អ្នកច្បាប់ថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ បង្ហាញពីអសមត្ថភាព
2023.11.26
អ្នកច្បាប់យល់ថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ គឺបង្ហាញពីអសមត្ថភាពរបស់រដ្ឋាភិបាលអាណត្តិទី ៧ ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ ការលើកឡើងនេះ ស្របពេលលោក ហ៊ុន ម៉ាណែត បានតែងតាំងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងមន្ត្រី ១៦ រូបទៀត ជាអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
អ្នកសិក្សាផ្នែកច្បាប់ លើកឡើងថា ការតែងតាំងសមាសភាពអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន១៧ រូបថ្មីៗនេះ ដើម្បីគេចពីការរិះគន់ និងបង្ហាញពីបរាជ័យរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ការលើកឡើងរបស់អ្នកច្បាប់នេះ ស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៤ វិច្ឆិកា បានតែងតាំង សមាសភាពអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ១៧ រូប ដើម្បីបំពេញបន្ថែមនូវយន្តការដែលមានស្រាប់។
ក្នុងចំណោម ១៧ រូបនោះ មានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ជាប្រធាន និងលោក ហួត ហាក់ លោក ប៊ុន ហុន ជាអនុប្រធាន ខណៈលោក ជិន ម៉ាលីន ជាអនុប្រធានប្រចាំការ ហើយចំនួន ១៤ រូបទៀតជាសមាជិក។
តែយ៉ាងណា អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ វិច្ឆិកា ថា ទោះបីជាមានការតែងតាំងសមាសភាពសម្រាប់ដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការក៏ដោយ ប៉ុន្តែលោកមើលឃើញថា ប្រជាពលរដ្ឋ រងគ្រោះ នៅតែពិបាកទទួលបានយុត្តិធម៌ដដែល ដោយសារតែ មន្ត្រីដោះស្រាយ វិវាទនេះ ជាអ្នកដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅកម្ពុជា។
លោកយល់ថា ការតែងតាំងសមាសភាពទាំង ១៧ រូប ដែលសុទ្ធតែជាមនុស្ស របស់គណបក្សកាន់អំណាចនេះ ក៏ជាការបង្ហាញពីឥទ្ធិពល របស់រដ្ឋាភិបាល ទៅលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លោក វ៉ន ចាន់ឡូត៖ «ការដាក់ចេញយន្តការនេះ ដូចខ្ញុំបានបញ្ជាក់ពីដំបូងអ៊ីចឹង គឺជាការគេចចេញមួយពីការរិះគន់ ហើយក៏បានបង្ហាញពីអសមត្ថភាពរបស់រដ្ឋាភិបាលអាណត្តិទី៧នេះ នៅក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យក្លាយទៅជាប្រព័ន្ធមួយ ដែលជាអ្នកនូវយុត្តិធម៌សម្រាប់ ប្រជាពលរដ្ឋកម្ពុជាហ្នឹងផងដែរ»។
អ្នកសិក្សាផ្នែកច្បាប់រូបនេះថា ការអនុវត្តលើយន្តការដោះស្រាយក្រៅប្រព័ន្ធ តុលាការមានប្រសិទ្ធភាព និងធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តបាន លុះត្រាតែ រដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ និងត្រូវធានាថា អាជ្ញាធរដោះស្រាយវិវាទនេះ មិនស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយ ហើយចៅក្រម និងព្រះរាជអាជ្ញា ព្រមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ត្រូវមានជំហរឯករាជ្យផងដែរ។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី២៥ វិច្ឆិកា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
តែលោក ហ៊ុន ម៉ាណែត លើកឡើងកាលពីចុងខែតុលា ឆ្នាំ២០២៣ ថា ការបង្កើត យន្តការថ្មីនេះ ដើម្បីដោះស្រាយ និងពង្រឹងប្រព័ន្ធយុត្តិធម៌ ដែលលោក ចាត់ទុកថា គោលដៅអាទិភាពដ៏សំខាន់ សម្រាប់រដ្ឋាភិបាល អាណត្តិទី៧ ក្នុងការកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួលដោះស្រាយបញ្ចប់វិវាទរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមាន ប្រសិទ្ធភាព បាន លុះត្រាតែអាជ្ញាធរជាតិដោះស្រាយវិវាទនេះ បង្ហាញស្នាដៃ របស់ខ្លួនក្នុងការដោះស្រាយ ដើម្បីឱ្យភាគីទាំងសងខាងឬ ប្រជាពលរដ្ឋជឿទុកចិត្ត។
លោក អំ សំអាត៖ «ប្រសិទ្ធភាព ឬមិនប្រសិទ្ធភាពអាស្រ័យទៅលើការបញ្ចេញស្នាដៃ ឬក៏ប្រសិទ្ធភាពនៅក្នុងការដោះស្រាយ ទៅលើបញ្ហាទាំងអស់ហ្នឹង ។ យើងជា អង្គការសង្គមស៊ីវិល យើងក៏បន្តតាមដាន មើលបន្តទៅទៀតថា តើគណៈកម្មការហ្នឹង អាចដោះស្រាយអាចនឹងមានប្រសិទ្ធភាព និងធ្វើឱ្យប្រជាពលរដ្ឋ ហើយភាគីពាក់ព័ន្ធមានទំនុកចិត្តដែរឬទេ»។
អង្គការគម្រោងយុត្តិធម៌ពិភពកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានចំណាត់ ថ្នាក់ការគោរពនីតិរដ្ឋរបស់កម្ពុជាអន់ជាងគេនៅលើពិភពលោក ដោយស្ថិតនៅ លំដាប់លេខ១៤១ក្នុងចំណោម១៤២ប្រទេសនៅលើពិភពលោក។
ចំណាត់ថ្នាក់នេះ អង្គការគម្រោងយុត្តិធម៌ពិភព វាយតម្លៃផ្អែកទៅលើកម្រិតនៃអំណាចរដ្ឋ អំពើពុករលួយ សិទ្ធិមនុស្ស ការអនុវត្តច្បាប់ប្រព័ន្ធតុលាការ សណ្ដាប់ធ្នាប់និងសន្តិសុខ និងការបើកលំហរបស់រដ្ឋាភិបាលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។