ទស្សនៈ​គណបក្ស​នយោបាយ​ ជុំវិញ​ខួប ២៧ឆ្នាំ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ

0:00 / 0:00

គណបក្ស​​កាន់​អំណាច អបអរ​សាទរ​ខួប ២៧ឆ្នាំ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋ​ធម្មនុញ្ញ ២៤ កញ្ញា ឆ្នាំ១៩៩៣ ដោយ​អះអាង​ថា រដ្ឋ​ធម្មនុញ្ញ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។ ប៉ុន្តែ​គណបក្ស​ប្រឆាំង និង​គណបក្ស​ខ្លះ​ទៀត​ យល់​ថា​ រដ្ឋាភិបាល​មិន​ទាន់​បាន​អនុវត្ត​រដ្ឋធម្មនុញ្ញ​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ ដែល​បណ្ដាល​ឲ្យ​កម្ពុជា មិន​អាច​មាន​សន្តិភាព​ពេញ​លេញ​នៅ​ឡើយ។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋ​មន្ត្រី​លោក ហ៊ុន សែន ​ប្រើ​ពាក្យ​អរគុណ​សន្តិភាព ក្នុង​សំណេរ​ខ្លី ដើម្បី​យក​​មក​អបអរ​សាទរ​ខួប​ទី ២៧ឆ្នាំ នៃ​ការ​ប្រកាស​ដាក់​ឲ្យ​ប្រើ​រដ្ឋ​ធម្មនុញ្ញ​នេះ។ លោក​ ហ៊ុន សែន សរសេរ​នៅ​លើ​ហ្វេសប៊ុក (facebook) ក្នុង​ន័យ​ថា ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​ បាន​នាំ​កម្ពុជា​វិល​មក​កាន់​របប​រាជា​​និយម «ព្រះ​រាជាណាចក្រ​កម្ពុជា» សារ​ជាថ្មី ក្រោយ​ពេល​បញ្ចប់​សង្គ្រាម​ និង​មាន​ការ​បោះ​ឆ្នោត​​លើក​ទី១ កាល​ឆ្នាំ១៩៩៣។

ចំណែក​ឯ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ យល់​​ថា ការ​រំឭក​ខួប​ នៃ​ការ​ប្រកាស​​​ប្រើ​រដ្ឋ​ធម្មនុញ្ញ​ ​គឺ​ជា​ការ​រំឭក​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ស្ដីពី​កម្ពុជា​ (២៣ តុលា ១៩៩១)។ លោក កឹម សុខា សរសេរ​លើ​ហ្វេសប៊ុក​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ទី២ បាន​កើត​ចេញ​ពី​ស្មារតី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ដែល​ភាគី​នយោបាយ​ខ្មែរ​​ស្រុះស្រួល​គ្នា តាក់តែង​រៀប​ចំ​នៅ​ ឆ្នាំ១៩៩៣ ដោយ​យោង​តាម​ស្មារតី​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ​ និង​ឯកភាព​ជាតិ។

លោក​ថា ស្មារតី​នេះ មាន​សារសំខាន់​ និង​មាន​ផល​ប្រយោជន៍​ខ្លាំង​ណាស់​ សម្រាប់​ធានា​ការពារ​ ឯករាជ្យ​ បូរណភាព​ទឹកដី​ អធិបតេយ្យ​កម្ពុជា​​ និង​ការពារ​នូវ​សិទ្ធិ​សេរីភាព​របស់​​ពលរដ្ឋ ជា​ពិសេស គឺ​ការ​អនុវត្តន៍​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​ធានា​ស្ដារ​ កសាង​ និង​អភិវឌ្ឍន៍​​កម្ពុជា​ឡើងវិញ ដើម្បី​បន្ត​ទទួល​ជំនួយ​ និង​កិច្ច​សហប្រតិបត្តិការ​ ពី​សហគមន៍​អន្តរជាតិ​ដល់​ពេល​បច្ចុប្បន្ន​នេះ។

ប៉ុន្តែ ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ សម្ដែង​ការ​សោកស្ដាយ​ ចំពោះ​ការ​​​រំលោភ​​រដ្ឋ​ធម្មនុញ្ញ​ ពី​របប​ក្រុង​ភ្នំពេញ។ សេចក្ដី​ថ្លែងការណ៍​ ចេញ​ផ្សាយ​ថ្ងៃ​ទី២៤ កញ្ញា បាន​ចោទ​ថា របប​ក្រុង​ភ្នំពេញ និង​គណបក្ស​កាន់​អំណាច ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ជាន់​ឈ្លី រដ្ឋធម្មនុញ្ញ ដោយ​​បំផ្លាញ​ចោល​គោលការណ៍​នីតិរដ្ឋ​ និង​របប​​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ហើយ​បណ្ដាល​ឲ្យ​សង្គម​កម្ពុជា​ កើត​ភាព​អយុត្តិធម៌​គ្រប់​កន្លែង និង​ធ្វើ​ឲ្យ​កម្ពុជា​អាប់ឱន​កិត្តិយស និង​បាត់បង់​កិត្យានុភាព​លើ​ឆាក​អន្តរជាតិ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​​ជា​ម្ចាស់​ប្រទេស ម្ចាស់​ឆ្នោត និង​ជា​ម្ចាស់​អំណាច ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស រួប​រួម​គ្នា ក្រោយ​ឈរ​តវ៉ា ដោយ​សន្តិវិធី​ ដើម្បី​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ បញ្ឈប់​ការ​រំលោភ​បំពាន​រដ្ឋ​ធម្មនុញ្ញ​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា ការ​ងាក​មក​គោរព​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ត្រឹមត្រូវ តាម​រយៈ​ការ​ស្ដារ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​​ ពី​សំណាក់​របប​ក្រុង​ភ្នំពេញ ​គឺ​ជា​​ការ​​លើក​តម្កើង​នីតិរដ្ឋ លើក​តម្កើង​កិត្តិយស កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ។​​

ក្នុង​ខួប ២៧ឆ្នាំ​នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ មិន​បាន​វាយ​តម្លៃ​ចំពោះ​ការ​អនុវត្ត​ច្បាប់ បែប​ណា​ទេ តែ​បាន​ធ្វើ​ពិធី​អបអរសាទរ​ខួប​ដាក់​ឲ្យ​ប្រើប្រាស់ ដោយ​បាន​អញ្ជើញ​អ្នក​ជំនាញ​ផ្នែក​ច្បាប់ ទាំង​ជាតិ និង​អន្តរ​ជាតិ មក​ចូលរួម។ តែ​យ៉ាង​ណា មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា អះអាង​ថា ការ​អនុវត្ត​​រដ្ឋ​ធម្មនុញ្ញ វិវត្តន៍​មក​រក​ភាព​កាន់​តែ​ល្អ​ប្រសើរ ខណៈ​ ក្រុម​តំណាង​រដ្ឋសភា នៃ​គណបក្ស​កាន់​អំណាច ធ្វើ​វិសោធនកម្ម​យ៉ាង​តិច ១០ដង​រួច​ហើយ ក្នុង​រយៈ​ពេល ២៧ឆ្នាំ​មក​នេះ។ ក្រុម​អ្នក​សង្កេត​យល់​ថា​ ការ​កែប្រែ​ខ្លឹមសារ​ ​ជា​ច្រើន​ដង​នេះ បណ្ដាល​ឲ្យ​រដ្ឋធម្មនុញ្ញ​វិវត្តន៍​ទៅ​រក​​ខ្លឹម​សារ ​អាក្រក់​ជាង​មុន ស្រប​ពេល​គណបក្ស​នយោបាយ​ខ្លះ យល់​ថា បក្ស​កាន់​អំណាច​កែប្រែ​ធម្មនុញ្ញ ដើម្បី​បម្រើ​គោល​នយោបាយ​​រក្សា​អំណាច​ ជាជាង​ភាព​សុខ​សាន្ត​របស់​ប្រជាជាតិ។

គណបក្ស​នយោបាយ​ខ្លះ កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​ ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា​ឯក​បក្ស ខិតខំ​ការពារ​គោរព​រដ្ឋធម្មនុញ្ញ ឲ្យ​បាន​​ល្អ​ ដើម្បី​​​ធានា​ថា ពលរដ្ឋ​ទទួល​បាន​សិទ្ធិ សេរីភាព និង​​ផល​ប្រយោជន៍ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ លោក អ៊ិត សារម្យ យល់​ថា បើ​ទោះ​​កម្ពុជា មាន​ច្បាប់​កំពូល​រួច​ហើយ​មែន តែ​ការ​អនុវត្ត​កន្លង​មក​ មិន​បាន​​ស្រប​តាម​ស្មារតី​ និង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទាំង​ស្រុង​ទេ។ លោក មើល​ឃើញ​ថា មាត្រា​​មួយ​ចំនួន ពិសេស​ចែង​ពី​សិទ្ធិ​ និង​សេរីភាព​របស់​ពលរដ្ឋ រង​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ។

លោក អ៊ិត សារម្យ សង្កេត​ឃើញ​ថា​​​ នៅ​ពេល​ពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​ និង​សេរីភាព​សម្ដែង​មតិ​ ដែល​​មាន​​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ម្ដងៗ តែង​តែ​ត្រូវ​បាន​អាជ្ញាធរ​គំរាម​កំហែង ឬ​ចោទ​ប្រកាន់​ពលរដ្ឋ ដោយ​យក​​​ច្បាប់​ផ្សេង​មក​អនុវត្ត។ លោក ថា ច្បាប់​ខ្លះ​ទៀត​ មិន​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ ក៏​ត្រូវ​យក​មក​អនុវត្ត​បំពាន​រដ្ឋធម្មនុញ្ញ​ដែរ។

ប្រធាន​គណបក្ស​នយោបាយ​រូប​នេះ​ យល់​ថា ដើម្បី​ឲ្យ​ពលរដ្ឋ អាច​ប្រើប្រាស់​សិទ្ធិ និង​សេរីភាព ស្រប​តាម​រដ្ឋ​​ធម្មនុញ្ញ​បាន​ពេញ​ទី​ រដ្ឋាភិបាល​ត្រូវ​រៀបចំ​សង្គម​មួយ​ ឲ្យ​ពលរដ្ឋ​​បាន​ចូលរួម​ទាំង​អស់​គ្នា ​ដោយ​សុចរិត​ភាព ដោយ​ស្មើភាព​គ្នា ចំពោះ​មុខ​ច្បាប់។ លោក ជំរុញ​ឲ្យ​ អនុវត្ត​ខ្លឹម​សារ​រដ្ឋធម្មនុញ្ញ ឲ្យ​ត្រឹមត្រូវ ធ្វើ​យ៉ាង​ណា ឲ្យ​តំណាងរាស្ត្រ ​លែង​ក្លាយ​ជា​តំណាង​បក្ស​ ដូច​សព្វថ្ងៃ​ ហើយ​ត្រូវ​​​ជំរុញ​ឲ្យ​រដ្ឋសភា​ ក្លាយ​​ជា​យន្តការ​ ដោះស្រាយ​វិបត្តិ​របស់​ពលរដ្ឋ៖ « រដ្ឋ​ធម្មនុញ្ញ​របស់​យើង ដែល​បាន​ចែង​​ពី​សិទ្ធិ និង​សេរី​ភាព​របស់​ប្រជាពលរដ្ឋ និង​ប្រទេស​យើង ប្រកាន់​របប​ប្រជាធិបតេយ្យ​ហ្នឹង គេ​និយាយ​ពី​​​សិទ្ធិ​ កិច្ចការ​ចូលរួម​ក្នុង​សង្គម​ បង្កើត​ជា​សមាគម​ សហជីព និង​នយោបាយ។ ប៉ុន្តែ​នៅ​ពេល​ដែល​ពលរដ្ឋ បាន​ប្រើ​ប្រាស់​សិទ្ធិ​បែប​ហ្នឹង​ ហាក់​បី​ដូចជា មាន​ការ​គំរាម​កំហែង បំភិត​បំភ័យ​រហូត​ដល់​មាន​ការ​ចោទ​ប្រកាន់​ ទៅ​លើ​ទិដ្ឋភាព​ផ្សេងៗ មួយ​ចំនួន​ទៅ​ ដោយ​មាន​ច្បាប់​ខ្លះ​ទៀត ដែល​គិត​ថា បាន​ប្រព្រឹត្តិ​ខុស​ ដូចជា​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌ។ ត្រង់​ចំណុច​ហ្នឹង​​ហើយ ដែល​លើក​ឡើង​ថា យើង​មាន​ច្បាប់​ហើយ ប៉ុន្តែ​ច្បាប់​មួយ​ចំនួន ហាក់​បី​ដូចជា វា​មិន​ស្រប​​នឹង​ស្មារតី​រដ្ឋ​ធម្មនុញ្ញ​ហ្នឹង។ វា​អត់​ស្រប ដោយ​សារ អត់​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​សិទ្ធិ​បាន»

ចំណែក​ប្រធាន​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ លោក ជីវ កត្តា យល់​ថា រដ្ឋធម្មនុញ្ញ ចែង​ពី​ចំណុច​ល្អ​ច្រើន​ណាស់ ដូច​ជា អធិបតេយ្យ​ជាតិ ​បូរណភាព​ទឹកដី ការ​ធានា​សិទ្ធិ​សេរីភាព​ពលរដ្ឋ ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​អនុវត្ត​គោលនយោបាយ​សេរី​ពហុបក្ស ជា​ដើម។ លោក រំលឹក​ថា ធម្មនុញ្ញ​នេះ កាល​ដើម​ឡើង គឺ​​នៅ​ ឆ្នាំ១៩៩៣ បាន​តាក់តែង ឈរ​លើ​មូលដ្ឋាន​បង្រួបបង្រួម​ជាតិ បាន​យ៉ាង​ល្អ។

ប៉ុន្តែ លោក​សង្កេត​ឃើញ​ថា ការ​អនុវត្ត​កន្លង​មក​ នៅ​មាន​ការ​ចន្លោះ​ប្រហោង​ច្រើន ជា​ពិសេស គឺ​ចំណុច​សិទ្ធិ​​សេរីភាព​របស់​ពលរដ្ឋ នៅ​មាន​កម្រិត ដោយ​មិន​ទទួល​បាន​ពេញលេញ​ទូលំ​ទូលាយ ​ដូច​​ការ​ចែង​ក្នុង​ច្បាប់​កំពូល។ ប្រធាន​គណបក្ស​នយោបាយ​ថ្មី​មួយ​នេះ ​យល់​ថា ដើម្បី​ឲ្យ​ការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​កាន់​តែ​ប្រសើរ ​រដ្ឋាភិបាល គួរ​​បណ្ដុះ​បណ្ដាល ​ការ​អនុវត្ត​ច្បាប់​ ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ឲ្យ​បាន​ល្អ បណ្ដុះ​បណ្ដាល​ឲ្យ​ពលរដ្ឋ​យល់ដឹង​ និង​​យល់​ពី​គោរព​ច្បាប់។ លោក ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ ទាំង​មន្ត្រី នាំ​គ្នា​គោរព​រដ្ឋធម្មនុញ្ញ​ ឲ្យ​​អស់​ពី​ចិត្ត៖ « សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ ចាប់​អារម្មណ៍​ អំពី​ការ​គោរព​ច្បាប់ រដ្ឋ​ធម្មនុញ្ញ​ទាំង​អស់​គ្នា។ ទាំង​អ្នក​មាន​អំណាច ទាំង​ប្រជាពលរដ្ឋ គឺ​មនុស្ស​ទាំង​អស់ និយាយ​រួម​ មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​ក្រោម​ច្បាប់។ វា​មិន​មាន​អ្នក​មួយ​ រស់​នៅ​លើ​ច្បាប់»

សម្រាប់​គណបក្ស​ខ្មែរ​ឈ្នះ​វិញ បង្ហាញ​ការ​សោកស្ដាយ​ ច្រើន​ជាង​ការ​អបអរសាទរ ក្នុង​ខួប​លើក​ទី ២៧ ឆ្នាំ​ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នេះ។ អ្នក​នាំ​ពាក្យ​គណបក្ស​នេះ គឺ លោក យិន ឈឿន យល់​ថា រដ្ឋធម្មនុញ្ញ​មួយ ដែល​ល្អ​ប្រណិត កើត​ចេញ​ពី​ការ​ឯកភាព​ជាតិ​ពិត​ប្រាកដ​ តាម​យន្តការ​​កិច្ច​ព្រមព្រៀង​សន្តិភាព ២៣ តុលា ឆ្នាំ​១៩៩១ រយៈ​ពេល ២៧ឆ្នាំ​មក​នេះ​ ត្រូវ​បាន​គណបក្ស​កាន់​អំណាច ប្រែ​ជា​ឧបករណ៍​ច្បាប់ សម្រាប់​បម្រើ​​នយោបាយ​គណ​បក្ស​កាន់​អំណាច​ទៅ​វិញ។

លោក យិន ឈឿន បន្ត​ថា ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ ក៏​មិន​បាន​ត្រឹមត្រូវ តាម​ស្មារតី​បង្រួបបង្រួម​ជាតិ​នេះ បង្ក​ឲ្យ​ជាតិ​ខ្មែរ​បែកបាក់។ លោក​សង្កេត​ឃើញ​ថា មេ​ដឹក​នាំ​កម្ពុជា​បាន​ដើរ​ចេញ​ឆ្ងាយ​ពី​គោល​ការណ៍​រដ្ឋធម្មនុញ្ញ​ទៅ​ហើយ ហើយ​បាន​ជ្រើស​យក ​ការ​អនុវត្ត​គោលនយោបាយ មក​ដឹកនាំ​រដ្ឋ​ជំនួស​ឲ្យ​រដ្ឋធម្មនុញ្ញ។ លោក​ចង់​ឲ្យ​មេ​ដឹក​នាំ​កម្ពុជា ងាក​មក​រក​ការ​ដឹក​នាំ និង​ផ្សះផ្សា​ជាតិ តាម​យន្តការ​រដ្ឋធម្មនុញ្ញ​វិញ៖ « ទស្សនៈ​ខ្ញុំ ហើយ​​និង​សម្រាប់​គណបក្ស​ខ្មែរ​ឈ្នះ យើង​គិត​ឃើញ​ថា លោក​នាយក​រដ្ឋមន្ត្រី បច្ចុប្បន្ន គាត់​ហាក់​បី​ដូច​ជា​ អត់​ស្គាល់​តួនាទី​ខ្លួន​ឯង។ អត់​ស្គាល់​តួនាទី​ត្រង់​ថា គាត់​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ប្រជាធិបតេយ្យ ប៉ុន្តែ​​គាត់​ហាក់​បី​ដូចជា​ប្រើប្រាស់​ខ្លួន​ឯង ជា​នាយក​រដ្ឋមន្ត្រី​ប្រទេស​ ក្នុង​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ១៩៩១ យើង​មើល​ទៅ​ណា ព្រោះ​កាល​ហ្នុង គាត់​ក៏​ជា​នាយករដ្ឋមន្ត្រី​ដែរ។ អ៊ីចឹង ការ​អនុវត្ត​បច្ចុប្បន្ន​ ហាក់​បី​ដូចជា​ទៅ​រក​អា​សម័យ​ហ្នឹង​វិញ។ គាត់​អត់​បាន​គិត​ថា ​ខ្លួន​គាត់ គឺ​​ជា​នាយករដ្ឋមន្ត្រី នៅ​ក្នុង​ប្រទេស​មួយ ដែល​មាន​រដ្ឋធម្មនុញ្ញ​នៅ​ក្រោយ​ពី​ការ​ឯកភាព​គ្នា​ទេ។ ចំណុច​នេះ​ហើយ ដែល​យើង​ហ៊ាន​និយាយ​ថា​អ៊ីចឹង ព្រោះ​ដោយសារ​តែ​ទី១ កាល​ណា យើង​និយាយ​អំពី​សង្គម​ប្រជាធិបតេយ្យ​ទាមទារ​ឲ្យ​មាន​ការ​ឯកភាព​ជាតិ​ នៅ​ក្រោម​ដំបូល​ច្បាប់។ ប៉ុន្តែ​យើង​ឃើញ​ថា ច្បាប់​​ភាគច្រើន ដែល​បង្កើត​មក គឺ​បម្រើ​ឲ្យ​បក្ស​កាន់​អំណាច​ច្រើន »

ក្នុង​ខួប​រដ្ឋធម្មនុញ្ញ អ្នក​ជំនាញ​ច្បាប់​លើក​ឡើង​ថា រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង គប្បី​នាំ​គ្នា ​​ងាក​មក​​ប្រើប្រាស់​យន្ត​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ តាម​រដ្ឋធម្មនុញ្ញ ដែល​ចែង​ឱ្យ​អង្គ​ព្រះមហាក្សត្រ ​ជា​អាជ្ញា​កណ្ដាល។ ពួកគេ​ យល់​ថា ​មាន​តែ​ការ​នាំ​គ្នា គោរព​រដ្ឋធម្មនុញ្ញ​ឱ្យ​បាន​ត្រឹមត្រូវ ទើប​ប្រជាពលរដ្ឋ​មាន​ក្ដី​សុខសាន្ត ដូច​​​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។