លោក ហ៊ុន សែន ស្នើ​តុលាការ​ក្រោម​បង្គាប់​លើក​កម្ពស់​គុណភាព​កាត់​ក្តី​ឱ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌

ដោយ ទីន ហ្សាការីយ៉ា
2023.06.27
លោក ហ៊ុន សែន ស្នើ​តុលាការ​ក្រោម​បង្គាប់​លើក​កម្ពស់​គុណភាព​កាត់​ក្តី​ឱ្យ​បាន​ត្រឹមត្រូវ និង​យុត្តិធម៌ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ជួរមុខកណ្ដាលគេ) ក្នុងពិធីសម្ពោធសាលាយុត្តិធម៌ របស់​ក្រសួង​យុត្តិធម៌ កាលពីថ្ងៃទី២៦ មិថុនា ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឱ្យ​តុលាការ​ដែល​គេ​ដឹង​ថា នៅ​ក្រោម​ការ​បញ្ជា​របស់​លោក​ឱ្យ​លើក​កម្ពស់​គុណភាព​នៃ​ការ​ជំនុំជម្រះ​រឿង​ក្តី​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​យុត្តិធម៌​។ ការ​លើកឡើង​នេះ​ស្របពេល​លោក​បញ្ជា​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ក្តាប់​នយោបាយ​ព្រហ្មទណ្ឌ​ឱ្យ​ច្បាស់​ដើម្បី​ចាត់ការ​លើ​មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង​។ ប៉ុន្តែ​គ្រួសារ​រងគ្រោះ​ដោយសារ​ដីធ្លី និង​សកម្មជន​នយោបាយ​ពុំ​ជឿ​ថា​លោក ហ៊ុន សែន មាន​ឆន្ទៈ​កែទម្រង់​ស្ថាប័ន​តុលាការ​សព្វថ្ងៃ​នេះ​ឱ្យ​បំពេញ​ការងារ​ដោយ​ឯករាជ្យ និង​ជៀស​ផុត​ពី​ខ្សែ​ញាក់​របស់​អ្នកមាន​លុយ​មានអំណាច​បានទេ។

លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា ប្រព័ន្ធ​យុត្តិធម៌​ក្រោម​ការ​ដឹកនាំ​របស់​លោក​ផ្តល់​ទំនុកចិត្ត ឬ​ធ្វើ​ឱ្យ​ពលរដ្ឋ​ពេញចិត្ត​កម្រិត​ណា​នោះ​ទេ ប៉ុន្តែ​លោក​អាន​សុន្ទរកថា​រដាក់រដុប​ដោយ​លើក​សរសើរ​ចំពោះ​ការ​អនុវត្ត​ការងារ និង​សមិទ្ធផល​ដែល​តុលាការ​គ្រប់​ថ្នាក់​ទាំងអស់​សម្រេច​បាន​មក​ដល់​ពេល​នេះ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សាលា​យុត្តិកម្ម ឬ​សាលាយុត្តិធម៌​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​២៦ ខែ​មិថុនា លោក​អះអាង​ថា អំណាចតុលាការ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​ការ​ការពារ​ប្រឆាំង​ការបំពាន​ដោយ​អយុត្តិធម៌​នៅក្នុង​សង្គម រួម​ទាំង​ធានា​ការ​ថែរក្សា​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​សង្គម​ជាដើម​។​

លោក ហ៊ុន សែន៖ «ក្រសួង​យុត្តិធម៌​ក្នុងនាម​តំណាង​ឱ្យ​រដ្ឋាភិបាល​នៅក្នុង​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម គឺ​ចាំបាច់​ណាស់​យើង​ត្រូវ​គ្រប់គ្រង​នយោបាយ​ព្រហ្មទណ្ឌ​ឱ្យ​រឹងមាំ​ជាពិសេស​សម្រាប់​ប្រទេស​របស់​យើង​ពោ​ពេញ​ទៅ​ដោយ​អំពើ​ជ្រុលនិយម​បន្ត​មាន​វត្ត​មាននៅ​កម្ពុជា ដូច្នេះ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​យុត្តិធម៌​ក្តាប់​នយោបាយ​ព្រហ្មទណ្ឌ​ឱ្យ​ច្បាស់​ហើយ​ចំណុច​នេះ​មិន​ត្រូវ​មើល​ស្រាល​ទេ»

ទន្ទឹម​នឹង​នេះ​លោក ហ៊ុន សែន ណែ​នាំ​ឱ្យ​ចៅក្រម​ដោះស្រាយ​វិវាទ សម្របសម្រួល​ផ្សះផ្សា​បញ្ចប់​វិវាទ​រវាង​គូភាគី​ឱ្យ​បាន​ឆាប់​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ។ លោក​ក៏បាន​ណែនាំ​តុលាការ​គ្រប់​ជាន់ថ្នាក់​ត្រូវ​បន្ត​ខិតខំ​អនុវត្ត​ច្បាប់​ប្រកប​ដោយ​គុណភាព និង​សីលធម៌​វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​សេវា​យុត្តិធម៌ គុណភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​យុត្តិធម៌​របស់​រដ្ឋាភិបាល​។ លោក ហ៊ុន សែន ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌​ពន្លឿន​ដំណើរ​ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ​ឱ្យ​បាន​ឆាប់​ផង​ដែរ។

ទោះបី​លោក ហ៊ុន សែន លើកឡើង​បែបនេះ​ក្តី ប៉ុន្តែ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ហា​របស់​លោក ហើយ​តុលាការ​ត្រូវ​បាន​អ្នកវិភាគ​ចាត់ទុកថា​ជា​តុលាការ​តេឡេ ដោយសារ​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​តាម​សាលាជំនុំជម្រះក្តី​មួយចំនួន​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​ពាក់ព័ន្ធ​អំពើពុករលួយ បក្ខពួក​គ្រួសារ​និយម និង​កាត់ក្តី​លម្អៀង​ក្នុង​សំណុំរឿង​នយោបាយ​ជាដើម​។ ម្យ៉ាងវិញទៀត​អ្នកឃ្លាំមើល​វាយតម្លៃ​ថា ការដែល​ពួកគេ​ទទួល​បាន​ឋានៈ​កាន់តែ​ខ្ពស់​នោះ ព្រោះ​ពួកគេ​សុទ្ធសឹងតែ​ជា​សមាជិក​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ស្នាដៃ​ជាច្រើន​ជួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​បន្ត​រក្សា​អំណាច តាមរយៈ​កម្ទេច​គណបក្ស​និង​អ្នក​នយោបាយ​ប្រឆាំង ព្រមទាំង​បំបិទ​សំឡេង​រិះគន់​ដោយ​ប្រើប្រាស់​ច្បាប់​ជា​ឧបករណ៍។

ជាក់ស្តែង លោក ឌិត មន្ទី លោក ឃឹម ប៉ុណ្ណ និង​លោក ជីវ កេង ដែល​ជា​សមាជិក​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គឺ​ស្ថិត​នៅ​ក្នុង​សមាសភាព​ចៅក្រម​៩ រូប​ដែល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​សហគមន៍​ជាតិ​និង​អន្តរជាតិ​ថ្កោលទោស និង​រិះគន់​ថា ជា​ការ​គាស់​រំលើង​ប្រជាធិបតេយ្យ និង​ជាន់ឈ្លី​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

ទាក់ទង​រឿង​នេះ កូនប្រុស​សកម្មជនគ​ណ​បក្ស​ភ្លើងទៀន​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្តពោធិ៍សាត់​លោក អ៊ុក សៅវ៉ារិន គឺ​លោក អ៊ុក សៅសុភារ៉ា ថ្លែង​ថា មក​ដល់​ពេល​នេះ​ឪពុក​របស់​លោក​ជាប់គុក​រយៈពេល​២​ឆ្នាំ​ដោយ​អយុត្តិធម៌ ដោយសារតែ​តុលាការ​គ្រប់​ថ្នាក់​គ្មាន​សុភ​វិនិច្ឆយ​នៅក្នុង​សំណុំរឿង​នយោបាយ​កន្លង​មក​។ លោក សុភារ៉ា ខកចិត្ត​ចំពោះ​តុលាការ​ដែល​បាន​កាត់ក្តី​ឲ្យ​មនុស្ស​ស្អាតស្អំ​ជាប់ពន្ធនាគារ​ដោយ​លែង​គិត​អំពី​ការ​ប៉ះពាល់​ទៅ​ដល់​អនាគត និង​បង្កើត​ការឈឺចាប់​របស់​ជនរងគ្រោះ​ដែល​នាំ​ឱ្យ​ពលរដ្ឋ​ទូទៅ​អស់​ទំនុកចិត្ត​លើ​ច្បាប់។

លោក អ៊ុក សៅសុភារ៉ា៖ «វា​ជា​រឿង​នយោបាយ​សុទ្ធសាធ​ដែល​កាត់ទោស​ឪពុក​របស់ខ្ញុំ​ឱ្យ​ជាប់គុក​២​ឆ្នាំនេះ សម្រាប់​ខ្ញុំ​ចង់​ឃើញ​អ្នក​កាន់​ច្បាប់​នៅ​ស្រុក​ខ្មែរ​ទាំងអស់ ឈរ​លើ​គោលការណ៍​អព្យាក្រឹត្យ​មិន​ប្រកាន់​បក្ខពួក អ៊ីចឹង​ទើប​ប្រពល​រដ្ឋ​ទទួល​បាន​អយុត្តិធម៌​ពិត​ប្រាកដ»

ស្រដៀង​គ្នា​នេះ​ដែរ សហគមន៍​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា និង​អ្នក​មាន​អំណាច​ក៏​រង​អំពើ​អយុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​នេះ​ដែរ ដូចជា​សហគមន៍​ដីធ្លី​នៅ​ខេត្តកោះកុង ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​កណ្តាល និង​ករណី​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​តំបន់​បឹង​តាមោក​នៅក្នុង​រាជធានី​ភ្នំពេញ​ជាដើម។

ផ្ទុយទៅវិញ​លោក ហ៊ុន សែន តែង​ចេញមុខ​អន្តរាគមន៍​ជួយ​មនុស្ស​នៅ​ក្បែរ ឬ​អ្នក​ធ្វើ​ការងារ​បម្រើ​ផលប្រយោជន៍​ក្រុម​គ្រួសារ​របស់​លោក​នោះ​។ ថ្មីៗ​នេះ​លោក​បាន​ចេញមុខ​ធានា​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​អន្តរជាតិ​នៅ​ទូរទស្សន៍​បាយ័ន​របស់​កូនស្រី​លោក គឺ​អ្នកស្រី ហ៊ុន ម៉ាណា ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​រឿង​លក់​ដី​ខ្យល់ តម្លៃ​ប្រមាណ​៣៦​លាន​ដុល្លារ។ ករណី​មួយទៀត​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ចាប់ខ្លួន​អ្នកស្រី សៀង ចាន់ហេង នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ប្អូនស្រី​របស់​លោក​គឺ​អ្នកស្រី ហ៊ុន ប៊ុនធឿន។ ដោយសារ​សុទ្ធតែ​គ្នាឯង​ដូច្នេះហើយ​លោក ហ៊ុន សែន បាន​លុបចោល​ការ​ចាប់ខ្លួន​វិញ ក្រោយ​អ្នកស្រី សៀង ចាន់ហេង ព្រម​ប្រគល់​ដី​ឱ្យ​ប្អូនស្រី​ពៅ​របស់​លោក ក្រោម​ការ​សម្របសម្រួល​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី។

ចំណែក​ព្រឹត្តិការណ៍​នៅមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧​នេះ​វិញ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​តុលាការ​លើកលែង​បទចោទប្រកាន់ និង​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​សិទ្ធិមនុស្ស​បន្ទាប់ពី​ពួកគេ​សុំទោស​លោក និង​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន ករុណា មាន​ប្រសាសន៍​ថា មតិ​ជាតិ​និង​អន្តរជាតិ​តែងតែ​រិះគន់​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ច្បាប់​កន្លង​មក​ដែល​មិនបាន​ឆ្លងកាត់​ការ​ពិភាក្សា​ឱ្យ​បាន​ត្រឹមត្រូវ​។ លោក​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ជាក់ស្តែង​វិញ​មិន​ឆ្លុះបញ្ចាំង​ពី​ឯករាជ្យភាព និង​អព្យាក្រឹតភាព​ឱ្យ​ដូច​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​នោះ​ទេ ហើយ​បញ្ហា​ទាំងនេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យខ្លាច និង​លែង​ជឿ​ទុក​ចិត្ត​លើ​ស្ថាប័ន​តុលាការ​ថា នឹង​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ​ដែល​គ្មាន​លុយ​គ្មាន​អំណាច ស្របពេល​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បង្ក្រាប​លើ​សកម្មជន​នយោបាយ សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី​នៅតែ​កើត​មាន​ឡើង​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​បន្ថែម​ទៀត។

លោក ស៊ឹង សែនករុណា៖ «បើសិន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ គឺ​ខ្ញុំ​ជឿជាក់​ថា បញ្ហា​យុត្តិធម៌​សង្គម​ក៏​គេ​(​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​) ឱ្យ​តម្លៃ​ទៅតាម​ហ្នឹង​ដែរ ដោយ​គេ​មិន​បាន​ទៅ​រិះគន់​ធ្វើ​អ្វី​ទេ ផ្ទុយទៅវិញ​គេ​មានតែ​សាទរ ហើយ​បើសិនជា​(​ប្រព័ន្ធ​យុត្តិធម៌) មិនល្អ​ប្រសើរ​ទេ​ចង់​មិន​ចង់​គឺ​ប៉ះពាល់​ដល់​ប្រព័ន្ធ​តុលាការ​ខ្លួនឯង​ផង ប៉ះពាល់​ដល់​មុខមាត់​ប្រទេសជាតិ​ផង នៅពេល​ឮ​ថា​ប្រព័ន្ធ​តុលាការ​កម្ពុជា តើ​អន្តរជាតិ​មាន​ជំនឿ​របៀប​ម៉េច​ទៅ​បាទ»

កាលពី​ឆ្នាំ​២០២២ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) បាន​ចេញ​របាយការណ៍​មួយ​ស្ដីពី​សន្ទស្សន៍​នៃ​ការ​គោរព​នីតិរដ្ឋ ដោយ​បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា នៅ​ជិត​បាត​តារាង គឺ​ជាប់​លេខ​១៣៩ ក្នុង​ចំណោម ១៤០​ប្រទេស​ដែល​មាន​កេរ្តិ៍ឈ្មោះ​អសោច​ខាង​ការ​មិន​គោរព​សិទ្ធិ​មនុស្ស និង​រំលោភ​ប្រព័ន្ធ​នីតិរដ្ឋ​។ របាយការណ៍​នេះ​បញ្ជាក់​ថា ចំណាត់ថ្នាក់​អាក្រក់​នេះ​ដោយសារ​តែ​មាន​ការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។