គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបានបញ្ចប់របាយការណ៍ស៊ើបអង្កេតករណីបុរសម្នាក់ដែលស្លាប់ក្នុងពេលប៉ូលិសឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង នេះរួចហើយ ប៉ុន្តែមិនទាន់រកឃើញមូលហេតុពិតនៅឡើយ ក្រោមហេតុផលថា មន្ត្រីប៉ូលិសពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបងផ្តល់ចម្លើយផ្សេងៗគ្នា។
ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មលោក នុត សាអាន ប្រាប់អាស៊ីសេរីថា លទ្ធផលស៊ើបអង្កេតរបស់ក្រុមការងារលោក នៅមិនទាន់ដល់កម្រិតដែលអាចសន្និដ្ឋានជាផ្លូវការបែបណានៅឡើយទេ ដូច្នេះលោកបានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ឱ្យលោកចាត់តាំងក្រុមការងារនៅស្នងការនគរបាលជាតិ ដើម្បីជួយបន្តស៊ើបអង្កេតករណីនេះថែមទៀត។ លោកបញ្ជាក់មូលហេតុថា លទ្ធផលស៊ើបអង្កេតកន្លងមករកឃើញថា របាយការណ៍ឬការឆ្លើយបំភ្លឺរបស់មន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបងទាំងអស់មានភាពផ្ទុយគ្នា ដែលពិបាកជឿទុកចិត្ត។ លោកថា តាមចម្លើយរបស់អធិការនគរបាលស្រុកសង្កែ លោកស៊ុន សុវណ្ណ អះអាងថា ស្នាមជាំនៅលើសាកសពជនសង្ស័យឈ្មោះ ពេជ្រ ធារ៉េត គឺដោយសារពលរដ្ឋ ព្រួតវាយបណ្តាលឲ្យសន្លប់ ព្រោះខឹងចោទថា លោកពេជ្រ ធារ៉េត បានរាយខ្សែភ្លើងក្នុងផ្ទះបណ្តាលឲ្យឆក់ប្រពន្ធស្លាប់។ ប៉ុន្តែមេប៉ុស្តិ៍ នគរបាល ឃុំអូរដំបង១ អះអាងថា គាត់បានទៅដល់កន្លែងកើតហេតុមុនជនសង្ស័យ និងអ្នកដឹកជនសង្ស័យទៅសួរចម្លើយនៅអធិការស្រុក ដូច្នេះគ្មានពលរដ្ឋណាម្នាក់វាយតប់ទៅលើជនសង្ស័យឡើយ។
លោក នុត សាអាន ក៏បានស្តីបន្ទោសទៅលើគណៈកម្មការកោសល្យវិច្ឆ័យសាកសពផងដែរថា មន្ត្រីទាំងនោះ ហាក់ដូចជាធ្វើការលំៗគ្មានភាពច្បាស់លាស់ ព្រោះមន្ត្រីខ្លះចេះតែសន្និដ្ឋានថា ជនសង្ស័យស្លាប់ដោយសារប្រើប្រាស់គ្រឿងញៀនហួសកម្រិត ដោយគ្រាន់តែសំអាងថា គាត់ធ្លាប់ប្រើគ្រឿងញៀនពីមុនមក ប៉ុន្តែនៅថ្ងៃកើតហេតុមន្ត្រីទាំងនោះ មិនបានធ្វើតេស្តរកសារធាតុញៀនដើម្បីបញ្ជាក់ឲ្យបានច្បាស់ឡើយ។ រីឯមន្ត្រីខ្លះទៀត ចេះតែសន្និដ្ឋានថា ជនសង្ស័យស្លាប់ដោយសារគាំងបេះដូង ដោយសំអាងថា គាត់ធ្លាប់សន្លប់ម្តងកាលពីប៉ុន្មានឆ្នាំមុន ដោយសារខូចចិត្តរឿងកូនស្រីម្នាក់របស់ខ្លួនបានស្លាប់។ លើសពីនេះ មន្ត្រីស្នងការខេត្តបាត់ដំបង បំភ្លឺថា ស្លាកស្នាមជាំនៅលើសាកសពរបស់ជនសង្ស័យ គឺដោយសារគាត់ធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ ដោយសំអាងថា ម៉ូតូរបស់ជនសង្ស័យ មានស្នាមបាក់បែក ប៉ុន្តែលោក នុត សាអាន អះអាងថា ពេលក្រុមការងាររបស់លោក ចុះទៅអង្កេតផ្ទាល់រកឃើញថា ម៉ូតូរបស់ជនសង្ស័យ នៅល្អទាំងអស់ មិនមានគ្រោះថ្នាក់ចរាចរណ៍នោះទេ៖ «ក្នុងឯកសារដែលឲ្យខ្ញុំហ្នឹង វាឃើញថា កន្លែងមួយៗ ដូចអត់មានចុះសម្រុងគ្នា អត់ដូចគ្នា រកជឿមិនបាន អ៊ីចឹងការសន្និដ្ឋានខ្ញុំមិនទៅអីទេ។ ខ្ញុំបានរាយការណ៍របាយការណ៍របស់ខ្ញុំនេះជូនទៅថ្នាក់លើហើយខ្ញុំសុំគោលការណ៍ គាត់មួយចំនួនទៀត។ ខ្ញុំសុំឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិចាត់បញ្ជូនក្រុមការងារទៅស៊ើបអង្កេតបន្ថែមទៀត ព្រោះវាដូចជាមិនជ្រះស្រឡះសោះអ្វីៗដែលខ្ញុំទទួលបានហ្នឹងណា»។

ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរូបនេះបន្តថា លោកនឹងធ្វើសេចក្តីសន្និដ្ឋានជាផ្លូវការ ហើយនឹងចេញលិខិតបំភ្លឺជាសាធារណៈ ក្រោយពេលទទួលបានរបាយការណ៍ស៊ើបអង្កេតបន្ថែមទៀតពីខាងអគ្គស្នងការនគរបាលជាតិ។ ទោះជាយ៉ាងណាលោក នុត សាអាន បញ្ជាក់ថា តាមការសន្និដ្ឋានក្រៅផ្លូវការរបស់លោក គឺករណីស្លាប់របស់លោក ពេជ្រ ធារ៉េត នេះ គឺអាចពាក់ព័ន្ធនឹងការប្រើហិង្សាពីនគរបាលមួយចំនួន ក្នុងពេលឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកសង្កែ ទោះបីជាមន្ត្រីទាំងនោះ ឆ្លើយបដិសេធក៏ដោយ៖ «ពេលយកជនសង្ស័យទៅឃុំនៅកន្លែងឃុំបណ្តោះអាសន្នហ្នឹង ជនសង្ស័យវាឡេះឡះវាច្រឡោត វាទាត់ទ្វារអីក្តុងក្តាំង ដូច្នេះខ្ញុំគិតថា ប្រហែលជាមានមន្ត្រីនគរបាល នេះខ្ញុំគិតក្នុងខ្លួនខ្ញុំទេ ពេលដែលជនសង្ស័យវាឡេះឡះ វាឡូឡាទាត់ ធាក់ទ្វារបន្ទប់ឃុំឃាំងហ្នឹង អ៊ីចឹង អាចនឹងមានមន្ត្រីនគរបាលខ្លះទៀតវាខឹងសម្បារ នឹងជនហ្នឹង វាអាចនឹងរំលោភបំពានលើរូបរាងកាយជនសង្ស័យនេះ»។
កាលពីថ្ងៃទី៣ ខែមេសា បុរសម្នាក់ឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ ឆ្នាំ មានមុខរបរជាជាងផ្សារដែក រស់នៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានស្លាប់បាត់បង់ជីវិត ក្នុងពេលប៉ូលិសចាប់ឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ អស់រយៈពេលជាង ៣ ម៉ោង។ ការឃាត់ខ្លួននេះ ដោយសារប៉ូលិសសង្ស័យថា គាត់រាយខ្សែភ្លើងអគ្គិសនី ដើម្បីឆក់សម្លាប់ប្រពន្ធនៅក្នុងផ្ទះដោយសារភ្លើងប្រច័ណ្ឌ ប៉ុន្តែសាក្សីអះអាងថា ក្នុងពេលកើតហេតុ គឺបុរសជាប្តីរូបនេះ មិនបាននៅផ្ទះឡើយ។ ប៉ូលិសខេត្តបាត់ដំបង បកស្រាយថា លោក ពេជ្រ ធារ៉េត ស្លាប់ដោយសារគាំងបេះដូង ព្រោះប្រើថ្នាំញៀនហួសកម្រិត។ ប៉ុន្តែនៅពេលសាច់ញាតិ ពិនិត្យសាកសពឃើញមានស្នាមរបួស និងជាំពេញខ្លួនចាប់តាំងពីជើងរហូតដល់ក្បាល និងមានហូរឈាមតាមច្រមុះ និងត្រចៀក ព្រមទាំងស្នាមខូងនៅកន្លែងដាក់ខ្នោះ និងស្នាមជាំខ្លាំងនៅកជើងទាំងពីរ។ លើសពីនេះ សម្លៀកបំពាក់របស់ជនរងគ្រោះ ត្រូវបានផ្លាស់ប្តូរ ហើយសាច់ញាតិ អះអាងថា សមត្ថកិច្ច បានព្យាយាមរារាំងមិនឲ្យសាច់ញាតិ និងអ្នកកាសែត ពិនិត្យសាកសពទៀតផង។ អ្នកជំនាញ និងគ្រួសារជនរងគ្រោះសន្និដ្ឋានថា ស្នាមជាំ និងរបួសនៅលើដងខ្លួនសាកសពលោក ពេជ្រ ធារ៉េត ជាស្នាមរងទារុណកម្មដោយការវាយដំ និងឆក់ខ្សែភ្លើង។
បងស្រីបង្កើតរបស់ជនរងគ្រោះ គឺលោកស្រី ពេជ្រ លីណា ខកចិត្តចំពោះលទ្ធផលស៊ើបអង្កេតរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលមិនហ៊ានចេញរបាយការណ៍សន្និដ្ឋានជាក់លាក់ថា ជាករណីស្លាប់ដោយសារអំពើទារុណកម្ម ខណៈមានភស្តុតាងជាច្រើនបង្ហាញថា ប្អូនប្រុសរបស់លោកស្រី ស្លាប់ដោយអំពើទារុណកម្មយ៉ាងអយុត្តិធម៌។ លោកស្រីបារម្ភថា ការពន្យារពេលស៊ើបអង្កេតថែមទៀតនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការទទួលបានយុត្តិធម៌៖ «ថ្នាក់ជាតិចុះទៅស៊ើបហើយនៅតែអត់មានរបាយការណ៍អីច្បាស់លាស់អីចឹង ដូច្នេះខ្ញុំបារម្ភ ខ្ញុំមិនដឹងថា មានអ្នកណាអាចជួយខ្ញុំបានទេ មានតែស្នើសុំដល់សម្តេចអគ្គមហាសេនាបតីសួមឲ្យជួយស៊ើបអង្កេតរឿងនេះជួយដល់គ្រួសារខ្ញុំផង ព្រោះអីខ្ញុំប្រជាជនធម្មតាតូចតាចគ្មានអំណាចអីទាំងអស់ ហើយការស្លាប់របស់ប្អូនខ្ញុំនេះ វាអយុត្តិធម៌ ដែលយកទៅរស់ ហើយមកវិញស្លាប់មានស្លាក់ស្នាមធ្វើទារុណកម្ម ឈាមតាមច្រមុះតាមត្រចៀកបែកមាត់បែកក្បាលស្នាមកដៃ កជើងទាំងអស់ហើយ នៅតែការស៊ើបអង្កេតនេះមិនដឹងទៀត»។

ទាក់ទងករណីនេះដែរ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី យល់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មគួរតែមានគោលការណ៍និងជំហរច្បាស់លាស់ខ្លួនឯង ដោយមិនចាំបាច់បង្កើតក្រុមការងារផ្សេងទៀតចុះទៅស៊ើបសង្កេតជាន់ការងារគ្នានោះទេ ព្រោះនាំឲ្យបាត់ជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ លោកបន្តថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជាស្ថាប័នជំនាញថ្នាក់ជាតិ និងបានចុះស៊ើបអង្កេតរឿងនេះដោយផ្ទាល់រួចហើយ ដូច្នេះគួរតែសន្និដ្ឋានតែម្តងថា ករណីនេះ គឺជាអំពើទារុណកម្ម៖ «គណៈកម្មការនេះ គឺជាគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មមករកឲ្យឃើញថាតើករណីនេះវាធ្វើទារុណកម្ម ឬក៏អត់ ដូច្នេះបើក្នុងការសាកសួរអ្នកដែលពាក់ព័ន្ធហើយផ្តល់ចម្លើយមិនច្បាស់លាស់ គឺគណៈកម្មការ អាចធ្វើការសន្និដ្ឋានតែម្តងថា នេះគឺជាការធ្វើទារុណកម្មទី១ ហើយទី២ បើសិនអ្នកទាំងអស់ហ្នុង មិនពាក់ព័ន្ធនឹងការធ្វើទារុណកម្ម យើងឃើញថា ការធ្វើការងារមិនបានល្អ មិនបានត្រឹមត្រូវ ធ្វើការធ្វេសប្រហែស អាហ្នឹងក៏មានបញ្ហាផ្នែករដ្ឋបាលដែរក្នុងការគ្រប់គ្រងជនសង្ស័យ និងផ្តល់ព័ត៌មានភូតកុហក។ ភូតកុហកថា មានការវាយតបដោយប្រជាពលរដ្ឋ តែរកទៅវាអត់មានឃើញ អាហ្នឹងគឺផ្តល់ចម្លើយភូតកុហក ដើម្បីលាក់បាំងនូវអំពើទុច្ចរិតរបស់ខ្លួន ដូច្នេះគណៈកម្មការ មិនបាច់បង្កើតគណៈកម្មការ ជាន់លើគណៈកម្មការទៀតទេ»។
ករណីមន្ត្រីនគរបាលរងការចោទថា ធ្វើទារុណកម្មលើជនសង្ស័យក្នុងពេលចាប់ឃុំខ្លួនឬពេលសួរចម្លើយបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងស្លាប់នេះ តែងកើតមានជាហូរហែ ប៉ុន្តែគ្រួសារជនរងគ្រោះ កម្រទទួលបានយុត្តិធម៌ណាស់។ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋបារម្ភថា ករណីទារុណកម្មលើជនសង្ស័យបែបនេះ នឹងនៅតែកើតឡើងបន្តទៀត ប្រសិនបើការអនុវត្តច្បាប់ពុំមានប្រសិទ្ធភាព ដោយទុកឲ្យជនដៃដល់មានសេរីភាពរស់នៅក្រៅសំណាញ់ច្បាប់។
ទោះជាយ៉ាងណា ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មអះអាងថា លោកកំពុងស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង រៀបចំបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់សួរចម្លើយនិងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ននៅគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់។ លោកជឿថា ការបំពាក់កាមេរ៉ាបែបនេះ នឹងធ្វើឲ្យមន្ត្រីនគរបាលមួយចំនួន មិនហ៊ានធ្វើទារុណកម្មលើជនសង្ស័យ ឬមិនមានលេសដោះសារនោះទេ ក្រោយពេលមានបញ្ហាកើតឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។