ក្រុមអង្គការ សង្គមស៊ីវិល និងតំណាងក្រសួងមហាផ្ទៃ បានជួបពិភាក្សាគ្នា ដើម្បីកែប្រែច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៤ វិច្ឆិកា។ ក្រុមអង្គការ សមាគមថា កិច្ចពិភាក្សានៅថ្ងៃនេះមិនទាន់ចប់ និងមិនទាន់ដល់ចំណុចចង់បាននៅឡើយទេ។
ក្រុមអង្គការ សមាគម ប្រាប់ថា ការពិភាក្សាគ្នា ពេញមួយព្រឹក នៅក្រសួងមហាផ្ទៃ ដើម្បីរៀបចំកែប្រែមាត្រាខ្លះ នៃច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានភាពល្អប្រសើរ និងបានបើកឱកាសឱ្យមានការពិភាក្សា និងបកស្រាយមាត្រាខ្លះនៃច្បាប់នេះ ពីខាងភាគីក្រុមសង្គមស៊ីវិល។ អ្នកសម្របសម្រួល និងអង្កេត នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ប្រាប់ថា ការពិភាក្សាគ្នានៅព្រឹកដំបូងនេះ បានចំនួន៤មាត្រា ហើយក្រសួងមហាផ្ទៃ នឹងកោះប្រជុំបន្តទៀត នៅក្រោយពិធីបុណ្យអុំទូក ដោយមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ៖ « សម្រាប់រយៈពេល១ព្រឹកនេះ យើងឃើញថា អត់បានទៅដល់ចំណុចសំខាន់ ដែលយើងត្រូវចង់បាននៅឡើយទេ។ មួយព្រឹកនេះ យើងបានត្រឹមមាត្រាទី៧ទេ។ នៅក្នុងចំណោមខាងសង្គមស៊ីវិល ដែលពួកខ្ញុំលើកទាំង៩មាត្រាហ្នឹង គឺថា យើងឃើញថា មានចូលតែមួយមាត្រាទេ ហើយមួយមាត្រានេះ គឺយើងចូលបានតែមួយហ្នឹងទេ។ អ៊ីចឹង ចំណុចនេះ គឺថា មិនទាន់ដល់ចំណុចខ្លឹមសារ សំខាន់ដែលយើងចង់កែប្រែនៅឡើយទេ»។
ក្រុមសមាគម និងអង្គការក្រៅរដ្ឋាភិបាលយល់ថា មានមាត្រាចំនួន៩ ដែលប៉ះពាល់ ដល់ការធ្វើសកម្មភាពដោយឯករាជ្យរបស់អង្គការ សមាគម ហើយដែលក្រុមសង្គមស៊ីវិលស្នើសុំឲ្យរដ្ឋាភិបាលកែប្រែ។ មាត្រាទាំងនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌបង្កើតអង្គការ សមាគម ដំណើរការ និងការប្រព្រឹត្តិទៅរបស់អង្គការ សមាគម ព្រមទាំងពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយក្រសួងមហាផ្ទៃ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកសម្របសម្រួលកិច្ចប្រជុំកែប្រែច្បាប់នេះ គឺលោក ប៊ុន ហុន បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំថា ក្រសួងមហាផ្ទៃ ចង់ឲ្យតំណាងអង្គការ សមាគមទាំងអស់ លើកយកអំណះអំណាងផ្សេងៗ ដែលពួកគាត់ ចង់ឲ្យធ្វើវិសោធនកម្មច្បាប់នេះ ហើយនិងត្រូវកែប្រែយ៉ាងដូចម្ដេច។ លោកថា ក្រុមអង្គការ សង្គមស៊ីវិល នៅមិនទាន់ច្បាស់ខ្លឹមសារ ដែលចង់កែប្រែនោះនៅឡើយទេ។ ទោះជាយ៉ាងណា លោកថា រដ្ឋាភិបាល ស្វាគមន៍ ចំពោះការស្នើសុំរបស់អង្គការ សមាគម ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃទាក់ទងនឹងការកែប្រែច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
លោក កន សាវាង្ស អះអាងថា ក្រុមអង្គការចំនួន១៩ មានជំហរច្បាស់លាស់ ដោយទាមទារឲ្យរដ្ឋាភិបាលកែប្រែមាត្រាចំនួន៩នៃច្បាប់នេះ។ ក្រៅពី មាត្រាទាំង៩ នេះ លោកថា សម្ព័ន្ធអង្គការសង្គមស៊ីវិលផ្សេង ជាអ្នកលើកឡើង។
ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខា ដាក់ឱ្យប្រើ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ បន្ទាប់សមាជិកសភាគណបក្សប្រជាជនកម្ពុជាបានអនុម័តច្បាប់នេះ ដោយគ្មានការចូលរួមពីគណបក្សប្រឆាំង។ ច្បាប់នេះ មាន ៩ជំពូក និង ៣៩មាត្រា និងធ្វើឡើងដំណាលគ្នាជាមួយច្បាប់ស្ដីពីសហជីព ក្រោយពេល លោក ហ៊ុន សែន ខឹងសម្បារ និងចោទថា ក្រុមអង្គការ និងសហជីព ឯករាជ្យខ្លះ មានចេតនាជួយគាំទ្រគណបក្សប្រឆាំង ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលក្រោយការបោះឆ្នោតឆ្នាំ២០១៣។
ក្រុមអង្គការ សង្គមស៊ីវិលជាតិ និងអន្តរជាតិបានអះអាងថា ច្បាប់នេះមានចរិតគាបសង្កត់លំហសេរីភាពរបស់សង្គមស៊ីវិល។ ក្រុមសង្គមស៊ីវិលបញ្ជាក់ទៀតថា ច្បាប់នេះ បានរំលោភលើមាត្រាជាច្រើន នៃរដ្ឋធម្មនុញ្ញ ហើយច្បាប់នេះ បានបើកដៃឲ្យរដ្ឋាភិបាលប្រើអំណាចដោយបំពាន ដើម្បីគំរាមកំហែង និងដាក់ទណ្ឌកម្មអ្នកធ្វើការ ដើម្បីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំពិភាក្សាកែប្រែច្បាប់អង្គការសមាគមនេះ ធ្វើឡើងក្រោយពេលមានការរិះគន់ និងការទាមទារឲ្យមានការកែប្រែ ពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
លោក កន សាវាង្ស សង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងយល់ព្រមធ្វើវិសោធនកម្ម តាមសំណើរបស់សង្គមស៊ីវិល ដើម្បីឲ្យច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ មានភាពប្រសើរ មិនដាក់បន្ទុក និងបង្កើតភាពជាដៃគូនឹងគ្នារវាងរដ្ឋាភិបាល និងសង្គមស៊ីវិល។ លោកបន្ថែមថា ក្រសួងមហាផ្ទៃ គួរតែពិភាក្សាត្រឹមអង្គការណា ដែលបានដាក់ការវិភាគ និងស្នើសុំធ្វើវិសោធនកម្មច្បាប់ជាមុនសិន ហើយរៀបចំសិក្ខាសាលាបង្ហាញដល់ដៃគូផ្សេងទៀត ដែលមិនបានដាក់ការវិភាគ ដើម្បីឱ្យដំណើរការពិភាក្សាគ្នានេះ ប្រព្រឹត្តទៅដោយរលូន។ ក្រៅពីនេះ លោកស្នើសុំក្រសួងមហាផ្ទៃ ត្រូវកំណត់ឱ្យជាក់លាក់ពីរយៈពេល នៃដំណើរការធ្វើវិសោធនកម្មច្បាប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។