ភរិយា​​លោក នី ចរិយា បួងសួង​អោយ​មាន​យុត្តិធម៌​សម្រាប់​ស្វាមី

ដោយ​ សុ ជីវី
2016-09-30
Share
នី ចរិយា ២០១៦ ៨៥៥ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា (ស្ដាំ) ត្រូវ​បាន​ប៉ូលិស​បញ្ជូន​ទៅ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Yang Chandara
RFA/Yang Chandara

រដូវ​ភ្ជុំ​បិណ្ឌ​ចូល​មក​ដល់​ជា​ពេល​វេលា​សប្បាយ​រីករាយ​សម្រាប់​ក្រុម​គ្រួសារ​ខ្មែរ​ទូទៅ​ត្បិត​បាន​ជួបជុំ​គ្រួសារ ប៉ុន្តែ​ពេល​វេលា​នេះ​នៅ​តែ​ជា​ទុក្ខសោក​សម្រាប់​ក្រុម​គ្រួសារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែល​កំពុង​ជាប់ឃុំ។

អគ្គលេខាធិការ គ.ជ.ប លោក នី ចរិយា ជា​អ្នក​ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​មុន​គេ​ក្នុង​ចំណោម​អ្នក​ទាំង ៥ ដែល​ត្រូវ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពេល​ដំណាល​គ្នា​កាល​ពី​ពេល​កន្លង​ទៅ។ ក្រុម​គ្រួសារ​របស់​លោក នី ចរិយា ទន្ទឹង​យុត្តិធម៌​សម្រាប់​រូបលោក បន្ទាប់​ពី​ការ​កាត់ទោស​ដែល​ត្រូវ​ហៅ​ថា ជា​អំពើ​អយុត្តិធម៌។

គ្រួសារ​របស់​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ពុំ​មាន​ក្ដី​ប្រាថ្នា​អ្វី​ក្រៅ​តែ​ពី​បន់ស្រន់​សូម​អោយ​មាន​យុត្តិធម៌​សម្រាប់​រូប​លោក។

ភរិយា​លោក នី ចរិយា គឺ​លោកស្រី យ៉ែម ចន្ថា ដែល​ម្ដាយ​របស់​កូន​ប្រុស​ស្រី​ចំនួន ៣​នាក់ ក្នុង​បន្ទុក​រៀបរាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា ជា​រៀងរាល់​ឆ្នាំ​គ្រួសារ​លោកស្រី​តែង​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត​ខាង​ប្ដី ប៉ុន្តែ​រដូវ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ពុំ​មាន​ឱកាស​ដូច​ឆ្នាំ​មុនៗ​ឡើយ៖ «ពេល​ភ្ជុំ​ធំ​បង​អត់​ទៅ​ណា​ទេ តែ​បង​មាន​ទៅ​វត្ត​ក្បែរៗ​នេះ ហើយ​នឹង​ទៅ​មើល​ម៉ែ​ក្មេក​បង​គាត់​ងើប​អត់​រួច។ ប៉ង​ធ្វើ​យ៉ាង​ម៉េច​អោយ​តែ​ប្ដី​បង​បាន​សេរីភាព​មក​វិញ រួច​ផុត​ទុក្ខទោស ឈប់​អោយ​គេ​ឃុំ​គាត់។ បាន​គាត់​មាន​សេរីភាព​មក​វិញ​បង​អរ​គ្មាន​អ្វី​ប្រៀប​បាន​ទេ ព្រោះ​គ្រួសារ​ត្រូវ​ការ​ជួប​ជុំ​គ្នា​មិន​មែន​រស់​នៅ​បែក​គ្នា។ បើ​ព្រាត់​ស្លាប់​ហ្នឹង​យើង​អាច​ទទួល​យក​បាន​ តែ​បើ​គាត់​នៅ​រស់​គាត់​អត់​មាន​ធ្វើ​អី​ខុស​ផង គួរ​អោយ​គាត់​មក​ជុំ​គ្រួសារ​វិញ​មក»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ឃី ឆៃ បាន​សម្រេច​ផ្ដន្ទាទោស​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប និង​ជា​អតីត​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ឱ្យ​ជាប់​ពន្ធនាគារ ៦​ខែ និង​ពិន័យ​ជា​ប្រាក់ ៦​លាន​រៀល។

លោក នី ចរិយា ត្រូវ​ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ព្រម​ទាំង​ដាក់​សម្ពាធ​ទៅ​លើ​តុលាការ​ដោយ​ព្រះរាជ​អាជ្ញា​រង លោក សុខ កែវបណ្ឌិត និង​ចៅក្រម​ជំនុំជម្រះ​នៃ​សំណុំ​រឿង​ក្តី​របស់​តុលាការ​ខេត្ត​សៀមរាប ម្នាក់​ទៀត លោក គី រិទ្ធី។

ទំនាស់​រវាង​លោក នី ចរិយា ដែល​កាល​ណោះ​នៅ​ជា​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​ សិទ្ធិមនុស្ស​អាដហុក ជាមួយ​នឹង​ព្រះរាជអាជ្ញា​រង សុខ កែវបណ្ឌិត និង​ចៅក្រម​ជំនុំជម្រះ​របស់​តុលាការ​ខេត្ត​សៀមរាប លោក គី រិទ្ធី បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៥។

ភរិយា​លោក នី ចរិយា លោកស្រី យ៉ែម ចន្ថា ពេល​​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦។
ភរិយា​លោក នី ចរិយា លោកស្រី យ៉ែម ចន្ថា ពេល​​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA/Phann Yasy

កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៥ លោក នី ចរិយា បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ឯ​ទីស្នាក់ការ​ក្នុង​ខេត្ត​សៀមរាប ដោយ​ទាមទារ​ឱ្យ​តុលាការ​ខេត្ត​នេះ​ដោះលែង​អ្នកភូមិ​ជប់​រំដេង ២​នាក់ ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ​សហគមន៍​តាខ្មៅ​អភិវឌ្ឍន៍​កសិកម្ម និង​ឧស្សាហកម្ម ដែល​មិន​ទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

ទាក់ទិន​នឹង​ការ​កាត់ក្ដី​ដាក់​ទោស​រូប​លោក​អោយ​ជាប់​ពន្ធនាគារ​នេះ លោក នី ចរិយា ដែល​ដៃ​ជាប់​ខ្នោះ​ផង បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុន​ពេល​រូប​លោក​ត្រូវ​នាំ​ទៅ​មន្ទីរ​ឃុំឃាំង​ថា ប្រទេស​មួយ​ដែល​ហ៊ុមព័ទ្ធ​ដោយ​រឿង​អយុត្តិធម៌ ជាពិសេស​តុលាការ​មិន​អាច​ផ្ដល់​ភាព​ត្រឹមត្រូវ​បាន​ទៅ​ហើយ ការ​ទទួល​បាន​យុត្តិធម៌​កើត​ចេញ​ពី​ការ​ជំនុំ​ជម្រះ​នេះ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ។

លោក​បន្ត​ថា៖ «គេ​យក​មក​សាក្សី ៣​នាក់ មក​និយាយ​អ្នក​ដែល​មាន​បញ្ហា​ដី​ធ្លី​ហ្នឹង​អោយ​មក​និយាយ ហើយ​និង​ខ្សែ​អាត់​សំឡេង​ចាក់​អត់​មាន​ឮ​សូរ​សំឡេង​គាត់​និយាយ​មួល​បង្កាច់​អី​គេ​ហ្នឹង​ផង។ ក៏​ប៉ុន្តែ​ក៏​គេ​នៅ​កាត់​អោយ​ប្ដី​ខ្ញុំ​ជាប់ ៦​ខែ​ដែរ ហើយ​ដី​ប្រជាពលរដ្ឋ​ដែល​គេ​រក​រឿង​កាល​ហ្នឹង​ដែល​ខំ​ប្រឹង​តស៊ូ​ជួយ​ប្រជាពលរដ្ឋ​គាត់​បាន​មក​វិញ​ទាំង​អស់​ដី​របស់​ពលរដ្ឋ​ជាង ៣០​គ្រួសារ​ហ្នឹង ហើយ​អ្នក​ដែល​ជាប់​គុក​ត្រូវ​គេ​ចាប់​ខុស​ច្បាប់ ខុស​នីតិវិធី​អី​ហ្នឹង ដែល​ប្ដី​ខ្ញុំ​តស៊ូ​ជួយ​​​​​ក៏​បាន​រួច​មក​វិញ។ ទោះ​បី​គាត់​ខំប្រឹង​អំណះអំណាង​យ៉ាង​ណា​ក៏​ខ្ញុំ​មើល​ទៅ​ដូច​គេ​អត់​ចាប់​អារម្មណ៍​​ គេ​ដឹង​តែ​ថា ធ្វើ​ម៉េច​កាត់​អោយ​ជាប់»

ភរិយា​របស់​លោក នី ចរិយា បាន​រៀបរាប់​ទាំង​អស់​សង្ឃឹម​ថា ជា​រឿង​ដែល​មិន​គួរ​អោយ​ជឿ​សោះ​ថា សវនាការ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា នោះ អាច​ដាក់​ទោស​ប្ដី​លោកស្រី។ លោកស្រី​ថា បើ​ទោះ​ជា​អ្នកស្រី​មិន​ចេះ​ដឹង​ផ្លូវ​ច្បាប់​ក៏​អាច​មើល​ឃើញ​ថា ការ​កាត់​ក្ដី​នេះ​ពុំ​មាន​សំអាង​រឹង​មាំ​ឡើយ៖ «បញ្ហា​ទី​២ ដោយសារ​តែ​លោក​គឺ​ជា​អគ្គលេខាធិការ​រង គ.ជ.ប អ៊ីចឹង​យើង​ឃើញ​ថា មិន​មែន​តែ​ករណី​ហ្នឹង​តែមួយ​ទេ។ សូម្បី​តែ​រឿង​ពាក់​ព័ន្ធ​ចោទ​ប្រកាន់​ដោយ ACU ពាក់ព័ន្ធ​ទៅ​ដល់​ស្រ្តី​ឈ្មោះ ខុម ចាន់តារាទី​ ហៅ​ស្រី​មុំ ហ្នឹង​ក៏​វា​អាច​ចេញ​មក​ពី​រឿង​នយោបាយ​បាន​ន័យ​ថា គាត់​សកម្ម​ក្នុង​ការ​កែទម្រង់​មួយ​ដែរ​នៅ គ.ជ.ប»

មិន​ខុស​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​សុក្រ ទី​២៣ ខែ​កញ្ញា នាយក​ផ្នែក​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ហៅ​កាត់​ថា ហ្វីដ (FIDH) អ្នកស្រី អែនឌ្រា ជីអូហ្គែតា (Andrea Giorgetta) មាន​ប្រសាសន៍​ថា សវនាការ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា បង្ហាញ​ថា តុលាការ​កម្ពុជា ប្រកាន់​យក​បទដ្ឋាន​ឡប់ឡែ​មួយ ដើម្បី​កាត់​ទោស​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស។ អ្នកស្រី​ថា ចរិត​របស់​ចៅក្រម​ជម្រះ​នៅ​ក្នុង​សវនាការ និង​ការ​មិន​រវីរវល់​លើ​ភស្តុតាង​ដោះ​បន្ទុក​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ចៅក្រម​បាន​សន្មត​ថា លោក នី ចរិយា មាន​ទោស​តាំង​ពី​មិន​ទាន់​ជម្រះ​ក្ដី។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ដាក់​ទោស​លោក នី ចរិយា គឺ​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​គំរាម​កំហែង​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត៖ «អ៊ីចឹង​នេះ​គឺ​ជា​សម្ពាធ​មួយ​ទេ​សម្រាប់​លោក (នី ចរិយា)។ បើ​សិន​ជា​គ្មាន​ការ​ចរចា​ផ្នែក​នយោបាយ​អោយ​ស្ថានភាព​នយោបាយ​បាន​ធូរ​ស្រាល​ទេ បើ​ទោះ​ជា​គាត់​ប្ដឹង​ឧទ្ធរណ៍ ឬ​កំពូល​ក៏​ខ្ញុំ​ពុំ​មាន​សង្ឃឹម»

លោក នី ចរិយា ត្រូវ​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១៦ នៅ​ក្រោយ​មាន​បណ្ដឹង​ទៅ​តុលាការ​ចោទ​ប្រកាន់​រូប​លោក និង​មន្ត្រី​សមាគម​អាដហុក ៤​នាក់​ទៀត ពី​ការ​សូកប៉ាន់​សាក្សី​ពាក់ព័ន្ធ​នឹង​រឿង​អា​ស្រូវ​ស្នេហា​រវាង​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​នាង ខុម ចាន់តារាទី។ លោក​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ភ្នំពេញ ហៅ​កាត់​ថា ប៉េស៊ី (PJ) ចាប់​តាំង​ពី​ពេល​លោក​ត្រូវ​ឃាត់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ។ ក្នុង​សំណុំ​រឿង​នេះ តុលាការ​នៅ​មិន​ទាន់​ដំណើរ​ការ​កាត់​សេចក្ដី​ដល់​អង្គ​សេចក្ដី​នៅ​ឡើយ។

ចំពោះ​លោក អំ សំអាត នៅ​តែ​មើល​ឃើញ​ថា ករណី​របស់​លោក នី ចរិយា អាច​មាន​យុត្តិធម៌​ល្គឹក​ណា​មាន​ការ​ចរចា​ត្រូវរ៉ូវ​គ្នា​ផ្នែក​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង៖ «វា​ជា​រឿង​មួយ​ល្អ​ដែល​អោយ​មាន​ធនធាន​មនុស្ស​បន្ថែម​នៅ​ក្នុង​ គ.ជ.ប ដើម្បី​ជួយ​ធ្វើ​ការ​កែ​ទម្រង់​ពី ព្រោះ​ការ​បោះ​ឆ្នោត​កៀក​មក​ដល់​ហើយ»

លោក អំ សំអាត បន្ត​ថា តួនាទី​របស់​លោក នី ចរិយា នៅ គ.ជ.ប មាន​សារសំខាន់​ដែល​ចាំបាច់​លោក​ត្រូវ​ត្រឡប់​ទៅ​បំពេញ​តួនាទី​របស់​លោក​វិញ៖ «ធ្វើ​ការ​តាំង​ពី​ណា​ពី​ណី​មក​គាត់​ជា​អ្នក​ចេះ​ច្បាប់​ គាត់​អ្នក​សិទ្ធិ​មនុស្ស គាត់​ធ្វើ​ការ​ជួយ​តែ​ជន​ក្រីក្រ ហើយ​គាត់​មាន​ទៅ​ទារ​អំណាច ​ទារ​បុណ្យ​ទារ​សក្ដិ​អី គាត់​ចូល​មក​ធ្វើ​ការ​ខាង​វិស័យ​មនុស្ស​ធម៌​ហ្នឹង​តែម្ដង ​ហើយ​ទៅ​ចោទ​គាត់​អ៊ីចឹង។ គាត់​ធ្វើ​ដើម្បី​អ្នក​ដែល​ទន់​ខ្សោយ​​ផ្នែក​ផ្លូវ​ច្បាប់​ទាំង​គ្រប់សព្វ ហើយ​ជួយ​បាន​ប៉ុណ្ណឹង​ហើយ​នៅ​ធ្វើ​បាប​គាត់​អ៊ីចឹង​ទៀត។ ខ្ញុំ​មើល​ទៅ​សម្រាប់​គ្រួសារ​ខ្ញុំ​វា​អយុត្តិធម៌»

លោក នី ចរិយា បាន​ជាប់​ជា​អគ្គលេខាធិការ​រង គ.ជ.ប ដែល​ទទួល​ភារកិច្ច​ផ្នែក​សវនកម្ម​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦។

មិន​ខុស​គ្នា​ដែរ​ចំពោះ​ភរិយា​លោក នី ចរិយា លោកស្រី យ៉ែម ចន្ថា ក៏​រំពឹង​ថា នឹង​បាន​ជួប​ជុំ​គ្រួសារ​ឡើង​វិញ ត្បិត​ប្ដី​របស់​លោកស្រី​បាន​ធ្វើ​តែ​អំពើ​ល្អ​ជួយ​ដល់​អ្នក​រងគ្រោះ មិន​ចង់​បាន​មុខ​មាត់​បុណ្យ​សក្ដិ ឬ​គុណ​ស្រ័យ​អ្វី​ឡើយ។ លោក​ស្រី​បន្ត​ថា ប្ដី​របស់​លោកស្រី​បាន​ប្រឹងប្រែង​បំពេញ​ការងារ​នៅ គ.ជ.ប ដោយ​សង្ឃឹម​ថា ស្ថាប័ន​នោះ​មាន​ឯករាជ្យ​ពិត​ប្រាកដ៖ «ចូល​ទៅ​ធ្វើ​ទៅ​ធ្វើការ​នៅ​អាដហុក ការងារ​មួយ​ហ្នឹង​គាត់​គ្មាន​ចង់​ទៅ​ណា​ទៅ​ណី​ទេ។ ក៏​ប៉ុន្តែ​គាត់​ឃើញ គ.ជ.ប ហ្នឹង​គេ​ឯករាជ្យ​​​​​ហ្នឹង​ហើយ​បាន​គាត់​ចូល។ កាល​មុន​អី​មិន​ទាន់​ប្រកាស​ថា ឯករាជ្យ​ទើប​តែ​អាណត្តិ​ហ្នឹង​គេ​ថា​ឯករាជ្យ​គាត់​ក៏​ដាក់​ពាក្យ​ចូល​ទៅ»

ករណី​នេះ​ដែរ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ប្រតិកម្ម​ចំពោះ​ការ​សម្រេច​ផ្ដន្ទាទោស​លើ​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប ដោយ​ចោទ​ថា តុលាការ​ពុំ​បាន​បង្ហាញ​​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ការ​ចោទ​ប្រកាន់​លោក នី ចរិយា នោះ​ឡើយ។ បញ្ហា​នេះ អង្គការ​សហប្រជាជាតិ​យល់​ថា ជា​និន្នាការ​មួយ​គួរ​ឲ្យ​បារម្ភ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ច្បាប់​ប្រឆាំង​សំឡេង​ឯករាជ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល