ក្រុមសង្គមស៊ីវិលថា អតីតអ្នកកាសែតខេមបូឌា ដេលីពីររូប ជាគោលដៅនៃការយាយីតាមផ្លូវតុលាការ

ក្រុមអង្គការសង្គមស៊ីវិលផ្នែកសារព័ត៌មាន ស្នើយ៉ាងទទូចឱ្យមានការទម្លាក់ចោលបណ្ដឹងឧទ្ធរណ៍ ដែលព្រះរាជអាជ្ញា បានប្ដឹងទាស់នឹងការទម្លាក់ចោលបទចោទប្រកាន់លើអតីតអ្នកកាសែតខេមបូឌា ដេលី (The Cambodia Daily) ពីរនាក់។ ក្រុមសង្គមស៊ីវិលថា ការអូសបន្លាយសំណុំរឿងជាង៣ ឆ្នាំមកនេះ បង្កផលប៉ះពាល់ដល់ការងារ និងការរស់នៅរបស់អ្នកកាសែតទាំងពីររូប។
ក្រុមអង្គការសារព័ត៌មានចំនួន ៣ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួមគ្នានៅថ្ងៃទី២៥ កុម្ភៈ ស្នើឱ្យព្រះរាជអាជ្ញាបង្ហាញភស្តុតាងដែលអាចបញ្ជាក់បានថា អ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ពីរនាក់ គឺលោក អូន ភាព និងលោក ហ្សមប៊័រ ភីតធ័រ (Zsombor Peter) មានពិរុទ្ធនៅក្នុងបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ បើពុំដូច្នេះទេ តុលាការគួរទម្លាក់ចោលបណ្ដឹងឧទ្ធរណ៍នេះវិញ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកកាសែតទាំងពីររូប។
អង្គការសារព័ត៌មានដែលចេញសេចក្ដីថ្លែងការណ៍រួមគ្នានេះ រួមមាន សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC)។
ក្រុមអង្គការសង្គមស៊ីវិលទាំង៣ស្ថាប័ន ពិនិត្យឃើញថា ជាង ៣ឆ្នាំមកនេះ តុលាការគ្មានភស្តុតាងដែលបញ្ជាក់ថា អ្នកកាសែតទាំងពីររូបមានកំហុសនោះឡើយ។ ផ្ទុយទៅវិញ ពួកគេគឺជាគោលដៅនៃយុទ្ធនាការយាយី និងបំភិតបំភ័យតាមផ្លូវតុលាការ។
ចៅក្រមតុលាការខេត្តរតនគិរី បានទម្លាក់ចោលការចោទប្រកាន់លើលោក អូន ភាព និងលោក ហ្សមប៊័រ ភីតធ័រ (Zsombor Peter) កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីដើមចោទបានដកបណ្ដឹង ប៉ុន្តែព្រះរាជអាជ្ញា បានប្ដឹងទាស់នឹងសេចក្ដីសម្រេចនេះ។ ក្រុមអង្គការសង្គមស៊ីវិលចោទសួរថា តើហេតុអ្វីបានជាព្រះរាជអាជ្ញាប្ដឹងឧទ្ធរណ៍ចំពោះសេចក្ដីសម្រេចនេះ ខណៈតុលាការបានបរាជ័យក្នុងការបង្ហាញពីពិរុទ្ធភាពរបស់អ្នកទាំងពីរ?
អ្នកនាំពាក្យតុលាការខេត្តរតនគិរី លោក កែវ ពិសុទ្ធ ថ្លែងថា លោកមិនដឹងអំពីមូលហេតុនៃការប្ដឹងឧទ្ធរណ៍នេះទេ ប៉ុន្តែលោកថា នេះជាសិទ្ធិរបស់ព្រះរាជអាជ្ញាក្នុងនាមជាម្ចាស់បណ្ដឹងអាជ្ញា។
អាស៊ីសេរីមិនអាចទាក់ទងព្រះរាជអាជ្ញាអមតុលាការខេត្តរតនគិរី លោក ងិន ពេជ ដើម្បីសុំការបំភ្លឺរឿងនេះបានទេ នៅថ្ងៃទី២៥ កុម្ភៈ។
ទោះជាយ៉ាងណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានសរសេរលើហ្វេសប៊ុកក្នុងន័យចំអកឱ្យសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬខេមបូចា (CamboJA) ថា តើមានស្រុកណាដែលព្រះរាជអាជ្ញាត្រូវយកភស្តុតាងមកបង្ហាញមុននឹងចោទប្រកាន់ ឬរាយការណ៍ពីនីតិវិធីទៅកាន់អង្គការសង្គមស៊ីវិល។ លោកចោទថា ការទាមទាររបស់ខេមបូចានេះ គឺជាការប៉ុនប៉ងជ្រៀតជ្រែកចូលក្នុងកិច្ចការតុលាការ។ លោក គឹម សន្តិភាព បានចោទសួរទៅវិញថា តើខេមបូចាបានអនុវត្ត និងបំពេញលក្ខខណ្ឌទៅតាមច្បាប់ដែរឬទេ ហើយបានប្រភពថវិកាមកពីណា?
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយកប្រតិបត្តិខេមបូចា លោក ណុប វី មានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ធ្វើឡើងដើម្បីជំរុញឱ្យមានសេរីភាពសារព័ត៌មាននៅកម្ពុជា មិនមានបំណងជ្រៀតជ្រែកកិច្ចការតុលាការនោះទេ។
លោក ណុប វី យល់ថា ការចោទសួររបស់លោក គឹម សន្តិភាព អំពីដំណើរការរបស់ខេមបូចានោះ គឺជារូបភាពនៃការគំរាមកំហែងលើស្ថាប័នរបស់លោក។ ប៉ុន្តែលោកបញ្ជាក់ថា ក្រុមការងារខេមបូចាមិនភ័យខ្លាចនឹងការគំរាមកំហែងនេះទេ ព្រោះខេមបូចាបំពេញការងារស្របតាមច្បាប់៖«សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាយើង មានការធ្លាក់ចុះ ហើយមុខមាត់ប្រទេសយើង មុខមាត់រដ្ឋាភិបាល ក៏មានការប៉ះពាល់ពីរឿងហ្នឹងដែរ។ អ៊ីចឹងអ្វីដែលយើងធ្វើហ្នឹង គឺដើម្បីយើងជួយលើកមុខមាត់ប្រទេសជាតិរបស់យើង ជួយជំរុញផ្នែកវិស័យសារព័ត៌មានហ្នឹងឱ្យបានកាន់តែប្រសើរឡើងទេ»។
តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរីបានចោទប្រកាន់អតីតអ្នកកាសែតខេមបូឌា ដេលី ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” បន្ទាប់ពីពួកគាត់ចុះទៅយកព័ត៌មាននៅខេត្តរតនគិរី ទាក់ទងនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧។
សំណុំរឿងនេះ កើតឡើងមួយសប្ដាហ៍មុនពេលស្ថាប័នកាសែតខេមបូឌា ដេលី បង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាពន្ធដារដ៏ចម្រូងចម្រាស។ បច្ចុប្បន្ន អ្នកកាសែតទាំងពីររូបកំពុងរស់នៅភៀសខ្លួននៅក្រៅប្រទេស ដើម្បីគេចពីការធ្វើទុកបុកម្នេញពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ។
សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអ្នកកាសែតទាំងពីររូបនេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងក្រុមអ្នកសារព័ត៌មានចាត់ទុកថា ជាការបង្ក្រាបលើសេរីភាពសារព័ត៌មាន ក៏ប៉ុន្តែក្រសួងព័ត៌មានយល់ឃើញផ្ទុយពីនេះ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ថ្លែងថា សំណុំរឿងនេះមិនប៉ះពាល់ដល់សេរីភាពសារព័ត៌មាននោះទេ។ លោកបញ្ជាក់ថា ក្រសួងមិនមានយោបល់អ្វីជុំវិញការសម្រេចរបស់តុលាការខេត្តរតនគិរី និងការប្ដឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញានោះឡើយ ព្រោះក្រសួងគោរពឆន្ទានុសិទ្ធិរបស់ស្ថាប័នមានសមត្ថកិច្ច៖«គាត់ត្រូវចូលរួមនៅក្នុងនីតិវិធីតុលាការ ហើយដាក់ភស្តុតាងដើម្បីដោះបន្ទុកទៅ អាហ្នឹងជាការចប់ហើយ អត់មានអ្វីត្រូវមកអំពាវនាវ ចេញសេចក្ដីថ្លែងការណ៍អ្វី។ វាអត់មានទម្ងន់ ឬក៏វាអត់មានសារប្រយោជន៍អ្វីសម្រាប់ស្ថាប័នដែលគេអនុវត្តតាមនីតិវិធីទេ»។
ទោះជាយ៉ាងណា ក្រុមអង្គការសារព័ត៌មាន ដែលមានសមាជិករាប់រយនាក់ អះអាងថា ពួកគេមិនអាចនៅស្ងៀមបានទេ ចំពោះសំណុំរឿងរបស់អតីតអ្នកកាសែត ខេមបូឌា ដេលី ទាំងពីររូប ពីព្រោះពួកគេយល់ថា នេះជាការវាយប្រហារវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោមហេតុផលនៃការអនុវត្តច្បាប់។ ស្ថាប័នទាំងនេះបញ្ជាក់ថា ពួកគេនឹងនៅជាមួយអ្នកកាសែតទាំងពីររូបដោយសាមគ្គីភាព និងទាមទារឱ្យអាជ្ញាធរ «ត្រូវតែទម្លាក់ចោលករណីនេះ»។
មេធាវីការពារក្តីឱ្យអតីតអ្នកកាសែត ខេមបូឌា ដេលី ទាំងពីររូប គឺលោក សេក សោភ័ណ ជឿថា ព្រះរាជអាជ្ញាទំនងជាគ្មានមូលដ្ឋានអ្វីថ្មីក្នុងការបន្តចោទប្រកាន់កូនក្ដីរបស់លោកនោះទេ។ លោកគូសបញ្ជាក់ជាថ្មីទៀតថា សកម្មភាពរបស់កូនក្តីលោកទាំងពីរ មិនមែនជាបទល្មើសនោះទេ ប៉ុន្តែជាការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន៖ «ការចោទប្រកាន់ថា ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិហ្នឹង ទីមួយយើងត្រូវមើលថា តើញុះញង់ហ្នឹងតាមរយៈអ្វី? ទីពីរ បទឧក្រិដ្ឋ តើបទឧក្រិដ្ឋណាខ្លះដែលកូនក្ដីខ្ញុំបានញុះញង់ឱ្យប្រព្រឹត្ត? អ៊ីចឹងហើយនៅក្នុងសំណុំរឿងហ្នឹងទាំងមូល សម្រាប់ខ្ញុំវាអត់មានធាតុផ្សំដែលអាចកំណត់ថា សកម្មភាពរបស់កូនក្ដីខ្ញុំហ្នឹងជាបទល្មើសនោះទេ»។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC) ទាមទារឱ្យអាជ្ញាធរកម្ពុជា «កុំរំលោភសិទ្ធិអ្នកសារព័ត៌មាន»។ ជាពិសេស ពួកគេអំពាវនាវដល់គ្រប់ភាគី ឱ្យរួមគ្នាគាំទ្រ និងការពារសេរីភាពសារព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។