តុលាការ​​បន្ត​លើក​ពេល​​​សវនាការ​​រឿង​បទ​ឧបឃាត​របស់​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​​ ព្រោះ​អវត្តមាន​មេធាវី

0:00 / 0:00

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ត​លើក​ពេល​សវនាការ​សំណុំ​រឿង​បទ​ឧបឃាត​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ៩នាក់ ទៅ​ពាក់​កណ្ដាល​ខែ​ធ្នូ ដោយសារ​អវត្តមាន​មេធាវី។

មេធាវី​ការពារ​ក្ដី​ឲ្យ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង ៩នាក់ លោក សំ សុគង់ ឲ្យ​ដឹង​ថា លោក​​មិន​បាន​ចូលរួម​សវនាការ​ថ្ងៃ​ទី២៥ វិច្ឆិកា​ទេ ដោយសារ​លោក​បាន​បញ្ជូន​អាសយដ្ឋាន​របស់​កូនក្ដី ​ឲ្យ​មន្ត្រី​តុលាការ​តាម​ផ្លូវ​ច្បាប់​រួចរាល់​អស់​ហើយ។

លោក​អះអាង​ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ធ្លាប់​បង្គាប់​ថា បើ​មេធាវី​បញ្ជូន​អាសយដ្ឋាន​កូន​ក្ដី​នៅ​ក្រៅ​ប្រទេស​ឲ្យ​តុលាការ​ នោះ​សវនាការ​នឹង​លើក​ពេល​ហួស​ថ្ងៃ​ទី២៥ វិច្ឆិកា។ ម្យ៉ាង​ទៀត លោក​មេធាវី​ប្រាប់​ថា ការ​មិន​ចូល​សវនាការ​ថ្ងៃ​ទី ២៥ វិច្ឆិកា ក៏​ជា​ឆន្ទៈ​របស់​​កូន​ក្ដី​ទាំង ៩នាក់ របស់​លោក​ដែរ៖ « ខ្ញុំ​គោរព​ទៅ​តាម​ការ​សម្រេច​របស់​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ពី​ព្រោះ​សវនាការ អ្នក​ដែល​សម្រេច តួអង្គ​សំខាន់​នៅ​ក្នុង​សវនាការ​ គឺ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ ឬក៏​ចៅក្រម​ជំនុំ​ជម្រះ​ហ្នឹង ដែល​ជា​អ្នក​ដឹកនាំ​សវនាការ​ជំនុំ​ជម្រះ​ ហើយ​ទី២ ខ្ញុំ​​គោរព​ទៅ​តាម​ឆន្ទៈ​របស់​​កូន​ក្ដី​​​ខ្ញុំ​បាទ ដោយសារ​កូន​ក្ដី​ខ្ញុំ ​ហ្នឹង ក៏​គាត់​មាន​បំណង​ចូលរួម​សវនាការ​ ហើយ​គាត់​ចង់​បាន​ទទួល​ដីកា​កោះ ឲ្យ​ទៅ​តាម​រយៈ​ពេល​កំណត់​នៅ​ក្នុង​ច្បាប់​ដែរ។ អ៊ីចឹង ខ្ញុំ​ជា​អ្នក​ការពារ​ឲ្យ​ពួក​គាត់​ ក៏​ពួកគាត់​មាន​ឆន្ទៈ​នេះ យើង​ត្រូវ​គោរព​ឆន្ទៈ​របស់​ពួក​គាត់ ហើយ​សម្រេច​នេះ​​លើក​ពេល ឬ​មិន​លើក​ពេល វា​អាស្រ័យ​ទៅ​លើ​តុលាការ គាត់​ជា​អ្នក​សម្រេច​ទេ។ នេះ​ជា​ឆន្ទានុសិទ្ធិ ការ​សម្រេច​របស់​តុលាការ»

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ៩​នាក់ ដែល​ជាប់​ចោទ​ក្នុង​បទ​ចោទ​ឧបឃាត​ ឬ​​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នេះ រួមមាន​ប្រធាន​ស្ដីទី​​ លោក សម រង្ស៊ី និង​ភរិយា អ្នកស្រី ជូឡុង សូមួរ៉ា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក អ៊ូ ចន្ទ័ប្ញទិ្ធ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង​លោក នុត រំដួល។ អ្នក​ទាំង ៩នាក់​នោះ កំពុង​រស់​នៅ​និរទេស​ខ្លួន​ ​​ខ្លះ​​រស់​នៅ​ប្រទេស​បារាំង និង​ខ្លះ​ទៀត រស់​នៅ​សហរដ្ឋ​អាមេរិក។

សារព័ត៌មាន​ក្នុង​ស្រុក (VOD) បាន​ស្រង់​សំដី​​​របស់​​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោក ឌុច សារិន ​ថា ការ​លើក​ពេល​សវនាការ​ ទៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូវិញ​ ដោយសារ​អវត្តមាន​លោក​មេធាវី សំ សុគង់ ហើយ​លោក​នឹង​ធ្វើ​របាយការណ៍​នេះ បញ្ជូន​ទៅ​គណៈ​មេធាវី អំពី​អវត្តមាន​របស់ លោក​ សំ សុគង់ ក្នុង​សវនាការ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត តំណាង​អយ្យការ លោក សេង ហៀង បាន​ប្រកាស​ទាត់​ចោល​លិខិត​អាសយដ្ឋាន​ជន​ត្រូវ​ចោទ​របស់​​មេធាវី សំ សុគង់ ព្រោះ​លិខិត​នោះ បង្ហាញ​​ពី​ចេតនា​ទុច្ចរិត។

មេធាវី​តំណាង​រដ្ឋាភិបាល លោក សួង ចាន់ថន ប្រាប់​អាស៊ី​សេរី ជា​នីតិវិធី​ ខាង​តុលាការ​ និង​នគរបាល​ បាន​បញ្ជូន​ដីកា​នេះ ត្រឹមត្រូវ​តាម​ច្បាប់ និង​គ្រប់ជ្រុងជ្រោយ​អស់​ហើយ។ តែ​យ៉ាង​ណា លោក​​សុំ​​​មិន​អត្ថាធិប្បាយ​​សំណុំ​រឿង​នេះ​ទេ ដោយសារ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ធ្លាប់​បក​ស្រាយ​ករណី​នេះ​រួច​ហើយ៖ « ជា​យោបល់​ខ្ញុំ ការ​ចាត់ចែង​កន្លង​មក គឺ​គ្រប់​ជ្រុងជ្រោយ​អស់​ហើយ មាន​របាយការណ៍​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​បញ្ជូន​ដីកា​កោះ​អញ្ជើញ​គ្រប់​ជ្រុងជ្រោយ​អស់​ហើយ។ អ៊ីចឹង​ណា»

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ដំណើរ​ការ​នីតិវិធី និង​ការ​សម្រេច​បែប​ណា ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។ ចំណែក​ការ​បើក​ផ្លូវ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង មាន​លទ្ធភាព​​វិល​ចូល​ប្រទេស​បាន​វិញ​ ដើម្បី​តតាំង​ក្ដី​ក្នុង​តុលាការ ឬ​អត់ គឺ​អាស្រ័យ​ឆន្ទៈ​ចៅក្រម ឬ​ប្រមុខ​រដ្ឋាភិបាល។

ក្នុង​សំណុំ​រឿង​បទ​ឧបឃាត​នេះ គណៈ​មេធាវី ក៏​បាន​ចាត់តាំង​លោក​មេធាវី កៅ សីហា ឲ្យ​ធ្វើ​ជា​អ្នក​ការពារ​ក្ដី​ឲ្យ​​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ៩​នាក់​នេះ​ដែរ។ លោក​មេធាវី កៅ សីហា មិន​​ផ្ដល់​បទ​សម្ភាសន៍​ទេ ដោយ​លោក​​និយាយ​ថា ជាប់​រវល់​បើក​ឡាន​។ តែ​យ៉ាង​ណា ក្នុង​បន្ទប់​សវនាការ លោក​បាន​រិះគន់​អវត្តមាន​លោក សំ សុគង់ ថា ប៉ះពាល់​ដល់​ដំណើរ​ការ​រឿង​ក្ដី។ លោក​មាន​ប្រសាសន៍​ថា លោក​តែ​ម្នាក់​ឯង ក៏​មាន​សមត្ថភាព​​ការពារ​​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​៩នាក់​នោះ។

ប៉ុន្តែ ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង បាន​សរសេរ​លិខិត​បដិសេធ​មិន​ទទួល​យក​មេធាវី​ចាត់​តាំង​រូប​នេះ​ឡើយ។ លោក​មេធាវី សំ សុគង់ ប្រាប់​ថា ​កូន​ក្ដី​ទាំង ​៩នាក់ មិន​ដែល​ទំនាក់ទំនង​ និង​មិន​សហការ​ ជាមួយ​មេធាវី ដែល​ចាត់​តាំង​ដោយ​គណៈ​មេធាវី​ទេ។

អ្នក​វិភាគ​នយោបាយ​ផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល​បើក​ច្រក​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​វិល​ចូល​ប្រទេស​តតាំង​ក្ដី​ក្នុង​តុលាការ​វិញ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​សម្របសម្រួល​គ្នា ដោះ​ស្រាយ​វិបត្តិ​នយោបាយ និង​​​ជា​ការ​ទុក​ពេល​ឲ្យ​គណបក្ស​ប្រឆាំង បាន​រៀបចំ​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ប្រកួត​ប្រជែង​នៅ​អាណត្តិ​ក្រោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។