សមត្ថកិច្ចចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិនៅខាងមុខតុលាការ
2024.07.02
សមត្ថកិច្ចចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ ៤នាក់រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី ខណ:ពួកគាត់ និងអ្នកគាំទ្ររាប់សិបនាក់ កំពុងប្រមូលផ្តុំគ្នា នៅខាងមុខតុលាការក្រុងភ្នំពេញ ដើម្បីត្រៀមចូលស្តាប់ការប្រកាសសាលក្រមកាត់ទោសពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងសកម្មភាពការពារបរិស្ថាន។ សមត្ថកិច្ចជាច្រើននាក់ និងសន្តិសុខក្រុងភ្នំពេញបានពង្រាយ និងចុះឡោមព័ទ្ធចាប់ពួកគាត់ រុញបញ្ចូលឡានហើយដឹកចេញទៅតែម្តង។
ចំណែកសកម្មជនបរិស្ថានម្នាក់ទៀតលោក យីម លាងហ៊ី មិនឃើញមានវត្តមាននោះទេ។ សកម្មជនបរិស្ថានឲ្យដឹងថា ដំបូងឡើយ លោក យីម លាងហ៊ី ក៏បានធ្វើដំណើរមកតុលាការដូចពួកគាត់ដែរ ប៉ុន្តែគាត់ភ្លេចអាវនៅផ្ទះ ហើយត្រឡប់ទៅយកអាវវិញ ស្រាប់តែបាត់ដំណឹងតែម្តង។ សកម្មជនបរិស្ថាននិងគ្រួសារបារម្ភថា លោក យីម លាងហ៊ី ប្រហែលជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនដែរ។ ក្រុមអ្នកគាំទ្រនាំគ្នាស្រែកទ្រហោយំ និងថ្កោលទោសចំពោះតុលាការ និងសមត្ថកិច្ច ដែលចាប់ខ្លួនសកម្មជនបរិស្ថានទាំងគ្មានកំហុស។
នៅមុនពេលចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ នាំគ្នាស្លៀកស ពាក់ស រុំក្រណាត់សនៅលើក្បាលដៃកាន់ផ្កាឈូក និងធូប ព្រមទាំងបដាដែលសរសេរថា ''យុត្តិធម៌''ស្លាប់ហើយ ដើរដង្ហែក្បួនតាមផ្លូវឆ្ពោះទៅតុលាការ ដើម្បីទទួលសាលក្រមកាត់ទោស។ ពួកគាត់បានឡើងថ្លែងសារម្នាក់ម្តងទៅកាន់អ្នកគាំទ្រ ពីរឿងអយុត្តិធម៌សង្គម និងលើកទឹកចិត្តកុំឲ្យយុវជន និងពលរដ្ឋខ្មែរបាក់ស្មារតី ដោយសារការចាប់ខ្លួនពួកគាត់។ ក្រុមយុវជនបរិស្ថានទាំងនេះ ឲ្យដឹងថា ពួកគាត់បានត្រៀមខ្លួនរួចហើយដើម្បីជាប់ពន្ធនាគារ ព្រោះពួកគាត់ដឹងថា តុលាការ មិនបានកាត់ក្តីពួក ដោយវិជ្ជាជីវៈនិងតាមគោលការណ៍ច្បាប់ឡើយ៕
វីដេអូ៖ សកម្មជនយុវជនចលនាធម្មជាតិនៅមុខតុលាការ និងពេលត្រូវសមត្ថកិច្ចចាប់ខ្លួន
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយនារាត្រីនេះ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។