តុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសកំបាំងមុខសកម្មជនបក្សប្រឆាំង៧រូប ឲ្យជាប់ពន្ធនាគារម្នាក់១ឆ្នាំកន្លះ ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការដោះស្រាយវិបត្តិជំងឺកូវីដ-១៩។ តុលាការក្រុងភ្នំពេញ នៅថ្ងៃដដែលនេះ ក៏បាននាំខ្លួនសកម្មជនបក្សប្រឆាំងពីរនាក់ដែលកំពុងជាប់ឃុំមកសាកសួរបន្ថែមទៀតជុំវិញសំណុំរឿង''រួមគំនិតក្បត់''។សកម្មជនបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្ស រិះគន់ថា ចំណាត់ការរបស់តុលាការនេះ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា នៅថ្ងៃទី៩ ខែកញ្ញា ប្រកាសសាលក្រមផ្ដន្ទាទោសកំបាំងមុខសកម្មជនបក្សប្រឆាំង៧រូបក្នុងនោះមានព្រះសង្ឃមួយអង្គផង ឲ្យជាប់ពន្ធនាគារក្នុងម្នាក់១៨ខែ និងពិន័យប្រាក់២លានរៀលដូចៗគ្នា ក្រោមបទចោទ''ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម''។ ចៅក្រមរូបនេះ ក៏បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនអ្នកទាំង ៧រូបដាក់ពន្ធនាគារផងដែរ។
ការដាក់ទោសទណ្ឌនេះ ដោយសារតុលាការ បានចោទសកម្មជនទាំង៧រូបថា បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) រិះគន់ក្នុងន័យញុះញង់ជុំវិញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់រដ្ឋាភិបាលលោក ហ៊ុន សែន។
សកម្មជនបកប្រឆាំងម្នាក់ដែលជាប់ចោទក្នុងសំណុំរឿងនេះ គឺលោក រុន ចន្ធី ដែលកំពុងភៀសខ្លួននៅប្រទេសថៃ ប្រតិកម្មថា សេចក្តីសម្រេចរបស់តុលាការនេះ គឺជារឿងអយុត្តិធម៌បំផុត ដោយចាត់ទុកថាគណបក្សកាន់អំណាច និងតុលាការ ប្រឌិតរឿងធ្វើបាបពួកលោក ដើម្បីកុំឲ្យមានសិទ្ធិធ្វើនយោបាយ ឬចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។ លោកអះអាងថា ការបង្ហោះសាររិះគន់រឿងទប់ស្កាត់ជំងឺកូវីដកន្លងមក គឺជាការអនុវត្តសិទ្ធិសេរីភាព បញ្ចេញមតិ និងផ្អែកលើភស្តុតាងពិតជាក់ស្តែង មិនមែនជាការញុះញង់នោះទេ៖ «ខ្ញុំនៅតែបន្តរិះគន់រដ្ឋាភិបាលដដែល ប៉ុន្តែការតតាំងក្តីទៀត ខ្ញុំគិតថា គ្មានប្រសិទ្ធភាពទេ ទោះបីខ្ញុំប្តឹងឧទ្ធរណ៍ ឬទៅដល់ណាទៀត វាមិនអាចមានយុត្តិធម៌សម្រាប់ខ្ញុំទេ ព្រោះតុលាការសព្វថ្ងៃនេះជាតុលាការតេឡេរបស់លោក ហ៊ុន សែន»។
ការប្រកាសសាលក្រមនេះ គឺបន្ទាប់ពីតុលាការ បានបើកសវនាការជំនុំជម្រះក្តីលើសកម្មជនបក្សប្រឆាំង៧រូប កាលពីថ្ងៃទី២៦ ខែសីហា ដោយពុំមានវត្តមានរបស់ជនជាប់ចោទ និងមេធាវីការពារក្តីនោះទេ។ ក្នុងសវនាការនោះ តុលាការ បានចំណាយពេលប្រមាណ៣០នាទី ដោយស្តាប់តែការឆ្លើយបំភ្លឺរបស់ភាគីដើមបណ្តឹងជាមន្ត្រីនគរបាលម្នាក់មានតួនាទីជាប្រធានការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ចាន់ ដារិទ្ធ។
ជនជាប់ចោទទាំង៧នាក់ក្នុងសំណុំរឿងនេះ រួមមានព្រះសង្ឃមួយអង្គ គង់នៅប្រទេសកាណាដា (Canada) ព្រះតេជព្រះគុណ នូ សុធា និងសកម្មជនបក្សសង្គ្រោះជាតិ៦នាក់ក្នុងនោះ៥នាក់ កំពុងរស់នៅភៀសខ្លួននៅប្រទេសថៃ និងម្នាក់ទៀត រស់នៅប្រទេសបារាំង។ សកម្មជនទាំងនេះ សុទ្ធសឹងជាអ្នកដែលលេចធ្លោក្នុងការរិះគន់ភាពអសកម្ម និងអំពើរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក ហ៊ុន សែន តាមរយៈគេហទំព័រហ្វេសប៊ុក (Facbebook) ឈ្មោះក្រុមអ្នកប្រយុទ្ធCNRP មានដូចជា៖ លោក នាង សុឃុន លោក រិន រដ្ឋ លោក រុន ចន្ទី លោក ម៉ៅ វិល និងលោក ស៊ឹម សុភា ជាដើម។
សកម្មជនគណបក្សសង្គ្រោះជាតិ លោកម៉ៅ វិបុល ថ្លែងថា លោកមិនអាចទទួលយកបានទេចំពោះការផ្ដន្ទាទោស ដែលលោកមិនបានចូលរួមតតាំងក្តី និងមិនបានប្រព្រឹត្តកំហុសនេះ។ លោករិះគន់ថា តុលាការ កំពុងអនុវត្តច្បាប់ឡប់ឡែ ដើម្បីធ្វើទុក្ខបុកម្នេញពួកលោក ក្នុងបំណងជួយពង្រឹងនិងការពារអំណាចរបស់លោក ហ៊ុន សែន៖ «យើងធ្វើអ្វីជាការពិតត្រឹមត្រូវ ទើបមហាជនគេតាមដាន បើយើងធ្វើមិនត្រឹមត្រូវគេមិនតាមដានទេ។ ការធ្វើត្រឹមត្រូវច្បាស់លាស់នេះហើយធ្វើ ឲ្យក្រុមលោក ហ៊ុន សែន ដែលលាក់បាំងការពិតនោះ មានការព្រួយបារម្ភ។ ការចោទយើងថា ញុះញង់នេះគឺជាល្បិចរបស់លោក ហ៊ុន សែន និងបំបិទសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានចែងក្នុងច្បាប់»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល ដើម្បីសុំការឆ្លើយតបរឿងនេះបាននៅឡើយទេនៅថ្ងៃទី៩ ខែកញ្ញា ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
ដោយឡែក នៅថ្ងៃដដែលនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន ក៏បាននាំខ្លួនសកម្មជនបក្សប្រឆាំងពីរនាក់ទៀតដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស(ម១) គឺលោក គង់ ម៉ាស់ និងលោក ខាន់ ប៊ុនផេង មកសាកសួរបន្ថែមទៀតជាលើកទី២ ពាក់ព័ន្ធនឹងសំណុំរឿង''រួមគំនិតក្បត់'' ។
ប្រពន្ធរបស់លោក គង់ ម៉ាស់ គឺលោកស្រី កុល សាត រៀបរាប់ថា លោកស្រី បានជួបសួរសុខទុក្ខជាមួយប្តីសន្ទុះ ក្រោយតុលាការបញ្ចប់ការសាកសួរ។ លោកស្រីឲ្យដឹងថា តុលាការ បានចោទសួរលោក គង់ ម៉ាស់ ថា តើធ្លាប់ស្គាល់លោក សម រង្ស៊ី ដែរឬទេ ? ប្តីលោកស្រីឆ្លើយតបថា នរណាក៏ស្គាល់លោក សម រង្ស៊ី ដែរ សូម្បីតែកូនក្មេង ហើយបើមិនស្គាល់លោក សម រង្ស៊ី ដូចមិនស្គាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ ទោះជាយ៉ាងណា លោកស្រី កុល សាត បញ្ជាក់ថា លោក គង់ ម៉ាស់ នៅតែមានជំហរមោះមុតដដែល ។ លោកស្រី បន្តទាមទារឲ្យតុលាការដោះលែងប្តីឲ្យមានសេរីភាពវិញ ព្រោះគាត់ ពុំបានប្រព្រឹត្តកំហុសឡើយ៖ «ខ្ញុំជាក្រុមគ្រួសាររបស់គាត់ជួបការលំបាកណាស់ ព្រោះតាំងពីគាត់ចេញពីពន្ធនាគារលើកទី១ ដែលកាលនោះជាប់១ឆ្នាំកន្លះមក ចេញមកវិញបានជាង៤ខែ គេចាប់គាត់យកទៅវិញទៀត។ ឥឡូវគាត់ជាប់ ៨ខែជាងហើយ។ សម្រាប់ខ្ញុំ ជាក្រុមគ្រួសារគាត់ គឺបារម្ភពីគាត់ជាខ្លាំង និងសូមឲ្យតុលាការ ពន្លឿនកាត់ទោសឲ្យដឹងថា គាត់ខុសអី ហើយជាប់រយៈពេលប៉ុន្មានខែប៉ុន្មានឆ្នាំ»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ ម៉ាស់ នៅភ្នំពេញ និងចាប់ខ្លួនលោក ខាន់ ប៊ុនផេង នៅខេត្តបាត់ដំបង ក្នុងថ្ងៃតែមួយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ហើយ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទ ''រួមគំនិតក្បត់''។ លោក គង់ ម៉ាស់ ដែលកំពុងជាប់ពន្ធនាគារពីរដងទាំងលើកនេះ គឺជាសមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិប្រឆាំងខេត្តស្វាយរៀង ចំណែកលោក ខាន់ ប៊ុនផេង គឺជាចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅសង្កាត់ព្រែកព្រះស្តេច ខេត្តបាត់ដំបង។ ការចាប់ខ្លួនសកម្មជនទាំងពីរនេះ ធ្វើឡើងនៅមុនប៉ុន្មានថ្ងៃនៃការប៉ុនប៉ងវិលចូលប្រទេសកម្ពុជាមិនបានជោគជ័យរបស់អនុប្រធានគណបក្សសង្គ្រោះអ្នកស្រី មូរ សុខហូរ។ គិតត្រឹមថ្ងៃទី៩ ខែកញ្ញា លោក គង់ ម៉ាស់ និងលោក ខាន់ ប៊ុនផេង កំពុងជាប់ក្នុងពន្ធនាគាររយៈពេលជាង៨ខែហើយ។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា ដំណើរការកាត់ក្តីលើលើសកម្មជនទាំងនេះ មិនបានធ្វើឡើងដោយត្រឹមត្រូវនិងពេញលេញតាមនីតិវិធីច្បាប់ឡើយ។ លោក នៅតែចាត់ទុកថា សំណុំរឿងសកម្មជនបក្សប្រឆាំងទាំងនេះ សុទ្ធតែពាក់ព័ន្ធនឹងបញ្ហានយោបាយដូចគ្នាដែលទាមទារឲ្យមានការដោះស្រាយជម្លោះនយោបាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំង ទើបពួកគាត់ អាចរួចផុតពីការចោទប្រកាន់៖ «បើគ្មានការចរចាដោះស្រាយនយោបាយទេ សកម្មជនទាំងនេះ ត្រូវតែបន្តជាប់ពន្ធនាគារដូចកន្លងមកអ៊ីចឹង។ ជាបទពិសោធន៍មួយទៀត ក្រោយថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីមានដំណោះស្រាយ ឬស្ថានភាពនយោបាយធូរស្រាល គឺមានការដោះលែងឲ្យនៅក្រៅឃុំ។ដូច្នេះហើយបានគេថា ការចាប់ ការចោទប្រកាន់ និងការឃុំខ្លួនអតីតសកម្មជនបក្សប្រឆាំងកន្លងមក គឺជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់»។
មកទល់ពេលនេះ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសង្គម និងសកម្មជនបរិស្ថានជិត៩០នាក់ហើយដាក់ក្នុងពន្ធនាគារ ដោយភាគច្រើនចោទប្រកាន់ពីបទញុះញង់ និងរួមគំនិតក្បត់។ ក្រៅពីនេះ មានសកម្មជនរាប់សិបនាក់ទៀត កំពុងភៀសខ្លួននៅក្រៅប្រទេសដើម្បីគេចចេញពីការចាប់ខ្លួនក្នុងសំណុំរឿងដូចគ្នានេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។