គ្រួសារ​ជន​រងគ្រោះ​ប្ដឹង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​នៅ​ខេត្ត​កំពង់ធំ​ពី​បទ​បង្ក​របួស​ស្នាម

0:00 / 0:00

ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ចំពោះ​ករណី​ប៉ូលិស​នគរបាល​ប៉ុស្តិ៍​ម្នាក់​ដែល​រង​ការ​ចោទ​ថា បាន​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​មក​លើ​កូន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ មេសា។ យ៉ាង​ណា ប៉ូលិស​រូប​នោះ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ក្រុម​គ្រួសារ​ជន​រងគ្រោះ សម្រេច​ប្ដឹង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្នោតជុំ ស្រុក​បារាយណ៍ ម្នាក់​ពី​បទ​បង្ក​របួស​ស្នាម។ ជន​រងគ្រោះ​ឈ្មោះ លោក ម៉ូ ស្ម័គ្រ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៣ មេសា និង​ដាក់​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៤ មេសា ដោយ​ប្ដឹង​ឈ្មោះ នាង យ៉េង ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ពី​បទ​ប្រើ​ហិង្សា​មក​លើ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ មេសា ក្នុង​ពិធី​រាំរែក​មួយ​នៅ​វត្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ។

ឪពុក​ជន​រងគ្រោះ លោក រ៉ាយ ម៉ន មាន​ប្រសាសន៍​ថា ក្រោយ​ពេល​កើត​ហេតុ​ភ្លាមៗ កូន​របស់​លោក​មាន​អាការៈ​ក្អួត​ចង្អោរ​ដោយ​ចេញ​ឈាម និង​ឈឺ​ចាប់​ក្នុង​ខ្លួន​ផង ក្រុម​គ្រួសារ​ក៏​បាន​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បារាយណ៍ ហើយ​ស្ថានភាព​នៅ​តែ​ធ្ងន់ធ្ងរ ក៏​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ត​ទៀត។ លោក​ថា ការ​ប្ដឹង​នេះ គឺ​ស្នើ​ឲ្យ​តុលាការ​ចាត់​វិធានការ​ទៅ​តាម​ច្បាប់ និង​ទាមទារ​សំណង​ខ្លះ​យក​មក​មើល​ជំងឺ​កូន​របស់​ខ្លួន៖ «បាទ! របួស​ធ្ងន់ ក្មួយ! មុន​ទៅ​ពេទ្យ​មាន​ក្អួត​ឈាម ហើយ​អូស​អេកូ​មើល​គេ​ថា​ប៉ះពាល់​នឹង​ប្លោក​នោម»

ក្នុង​ពាក្យ​បណ្ដឹង​បញ្ជាក់​ថា កាល​ពី​យប់​កើត​ហេតុ​ថ្ងៃ​ទី​១៨ មេសា ឈ្មោះ ម៉ូ ស្ម័គ្រ បាន​ទៅ​គប់​ប៉េងប៉ោង ហើយ​ត្រូវ​រង្វាន់​បាន​ស្រា​មួយ​ដប។ ក្រោយ​មក​ជន​រងគ្រោះ​បម្រុង​ចេញ​ទៅ​ទិញ​សាច់​ក្លែម ប៉ុន្តែ​បែរ​ជា​ត្រូវ​ប៉ូលិស​ឈ្មោះ នាង យ៉េង មក​ចាប់​ក​អាវ ហើយ​អុក​ជង្គង់ ព្រម​ទាំង​វាយ​នឹង​កាំភ្លើង​បណ្ដាល​ឲ្យ​បែក​ក្បាល​ទៀត​ផង។

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​ត្នោតជុំ លោក នាង យ៉េង បញ្ជាក់​ថា កាល​ពី​យប់​កើត​ហេតុ គឺ​លោក និង​សមត្ថកិច្ច​ឯ​ទៀត​មិន​បាន​វាយ​ឈ្មោះ ម៉ូ ស្ម័គ្រ ទេ ប៉ុន្តែ​ខណៈ​នាំ​ខ្លួន​ជន​នោះ​ចេញ​ពី​កន្លែង​រាំរែក ដោយសារ​គាត់​ស្រវឹង ហើយ​រាំ​ជះ​ស្រា​ទៅ​លើ​គេ និង​លោក​ផង គឺ​មាន​ការ​ប្រទាញប្រទង់​គ្នា ទើប​បណ្ដាល​ឲ្យ​បុគ្គល​នោះ​បែក​ក្បាល​ដោយ​មិន​ដឹង​មូលហេតុ៖ «បាទ! ប្រទ្រូសប្រទ្រាស់​គ្នា​មិន​ដឹង​ប៉ះ​នឹង​អី ព្រោះ​កម្លាំង​ខ្ញុំ​សុទ្ធតែ​ស្ពាយ​កាំភ្លើង។ ហើយ​គេ​ប្រឹង​រើ​ប្រឹង​អី​ផង​តាំង​ចាប់​តាំង​អី មិន​ដឹង​ប៉ះ​អី​ទេ​បង»

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ដដែល​បន្ថែម​ថា លោក​គ្រាន់​តែ​នាំ ឈ្មោះ ម៉ូ ស្ម័គ្រ ចេញ​ពី​វង់​រាំរែក ប៉ុន្តែ​មិន​ទាន់​បាន​បញ្ជូន​ទៅ​នគរបាល​ប៉ុស្តិ៍​ទេ ព្រោះ​គាត់​ក៏​បាន​រើ​ម្តង​ទៀត ហើយ​រត់​ចេញ​ពី​សមត្ថកិច្ច​នៅ​យប់​នោះ​ទៅ។ យ៉ាង​ណា ការ​ប្ដឹង​នេះ​លោក​ថា ជា​សិទ្ធិ​របស់​ពលរដ្ឋ ហើយ​លោក​ក៏​ត្រៀម​ខ្លួន​ចូល​បំភ្លឺ ប្រសិន​បើ​មាន​ការ​កោះ​ហៅ។

ដោយ​ឡែក​នាយ​រង​នគរបាល​ប៉ុស្តិ៍​ត្នោតជុំ លោក ម៉ន យីន មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​លោក​បាន​បញ្ជូន​ទៅ​អធិការ​ស្រុក​រួច​រាល់​ហើយ ហើយ​ខាង​លោក​នឹង​បន្ត​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ​បន្ថែម​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​កំពង់ធំ លោក ឈួម រុណ បញ្ជាក់​ថា ជន​រងគ្រោះ​ពិត​ជា​មាន​របួស​ក្បាល និង​ប៉ះពាល់​ដល់​តម្រង់​នោម​មែន។ ប្រសិន​ករណី​នេះ​ពិត​ជា​ដូច​ការ​អះអាង​របស់​ជន​រងគ្រោះ លោក​ថា មន្ត្រី​សមត្ថកិច្ច គឺ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ផ្លូវ​ច្បាប់៖ «ប៉ូលិស​ធ្វើ​អ៊ីចឹង គឺ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ទេ ព្រោះ​ការ​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​អ៊ីចឹង អា​ហ្នឹង​ជា​ទម្លាប់​អាក្រក់​មួយ​សម្រាប់​សមត្ថកិច្ច»

លោក ឈួម រុណ ថា ខាង​លោក​នឹង​បន្ត​តាម​ដាន​ករណី​នេះ​បន្ថែម​ទៀត។ តែ​យ៉ាង​ណា លោក​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ គប្បី​ស៊ើប​អង្កេត​ជុំវិញ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ស្វែងរក​ភាព​យុត្តិធម៌​ជូន​ជន​រងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។