សាលាដំបូងរាជធានីភ្នំពេញនៅ ព្រឹកថ្ងៃទី៨ ធ្នូ បន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងសកម្មជននិងថ្នាក់ដឹកនាំគណបក្សប្រឆាំង ៣៩នាក់ ដោយការស្ដាប់សេចក្ដីសន្និដ្ឋានបញ្ចប់លើអង្គសេចក្ដី។ ជាមួយគ្នានេះជនជាប់ឃុំស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពួកគេឱ្យបានសេរីភាពវិញដោយឥតលក្ខខណ្ឌ។
សវនាការទ្រង់ទ្រាយធំនៃសំណុំរឿងថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងចំនួន ៣៩នាក់ ពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុករបស់អនុប្រធានបក្សប្រឆាំង អ្នកស្រី មូរ សុខហូរ ឈានដល់លើកទី៩ ហើយ។
ដូចលើកមុនៗ ដែរ ដោយសមត្ថកិច្ចដឹកជនជាប់ឃុំចូលស្ដាប់សវនាការតែ ៣នាក់ប៉ុណ្ណោះរួមមាន លោក គង់ ម៉ាស់ លោក វឿង សំណាង និង លោក ខាន់ ប៊ុនផេង ចំណែកសកម្មជន និងថ្នាក់ដឹកនាំបក្សប្រឆាំងចំនួន ៣៦នាក់ទៀត តុលាការមិនបានកោះហៅពួកគេមកចូលរួមសវនាការឡើយ។ សវនាការនេះជាការសន្និដ្ឋានបញ្ចប់លើអង្គសេចក្ដី ដោយតំណាងអយ្យការនៃសាលាដំបូងរាជធានី លោក សេង ហៀង ធ្វើសេចក្ដីសន្និដ្ឋានរក្សាការចោទប្រកាន់ដដែល ហើយក្រុមមេធាវីការពារក្ដីឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ឡើងធ្វើសេចក្ដីសន្និដ្ឋានការពារដើម្បីដោះបន្ទុក ឬឱ្យលើកលែងការចោទប្រកាន់។
មេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំង លោក សំ សុគង់ មានប្រសាសន៍ថា ពួកលោកបានលើកឡើងនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះអំពីភាពមិនច្បាស់លាស់នៃភស្តុតាងដែលមិនអាចជឿជាក់បាន។ លោកបន្តថា ចំពោះអង្គហេតុដែលតុលាការចោទប្រកាន់រួមគំនិតក្បត់នោះ គឺពុំមានពាក់ព័ន្ធនឹងអង្គហេតុនេះឡើយ។ លោកបញ្ជាក់ថា លោកបានស្នើឱ្យប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះ គឺអ្នកស្រី អ៊ុក រ៉េតគន្ធា ទម្លាក់ចោលការចោទប្រកាន់លើកូនក្តីរបស់លោក ក៏ប៉ុន្តែតំណាងអយ្យការបានស្នើសុំឱ្យមានការចោទប្រកាន់ផ្ដន្ទាទោស និងដាក់លក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងការដាក់ទោសបន្ថែម។
លោក សំ សុគង់៖ «ក្រុមមេធាវីនៅតែយល់ឃើញថា ភស្តុតាងនិងឯកសារមួយចំនួនវាស្ថិតនៅក្នុង វិមតិសង្ស័យដែលនៅក្នុងភាពស្រពេចស្រពិលនៃភស្តុតាងដាក់បន្ទុកនេះដែលធ្វើឱ្យក្រុមមេធាវីស្នើសុំឱ្យតុលាការធ្វើការពិនិត្យពិចារណាឱ្យបានល្អិតល្អន់។ ជាពិសេសគឺស្នើសុំឱ្យតុលាការធ្វើការលើកលែងទោសទម្លាក់បទចោទមានន័យឱ្យជនជាប់ទាំងអស់បានរួចខ្លួនពីបទចោទរួមគំនិតក្បត់ដែលបានប្រព្រឹត្តនៅក្នុងឆ្នាំ២០២០ កន្លងមកនេះ»។
ជាមួយគ្នានេះជនជាប់ឃុំក៏បានស្នើសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់និងដោះលែងពួកគេឱ្យបានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ។
ប្រពន្ធលោក វឿន សំណាង គឺលោកស្រី ទៀង ចិន្តា ថ្លែងថា ប្ដីរបស់លោកស្រីនៅតែអះអាងថា លោកពុំបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយ។ លោកស្រីចាត់ទុកការចាប់ខ្លួនប្ដីដាក់ពន្ធនាគារអស់រយៈពេលជិត២ឆ្នាំមកនេះថា ជាការធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល ដែលមិនអាចទទួលយកបាន។
លោកស្រី ទៀង ចិន្តា៖ «អាហ្នឹងបើសិនជាតុលាការមិនទម្លាក់រាល់ការចោទទាំងអស់ទេ សម្រាប់គ្រួសារខ្ញុំមានទុក្ខលំបាកខ្លាំង ដោយសារបង្គោលគ្រួសារនៅតែជាប់ក្នុងពន្ធនាគារគ្មានអ្នកជំហរ។ អ៊ីចឹងខាងខ្ញុំជាប្រពន្ធនឹងមិនសប្បាយចិត្តទេ ហើយក៏មិនទទួលយកនូវការដែលតុលាការកាត់ទោសនោះដែរ»។
សំណុំរឿងនេះមានសកម្មជននិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ៣៩នាក់ រួមមានលោក សម រង្សី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងមួយមនុស្សមួយចំនួនទៀត ដែលពួកគេកំពុងភៀសខ្លួននៅក្រៅប្រទេស។ តុលាការបានចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់ពាក់ព័ន្ធនឹងគម្រោងការវិលចូលស្រុករបស់ អ្នកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំគណបក្សប្រឆាំង ដើម្បីចូលទៅតតាំងក្ដីនៅចំពោះមុខតុលាការកាលពីឆ្នាំ២០២០។
ជុំវិញរឿងនេះមន្ត្រីជាន់ខ្ពស់នៃ មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត ដែលបានចូលស្ដាប់ក្នុងបន្ទប់សវនាការ នៅតែមើលឃើញថា ជនជាប់ឃុំទាំងបីនាក់នោះមិនបានប្រព្រឹត្តខុសច្បាប់អ្វីទេ ដូច្នេះតុលាការគួរតែដោះលែងពួកគេឱ្យមានសេរីភាពវិញ។ លោកបញ្ជាក់ថា សមត្ថកិច្ចក៏មិនមានភស្តុតាងច្បាស់លាស់ដើម្បីដាក់បន្ទុកលើសកម្មជនគណបក្សប្រឆាំងនោះដែរ។
លោក យី សុខសាន្ត៖ «ហើយខ្ញុំគិតថា ក្នុងនាមសង្គមស៊ីវិលគិតថាបើសិនរឿងហ្នឹងពាក់ព័ន្ធនឹងរឿងនយោបាយ ហើយគួរតែដោះស្រាយតាមផ្លូវនយោបាយ កុំយកតុលាការដែលឯករាជ្យមួយយកមកកាត់ទោសប្រជាជនដែលគាត់គ្មានកំហុសនេះធ្វើឱ្យគាត់ឈឺចាប់ រហូតធ្វើឱ្យសង្គមនឹងសំបូរទៅដោយមនុស្សឈឺចាប់ដោយសារតែរឿងអយុត្តិធម៌បាទ»។
សវនាការនេះស្ថិតក្រោមការតាមឃ្លាំមើលពីមន្ត្រីអង្គការសហប្រជាជាតិ និងតំណាងអង្គការសង្គមស៊ីវិលនានា។ ចំណែកនៅខាងក្រៅតុលាការវិញមានការដាក់ពង្រាយសមត្ថកិច្ចប្រមាណ ២០នាក់ការពារសន្តិសុខនៅជុំវិញបរិវេណតុលាការ។ សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមលើរឿងក្ដីក្ដាំនេះនៅថ្ងៃទី២២ ខែធ្នូ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។