ម្តាយយុវជនរងគ្រោះ ដែលត្រូវជនមិនស្គាល់មុខគប់ដុំថ្មបណ្តាលឱ្យរងរបួសធ្ងន់ បន្តទាមទារឱ្យសមត្ថកិច្ចបង្ហាញពីដំណើរការស៊ើបអង្កេតករណីហិង្សាលើកូនគាត់ឱ្យបានច្បាស់លាស់ ។ ប៉ុន្តែមន្ត្រីនគរបាលថ្លែងថា ការស៊ើបអង្កេតមិនមែនធ្វើតាមការចង់បានរបស់ក្រុមគ្រួសារជនរងគ្រោះឡើយ។ រីឯមន្ត្រីសង្គមស៊ីវិល ទទូចឱ្យសមត្ថកិច្ច ពន្លឿនការស្វែងរកជនបង្កហេតុយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ។
គ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវជនមិនស្គាល់មុខលបគប់នឹងដុំឥដ្ឋ ទន្ទឹងរង់ចាំយុត្តិធម៌ពីស្ថាប័នពាក់ព័ន្ធ ជាច្រើនថ្ងៃមកហើយ ខណៈជនរងគ្រោះមិនទាន់ជាសះស្បើយមុខរបួសនៅឡើយ។
ម្ដាយយុវជនរងគ្រោះ កាក់ សុវណ្ណឆៃ គឺលោកស្រី ព្រុំ ចាន់ថា ប្រាប់អាស៊ីសេរីថា រយៈពេលជាច្រើនថ្ងៃមកហើយ សមត្ថកិច្ចមិនបានមកសាកសួរគ្រួសារលោកស្រីឡើយជុំវិញករណីហិង្សាលើកូនលោកស្រី ។ លោកស្រីមើលឃើញថា សមត្ថកិច្ចហាក់មិនយកចិត្តទុកដាក់រឿងនេះទេ ដោយសារ រើសអើងនិន្នាការនយោបាយ។ លោកស្រីបន្តថា ប្រសិនបើអាជ្ញាធរមានចេតនាស្វែងរកនោះ គឺអាចរកឃើញជនល្មើសយកមកផ្ដន្ទាទោសបាន ព្រោះស្ថានភាពកន្លែងកើតហេតុត្រូវបានបិទខ្ទប់ ដោយមានអាជ្ញាធរយាមកាមត្រឹមត្រូវតាមច្រកនានា។
ម្តាយជនរងគ្រោះរូបនេះ ទាមទារឱ្យសមត្ថកិច្ចបង្ហាញលទ្ធផលនៃការស៊ើបអង្កេតករណីនេះឱ្យបានឆាប់ ដើម្បីពន្លឿនការរកយុត្តិធម៌ដល់កូនលោកស្រី៖ «ខ្ញុំជឿជាក់ថា ប្រសិនបើប្រទេសមិនមានកូវីដ ប្រទេសមិនឡូកដោន (Lockdown) មិនបិទខ្ទប់ ក៏អាជ្ញាធរចង់រក រកស្រួលខ្លាំងណាស់ អាជ្ញាធរស្រុកខ្មែរពូកែណាស់ឱ្យតែត្រូវនឹងមុខសញ្ញាគាត់រក ប៉ុន្តែម្យ៉ាងគឺមន្ត្រីនយោបាយសកម្មជននយោបាយគឺមិនខ្វល់តែម្តងគឺគាត់ចង់បំបិទសេរីភាពផ្នែកនយោបាយផ្នែកដឹងឮ គឺគណបក្សប្រឆាំងតែម្តងខ្ញុំសង្កត់ធ្ងន់គឺរឿងហ្នឹងតែម្តង»។
យុវជន កាក់ សុវណ្ណាឆៃ អាយុ១៦ឆ្នាំ គឺជាកូនរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក កាក់ កម្ភារ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ដែលតុលាការចោទប្រកាន់លោកពីបទញុះញង់ និងរួមគំនិតក្បត់។ យុវជនរូបនេះត្រូវបានជនមិនស្គាល់មុខមានគ្នា២នាក់ជិះម៉ូតូលបគប់នឹងដុំថ្មពីក្រោយខ្នង បណ្ដាលឱ្យបែកក្បាលខាងឆ្វេងដេរ ២០ថ្នេរ ពេលដែលរូបគេកំពុងធ្វើដំណើរជាមួយម្ដាយនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ មេសា។ កន្លងមកយុវជនរូបនេះ ត្រូវបានប៉ូលិសចាក់អង្រែលើ ខណ្ឌមានជ័យ ចាប់ឃុំខ្លួនប្រើហិង្សា និងដាក់ខ្នោះដៃ រយៈពេល១យប់ ពាក់ព័ន្ធលបចូលយកទង់គណបក្សសង្គ្រោះជាតិនៅទីស្នាក់ការកណ្ដាល។
ទាក់ទងនឹងការលើកឡើងរបស់ម្តាយជនរងគ្រោះនេះអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បកស្រាយថា សមត្ថកិច្ចចាប់ផ្តើមដំណើរការស្រាវជ្រាវភ្លាមៗ នៅពេលទទួលបានបណ្តឹងពីជនរងគ្រោះ។ លោកថា ជនរងគ្រោះក៏ត្រូវចូលរួមបំភ្លឺរឿងនេះដោយស្មោះត្រង់ដែរ។ លោកបន្តថា សមត្ថកិច្ចនឹងស្រាវជ្រាវផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ ដោយមិនទុកករណីនេះចោលឡើយ តែការស្រាវជ្រាវ លឿនឬយឺត គឺទៅតាមស្ថានភាពជាក់ស្តែង៖ «គ្មានករណីណាមួយដែលត្រូវទុកចោលទេ អ្វីដែលគាត់លើកឡើងគឺជាការគិតរបស់គាត់ ពេលខ្លះខ្ញុំបញ្ជាក់ថាទៅវិញការលើកឡើងរបស់គាត់ជានិន្នាការរបស់គាត់គិត គាត់អត់ដែលជឿទុកចិត្តទៅលើសមត្ថកិច្ច ផង ដល់ពេលអ៊ីចឹងមានហេតុផលអ្វីដែលត្រូវអនុវត្ត សំខាន់គឺការមកពឹងពាក់ការមកក្នុងនាមជាប្រជាពលរដ្ឋកុំប្រើពាក្យថាក្នុងនាមអ្នកនេះអ្នកនោះមកប្តឹង យើងប្រើពាក្យថា ក្នុងនាមយើងប្រជាពលរដ្ឋ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា សង្កេតឃើញថា ករណីហិង្សាលើគ្រួសារ និងសកម្មជនគណបក្សប្រឆាំងជាច្រើនករណីកន្លងទៅនេះ សមត្ថកិច្ចមិនទាន់ចាប់បានជន ប្រព្រឹត្តយកមកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ។
លោកជំរុញឱ្យអាជ្ញាធរពន្លឿនការស្រាវជ្រាវរឿងករណីនេះ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដើម្បីបញ្ចៀសការចោទប្រកាន់ថា ករណីទាំងនេះមានពាក់ព័ន្ធនឹងរឿងនយោបាយ៖ «ជាការពិត បើសិនបើជនដៃដល់នៅតែមិនមានការចាត់វិធានការ ជាធម្មតាទេច្បាប់អត់មានប្រសិទ្ធភាពបែបហ្នឹង វាអាចបង្កឱ្យជនប្រព្រឹត្តផ្សេងៗទៀតគាត់អាចធ្វើនូវអំពើហិង្សាដដែល នេះអាចកើតឡើងនៅក្នុងសង្គមខ្មែរយើង ហើយជនដៃដល់ ឬអ្នកប្រព្រឹត្តទាំងអស់ហ្នឹង នៅតែក្រៅសំណាញ់ច្បាប់ ហើយជាអំពើនិទ្ទណ្ឌភាព ដែលប្រទេសនានាគេមិនចង់ឱ្យកើតមាននូវអំពើហ្នឹងទេ ជាពិសេសនៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យគេរឹតតែពង្រឹងនូវការអនុវត្តច្បាប់»។
ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់ពេលនេះ មានសកម្មជន និងសាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិប្រមាណ ៣០នាក់ហើយ ត្រូវបានជនមិនស្គាល់មុខលបវាយឲ្យរបួស ហើយភាគច្រើនអាជ្ញាធរមិនទាន់បានវែកមុខជនប្រព្រឹត្ត និងជននៅពីក្រោយខ្នងយកមកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។