល​នេះ កើន​ឡើង​ដល់ ៨​នាក់​ហើយ រួម​មាន អតីត​ជំនួយ​ការ​លោក ហ៊ុន សែន គឺលោក ដួង តារា អតីត​អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ លោក មួង ឃីម ឧកញ៉ា អ៊ុត ធី អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក ឡាយ ពិសិដ្ឋ និង​អតីត​អភិបាល​ ស្រុក​ល្វាឯ លោក កន សុកាយ។ លើស​ពី​នេះ​ទៀត អង្គភាព​ប្រឆាំង​អំពើ​ ពុករលួយ ឱ្យ​ដឹង​ថា នៅ​សល់​មនុស្ស ៤នាក់​ទៀត មិន​ទាន់​អាច​ឃាត់​ខ្លួន​បាន​ដូចជា សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ឥន្ទ្រវិទ្យា លោក ឡាច សំរោង ព្រម​ទាំង​បុគ្គល​ឈ្មោះ គិត សុផា អៀត ឧត្តម និង ឈ្មោះ សោម ចាន់រិទ្ធ។

ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លើ​លោក ហ៊ុន សែន នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​ថ្ងៃទី២ ខែធ្នូ ថា អំពើ​ឆបោក​របស់​លោក លី សាម៉េត និង​បក្ខពួក គឺ​គ្រាន់​តែ​ជា​ឧបាយកល​របស់​មនុស្ស​ទុច្ចរិត មិន​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន ទេ។ លោកថា ការ​តែង​តាំង​លោក លី សាម៉េត កន្លង​មក ដូច​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន ជា​ដើម គឺ​ព្រោះ​តែ​ពេល​នោះ លោក លី សាម៉េត មាន​គុណសម្បត្តិ និង​មាន​គោល​ជំហរ​ល្អ ប៉ុន្តែ​ពេល​បាន​តំណែង និង​តួនាទី​លោក លី សាម៉េត បែរ​ជា​ប្រែ​ធាតុ​ក្លាយ​ជា​អ្នក​បោកប្រាស់​ទៅ​វិញ។

លោក សុខ ឥសាន៖ «ការ​មិន​ទាន់​មាន​តួនាទី​វា​មិន​ទាន់​មាន​ប្រែ​ធាតុ​ទេ វា​សុទ្ធ​តែ​ប្ដេជ្ញា​វា​សុទ្ធ​តែ​មាន​គោល​ជំហរ​ល្អ​អី តែ​ដល់​បាន​តួនាទី​បាន​បុណ្យ​ស័ក្ដិ​ធំ​ទៅ វា​បែក​គំនិត មិន​គិត​លើក​តម្កើង​កិត្តិយស​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ឯង​ទៅ​បោកប្រាស់​គេ​អ្នក​ដទៃ ហើយ​យក​ឈ្មោះ​ចៅហ្វាយនាយ​របស់​ខ្លួន​ទៅ​ប្រើ ដើម្បី​ឱ្យ​គេ​ជឿ»

លុយ​ឆបោក​ដោយ​លោក លី សាម៉េត និង​បក្ខពួក​មាន​ចំនួន​សរុប​ជិត ៤លាន​ដុល្លារ ដែល​លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា លោក លី សាម៉េត បាន​យក​ទៅ​ឱ្យ​លោក​ដែរ តែ​លោក​បដិសេធ​មិន​ទទួល​យក។ ទាំង​លោក ហ៊ុន សែន និង លោក លី សាម៉េត សុទ្ធ​តែ​ធ្លាប់​បាន​ធ្លាប់​និយាយ​ថា លោក ហ៊ុន សែន បាន​ដឹង​ពី​អំពើ​ឆបោក​ជា​ប្រព័ន្ធ​របស់​លោក លី សាម៉េត ប៉ុន្តែ​លោក ហ៊ុន សែន បាន​អនុគ្រោះ​ឱ្យ​លោក លី សាម៉េត ម្ដង​ហើយ​ម្ដង​ទៀត។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី (KDO) លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅថ្ងៃទី២ ខែធ្នូ ថា វិធានការ​ចាប់​ខ្លួន​លោក លី សាម៉េត និង​បក្ខពួក គឺ​ព្រោះ​តែ​លោក លី សាម៉េត សម្ញែង​ប្រាក់​បោក​ប្រាស់​បាន​នោះ ដោយ​គឃ្លើន​ពេក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត នៅ​ក្បែរ​អ្នក​ដឹក​នាំ ដែល​ចេះ​ស៊ី និង​ចេះ​ស្ងាត់​តែង​តែ​រួច​ខ្លួន

លោក​ថា អំពើ​ឆបោក​របស់​លោក លី សាម៉េត គឺ​ជា​អំពើ​ពុករលួយ ក្រោម​ប្រព័ន្ធ​អំណាច បក្ខពួក​គ្រួសារ​និយម ដែល​តុលាការ​ជា​ឧបករណ៍​របស់​មេ​ដឹក​នាំ​ប្រទេស​ដូច្នេះ តុលាការ​មិន​ហ៊ាន​ស៊ើបអង្កេត​លើ​មេ​ដឹកនាំ​កំពូល ដែល​មាន​អំណាច​សម្រេច​ចិត្ត​ទទួល​សំណូក​ទេ ហើយ​ហ៊ាន​ចាត់​ការ​ត្រឹម​តែ​អ្នក​សូក និង​អ្នក​រត់​ការ​លុយ​សូក ដែល​ជា​មន្ត្រី​ថ្នាក់​ក្រោមលោក​បន្ថែម​ថា លោក ហ៊ុន សែន ក៏​មិន​អាច​រួច​ខ្លួន​ពី​ការ​ស៊ើបអង្កេត​ឡើយ បើ​ប្រទេស​កម្ពុជា​មាន​នីតិរដ្ឋ​ត្រឹម​ត្រូវ។

លោក សឹង សែនករុណា៖ «បើ​សិន​ជា​ប្រទេស​ដែល​មាន​ការ​ដឹក​នាំ​តាម​ប្រជាធិបតេយ្យ​ត្រឹម​ត្រូវ អំណាច​បែង​ចែក​ដាច់​ចេញ​ពី​គ្នា​អំណាច តុលាការ​គឺ​ជា​អំណាច​ឯករាជ្យ ច្បាស់​ណាស់​មេ​ដឹក​នាំ កុំ​ថា​ឡើយ​ឋានៈ​ប៉ុន​ណា​ក៏​ដោយ​ឱ្យ​តែ​ប្រព្រឹត្ត​ល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ការ​សូកប៉ាន់ អំពើ​ពុករលួយ​ អ្នក​នោះ​នឹង​ទទួល​ទុក្ខ​ទោស​ទណ្ឌកម្ម ផ្ដន្ទា​ទោស​តាម​ច្បាប់ ហើយ​មិន​អាច​មាន​សេរីភាព​រួច​ពី​សំណាញ់​ច្បាប់​បាន​ទេ បើ​សិន​ជា​គេ​អនុវត្ត​បាន តាម​ត្រឹម​ត្រូវ​តាម​ច្បាប់»។

អ្នកឃ្លាំមើល​លើក​ឡើង​ថា កាល​ណា​ស្ថាប័ន​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ មិន​ហ៊ាន​បើក​ការ​ស៊ើបអង្កេត​លើ​លោក ហ៊ុន សែន នោះ​ប្រជាពលរដ្ឋ​ មិន​អស់​ចិត្ត​ឡើយ ហើយ​រឿង​ឆបោក​ធំ​បែប​នេះ អាច​បង្កើត​ជា​វិបត្តិ​ឧក្រិដ្ឋ​ក្នុង​សង្គម ចេញ​ពី​ការ​ពាក់ព័ន្ធ​របស់​អ្នក​កាន់​អំណាច ដែល​ធ្វើ​ឱ្យ​ខូច​មុខ​មាត់​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។