មន្ត្រីសង្គមស៊ីវិល និងអ្នកសិក្សាផ្នែកច្បាប់ រិះគន់ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ លោក សេង ស៊ីវុត្ថា ដែលពន្យារពេលអាយុចូលនិវត្តន៍មួយឆ្នាំទៀត។ ពួកគាត់បារម្ភថា ការមិនព្រមចូលនិវត្តន៍តាមច្បាប់កំណត់នេះ អាចធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តច្បាប់ បាត់ឱកាសសម្រាប់អ្នកជំនាន់ក្រោយ និងមានទំនាស់ផលប្រយោជន៍ជាដើម។
ករណីចៅក្រម និងព្រះរាជអាជ្ញាដែលដល់អាយុចូលនិវត្តន៍ ប៉ុន្តែពន្យារពេលចូលនិវត្ត បានក្លាយជាវប្បធម៌មួយទៅហើយនៅក្នុងស្ថាប័នតុលាការកម្ពុជា បើទោះបីជាច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ចែងថា ចៅក្រម និងព្រះរាជអាជ្ញាទាំងពីរភេទ ត្រូវចូលនិវត្តន៍ពេលគ្រប់អាយុ៦០ឆ្នាំក្តី។ជាក់ស្តែងថ្មីៗនេះ ប្រធានតុលាការឧទ្ធរណ៍ភ្នំពេញ លោក សេង ស៊ីវុត្ថា អាយុ៦០ឆ្នាំ បានពន្យារពេលចូលនិវត្តន៍ដោយបន្តការងារដដែលរយៈពេលមួយឆ្នាំទៀត ចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា រដ្ឋាភិបាល អាចទួលថ្វាយព្រះមហាក្សត្រ ដើម្បីពន្យារពេលចូលនិវត្តន៍របស់មន្ត្រីរាជការ ដោយផ្អែកទៅលើសមត្ថភាពរបស់គាត់ ប៉ុន្តែលោកបារម្ភថា ករណីបែបនេះ នឹងក្លាយជាគំរូមិនល្អហើយ ហើយចេះបន្តកើតឡើងទៀត។ លោកយល់ថា ប្រធានតុលាការ ឬចៅក្រមដែលមានអាយុលើស ៦០ឆ្នាំ គួរតែដាក់ឲ្យចូលនិវត្តន៍តាមច្បាប់កំណត់ ដើម្បីទុកឱកាសឲ្យអ្នកជំនាន់ក្រោយដែលជាកម្លាំងថ្មី និងមានគំនិតថ្មីក្នុងការដឹកនាំបន្ត។
លោក ស៊ឹង សែនករុណា៖ «បញ្ហាទាំងអស់នេះ វាពាក់ព័ន្ធនឹងរឿងតួនាទី និងរឿងផលប្រយោជន៍ហ្នឹងហើយ ដែលអាចនឹងបន្តទៅបាន។ សម្រាប់យើង យើងអត់ចង់ ឃើញបែបហ្នឹង យើងចង់ឃើញអាចថា មន្ត្រីដែលត្រូវចូលនិវត្តន៍ទាំងឡាយដល់អាយុហើយ គួរតែពិនិត្យមើលលទ្ធភាពអ្នកបន្តវេនជំនាន់ៗក្រោយឲ្យគេបន្តកិច្ចការ ទៅហើយ ខ្ញុំជឿជាក់ថា អ្នកដែលមានសមត្ថភាពធ្វើកិច្ចការងារទៅបាន គឺមានច្រើន ហើយក៏អាចផ្តល់ឱកាសឲ្យអ្នកថ្មី កម្លាំងថ្មី គំនិតថ្មីអាចថាមានការឆ្នៃប្រឌិត ក្នុងការដឹកនាំនិងកសាង»។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១៧ មីនា បានសម្រេចពន្យារពេលឲ្យលោក សេង ស៊ីវុត្ថា បន្តតួនាទីជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ រយៈពេលមួយឆ្នាំទៀត តាមការទួលថ្វាយរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ។ លោក សេង ស៊ីវុត្ថា ត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ កាលពីឆ្នាំ២០២១ បន្ទាប់ពីលោកមានស្នាដៃកាន់សំណុំរឿងនយោបាយធំៗជាច្រើន ដូចជាសំណុំរឿងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី លោក ហុង សុខហួរ និងលោក អ៊ំ សំអាន ពាក់ព័ន្ធនឹងបញ្ហារិះគន់រឿងព្រំដែនកម្ពុជា-វៀតណាម និងសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ជាដើម។សំណុំរឿងនយោបាយទាំងនេះ លោក សេង ស៊ីវុត្ថា ដែលមានតួនាទីប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ តែងតែសម្រេចឲ្យថ្នាក់ដឹកបក្សប្រឆាំងជាប់ពន្ធនាគារ ដូចតុលាការជាន់ទាបដែលសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកថា ជាការកាត់ក្តីបែបនយោបាយសុទ្ធសាធ។ ម្យ៉ាងវិញទៀត ប្រធានសាលាឧទ្ធរណ៍ភ្នំពេញរូបនេះ ក៏ជាសមាជិកគណបក្សប្រជាជនកម្ពុជាផងដែរ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីលោក សេង ស៊ីវុត្ថា បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែងថា ការអនុញ្ញាតឲ្យចៅក្រម ដែលមានអាយុត្រូវចូលនិវត្តន៍ អាចបន្តការងារ ផ្ទុយពីច្បាប់កំណត់នោះ មិនគួរកើតមានទៀតនោះទេ ព្រោះគាត់មានវ័យចំណាស់ ដូច្នេះមានតែរបៀបធ្វើការងារដដែលៗ ហើយអាចគិតយឺតយ៉ាវ ឬមានស្មារតីភ្លេចភ្លាំងដែលប៉ះពាល់ដល់ការអនុវត្តន៍ច្បាប់។ទោះជាយ៉ាងណា លោក យល់ថា មូលហេតុដែលចៅក្រមចាស់ជរាមួយចំនួន អាចរក្សាតួនាទីរបស់ខ្លួន ទំនងជាពួកគាត់ទទួលបានរង្វាន់លើកទឹកចិត្តពិសេសដោយសារមានស្នាដៃកាត់ក្តីរឿងនយោបាយកន្លងមក។
លោក វ៉ន ចាន់ឡូត៖ «សម្រាប់បរិបទកម្ពុជាដែលយើងឃើញថា វាអាចជាប់ទាក់ទងនឹងកត្តានយោបាយមួយចំនួនដែរ ព្រោះយើងត្រូវដឹងថា តុលាការ នៅកម្ពុជា មានការរិះគន់ច្រើន ពីសំណាក់ជាតិ និងអន្តរជាតិ ជាពិសេសតួលេខនៅក្នុងប្រព័ន្ធយុត្តិធម៌សម្រាប់កម្ពុជា មិនមានភាពល្អប្រសើរទេ។ មតិមួយចំនួន លើកឡើងថា តុលាការបានក្លាយជាឧបករណ៍បម្រើនយោបាយមួយដ៏មានប្រសិទ្ធភាពសម្រាប់អ្នកនយោបាយប្រើប្រាស់នៅក្នុងការបំបិទនូវសំឡេងអ្នកដែលហ៊ានរិះគន់ ឬអ្នកប្រឆាំង ដូច្នេះខ្ញុំមើលថា វាហាក់ដូចជាការផ្តល់នូវរង្វាន់លើកទឹកចិត្តបន្ថែមដែរ»។
ក្រៅពីលោក សេង ស៊ីវុត្ថា នោះ មានចៅក្រម និងព្រះរាជអាជ្ញា ដែលមានអាយុត្រូវចូលនិវត្តន៍ជាច្រើនទៀត ប៉ុន្តែនៅតែបន្តការងារ និងត្រូវបានដំឡើងឋានៈថែមទៀត។ ចៅក្រម និងព្រះរាជអាជ្ញាចាស់ជរាទាំងនោះ រួមមានប្រធានតុលាការកំពូល លោក ឌិត មន្ទី អនុប្រធានតុលាការកំពូលពីររូប លោក ឃឹម ប៉ុណ្ណ និងលោក ជីវ កេង ព្រមទាំងអគ្គព្រះរាជអាជ្ញាតុលាការកំពូល លោក ជុំ សំបាន សុទ្ធតែមានអាយុ ចន្លោះពីជាង៧០ឆ្នាំទៅ ជាង៨០ឆ្នាំ។ ក្រៅពីតុលាការកំពូលនោះនៅសាលាឧទ្ធរណ៍និងសាលាដំបូងរាជធានី-ខេត្តនានា ក៏ប្រមូលផ្តុំដោយចៅក្រមនិងព្រះរាជអាជ្ញាវ័យចំណាស់ជាច្រើនដែរ។ ក្នុងចំណោមចៅក្រម និងព្រះរាជអាជ្ញាទាំងនេះ ក្រៅពីមិនព្រមចូលនិវត្តន៍តាមច្បាប់កំណត់ហើយ ពួកគេមួយចំនួន ក៏មានកេរ្តិ៍ឈ្មោះអាស្រូវពាក់ព័ន្ធអំពើពុករលួយ បក្ខពួកគ្រួសារនិយម និងកាត់ក្តីលម្អៀងក្នុងសំណុំរឿងនយោបាយជាដើម។ ម្យ៉ាងវិញទៀត អ្នកឃ្លាំមើល វាយតម្លៃថា ការដែលពួកគេ អាចបន្តការងារ និងទទួលបានឋានៈកាន់តែខ្ពស់នោះ ព្រោះពួកគេសុទ្ធសឹងតែជាសមាជិកកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា និងមានស្នាដៃជាច្រើនជួយគណបក្សប្រជាជនកម្ពុជា ឲ្យបន្តរក្សាអំណាច តាមរយៈការកម្ទេចគណបក្ស និងអ្នកនយោបាយប្រឆាំង និងបំបិទសំឡេងរិះគន់ ដោយប្រើប្រាស់ច្បាប់ជាឧបករណ៍។ ជាក់ស្តែង លោក ឌិត មន្ទី លោក ឃឹម ប៉ុណ្ណ និងលោក ជីវ កេង ដែលជាសមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានោះ គឺស្ថិតនៅក្នុងសមាសភាពចៅក្រម៩ រូបដែល សម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បណ្តាលឲ្យសហគមន៍ជាតិនិងអន្តរជាតិ ថ្កោលទោស និងរិះគន់ថា ជាការគាស់រំលើងប្រជាធិបតេយ្យ និងជាន់ឈ្លីប្រព័ន្ធយុត្តិធម៌កម្ពុជា។
កាលពីឆ្នាំ២០២២ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍មួយស្ដីពីសន្ទស្សន៍នៃការគោរពនីតិរដ្ឋ ដោយបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា នៅជិតបាតតារាង គឺជាប់លេខ១៣៩ ក្នុងចំណោម ១៤០ប្រទេសដែលមានកេរ្តិ៍ឈ្មោះអសោចខាងការមិនគោរព និងរំលោភប្រព័ន្ធនីតិរដ្ឋ។ របាយការណ៍នេះបញ្ជាក់ថា ចំណាត់ថ្នាក់អាក្រក់នេះដោយសារតែមានការជ្រៀតជ្រែកពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។