សកម្មជនគណបក្សប្រឆាំងចំនួន៧នាក់ដែលត្រូវបានរបបក្រុងភ្នំពេញ ចាប់ខ្លួនអំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតនេះ បានដាក់ពាក្យស្នើសុំឱ្យតុលាការដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែតុលាការ មិនទាន់ឆ្លើយតបនៅឡើយទេ។ សាច់ញាតិ និងមន្ត្រីសិទ្ធិមនុស្ស យល់ថា រដ្ឋាភិបាល គួរតែដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ និងយកចិត្តទុកដាក់ដោះស្រាយវិបត្តិជំងឺកូវីដ-១៩។
មេធាវីការពារក្តីឱ្យសកម្មជនបក្សសង្គ្រោះជាតិទាំង៧នាក់ គឺលោក ឡោ ជុនធី សម្ដែងការសោកស្តាយដែលតុលាការយឺតយ៉ាវក្នុងការឆ្លើយតបចំពោះសំណើសុំនៅក្រៅឃុំរបស់កូនក្ដីលោក។
មេធាវីរូបនេះ បញ្ជាក់ថា កូនក្តីរបស់លោកចំនួន៦នាក់ បានដាក់ពាក្យស្នើសុំរួមគ្នាទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ តាំងពីថ្ងៃទី៦ ខែមេសា ចំណែកកូនក្តីម្នាក់ទៀត បានដាក់ស្នើសុំដាច់ដោយឡែក នៅថ្ងៃទី៩ ខែមេសា ប៉ុន្តែមកទល់ពេលនេះ លោក កូយ សៅ មិន ទាន់ឆ្លើយតបបែបណានៅឡើយទេ។ លោកពន្យល់ថា ផ្អែកតាមនីតិវិធីច្បាប់នៅពេលដែលតុលាការ ទទួលបានបណ្ដឹងស្នើសុំនៅក្រៅឃុំហើយនោះ គឺតុលាការត្រូវតែសម្រេចយ៉ាងយូរបំផុតត្រឹមរយៈ ៥ថ្ងៃ ប៉ុន្តែមកដល់ពេលនេះ គឺចង់ផុតកំណត់ថ្ងៃទៅហើយ៖ «ចេញជាការសម្រេចមួយមកថា ឱ្យឬមិនឱ្យ ហើយយើងមិនសុខចិត្តយើងមានសិទ្ធិប្ដឹងឧទ្ធរណ៍តទៅទៀត។ មួយទៀត បើគេអត់ឆ្លើយតបទេ ក្នុងរយៈពេល ៥ថ្ងៃ យើងអាចប្តឹងទៅឧទ្ធរណ៍ដូចគ្នា»។
ក្នុងបណ្ដឹងសុំឱ្យដោះលែងនៅក្រៅឃុំនោះ សកម្មជនបក្សប្រឆាំងទាំង៧នាក់ លើកសំអាងហេតុថា ពួកគេ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ ដូចជាលើសឈាម ទឹកនោមផ្អែម លើសជាតិអាស៊ីត និងមានតួនាទីរកចំណូលផ្គត់ផ្គង់ក្រុមគ្រួសារ ហើយពួកគេមានទីលំនៅច្បាស់លាស់ និងសន្យាថា មិនគេចវេះពីការកោះហៅរបស់តុលាការនោះទេ។ លើសពីនេះ មេធាវីការពារក្តីឱ្យសកម្មជនបក្សសង្គ្រោះជាតិទាំងនោះ យល់ថា ដីកាឃុំខ្លួនរបស់របស់ចៅក្រមស៊ើបសួរ លោក កូយ សៅ មិនអនុលោមទៅតាមអត្ថន័យនៃក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា ២០៤ និង២០៥ ដែលចែងអំពីករណី និងមូលហេតុនៃការឃុំខ្លួនបណ្ដោះអាសន្ន និងមិនបាន ពិចារណាទៅលើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលបានបញ្ជាឱ្យដោះលែង និងបញ្ឈប់ការចាប់ចង ឬធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំងនៅទូទាំងប្រទេស។
លោកមេធាវី ឡោ ជុនធី ថ្លែងថា កូនក្តីរបស់លោក មានលក្ខខណ្ឌគ្រប់គ្រាន់ ដូច្នេះតុលាការ គួរតែសម្រេចឱ្យពួកគេបាននៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំ៖ «និយាយចំមូលហេតុនៅក្រៅឃុំគឺវាសំខាន់គាត់មានទីលំនៅមានអីច្បាស់លាស់ ដែលអាចធានាបានគាត់ចូលមកបំភ្លឺរឿងហេតុរបស់គាត់បាន ហើយមានប៉ុន្មានចំណុចនេះឯង ហើយចំណុចសំខាន់នោះគឺគាត់មានទីលំនៅច្បាស់លាស់»។
សកម្មជនគណបក្សប្រឆាំងទាំង ៧នាក់នេះ រួមមាន លោក ឃុត ច្រឹប លោក ងិន ឃាង លោក ឡុង ផារី លោក កែវ ថៃ លោក ថៃ គន្ធា លោក យឹម សារ៉េត និងលោក ឃឹម ភាណា។ អ្នកទាំង៧នាក់ ត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួនជាបន្តបន្ទាប់ ចាប់តាំងពីជំងឺកូវីដ-១៩ កំពុងរាតត្បាតជុំវិញពិភពលោក។ តុលាការបានចោទប្រកាន់ពួកគេដូចៗគ្នាគឺពីបទរួមគំនិតក្បត់ ញុះញង់ឱ្យយោធាមិនស្ដាប់បញ្ជា និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស (ម១)។
កូនស្រីរបស់ប្រធានគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង លោក កែវ ថៃ គឺកញ្ញា កែវ ចាន់រចនា ប្រាប់អាស៊ីសេរីថា ប្រសិនបើតុលាការអនុវត្តតាមច្បាប់និងវិជ្ជាជីវៈត្រឹមត្រូវ គឺត្រូវដោះលែង ឪពុករបស់នាង និងអ្នកទោសនយោបាយដទៃទៀតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ឬក៏ទម្លាក់សំណុំរឿងនេះចោលដោយឥតចាត់ការតែម្ដង។ កញ្ញាអះអាងថា ពួកគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ហើយកញ្ញា ចាត់ទុកថា ការបន្តឃុំឃាំងពួកគាត់ គឺបង្ហាញពីចេតនាគុំកួន និងតាមធ្វើទុក្ខបុកម្នេញ ព្រោះពួកគាត់ម្នាក់ៗ មិនបានធ្វើសកម្មភាពនយោបាយទៀតនោះទេ៖ «គ្រួសាររបស់ខ្ញុំព្រួយបារម្ភគាត់រឿងទី១ រឿងជំងឺប្រចាំកាយរបស់គាត់ មានជាតិអាស៊ីត ហើយនឹងឡើងឈាម ទី២ បារម្ភរឿងកូរ៉ូណានឹងហ្មង ព្រោះអី នៅទីនោះយើងមិនដឹងថា មានទឹកអាល់កុល មានម៉ាស់ពាក់ការពារអីអត់ ព្រោះអីគ្រួសារខ្ញុំក៏មានបានទៅជួបគាត់ដែរ។ គ្រួសារខ្ញុំពិបាកចិត្ត ហើយចង់ឱ្យគាត់នៅក្រៅឃុំ»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបអំពីរឿងនេះពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និង លោក កែវ សុធា បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
រីឯអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ករណីនេះ គ្មានអ្នកណាម្នាក់ អាចអន្តរាគមន៍ទៅតុលាការបានទេ ព្រោះជាសិទ្ធិសម្រេចរបស់តុលាការ៖ « ក្នុងករណីមេធាវីរបស់គាត់បានដាក់ពាក្យស្នើសុំ ហើយគឺគេនឹងពិនិត្យសម្រេចហើយថា តើអាចអនុញ្ញាតឱ្យនៅក្រៅឃុំបានឬក៏អត់ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន»។
ទោះជាយ៉ាងណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា យល់ថា ការចាប់ខ្លួនមន្ត្រីបក្សប្រឆាំងនៅពេលនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។ ដូចករណីកន្លងមកដែរ លោក កត់សម្គាល់ថា នៅពេលស្ថានភាពនយោបាយតានតឹង អាជ្ញាធរតែងចាប់ខ្លួនសកម្មជននិងមន្ត្រីបក្សប្រឆាំងជាបន្តបន្ទាប់ ប៉ុន្តែនៅពេលស្ថានភាពនយោបាយធូរស្រាល គឺតែងតែមានការអន្តរាគមន៍ឱ្យដោះលែងជនជាប់ឃុំទាំងនោះវិញ៖ «ជាការយល់ឃើញរបស់ខ្ញុំទេ ការចាប់ខ្លួនគឺយើងដឹងហើយគឺតែងតែមានការដោះស្រាយបែបសម្របសម្រួលនៃផ្នែកនយោបាយ វាមិនមែនជាវិធានការចាត់ការ ទៅលើកំហុសផ្លូវច្បាប់អីទេ អីចឹងហើយយើងចង់ឃើញស្ថាប័នពាក់ព័ន្ធជាពិសេសស្ថាប័នតុលាការ គួរគិតពិចារណាបន្ធូរបន្ថយ ឬក៏ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពួកគាត់ឱ្យមាន សេរីភាពនៅក្រៅឃុំអីជាដើម ដើម្បីជួបជុំក្រុមគ្រួសារក្នុងដំណាក់កាលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងនេះ កំពុងជួបហានិភ័យខ្លាំងជាមួយជំងឺរាតត្បាតកូវីដ - ១៩នេះ ហើយគួរតែមាន ការគិតគួរទៅលើបញ្ហានេះទៅវិញ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍ថ្កោល ទោសរដ្ឋាភិបាលកម្ពុជាថា កំពុងប្រើប្រាស់ការរាតត្បាតជំងឺកូវីដ-១៩ ដោយមិនត្រឹមត្រូវ ដើម្បីបំបិទមាត់សកម្មជនបក្សប្រឆាំង និងអ្នកបញ្ចេញទុក្ខកង្វល់អំពីមេរោគថ្មីនេះ និងអ្នករិះគន់វិធានការរបស់រដ្ឋាភិបាល ។ អង្គការអន្តរជាតិមួយនេះ បន្តថា រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ឈប់ទង្វើរំលោភបំពានលើសិទ្ធិនិយាយស្ដីដោយសេរីរបស់ពលរដ្ឋតទៅទៀត ហើយជំនួសមកវិញ រដ្ឋាភិបាលត្រូវផ្ដោតអាទិភាពលើការផ្ដល់ព័ត៌មានអំពីជំងឺកូវីដ-១៩ ជូនសាធារណជនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។