តំណាង​កូដករ​ណាហ្គាវើលដ៍​ឈឺចាប់​ក្រោយ​ពី​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់

ដោយ អាស៊ីសេរី
2023.03.23
តំណាង​កូដករ​ណាហ្គាវើលដ៍​ឈឺចាប់​ក្រោយ​ពី​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ កូដករ​ណាហ្គាវើលដ៍ តវ៉ាទាមទារដោះលែង​តំណាងសហជីព​កញ្ញា ឈឹម ស៊ីថរ កាលពីថ្ងៃទី១៤ កុម្ភៈ ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​កូដករ​ណាហ្គាវើលដ៍​(NagaWorld) ចំនួន​៤​នាក់ បាន​ចូល​សវនាការ​នៅ​សាលាដំបូង​រាជធាន​ភ្នំពេញ​នៅ​ថ្ងៃទី​២១ ខែ​មីនា​។ ពួកគេ​ឈឺចាប់ ដែល​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់ ពីព្រោះ​ពួកគេ ជា​អ្នក​ការពារ​សិទ្ធិ​ការងារ​ជូន​កម្មករ បែរជា​រង​អំពើ​អយុត្តិធម៌​បែបនេះ​ទៅ​វិញ។ ការ​ធ្វើ​កូដកម្ម​របស់​កូដករ​ណាហ្គាវើលដ៍ គឺ​ស្របតាម​ច្បាប់​ការងារ ហើយ​តុលាការ​គួរតែ​ផ្ដល់​ភាព​យុត្តិធម៌​ជូន​ពួកគេ​វិញ​ហើយ។

ក្រុម​កូដករ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ ចំនួន ៤​នាក ចូល​សវនាការ​ក្នុង​សំណុំរឿង​បទ​ញុះញង់ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​មីនា​នេះ។ អ្នក​ទាំង​បួន​នោះ​រួមមាន តំណាង​សហជីព​ចំនួន ៣​នាក់​គឺ​លោកស្រី រី សុវណ្ណឌី ស៊ុន ស្រីពេជ្រ ហៃ សុភាព និង​សកម្មជន​សហជីព​កញ្ញា តូច សេរីមាស។ ពួកគេ​ស្ថិត​នៅ​ក្នុង​តំណាង​កូដករ​ចំនួន ៩​នាក់ ដែល​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់ រួម​ជាមួយ​នឹង​កញ្ញា ឈឹម ស៊ីថរ ដែល​ជា​ប្រធាន​សហជីព​ប្រចាំ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​កំពុង​ជាប់ឃុំ​ជា​លើក​ទី២។

នៅក្នុង​បន្ទប់​សវនាការ មាន​តំណាង​មកពី​អង្គការ​សង្គម​ស៊ីវិល តំណាង​ការិយាល័យ​អង្គការ​សហប្រជាជាតិ និង​តំណាង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​ចូលរួម។

នៅ​ខាង​មុខ​តុលាការ​វិញ មាន​ក្រុម​កូដករ​ណាហ្គាវើលដ៍ មក​ឃ្លាំមើល​ដំណើរ​នៅ​ក្រោម​កម្ដៅថ្ងៃ​ប្រមាណ​៥០​នាក់ ។ ពួកគេ​ភាគច្រើន​ពាក់អាវ​សហជីព​ណាហ្គាវើលដ៍ ដែល​មាន​ពណ៌​ខៀវ​ត្រួយ​ចេក និង​ពណ៌​ក្រហម ព្រមទាំង​កាន់​បដា​រូបភាព​កញ្ញា ឈឹម ស៊ីថរ និង​រូប​ដែល​កូដករ​ព្រមព្រៀង លើកដៃ​បោះឆ្នោត​ធ្វើ​កូដកម្ម។

ខ្លឹមសារ​បដា​នោះ​សរសេរ​ថា៖ «ប្រជាធិបតេយ្យ​សហជីព សមាជិក​ជា​អ្នក​សម្រេចចិត្ត គ្មាន​នរណា​ញុះញង់​ឡើយ»

ជាមួយ​គ្នា​នេះ​មន្ត្រី​ពន្ធនាគារ ហាក់​រឹត​បន្តឹង​ការ​ដឹក​តំណាង​កូដករ គឺ​កញ្ញា ឈឹម ស៊ីថរ ដោយ​មាន​មន្ត្រី​នគរបាល​ឈរ​បាំង​សងខាង​កញ្ញា ដើម្បី​ការពារ​មិន​ឲ្យ​អ្នកកាសែត​ថតរូប​ភាព។

ក្នុង​ពេល​សាកសួរ​នៅក្នុង​សវនាការ​នោះ​តំណាង​កូដករ​ណាហ្គាវើលដ៍​ម្នាក់​លោកស្រី រី សុវណ្ណឌី បាន​ស្រែកយំ​ដោយ​ក្ដី​ឈឺចាប់ នៅ​ចំពោះមុខ​ចៅក្រម​សាលាដំបូង។ តំណាង​កូដករ​អ្នកស្រី រី សុវណ្ណឌី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅក្នុង​សវនាការ ព្រះរាជអាជ្ញា​តែងតែ​សួរនាំ និង​ប្រើ​ពាក្យ​ថា ក្រុម​សហជីព គឺ​តែងតែ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ ដែល​ប្រាសចាក​ពី​អ្វី​ដែល​ក្រុម​កូដករ​កំពុងតែ ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​លក្ខខណ្ឌ​មួយចំនួន​ជាមួយ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។ លោកស្រី និយាយ​ទាំង​សំឡេង​ខ្សឹកខ្សួល​ថា សហជីព​ដែល​តែងតែ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ដើម្បី​ជួយ​កម្មករ ពេល​កម្មករ​ជួប​លក្ខខណ្ឌ​ការងារ​លំបាក ឬ​ត្រូវ​ភ្ញៀវ​ប្រើប្រាស់​អំពើ​ហិង្សា គឺ​មាន​តែ​សហជីព​ទេ​ជា​អ្នក​ជួយ​កម្មករ តែ​ពេលនេះ​បែរ​ជា​តុលាការ​ចោទ​ពី​បទ​ព្រហ្មទណ្ឌ រហូត​មាន​ការ​ចាប់​ដាក់​ពន្ធនាគារ​ជាដើម។

អ្នកស្រី រី សុវណ្ណឌី៖ «នៅ​ពេល​ដែល​ពួក​យើង​រង​ភាព​អយុត្តិធម៌​ពី​ថៅកែ​ហើយ យើង​បែរ​ជា​មាន ទទួល​ការ​ចោទប្រកាន់ ហើយ​ការ​ចោទប្រកាន់​ទាំងអស់​នោះ​ទៀត វា​បង្ហាញ ចង់​និយាយ​ថា វា​បង្ហាញ យើង​ជា​ជន​រងគ្រោះ មិន​បាន​ទទួល​យុត្តិធម៌​ហើយ គេ​ចោទ​មួយ​តង់​ទៀត ហើយ​គេ​ចាប់​ដាក់គុក​ទៀត ហ្នឹង​ជា​អារម្មណ៍​ដែល​ខ្ញុំ​អត់​អាច​ទប់ទឹក​ភ្នែក​បាន​នៅពេល​ក្នុង​សវនាការ​ហ្នឹង»

ពាក់ព័ន្ធ​ករណី​នេះ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មាន​ប្រសាសន៍​ថា សវនាការ​នៅ​ព្រឹក​នេះ ភាគច្រើន​សួរនាំ​អំពី​ប្រភព​ថវិកា​ក្នុង​ការ​ធ្វើ​កូដកម្ម​។ លោកស្រី​បន្ត​ថា តំណាង​អយ្យិកា​ប្រើប្រាស់​ពាក្យ​ថា ក្រុម​កូដករ​ណាហ្គាវើលដ៍​ធ្វើ​បាតុកម្ម ប៉ុន្តែ​ភាគី​ក្រុម​កូដករ​នៅតែ​និយាយ​ថា សកម្មភាព​ដែល​កូដករ​ធ្វើ​គឺជា​កូដកម្ម​នៅក្នុង​ការ​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ​រវាង​កម្មករ និង​ថៅកែ។ លោកស្រី និយាយ​ទាំង​ក្ដុកក្ដួល​ដែរ​ថា តំណាង​សហជីព​ព្យាយាម​បង្ហាញ​ពី​ការ​ជួយ​ការពារ​ទៅដល់​កម្មករ និង​រង​ការគាបសង្កត់ តែ​ចុងក្រោយ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ទៅវិញ។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «ពេល​ដែល​មាន​បញ្ហា​កូវីដ​ទៅ​ទៀត និយោជក​ហ្នឹង​កាត់បន្ថយ​កម្មករ​និយោជិក​ទៅ​ទៀត អ៊ីចឹង​ឲ្យ​ពួកគាត់​ទៅ​រស់នៅ​ទីពឹង​អ្វី ម្ល៉ោះ​ហើយ​ថ្នាក់ដឹកនាំ​សហជីព ទៅ​រក​ជំនួយ​នេះ យក​មក​ជួយ​កម្មករ​និយោជិក​នេះ វា​ជា​បំណែក​មួយ​នៃ​ការ​គាំទ្រ មិន​ឲ្យ​មាន​ចលាចល​វឹកវរ​នៅក្នុង​សង្គម​ទៅវិញ​ទេ ហេតុអ្វី​បានជា​ត្រូវ​ចោទ​គាត់​មក​ក្លាយជា​អ្នក​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ទៅវិញ សួរ​ថា គ្រាន់តែ​ជួយ​ដើម្បី​ឲ្យ​កម្មករ​មាន​ភាព ស្រេកឃ្លាន អត់ឃ្លាន កូនៗ​កម្មករ​ប្រឈមមុខ​នឹង​ការ​អត់​ចំណី តើ​ធ្វើ​អ៊ីចឹង​វា​ក្លាយទៅជា​ភាព​វឹកវរ​សង្គម»

ស្រដៀង​គ្នា​នេះ​ដែរ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា សំណួរ​ដែល​ចៅក្រម និង​ព្រះរាជអាជ្ញា ចោទសួរ​ទៅកាន់​តំណាង​សហជីព​ទាំងអស់ នៅក្នុង​សវនាការ​នោះ ភាគច្រើន​គឺ​ផ្ដោត​ទៅ​លើ​ប្រភព​ថវិកា និង​ថា​តើ​មាន​បាន​យក​ថវិកា​ទាំងនោះ មក​ប្រើប្រាស់​ក្នុង​អំឡុង​ពេល​ធ្វើ​កូដកម្ម​ដែរឬទេ​។ លោក​បន្ត​ថា តំណាង​សហជីព​បាន​ឆ្លើយ​ថា ប្រភព​ថវិកា​មួយចំនួន​គឺ​ទទួល​បាន​មក​ពី​អង្គការ​អន្តរជាតិ ដើម្បី​យក​មក​ទ្រទ្រង់​ជីវភាព ការ​ហូបចុក ជាដើម ព្រោះ​កម្មករ​ណាហ្គាវើលដ៍​មិន​បាន​ទទួល​ប្រាក់​ពី​រដ្ឋាភិបាល​៤០​ដុល្លារ​ដូច​កម្មករ​នៅ​រោងចក្រ​កាត់ដេរ​នោះ​ទេ​។ លោក​បន្ថែម​ថា ការ​ដែល​សហជីព​ណាហ្គាវើលដ៍​ទទួល​ជំនួយ​មនុស្សធម៌​ពី​អន្តរជាតិ ដើម្បី​ទ្រទ្រង់​ជីវភាព នៅ​ក្នុង​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ មិនមែន​ជា​រឿង​ខុសច្បាប់​នោះ​ទេ។

លោក អំ សំអាត៖ «កូដកម្ម​គឺ គេ​អនុវត្ត​តាមច្បាប់​ការងារ បាន​ន័យ​ថា នៅពេល​ដែល​មាន​វិវាទ​រវាង​និយោជក ជាមួយនឹង​កម្មករ​និយោជិក​ហើយ ការ​ជ្រើសរើស​នៅក្នុង​ការ​ទាមទារ​រក​ដំណោះស្រាយ​គឺ អាច​ទៅតាម​ច្បាប់​ការងារ​បើសិន​ដោយ​ជម្រើស​ដែល​គាត់​បោះឆ្នោត សម្រេច​ថា មិន​ប្ដឹង​ទៅ​តុលាការ ជា​ចុងក្រោយ​ហើយ អាច​ជ្រើសរើស​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី គាត់​អាច​ធ្វើ​កូដកម្ម​បាន បាទ​អ៊ីចឹង​ការ​ធ្វើ​កូដកម្ម មិន​ស្ថិត​ក្រោម​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី​ទេ វា​នៅ​ក្នុង​ច្បាប់​ការងារ»

ទាក់ទង​នឹង​សំណុំ​រឿង​នេះ តុលាការ​បាន​លើក​ពេល​សវនាការ​ជំនុំជម្រះ​ទៅ​ថ្ងៃទី​២៨ ខែ​មីនា​ខាងមុខ​ទៀត។

កន្លងមក ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​សហជីព​ជាតិ​-​អន្តរជាតិ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ទម្លាក់​បទ​ចោទ​លើ កញ្ញា ឈឹម ស៊ីថរ និង​តំណាង​សហជីព​ណាហ្គាវើ​លដ៍ ពីព្រោះ​ពួកគេ​ពុំ​បាន​ប្រព្រឹត្ត​កំហុស​ឡើយ ហើយ​រដ្ឋាភិបាល ត្រូវ​ចាត់​វិធានការ​ច្បាប់​ទៅ​លើ​ថៅកែ​ណាហ្គាវើលដ៍ ដើម្បី​លើកកម្ពស់​សិទ្ធិ​ការងារ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។