បណ្តាញអ្នកធ្វើការងារតាមផ្ទះ ស្នើសុំទៅស្ថាប័នមានសមត្ថកិច្ចឲ្យអនុវត្តច្បាប់ម៉ឺងម៉ាត់ លើស្ត្រី ដែលបានប្រព្រឹត្តអំពើហិង្សា និងបង្អត់អាហារលើក្មេងស្រីម្នាក់ ដែលបម្រើការងារតាមផ្ទះ។ ម្ចាស់ផ្ទះបានធ្វើបាបលើក្មេងស្រីនោះអស់រយៈពេល ៤ឆ្នាំ ប៉ុន្តែ ទើបត្រូវបែកការណ៍ កាលពីពេលថ្មីៗ នេះ បន្ទាប់ពីមានពលរដ្ឋទូរស័ព្ទប្ដឹងសមត្ថកិច្ច និងផ្ដល់ដំណឹងទៅក្រុមអ្នកសារព័ត៌មាន។
សង្គមស៊ីវិលធ្វើការងារនៃបណ្តាញកម្មករធ្វើការងារតាមផ្ទះ ហៅករណីម្ចាស់ផ្ទះប្រព្រឹត្តអំពើហិង្សាលើក្មេងស្រីម្នាក់នៅខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ជាការរម្លឹកម្តងទៀតឲ្យស្ថាប័ន មានសមត្ថកិច្ចបង្កើតយន្តការដ៏ត្រឹមត្រូវមួយ ដើម្បីគាំពារអ្នកធ្វើការងារតាមផ្ទះ ព្រោះពួកគេទាំងនោះប្រឈមហានិភ័យខ្ពស់ ប៉ុន្តែបានប្រាក់កម្រៃតិចតួច។
បណ្ដាញកម្មករធ្វើការតាមផ្ទះនៃសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ស្រី វុន សម្ភស មានប្រសាសន៍ថា បណ្ដាញកម្មករលោកស្រីប្រឆាំងដាច់ខាត ចំពោះការប្រើហិង្សាលើអ្នកធ្វើការតាមផ្ទះ។ លោកស្រីបន្តទៀតថា ករណីហិង្សានេះមិនមែនជារឿងថ្មីទេ សម្រាប់អ្នកធ្វើការតាមផ្ទះ ព្រោះកន្លងមកពួកគេត្រូវម្ចាស់វាយធ្វើបាប និងបើកប្រាក់ឈ្នួលឲ្យមិនគ្រប់គ្រាន់ ឬបណ្ដេញចេញពីការងារដោយមិនបើកប្រាក់ឈ្នួលឲ្យក៏មានដែរ។
សង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធអ្នកធ្វើការងារតាមផ្ទះរូបនេះប្រាប់ថា ដើម្បីឲ្យអ្នកធ្វើការងារតាមផ្ទះទទួលបានលក្ខខណ្ឌល្អប្រសើរជាងសព្វថ្ងៃ លុះត្រារដ្ឋាភិបាលផ្តល់សច្ចាប័នអនុសញ្ញាអង្គការអន្តរជាតិខាងការងារ (ILO) ១៨៩ ស្តីពីការគាំពារអ្នកធ្វើការងារតាមផ្ទះដូចប្រទេសដទៃ ដើម្បីអាចឲ្យកម្មករធ្វើការតាមផ្ទះទទួលបានការការពារដូចកម្មករដទៃទៀតដែរ។
ស្រដៀងគ្នានេះដែរ ប្រធានសម្ព័ន្ធសហជីពស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ប្រាប់ថា អ្នកធ្វើការងារតាមផ្ទះប្រឈមការរងគ្រោះធ្ងន់ធ្ងរ ប៉ុន្តែទទួលបានប្រយោជន៍ ឬកម្រៃមកវិញគឺតិចតួចណាស់។ លោកយល់ថា រដ្ឋាភិបាល ឬក្រសួងការងារគួរចេញច្បាប់ដាច់ដោយឡែកមួយទៀតដែលគាំទ្រអ្នកធ្វើការងារតាមផ្ទះ និងមានការកំណត់ប្រាក់ឈ្នួលដល់ពួកគេ ដូចកម្មររោងចក្រដែរ។ លោកថា កន្លងមកសហជីពរបស់លោកក៏ធ្លាប់បានទាមទារចំណុចទាំងនេះដែរ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។
ការព្រួយបារម្ភជាថ្មីរបស់សង្គមស៊ីវិលនៅពេលនេះ ក្រោយពីមានករណីហិង្សាលើក្មេងស្រីម្នាក់ជាអ្នកបម្រើការងារនៅផ្ទះអ្នកលក់សំលៀកបំពាក់មួយកន្លែង ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។
ក្មេងស្រីម្នាក់ត្រូវស្ត្រីម្ចាស់ផ្ទះប្រើអំពើហិង្សាលើរូបនាងសឹងរាល់ថ្ងៃ ដោយវាយ ធាក់ និងបង្អត់ បាយជាដើម។ ទង្វើនេះបានកើតឡើងអស់រយៈពេល៤ឆ្នាំមកហើយ ប៉ុន្តែទើបតែបែកការណ៍ កាលពីទី២៧ ខែឧសភា បន្ទាប់ពីអ្នកជិតខាងបានផ្ដល់ដំណឹងនេះដល់អ្នកសារព័ត៌មាន និងសមត្ថកិច្ចមូលដ្ឋាន។ ក្រោយសមត្ថកិច្ចបានជួយសង្គ្រោះកុមាររងគ្រោះនោះមានសភាព ស្លេកស្លាំង និងមានស្លាកស្នាមជាំ និងរបួសពេញខ្លួន ដូចជា ក្បាល ដៃ ជើង។
ពលរដ្ឋម្នាក់ លោក ប៊ុត្រ វាសនា ជាអ្នករស់នៅជិតផ្ទះស្ត្រីប្រើហិង្សាលើក្មេងស្រី ឲ្យអាស៊ីសេរី បានដឹងថា លោកតែងឃើញស្ត្រីម្ចាស់ផ្ទះវាយធ្វើបាបលើក្មេងស្រីនោះជាញឹកញាប់។ ប៉ុន្តែដោយលោកគ្មានភស្តុតាងទើបលោកមិនហ៊ានផ្ដល់ព័ត៌មាននេះទៅសមត្ថកិច្ច ឬអ្នកសារព័ត៌មាន។ លោកបន្តទៀត នៅទីបំផុតពេលលោកប្រមូលភស្តុតាងបានគ្រប់គ្រាន់ ទើបលោកសម្រេចប្រាប់រឿងនេះទៅអ្នកសារព័ត៌មាន។
ក្មេងស្រីរងគ្រោះមានអាយុ១៦ឆ្នាំ រស់នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាងកូនទី៨ក្នុងគ្រួសារក្រីក្រដែលកូន៩នាក់។ ម្ចាស់ផ្ទះបានយកនាងមកធ្វើការដោយផ្ដល់ប្រាក់ឈ្នួល ៦០ដុល្លារក្នុងមួយខែ តែទើបមួយឆ្នាំចុងក្រោយនេះម្ចាស់ផ្ទះដំឡើងបាន ១០០ដុល្លារក្នុងមួយខែ ប៉ុន្តែម្ចាស់ផ្ទះមិនដែលប្រគល់លុយនោះឲ្យនាងឡើយ គឺត្រូវបានឲ្យទៅឪពុកម្ដាយនៅខេត្ត។
ក្មេងស្រីដែលរងគ្រោះដោយការវាយធ្វើបាបនោះឲ្យដឹងទៀតថា ម្ចាស់ផ្ទះប្រើឲ្យនាងក្រោកធ្វើតាំងម៉ោង៥ព្រឹកដល់ពាក់កណ្តាលអាធ្រាតទើបឲ្យសម្រាក។ នាងរៀបរាប់ទៀតថា នៅ ពេលនាងធ្វើការងារមិនទាន់ ឬមិនត្រូវចិត្តម្ចាស់ផ្ទះ ស្រ្តីម្ចាស់ផ្ទះតែងវាយធ្វើបាប និងហាមមិនឲ្យនាងប្រាប់រឿងនេះទៅឪពុកម្ដាយបានដឹងឡើយ។
បណ្តាញកម្មករធ្វើការតាមផ្ទះ នៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៩ ខែឧសភា ដោយហៅការប្រព្រឹត្តនេះថា ជាទង្វើហិង្សាយ៉ាងធ្ងន់ធ្ងរ និងរំលោភលើសិទ្ធិកុមារដែលប្រាសចាកពីច្បាប់ជាតិ និងអន្តរជាតិ។ សមាគមននេះ ស្នើសុំទៅសមត្ថកិច្ចចាត់វិធានការឲ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតលើជនប្រព្រឹត្តដើម្បីផ្តល់យុត្តិធម៌កុមាររងគ្រោះ និងក្រុមគ្រួសារ។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន យល់ថា ឪពុក ម្តាយក្មេងស្រីរងគ្រោះអាចប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌។ លោកបន្តថា បើសិនសមត្ថកិច្ច រកឃើញថា ស្រ្តីម្ចាស់ផ្ទះប្រើហិង្សាធ្ងន់ធ្ងរលើក្មេងស្រីនោះ ស្ត្រីដែលប្រើហិង្សានោះនឹងត្រូវ ប្រមុខតាមផ្លូវច្បាប់។
ក្រោយបែកធ្លាយករណីធ្វើទារុណកម្មលើក្មេងស្រីបម្រើការងារតាមផ្ទះរូបនេះ សាធារណជន និងអង្គការសង្គមស៊ីវិលធ្វើការទាក់ទងកុមារអះអាងថា នឹងជួយដល់ក្មេងស្រីនោះរួមមាន ជួយឲ្យបានរៀនសូត្រ ផ្តល់ជំនាញ និងគាំពារផ្នែកច្បាប់ជាដើម។ ចំណែកស្រ្តីម្ចាស់ផ្ទះដែល ជាជនសង្ស័យឈ្មោះ ម៉េង រ័ត្នពិសី ហៅ ភា មុខរបរលក់សម្លៀកបំពាក់ ត្រូវសមត្ថកិច្ចបញ្ជូនមកតុលាការក្រុងភ្នំពេញ កាលព្រឹកពីថ្ងៃទី៣០ ខែឧសភា។ សង្គមស៊ីវិលស្នើសុំឲ្យតុលាការចាត់វិធានការតឹងរ៉ឹងលើជនបង្ក ដើម្បីបញ្ចប់អំពើហិង្សា និងការរំលោភសិទ្ធិទៅលើអ្នកធ្វើការតាមផ្ទះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។