ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ មករា បានសម្រេចបើកសវនាការសំណុំរឿងឃាតកម្មស្រីស្នេហ៍ របស់អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ឈ្មោះ ចេវ សុវឌ្ឍនា ដើម្បីសួរដេញដោលជនជាប់ចោទម្នាក់ គឺលោក ឡាយ វណ្ណៈ។ នេះជាករណីកម្រមួយ ដែលតុលាការបើកសវនាការកាត់សេចក្ដីករណីមន្ត្រីបក្សកាន់អំណាច ប្រព្រឹត្តរឿងអាស្រូវជាមួយស្រីស្នេហ៍។ សង្គមស៊ីវិលស្វាគមន៍ការគោរពសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចលើកពេលសវនាការលោក ឡាយ វណ្ណៈ ទៅពេលក្រោយ ដោយមិនទាន់កំណត់ពេលវេលា ក្រោយការសួរដេញដោលពេញមួយព្រឹក។ នេះជាការសួរដេញដោល លើអង្គសេចក្ដីក្នុងសវនាការលើកទី១ សម្រាប់លោក ឡាយ វណ្ណៈ តាំងពីចាប់ខ្លួន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨។
សារព័ត៌មានក្នុងស្រុក បានស្រង់សំដីលោក ឡាយ វណ្ណៈ ក្នុងសវនាការថា មន្ត្រីបក្សកាន់អំណាចរូបនេះ បានសារភាពថា ពិតជាមានស្នេហាលួចលាក់ជាមួយជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ជាស្ត្រីមេម៉ាយកូន ៣នាក់ពិតមែន គឺកើតឡើងតាំងពីឆ្នាំ២០១៦ ប៉ុន្តែ រក្សាការអះអាងថា មិនបានសម្លាប់ស្រីស្នេហ៍ទេ។
ក្នុងសវនាការ លោក ឡាយ វណ្ណៈ បានរៀបរាប់ថា មុនថ្ងៃកើតហេតុមួយថ្ងៃ គឺថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះ និងលោកបានឈ្លោះគ្នាដោយសារស្ត្រីរងគ្រោះប្រច័ណ្ឌ រឿងលោកមានស្រី ថ្មីបន្ថែមទៀត។ បន្ទាប់មក គឺនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កកើតរឿងឈ្លោះគ្នាទៀត ក្រោយពេល លោកបានជូននាងទៅដល់វីឡាមួយដែលលោកជួលឲ្យនាងស្នាក់នៅ ហើយនាង ចេវ សុវឌ្ឍនា បានទាមទារឲ្យ លោក ឡាយ វណ្ណៈ យកនាងធ្វើជាប្រពន្ធទី២ ដោយបើកចំហរ។
លោក ឡាយ វណ្ណៈ បន្តថា ដោយសារការឈ្លោះប្រកែកគ្នា លោកបានជិះឡាន ចេញពីផ្ទះវីឡានោះ ទៅពិនិត្យការងារសួនច្បារក្បែរវិមានឯករាជ្យ ខេត្តតាកែវ ហើយបន្តិចក្រោយមក ស្ត្រីជាអ្នកបម្រើរបស់នាង ចេវ សុវឌ្ឍនា បានទូរស័ព្ទ ប្រាប់ថា ជនរងគ្រោះយកកាំបិតអារដៃ ដោយឲ្យលោកទៅមើលនាងផង តែលោកមិនព្រមទៅមើល។ លុះដល់ព្រលប់បន្តិច ស្ត្រីអ្នកបម្រើដដែល ទូរស័ព្ទប្រាប់លោកថា ជនរងគ្រោះបានចងកសម្លាប់ខ្លួន ទើបលោកទូរស័ព្ទប្រាប់បងប្រុស ឈ្មោះ ឡាយ ណារិទ្ធិ ជាស្នងការខេត្តតាកែវ ឲ្យទៅមើលនៅកន្លែងកើតហេតុ និងប្រើអ្នកបើកឡានម្នាក់ ឲ្យយកទូរស័ព្ទដៃ២គ្រឿង របស់ស្ត្រីរងគ្រោះទៅលាក់ ព្រោះមិនចង់ឲ្យបែកធ្លាយរូបថត ក្នុងទូរស័ព្ទដៃនោះ។
អាស៊ីសេរី ព្យាយាមសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និង លោក សួស វិទ្យាវ៉ាន់ឌី ជាច្រើនដង ប៉ុន្តែមិនទទួលទូរស័ព្ទ។
ក្រោយកើតហេតុជាង២ខែ គឺ នៅពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចសម្រេចឃាត់ខ្លួន មនុស្ស៤នាក់ ដោយ២នាក់ គឺ លោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធិ ចោទប្រកាន់ពីបទឃាតកម្មលើស្ត្រីឈ្មោះចេវ សុវឌ្ឍនា និង២នាក់ទៀត គឺអ្នកបើកឡាន របស់ លោក ឡាយ វណ្ណៈ និងអ្នកបម្រើប្រុសរបស់ស្ត្រី ឈ្មោះ ចេវ សុវឌ្ឍនា ពីបទលាក់បាំងតម្រុយ អំពើឃាតកម្មជនរងគ្រោះ។
ដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ កាលពីថ្ងៃទី១ ខែ មេសា បង្ហាញថា សំណុំរឿងឃាតកម្ម ស្ត្រីម្នាក់ ឈ្មោះ ចេវ សុវឌ្ឍ កើតឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅ ចំណុចផ្ទះជួលមួយ ក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ជនរងគ្រោះ ដែលអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ អះអាងថា មានស្នេហាស៊ីជម្រៅជាមួយ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ ៣៦ឆ្នាំ មានកូន ៣នាក់ ជាមន្ត្រីរាជការនៅស្ថាប័នរដ្ឋសភា។ ដំបូងឡើយសមត្ថកិច្ចខេត្តតាកែវ អះអាងថា ជនរងគ្រោះធ្វើអត្តឃាត ឬសម្លាប់ខ្លួនឯង ប៉ុន្តែក្រោយក្រសួងមហាផ្ទៃ បានបញ្ជូនក្រុមអ្នកជំនាញទៅស៊ើបអង្កេត ហើយបង្ហាញថា ស្ត្រីជនរងគ្រោះ ត្រូវជនល្មើសធ្វើឃាត។
ក្រោយការចេញលទ្ធផលស៊ើបអង្កេត គឺនៅថ្ងៃទី៣១ ខែមីនា នៅមុនពេលចាប់ខ្លួន លោក ឡាយ វណ្ណៈ សរសេរលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនឹងស្ត្រីរងគ្រោះនោះមែន ប៉ុន្តែបដិសេធថា មិនមែនបានសម្លាប់នាងទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា សំណុំរឿងអាស្រូវផ្លូវភេទរបស់អតីតអភិបាលខេត្តតាកែវនេះ បង្ហាញថា រាល់ករណីទាំងអស់ ប្រសិនបើសមត្ថកិច្ចមានឆន្ទៈ ក្នុងការរកយុត្តិធម៌ ជនល្មើសមិនអាចគេចផុតពីសំណាញ់ច្បាប់បានទេ គឺផ្ទុយពីសំណុំរឿងអយុត្តិធម៌ របស់មន្ត្រីការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន កន្លងមក៖ «បានន័យថា យើងត្រូវតែអនុវត្តច្បាប់ឲ្យស្មើៗ គ្នាណា។ អ៊ីចឹង ជាការកត់សម្គាល់របស់ខ្ញុំ ខ្ញុំឃើញថាការចាត់វិធានការនេះ មានភាពល្អប្រសើរច្រើន ក្នុងការចាត់វិធានការទៅលើនីតិវិធីផ្លូវច្បាប់លើជនហ្នឹង ( លោក ឡាយ វណ្ណៈ ) ណា»។
សារព័ត៌មានក្នុងស្រុក បន្តអះអាងថា ទោះជាប់ពន្ធនាគារជាងកន្លះឆ្នាំ បងប្រុសបង្កើតរបស់ លោក ឡាយ វណ្ណៈ គឺអតីតស្នងការខេត្តតាកែវ លោក ឡាយ ណារិទ្ធិ ដែលជាប់ពាក់ព័ន្ធនឹងបទចោទប្រកាន់ដែរ នៅតែសម្បូរលុយ ដោយបានចែកលុយដល់មន្ត្រី និងនគរបាល នៅក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញ ខណៈនគរបាលនាំខ្លួនលោកមកតុលាការដែរ នៅព្រឹកថ្ងៃទី២៣ មករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។