សង្គម​ស៊ីវិល​រិះគន់​ប្រធាន​សាលាឧទ្ធរណ៍​​ភ្នំពេញ​ដែល​ពន្យារ​ពេល​ចូល​និវត្តន៍​មួយ​ឆ្នាំ

ដោយ ថា ថៃ
2023.03.19
Share on WhatsApp
Share on WhatsApp
សង្គម​ស៊ីវិល​រិះគន់​ប្រធាន​សាលាឧទ្ធរណ៍​​ភ្នំពេញ​ដែល​ពន្យារ​ពេល​ចូល​និវត្តន៍​មួយ​ឆ្នាំ ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ លោក សេង ស៊ីវុត្ថា។
Photo Courtesy

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សិក្សា​ផ្នែក​ច្បាប់ រិះគន់​ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ លោក សេង ស៊ីវុត្ថា ​ដែល​ពន្យារ​ពេល​អាយុ​ចូល​និវត្តន៍​មួយ​ឆ្នាំ​ទៀត។ ពួកគាត់​បារម្ភ​ថា ការ​មិន​ព្រម​ចូល​និវត្តន៍​តាម​ច្បាប់​កំណត់​នេះ អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់ បាត់​ឱកាស​សម្រាប់​អ្នក​ជំនាន់​ក្រោយ និង​មាន​ទំនាស់​ផល​ប្រយោជន៍​ជាដើម។

ករណី​ចៅក្រម និង​ព្រះរាជអាជ្ញា​ដែល​ដល់​អាយុ​ចូល​និវត្តន៍ ប៉ុន្តែ​ពន្យារពេល​​​ចូល​និវត្ត​ បាន​ក្លាយ​ជា​វប្បធម៌​មួយ​ទៅ​ហើយ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា បើ​ទោះ​បី​ជា​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ចែង​ថា ចៅក្រម និង​ព្រះរាជ​អាជ្ញា​ទាំង​ពីរ​ភេទ ត្រូវ​ចូល​និវត្តន៍​ពេល​គ្រប់​អាយុ​៦០​ឆ្នាំ​ក្តី។ជាក់ស្តែង​ថ្មីៗ​នេះ ប្រធាន​តុលាការ​ឧទ្ធរណ៍​ភ្នំពេញ លោក សេង ស៊ីវុត្ថា អាយុ​៦០ឆ្នាំ ​បាន​ពន្យារ​ពេល​ចូល​និវត្តន៍​ដោយ​បន្ត​ការងារ​ដដែល​រយៈពេល​​មួយ​ឆ្នាំ​ទៀត ​ចាប់​ពី​ថ្ងៃទី៥ ខែ​មីនា​ ឆ្នាំ​២០២៣ ​ដល់​ថ្ងៃទី​៥​ ខែមីនា ​ឆ្នាំ២០២៤។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល អាច​ទួល​ថ្វាយ​ព្រះមហាក្សត្រ ​ដើម្បី​ពន្យារ​ពេល​​ចូល​និវត្តន៍​របស់​មន្ត្រីរាជការ ​ដោយ​ផ្អែក​ទៅ​លើ​សមត្ថភាព​របស់​គាត់ ប៉ុន្តែ​លោក​បារម្ភ​ថា ករណី​បែប​នេះ ​នឹង​ក្លាយ​ជា​គំរូ​មិន​ល្អ​ហើយ ហើយ​ចេះ​បន្ត​កើត​ឡើង​ទៀត។ លោក​យល់​ថា ប្រធាន​តុលាការ​ ឬ​ចៅក្រម​ដែល​មាន​អាយុ​លើស ៦០​ឆ្នាំ គួរតែ​ដាក់​ឲ្យ​ចូល​និវត្តន៍​តាម​ច្បាប់​កំណត់​ ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ដែល​ជា​កម្លាំង​ថ្មី និង​មាន​គំនិត​ថ្មី​ក្នុង​ការ​ដឹកនាំ​បន្ត

លោក ស៊ឹង សែនករុណា៖ «បញ្ហា​ទាំង​អស់​នេះ វា​ពាក់ព័ន្ធ​នឹង​រឿង​តួនាទី និង​រឿង​ផល​ប្រយោជន៍​ហ្នឹង​ហើយ ដែល​អាច​នឹង​​បន្ត​ទៅ​បាន។ សម្រាប់​យើង ​យើង​អត់​ចង់ ឃើញ​បែប​ហ្នឹង យើង​ចង់​ឃើញ​អាច​ថា មន្ត្រី​ដែល​ត្រូវ​ចូល​និវត្តន៍​ទាំងឡាយ​ដល់​អាយុ​ហើយ គួរតែ​ពិនិត្យ​មើល​លទ្ធភាព​អ្នក​បន្តវេន​ជំនាន់ៗ​ក្រោយ​ឲ្យ​គេ​បន្ត​កិច្ចការ ទៅ​ហើយ ខ្ញុំ​ជឿជាក់​ថា អ្នក​ដែល​មាន​សមត្ថភាព​ធ្វើ​កិច្ចការ​ងារ​ទៅ​បាន គឺ​មាន​ច្រើន ហើយ​ក៏​​អាច​ផ្តល់​ឱកាស​ឲ្យ​អ្នកថ្មី កម្លាំង​ថ្មី គំនិត​ថ្មី​អាច​ថា​មានការ​ឆ្នៃ​ប្រឌិត ក្នុង​ការ​ដឹកនាំ​និង​កសាង»

ព្រះរាជ​ក្រឹត្យ​របស់​ព្រះមហាក្សត្រ ​ចុះ​ថ្ងៃ​ទី​១៧ មីនា បាន​សម្រេច​ពន្យារ​ពេល​ឲ្យ​លោក​ សេង ស៊ីវុត្ថា បន្ត​តួនាទី​ជា​ប្រធាន​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ រយៈពេល​មួយ​ឆ្នាំ​ទៀត ​តាម​ការ​ទួល​ថ្វាយ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ។ លោក សេង ស៊ីវុត្ថា ត្រូវ​បាន​តែងតាំង​​ជា​ប្រធាន​សាលា​ឧទ្ធរណ៍​ភ្នំពេញ ​កាលពី​ឆ្នាំ២០២១ ​បន្ទាប់​ពី​លោក​មាន​ស្នាដៃ​កាន់​សំណុំ​រឿង​នយោបាយ​ធំៗ​ជា​ច្រើន​ ដូចជា​សំណុំ​រឿង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី លោក ហុង សុខហួរ និង​លោក អ៊ំ សំអាន ពាក់ព័ន្ធ​នឹង​បញ្ហា​រិះគន់​រឿង​​ព្រំដែន​កម្ពុជា​-វៀតណាម​ និង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​លោក កឹម សុខា ​ជាដើម។​សំណុំ​រឿង​នយោបាយ​ទាំង​នេះ លោក សេង ស៊ីវុត្ថា ដែល​មាន​តួនាទី​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ តែងតែ​សម្រេច​ឲ្យ​ថ្នាក់​ដឹក​បក្ស​ប្រឆាំង​ជាប់​ពន្ធនាគារ​ ដូច​តុលាការ​ជាន់​ទាប​​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ ចាត់ទុក​ថា ជា​ការ​កាត់ក្តី​បែប​នយោបាយ​សុទ្ធសាធ។ ម្យ៉ាង​វិញទៀត ប្រធាន​សាលា​ឧទ្ធរណ៍​ភ្នំពេញ​រូប​នេះ ក៏​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក សេង ស៊ីវុត្ថា បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែង​ថា ការ​អនុញ្ញាត​ឲ្យ​ចៅក្រម ដែល​មាន​អាយុ​ត្រូវ​ចូលនិវត្តន៍ ​អាច​បន្ត​ការងារ ផ្ទុយ​ពី​ច្បាប់​កំណត់​នោះ​ មិន​គួរ​កើត​មាន​ទៀត​នោះ​ទេ ព្រោះ​គាត់​មាន​វ័យ​ចំណាស់ ​ដូច្នេះ​មានតែ​​​របៀប​ធ្វើ​ការងារ​ដដែលៗ ហើយ​អាច​គិត​យឺតយ៉ាវ ឬ​​​មាន​ស្មារតី​ភ្លេចភ្លាំង​ដែល​ប៉ះ​ពាល់​ដល់​ការ​អនុវត្តន៍​ច្បាប់។ទោះ​ជា​យ៉ាងណា លោក ​យល់​ថា ​មូល​ហេតុ​ដែល​ចៅ​ក្រម​ចាស់​ជរា​មួយ​ចំនួន អាច​រក្សា​តួនាទី​របស់​ខ្លួន​ ទំនង​ជា​ពួក​គាត់​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ពិសេស​ដោយសារ​​មាន​ស្នាដៃ​កាត់ក្តី​រឿង​នយោបាយ​កន្លងមក។

លោក វ៉ន ចាន់ឡូត៖ «សម្រាប់​បរិបទ​កម្ពុជា​ដែល​យើង​ឃើញ​ថា វា​អាច​ជាប់​ទាក់ទង​នឹង​កត្តា​នយោបាយ​មួយ​ចំនួន​ដែរ ព្រោះ​យើង​ត្រូវ​ដឹង​​ថា តុលាការ​ នៅ​កម្ពុជា មាន​ការ​រិះគន់​ច្រើន​ ពី​សំណាក់​ជាតិ និង​អន្តរជាតិ ជាពិសេស​តួលេខ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​សម្រាប់​កម្ពុជា មិន​មាន​ភាព​ល្អ​ប្រសើរ​ទេ។ មតិ​មួយ​ចំនួន លើក​ឡើង​ថា តុលាការ​បាន​ក្លាយ​ជា​ឧបករណ៍​បម្រើ​នយោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នកនយោបាយ​ប្រើប្រាស់​នៅ​ក្នុង​ការ​បំបិទ​នូវ​សំឡេង​អ្នក​ដែល​ហ៊ាន​រិះគន់ ឬ​អ្នកប្រឆាំង ដូច្នេះ​ខ្ញុំ​មើល​ថា វា​ហាក់​ដូចជា​ការ​ផ្តល់​នូវ​រង្វាន់​លើក​ទឹក​ចិត្ត​បន្ថែម​ដែរ»

ក្រៅពី​លោក សេង ស៊ីវុត្ថា នោះ ​មាន​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​មាន​អាយុ​ត្រូវ​ចូល​និវត្តន៍​ជាច្រើន​ទៀត ប៉ុន្តែ​នៅតែ​បន្តការងារ និង​ត្រូវ​បាន​ដំឡើង​ឋានៈ​ថែម​ទៀត។ ចៅក្រម និង​ព្រះរាជអាជ្ញា​ចាស់​ជរា​ទាំង​នោះ រួមមាន​ប្រធាន​តុលាការ​កំពូល លោក ឌិត មន្ទី អនុប្រធាន​តុលាការ​កំពូល​ពីរ​រូប​ លោក ឃឹម ប៉ុណ្ណ និង​លោក ជីវ កេង ព្រមទាំង​អគ្គ​ព្រះរាជ​អាជ្ញា​តុលាការ​កំពូល ​លោក ជុំ សំបាន សុទ្ធតែ​មាន​អាយុ ​ចន្លោះ​ពី​ជាង​៧០​ឆ្នាំ​ទៅ ជាង​៨០​ឆ្នាំ។ ក្រៅ​ពី​តុលាការ​កំពូល​នោះ​ នៅ​សាលា​ឧទ្ធរណ៍ និង​សាលា​ដំបូង​រាជធានី-ខេត្ត​នានា​ ក៏​ប្រមូល​ផ្តុំ​ដោយ​ចៅក្រម​និង​ព្រះរាជអាជ្ញា​វ័យ​ចំណាស់​ជាច្រើន​ដែរ។ ក្នុងចំណោមចៅក្រម និងព្រះរាជអាជ្ញាទាំងនេះ ​ក្រៅពី​មិន​ព្រម​ចូលនិវត្តន៍​តាម​ច្បាប់​កំណត់​ហើយ​ ពួកគេ​មួយ​ចំនួន ក៏​មាន​កេរ្តិ៍​ឈ្មោះ​អាស្រូវ​ពាក់ព័ន្ធ​អំពើ​ពុករលួយ បក្ខពួក​គ្រួសារ​និយម និង​កាត់ក្តី​លម្អៀង​ក្នុង​សំណុំ​រឿង​នយោបាយ​ជាដើម។ ម្យ៉ាង​វិញ​ទៀត អ្នកឃ្លាំមើល ​វាយ​តម្លៃ​ថា ការ​ដែល​ពួកគេ អាច​បន្ត​ការងារ និង​ទទួល​បាន​ឋានៈ​កាន់តែ​ខ្ពស់​នោះ ព្រោះ​ពួកគេ​សុទ្ធ​សឹង​តែ​​ជា​សមាជិក​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ស្នាដៃ​ជាច្រើន​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បន្ត​រក្សា​អំណាច ​តាមរយៈ​ការ​កម្ទេច​គណបក្ស និង​អ្នក​នយោបាយ​ប្រឆាំង​ និង​បំបិទ​សំឡេង​រិះគន់​ ដោយ​ប្រើ​ប្រាស់​ច្បាប់​ជា​ឧបករណ៍។ ជាក់ស្តែង លោក ឌិត មន្ទី លោក ឃឹម ប៉ុណ្ណ និងលោក ជីវ កេង ដែល​ជា​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គឺស្ថិតនៅក្នុងសមាសភាពចៅក្រម៩ រូប​ដែល ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បណ្តាល​ឲ្យ​សហគមន៍​ជាតិ​និង​អន្តរជាតិ ថ្កោលទោស ​និង​រិះគន់​ថា ជា​ការ​គាស់​រំលើង​ប្រជាធិបតេយ្យ និង​ជាន់​ឈ្លី​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា

កាលពី​ឆ្នាំ​២០២២​ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ចេញ​របាយការណ៍​មួយ​ស្ដីពី​សន្ទស្សន៍​នៃ​ការគោរព​នីតិរដ្ឋ ដោយ​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ នៅ​ជិត​បាត​តារាង​ គឺជាប់លេខ​១៣៩ ក្នុងចំណោម ១៤០​ប្រទេស​ដែល​មាន​កេរ្តិ៍ឈ្មោះ​អសោច​ខាង​ការ​មិន​គោរព និង​រំលោភ​ប្រព័ន្ធ​នីតិរដ្ឋរបាយ​ការណ៍​នេះ​បញ្ជាក់​ថា ចំណាត់​ថ្នាក់​អាក្រក់​នេះ​​ដោយ​សារ​តែ​មាន​ការ​ជ្រៀត​ជ្រែក​ពី​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។