តុលាការក្រុងម៉ាអាម៊ី (Miami) ក្នុងរដ្ឋហ្លូរីដា (Florida) នៅសហរដ្ឋអាមេរិក គ្រោងបើកសវនាការជាលើកដំបូង ករណីមន្ត្រីជាន់ខ្ពស់ខ្មែរមួយរូបនៃក្រសួងកសិកម្ម គឺលោក គ្រី ម៉ះផល ពីបទជួញដូរសត្វស្វាក្តាមខុសច្បាប់ នៅថ្ងៃសុក្រ ទី២១ ខែមេសានេះ វេលាម៉ោង ៩ព្រឹក។ តុលាការនឹងសម្រេច ថាតើភស្តុតាងដាក់បន្ទុកលើមន្ត្រីជាន់ខ្ពស់ខ្មែររូបនេះ គួរធ្វើឡើងជាសាធារណៈ ឬបិទទ្វារ តាមការស្នើសុំរបស់មេធាវីការពារក្តីឲ្យលោក គ្រី ម៉ះផល។
សេចក្តីប្រកាសព័ត៌មាន របស់អង្គការមនុស្សសម្រាប់មើលថែសត្វប្រកបដោយសីលធម៌ (People for the Ethical Treatment of Animals) ឬហៅកាត់ថា ភីតា (PETA) កាលពីថ្ងៃទី២០ ខែមេសាឲ្យដឹងថា អ្នកវិទ្យាសាស្ត្ររបស់អង្គការ PETA លោកស្រីវេជ្ជបណ្ឌិត លីហ្សា ហ្យូន អេនយេល (Lisa Jones-Engel) គ្រោងទៅចូលរួមក្នុងសវនាការនោះ និងលោកស្រី គ្រោងនិយាយជាសាធារណៈក្រោយពីចប់សវនាការ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានធ្វើការស៊ើបអង្កេតករណីជួញដូរសត្វស្វាក្តាមខុសច្បាប់នេះ អស់រយៈពេល៥ឆ្នាំ ដោយទីភ្នាក់ងារសត្វព្រៃនិងជលផលសហរដ្ឋអាមេរិក (U.S. Fish and Wildlife Service) ពីបទរត់ពន្ធសត្វស្វាក្តាម ដែលជាប្រភេទសត្វជិតផុតពូជ ដោយបានចាប់ចេញពីក្នុងព្រៃនៅក្នុងប្រទេសកម្ពុជា ដើម្បីយកមកលក់នៅសហរដ្ឋអាមេរិក តាមរយៈការក្លែងបន្លំឯកសារ។
មន្ត្រីជាន់ខ្ពស់ខ្មែរ២រូប ទទួលបន្ទុកអភិរក្សសត្វព្រៃចំនួនពីររូបនៅកម្ពុជា ត្រូវបានចោទប្រកាន់ពីបទចេញលិខិតអនុញ្ញាតក្លែងបន្លំលើការនាំចេញ ដោយបញ្ជាក់ថា សត្វស្វាក្តាមទាំងនោះជាប្រភេទពូជស្វាចិញ្ចឹម។
ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ លោក គ្រី ម៉ះផល ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិនៅក្រុងញូវយ៉ក (New York) កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួមសន្និសីទអំពីការអភិរក្សសត្វព្រៃ នៅប្រទេសប៉ាណាម៉ា (Panama)។ ចំណែកមន្ត្រីទីពីរ គឺឈ្មោះកែវ អូម៉ាលីស មានតួនាទីជាអគ្គនាយករដ្ឋបាលព្រៃឈើនៅកម្ពុជា ដែលជាចៅហ្វាយនាយផ្ទាល់របស់លោក គ្រី ម៉ះផល កំពុងរស់នៅមានសេរីភាពក្នុងប្រទេសកម្ពុជានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។