ស្នងការនគរបាលជាតិ ឱ្យដឹងថា នគរបាលផ្សារដេប៉ូ១ គ្មានកំហុសនោះទេ ក្នុងករណីចាប់ក្រៀកយុវជនម្នាក់ ហើយប្រើអំពើហិង្សាវាយដំ បណ្ដាលឱ្យល្បីរន្ទឺក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីខែមុននោះ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សយល់ថា ការបណ្ដោយឱ្យនគរបាល ដែលប្រព្រឹត្តខុសច្បាប់ រួចខ្លួនបែបនេះគឺជាគំរូអាក្រក់មួយ និងហាក់ដូចជាលើកទឹកចិត្តឱ្យករណីបែបនេះកើតឡើងញឹកញាប់។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា នគរបាលផ្សារដេប៉ូ១ មិនបានប្រព្រឹត្តខុសរហូតដល់ដាក់ពិន័យ និងប្រឈមផ្លូវច្បាប់នោះទេ បន្ទាប់ពីអង្គភាពរបស់លោកបានធ្វើការស្រាវជ្រាវរួចរាល់។
លោក ឆាយ គឹមខឿន បន្តថា មូលហេតុដែលក្រុមនគរបាលផ្សារដេប៉ូ១ ប្រើហិង្សាលើយុវជនម្នាក់នោះ ព្រោះយុវជននោះមានកាំបិតក្នុងដៃ និងដេញចាក់អ្នកដទៃ ទើបនគរបាលប្រើកម្លាំងបង្ក្រាបខ្លះ៖ «វាតដៃហើយយកកាំបិត ចាក់គេ គឺធម្មតាគេត្រូវបង្ក្រាបអ៊ីចឹងខ្លះហើយ។ មើលប៉ូលិសអាមេរិក វាយខ្នោះជាន់កជាប់ថ្នល់អីវិននោះ។ គេអត់យកអាឃ្លិបដំបូងមកភ្ជាប់ទេ ពេលវាដេញចាក់គេ ដេញកាប់គេពេញហ្នឹង ហើយកាត់តែកន្លែងប៉ូលិស ក្លេវាយប៉ុន្មានដៃហ្នឹងមកបង្ហោះហើយថា ប៉ូលិសអាក្រក់អញ្ចេះ អញ្ចោះ .. វាយប្រជាពលរដ្ឋ។ តាមពិត គេបង្ក្រាបតើ ! អាវីដេអូនោះ ថតតែមួយកំណាត់ហើយអាកំណាត់មុនអត់ថត»។
អាស៊ីសេរី បានព្យាយាមទាក់ទងនាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ១ ប៉ុន្តែ លោកមិនទទួលទូរស័ព្ទ។
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ អ្នកប្រើប្រាស់បណ្ដាញសង្គម បានចែកចាយព្រោងព្រាតនូវវីដេអូឃ្លិបរយៈពេល១៧ វិនាទី បង្ហាញពីសមត្ថកិច្ច នគរបាលម្នាក់ចាប់ដៃយុវជនម្នាក់ពាត់មកក្រោយខ្នង ហើយនគរបាល ២នាក់ទៀត ព្រួតវាយដំយុវជននោះយ៉ាងដំណំ ដោយប្រើដំបងផង ជង្គង់ផង កែងផង និងកណ្ដាប់ដៃផងរហូតដល់យុវជននោះទ្រោមខ្លួននិងបែកឈាម។ ចំណែកនគរបាលម្នាក់ទៀតស្ពាយកាំភ្លើង ឈរការពារក្បែរអំពើហិង្សានោះ។
នាយប៉ុស្តិ៍នគរបាលផ្សារដេប៉ូ១ ធ្លាប់សារភាពថា ពួកគាត់ពិតជាបានប្រើអំពើហិង្សាលើយុវជនម្នាក់ដូចការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មែន នៅយប់ថ្ងៃទី១៤ ខែមករា ប៉ុន្តែការប្រើហិង្សានោះ លោកអះអាងថា ដើម្បីការពារខ្លួនប៉ុណ្ណោះ ព្រោះយុវជននោះ មានកាំបិតក្នុងដៃ ខ្លាចចាក់ពួកលោកស្លាប់ គ្មានអ្នកណាទទួលខុសត្រូវ។
លោកបញ្ជាក់ថា ការប្រើអំពើហិង្សានោះ កើតឡើងដោយសារឪពុកម្ដាយយុវជននោះ មកប្ដឹងឱ្យសមត្ថកិច្ចជួយឃាត់ និងអប់រំកូនឈ្មោះ ឆាយ ហេង អាយុ២៤ ឆ្នាំរស់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ដែលមានសតិមិនសូវល្អនិងរករឿងក្នុងគ្រួសារ។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការការពារខ្លួនស្របច្បាប់ គឺជាគោលការណ៍ការពារខ្លួនសមស្រប ឬដោយកម្លាំងសមាមាត្រគ្នា ប៉ុន្តែក្នុងវីដេអូឃ្លិបនោះ គឺបង្ហាញថា សមត្ថកិច្ចមានកម្លាំងលើសលប់ និងបានចាប់ខ្លួនយុវជននោះរួចទៅហើយ ដូច្នេះមិនត្រូវប្រើអំពើហិង្សានោះទេ។ លោកសម្ដែងការសោកស្ដាយ និងយល់ឃើញថា ការដែលថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ មិនបានចាត់វិធានការតាមនីតិវិធីច្បាប់លើលើមន្ត្រីថ្នាក់ក្រោមដែលបំពាន់ច្បាប់បែបនេះ គឺហាក់ដូចជាបណ្ដោយឱ្យមានអំពើបំពានច្បាប់ អំពើនិទ្ទណ្ឌភាព និងកាន់តែឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើអ្នកអនុវត្តច្បាប់បន្ថែមទៀត៖ «បាទ ! វាគឺជាគំរូអាក្រក់មួយដែលមិនគួរណាកើតឡើងហើយ យើងអត់ចាត់វិធានការទេ ព្រោះអាចធ្វើឱ្យបាត់បង់ នូវតម្លៃទៅលើមន្ត្រីសមត្ថកិច្ចដែលគេអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ ហើយគេមិនពេញចិត្តចំពោះការប្រព្រឹត្តខុសរបស់មន្ត្រីរូបនោះ។ ម្យ៉ាងទៀតកាលណាអត់ចាត់វិធានការអ៊ីចឹង ធ្វើឱ្យមន្ត្រីផ្សេងៗទៀត យកគំរូតាមថា ការប្រព្រឹត្តបែបនេះដូចជាមិនមានទោសទណ្ឌអីផង ហើយបន្ត ធ្វើទង្វើខុសច្បាប់តទៅទៀត»។
អ្នកជំនាញផ្នែកច្បាប់ និងជាមេធាវីចាស់វស្សា លោក សុក សំអឿន មានប្រសាសន៍ថា ក្នុងករណីនេះ ប្រសិនបើខាងស្នងការនគរបាល មិនចាត់វិធានការតាមច្បាប់នោះទេ គឺខាងព្រះរាជអាជ្ញាដែលតំណាងឱ្យរដ្ឋ ត្រូវមានតួនាទីចាត់វិធានការការពារច្បាប់រដ្ឋ ដើម្បីបង្ការ កុំឱ្យមានអំពើបំពានច្បាប់បែបនេះទៀត ទោះបីពុំមានបណ្ដឹងក៏ដោយចុះ។ លោកមេធាវីបញ្ជាក់ថា ក្នុងច្បាប់កម្ពុជា ពុំអនុញ្ញាតឱ្យសមត្ថកិច្ច ប្រើកម្លាំងបង្ក្រាបទៅលើជនណាម្នាក់ដែលស្ថិតក្នុងការឃុំខ្លួនរបស់សមត្ថកិច្ច ឬដែលលែងអាចតដៃបាននោះទេ ប៉ុន្តែលោកថា មូលហេតុ ដែលសមត្ថកិច្ចតែងតែប្រើអំពើហិង្សាលើពលរដ្ឋ ឬជនសង្ស័យនោះ គឺដោយសារពួកគេមិនសូវយល់ដឹងពីច្បាប់ និងតែងតែរួចខ្លួនពីសំណាញ់ច្បាប់ ព្រមទាំងទំនងជាទម្លាប់អាក្រក់ដែលបន្សល់មកពីរបបខ្មែរក្រហមផងដែរ៖ «បើនិយាយពីការការពារខ្លួន បើសិនបើមនុស្សនោះ បាត់បង់ភាពតបតដូចថាប៉ូលិសចាប់បានហើយ ចងហើយ ឬក៏ដាក់ខ្នោះហើយឬក៏ចាប់ក្រៀកហើយអ៊ីចឹង បែរជាយើងទៅប្រើកម្លាំងវាយអីចឹង គឺមិនមែនជាការការពារខ្លួនទៀតទេ វាទៅជាការវាយធ្វើបាបវិញ។ បើការវាយធ្វើបាបនោះវាឃោរឃៅ គឺក្នុងច្បាប់មានទោសពីបទឃោរឃៅដែលអាចជាប់ទោសច្រើនឆ្នាំពី ៧ ដល់ ១៥ឆ្នាំ ហើយបើវាយសួរចម្លើយទៀត គឺមានទោសពីបទធ្វើទារុណកម្ម។ បើយើងនិយាយពីរឿងទូទៅ .. ព្រះរាជអាជ្ញាគឺជាអ្នកទទួលខុសត្រូវ ថាតើមានការខុសច្បាប់ឬអត់ ?»។
ចំពោះករណីនេះ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឆ្លើយតបតាមបណ្ដាញសង្គមតេឡេក្រាម(Telegram) យ៉ាងខ្លីថា អ្នកនាំពាក្យតុលាការមិនមែនជាអ្នកបកស្រាយច្បាប់នោះទេ និងម្យ៉ាងទៀតអ្នកសារព័ត៌មានក៏មិនមែនជាភាគីនៃរឿងក្តីដែលត្រូវចូលរួមជាមួយនឹងចំណាត់ការរឿងក្តីរបស់តុលាការនោះដែរ។
ចំណែកលោកមេធាវី សុក សំអឿន សម្ដែងការសោកស្ដាយដែលព្រះរាជអាជ្ញាមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប៉ុន្តែបែរជា តែងតែលើកហេតុផលផ្សេងៗទៅវិញ។ លោកសង្កេតឃើញថា កន្លងទៅទាល់តែមានប្រតិកម្មខ្លាំងៗពីប្រជាពលរដ្ឋ និងមានការប្រកូកប្រកាសផ្ទាល់ពីថ្នាក់លើ ទើបព្រះរាជអាជ្ញាចេញមុខធ្វើការ បើពុំនោះទេពួកគេពុំធ្វើការរបស់ខ្លួនឡើយ។
ករណីមន្ត្រីសមត្ថកិច្ចប្រើអំពើហិង្សាទាំងបំពានច្បាប់លើប្រជាពលរដ្ឋ ឬជនសង្ស័យនេះ ត្រូវបានគេសង្កេតឃើញថា កើតមានជាញឹកញ៉ាប់ នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងកាលពីយប់ថ្ងៃទី៨ ខែ កុម្ភៈថ្មីៗនេះ ក៏មាន មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនមួយក្រុម ព្រួតចាប់ និងប្រើហិង្សាលើ មន្ត្រីក្រសួងធនធានទឹកម្នាក់ឈ្មោះឡាយ ប៊ុនថូ ដោយ ច្រឡំថា មន្ត្រីរូបនេះ ពាក់ព័ន្ធគ្រឿងញៀន។ ចំណែកកាលពីថ្ងៃទី២៤ ខែមករា កងកម្លាំង សមត្ថកិច្ចចម្រុះ ៣រយនាក់ បានបើកការបាញ់ប្រហារដោយកាំភ្លើងគ្រាប់ពិត និងចាប់ចងអ្នកតវ៉ាដីធ្លីរួចប្រើអំពើហិង្សាយ៉ាងឃោរឃៅ បណ្ដាលឱ្យ ពលរដ្ឋម្នាក់រងរបួសធ្ងន់ដោយគ្រាប់កាំភ្លើង និងជាច្រើននាក់ទៀតរងរបួស ដោយការប្រើហិង្សា នៅក្នុងការអនុវត្តសាលដីការបស់តុលាការកំពូល លើដីមានវិវាទមួយកន្លែងស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មាត្រា២១០នៃក្រមព្រហ្មទណ្ឌចែងថា ទារុណកម្មឬអំពើឃោរឃៅ ដែលប្រព្រឹត្តទៅលើបុគ្គលណាមួយនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ឆ្នាំ ដល់១៥ឆ្នាំ។ លើសពីនេះ ប្រសិនបើការការប្រព្រឹត្តអំពើទារុណកម្ម និងអំពើឃោរឃៅបែបនេះ លើបុគ្គលទន់ខ្សោយដោយមូលហេតុនៃអាយុ លើស្ត្រីមានគភ៌ ឬលើបុគ្គលទន់ខ្សោយពិសេសដោយហេតុនៃជំងឺ ឬពិការភាព អាចផ្ដន្ទាទោសចាប់ពី ១០ឆ្នាំ ទៅ ២០ឆ្នាំ៕