អគ្គស្នងការនគរបាលជាតិ ប្រកាសថា គ្មានការលើកលែង ចំពោះការផាកពិន័យករណីគ្មានប័ណ្ណបើកបរទេ ទាំងឡាន និងម៉ូតូ (លើ ១២៥cc)។ ការប្រកាសបែបនេះ បន្ទាប់ពីមានបណ្ដាញទំនាក់ទំនងសង្គម (youtube) បានយកខ្លឹមសារចាស់ កាលពីឆ្នាំ២០១៥ របស់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន មកបង្ហោះឡើងវិញ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្កការរាំងស្ទះដល់ការអនុវត្តច្បាប់ និងបង្កភាពអវិជ្ជមានដល់បរិយាកាសសង្គម។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ នៅថ្ងៃទី១០ ខែឧសភា ថា ចាប់តាំងពីថ្ងៃទី១ ឧសភាមក អគ្គស្នងការនគរបាលជាតិ ពុំបានប្រកាស ឬពុំបានដាក់ចេញគោលនយោបាយពន្យារពេល ឬលើកពេលការត្រួតពិនិត្យ និងពិន័យចំពោះករណីគ្មានប័ណ្ណបើកបរទេ។ ការផាកពិន័យប័ណ្ណបើកបរ កំពុងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់។
អនុក្រឹត្យថ្មី (លេខ៣៩) កំណត់ឲ្យផាកពិន័យ អ្នកបើកបរយានយន្តធុនស្រាល គ្មានប័ណ្ណសំគាល់យានយន្ត ឬគ្មានស្លាកលេខ ចំនួន ១លាន ២សែន (១.២០០.០០០) រៀល ឬស្មើប្រមាណ ៣០០ដុល្លារអាមេរិក។ ឯយានយន្តធុនធ្ងន់ ផាកពិន័យទឹកប្រាក់ ២លាន ៤សែន (២.៤០០.០០០) រៀល ស្មើប្រមាណ ៦០០ដុល្លារ។
នគរបាលចរាចរណ៍ អនុវត្តការផាកពិន័យ ចំនួន ១៦ចំណុច សម្រាប់បទល្មើសចរាចរណ៍នៃអនុក្រឹត្យនេះ គឺសម្រាប់ទោចក្រយាន និងត្រីចក្រយាន (ម៉ូតូ ឬរ៉ឺម៉កកង់បី) ផាកពិន័យ ៧ចំណុច។ ឯ រថយន្ត ផាកពិន័យ ៩ចំណុច។
បទល្មើសម៉ូតូ ៧ករណី ដែលត្រូវផាកពិន័យ គឺមិនពាក់មួកសុវត្ថិភាព បើកម៉ូតូក្នុងស្ថានភាពស្រវឹងមិនគោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ ល្មើសការបត់ និងវ៉ាជែង ដឹកលើសចំណុះ គ្មានស្លាកលេខ និងប្រើប្រាស់ទូរស័ព្ទ ដោយគ្មានដោយគ្មានឧបករណ៍ភ្ជាប់សំឡេង ឬកាស។ ករណីរថយន្ត ត្រូវពិន័យ ៩បទល្មើស គឺល្បឿន ស្រវឹង គ្មានបណ្ណីបើកបរ មិនគោរពភ្លើងសញ្ញា ល្មើសក្នុងការបត់ និងវ៉ាជែង មិនពាក់ខ្សែក្រវាត់សុវត្ថិភាពដឹកលើសចំណុះ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេង។
បើទោះជាយ៉ាងណា ពលរដ្ឋ និងសង្គមស៊ីវិល ស្នើសុំឲ្យរដ្ឋាភិបាលពន្យាពេល អនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មីនេះ ឬកែប្រែច្បាប់ សុំឲ្យលើកលែងប័ណ្ណបើកបរ ចំពោះរ៉ឺម៉កកង់បី រ៉ឺម៉កផាសអេប (Pass App) ម៉ូតូសណ្ដោងរ៉ឺម៉កជាដើម។ អ្នកប្រកបរបរទាំងនេះ ប្រាប់ថា ពួកគេពិបាកធ្វើប័ណ្ណបើកបរ ព្រោះពួកគេមិនចេះអក្សរ មិនអាចប្រឡងជាប់ទ្រឹស្ដី ទីតាំងធ្វើប័ណ្ណបើកបរនៅឆ្ងាយ និងខ្វះលទ្ធភាពបង់ថ្លៃធ្វើប័ណ្ណបើកបរ ហើយអាជ្ញាធរ មិនទាន់ផ្សព្វផ្សាយទូលាយ និងជួយសម្រួល បង្កលក្ខណៈងាយស្រួល ដល់បញ្ហាទាំងនេះ។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផ្ដល់យោបល់ឲ្យអាជ្ញាធរបន្ថែមទីតាំងធ្វើប័ណ្ណបើកបរ ឲ្យដល់ថ្នាក់ស្រុកខណ្ឌ ឬ ថ្នាក់ឃុំសង្កាត់ និងបន្ទាប់តម្លៃ ធ្វើប័ណ្ណបើកបរឲ្យទាប ដើម្បីបង្កលក្ខណៈឲ្យពលរដ្ឋងាយស្រួលទើបការអនុវត្តច្បាប់មានប្រសិទ្ធិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។