មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​បញ្ចូល​សកម្មជន​នយោបាយ និង​បរិស្ថាន ​ក្នុង​បញ្ជី​​លើកលែង​និង​បន្ធូរ​បន្ថយទោស

ដោយ សេក បណ្ឌិត
2021-04-05
Share
មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​បញ្ចូល​សកម្មជន​នយោបាយ និង​បរិស្ថាន ​ក្នុង​បញ្ជី​​លើកលែង​និង​បន្ធូរ​បន្ថយទោស រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ។
រូប​​ក្រសួង​យុត្តិធម៌

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌ បញ្ជូល​ឈ្មោះ​អ្នក​ជាប់ឃុំ​ជា​សកម្មជន​នយោបាយ បរិស្ថាន និង​អ្នកទោស​មនសិការ​ផ្សេងទៀត​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ការលើកលែង និង​បន្ធូរ​បន្ថយទោស​។ មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​បែបនេះ ខណៈ​ក្រ​សូង​យុត្តិធម៌​កំពុង​ជាតិ​ពិនិត្យ​និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស​ជាង​៥០០​នាក់​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ។

អ្នកធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​លើកឡើង​ថា ការ​លើកលែង​និង​បន្ធូរ​បន្ថយទោស​ទណ្ឌិត នៅតែ​មាន​ភាព​មិន​ប្រក្រតី។

ពួកគេ​ចង់​ឃើញ​ការអនុវត្ត​នេះ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ​និង​គួរ​ផ្ដល់​យុត្តិធម៌ ឬ​សេរីភាព​ដល់​អ្នក​ជាប់ឃុំ ព្រោះ​វិបត្តិ​នយោបាយ និង​អ្នក​ធ្វើ​ការងារ​សង្គម។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា នៅ​ពេល​ប្រទេស​បន្ត​ជួប​វិបត្តិ​នយោបាយ​និង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ផង​នោះ លោក​ឃើញ​ការ​ចាប់ខ្លួន និង​ឃុំខ្លួន​សកម្មជន​នយោបាយ បរិស្ថាន និង​សកម្មជន​ដីធ្លី​ជា​បន្តបន្ទាប់​រាប់​សិន​នាក់​។ លោក​យល់ថា ការ​មាន​វិធានការ​លើ​អ្នក​ទាំងនោះ​មិនមែន​ជា​អនុវត្ត​ច្បាប់​ទេ ប៉ុន្តែ​ជា​ការ​ធ្លាក់ចុះ​នៃ​ស្ថានការណ៍​នយោបាយ ដូច្នេះ​លោក​ថា រដ្ឋាភិបាល​គួរ​យក​ឱកាស​នេះ​ផ្ដល់​សេរីភាព​ដល់​អ្នក​ទាំងនោះ​វិញ៖ «យើង​មើលទៅ​អ្នក​ទាំងអស់​នោះ​ខាង​សង្គម​ស៊ីវិល​យើង​ចាត់ទុកថា មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ​គឺ​គ្រាន់តែ​ជា​ការ​ធ្លាក់ចុះ​នៃ​ស្ថានភាព​នយោបាយ​ហើយ​ពួកគេ​ទទួលរង​ការចោទប្រកាន់​តាម​សាច់រឿង​ទាំងអស់​គឺ​ទាក់ទង​តែ​រឿង​នយោបាយ​តែ​ប៉ុណ្ណឹង​អ៊ីចឹង​ជា​ផ្នែក​យើង​ចង់ឱ្យ​មាន​ការពិចារណា​ការ​បន្ធូរបន្ថយ​លើកលែងទោស​ទៅលើ​ពួកគាត់​ផង​ដែរ»

តាមច្បាប់​ទណ្ឌិត​ដែល​អនុវត្ត​ទោស​បាន​២​ភាគ​៣​នៃ​ទោស​សរុប​អាច​ទទួល​បាន​ការ​លើក​លែង​ទោស ខណៈ​ទណ្ឌិត​អនុវត្ត​ទោស​បាន ១​ភាគ​៣ នៃ​ទោស​សរុប​អាច​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​ប្រសិនបើ​គេ​រក​ឃើញ​ថា ទណ្ឌិត​ទាំង​នោះ​បាន​កែខ្លួន​ពេល​នៅ​ក្នុង​ពន្ធនាគារ។

ទោះ​ច្បាប់​ចែង​ដូច្នេះ​ក្តី ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្សលោក ស៊ឹង សែនករុណា កត់សម្គាល់​ឃើញថា កាល​ពី​ចុងឆ្នាំ​២០១៩ មានការ​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ក្រោយ​ពេល​មាន​សំណើ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

គិត​ត្រឹម​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដល់ ថ្ងៃទី​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០២១ អ្នក​ធ្វើ​ការងារ​សង្គម ព្រំដែន បរិស្ថាន សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​ជាដើម​ត្រូវ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ឃុំ​ខ្លួន​ចំនួន ៧៣​នាក់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់​ថា ការ​បន្ធូរបន្ថយ​ទោស​ជា​រឿង​ល្អ ខណៈ​ពន្ធនាគារ​កំពុង​ចង្អៀត​ណែន​។ លោក​បន្ត​ថា កន្លង​មក​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរការ​នេះ​នៅតែ​កើតមាន ដូច្នេះ​លោក​ស្នើ​ឱ្យ​ការពិនិត្យ និង​វាយតម្លៃ​ធ្វើឡើង​ដោយ​គ្មាន​ការ​រើសអើង៖ «បើសិន​គាត់​មាន​លក្ខណៈ​គ្រប់គ្រាន់​នៃ​ការ​លើកលែងទោស​មិន​ត្រូវ​មានការ​រើសអើង​ទេ ហើយ​ការ​បន្ធូរបន្ថយ​ទោស​អ៊ីចឹង​ដែរ​មិន​ត្រូវ​មានការ​រើសអើង​ទេ ទោះជា​អ្នកទោស​នោះ​ប្រភេទ​ណាក៏ដោយ​ជា​ទណ្ឌិត​ការងារ​សង្គម អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន​នយោបាយ ឬក៏​ទោស​ផ្សេងៗ​ទៀត​បើ​មាន​លក្ខខណ្ឌ​ដូចគ្នា​យើង​ត្រូវ​អនុវត្ត​ដូចគ្នា»

ជុំវិញ​ការ​លើកឡើង​ពី​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​បែបនេះ អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព និង​លោក ជិន ម៉ាលីន បានទេ​នៅ​ថ្ងៃទី​០៥ ខែមេសា ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​។ ទោះយ៉ាង​ណា លោក គឹម សន្តិភាព បានឱ្យ​សារព័ត៌មាន​ក្នុងស្រុក (នគរវត្ត) ដឹង​កាលពី​ចុងខែ​មីនា​ថា ក្រសួងយុត្តិធម៌​បាន​ទទួល​បញ្ជី​ឈ្មោះ​ពី​ពន្ធនាគារ​ចំនួន​២៣​ទូទាំង​ប្រទេស ដែល​បាន​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។ លោក​ថា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ដែល​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ​ពិនិត្យ​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស កំពុង​ជាតិ​ពិនិត្យ និង​វាយតម្លៃ​លើ​សំណើ​នេះ​។ មន្ត្រី​ដដែល​ឱ្យដឹង​ទៀត​ថា គណៈកម្មការ​រាជធានី​ខេត្ត​បាន​ស្នើ​ស្នើសុំ​លើកលែងទោស​ទណ្ឌិត​ចំនួន​៧០​នាក់ ក្នុង​នោះ​ស្ត្រី​០៩​នាក់ និង​ស្នើសុំ​បន្ធូរ​បន្ថយទោស​ទណ្ឌិត​ចំនួន​៤៧២​នាក់ ក្នុង​នោះ​ស្ត្រី ៥៩​នាក់។

មុន​ឆ្នាំ​២០២០​ព្រះមហាក្សត្រ​ព្រះរាជ​ប្រទាន​លើកលែងទោស​ទណ្ឌិត​ចំនួន ៣​លើក ក្នុង​មួយឆ្នាំ ប៉ុន្តែ​កាលពី​ខែមករា ឆ្នាំ​២០២១ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​មួយទៀត​អនុញ្ញាត​ឱ្យ មានការ​បន្ធូរបន្ថយ​ទោស​និង​លើកលែងទោស​ដល់​ទណ្ឌិត​នៅក្នុង​ពិធីបុណ្យ​ធំៗ​ចំនួន ៥​ក្នុង​មួយឆ្នាំ​ក្នុង​ពី​ធី​សំខាន់ៗ​ដូចជា​៖ ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ ពិធីបុណ្យ​វិសាខបូជា ពិធីបុណ្យ​ឯករាជ្យ​ជាតិ ពិធីបុណ្យ​អុំទូក និង​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ៧​មករា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល