សាលាដំបូងភ្នំពេញសាកសួរអ្នកបុរីកីឡាករណីប្ដឹងអភិបាលខណ្ឌ៧មករា
2014.09.30

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅអ្នកបុរីកីឡា ជាដើមបណ្ដឹងឲ្យចូលខ្លួនបំភ្លឺ ចំពោះករណីប្ដឹងចោទមន្ត្រីអាជ្ញាធរខណ្ឌ៧មករា ពីបទប្រើហិង្សាដោយចេតនាទៅលើស្ត្រីមានផ្ទៃពោះ ចាស់ជរា និងកុមារ នៅពេលពួកគាត់ចូលទៅរស់នៅក្នុងអគារទី៩ ដែលក្រុមហ៊ុនរបស់ អ្នកស្រី ស៊ុយ សុផាន កំពុងសាងសង់។
តំណាងស្ត្រីសហគមន៍បុរីកីឡា លោកស្រី ឆាយ គឹមហ៊ន បានថ្លែងនៅមុខអគារតុលាការ បន្ទាប់ពីចៅក្រមសាកសួរនៅថ្ងៃទី៣០ ខែកញ្ញា ថា ចៅក្រមស៊ើបសួរ លោក តាំង ស៊ុនឡាយ បានកោះហៅពួកគាត់ទាំង ៧នាក់ ដើម្បីសាកសួរលើបណ្ដឹងដែលពួកគាត់បានប្ដឹងអាជ្ញាធរខណ្ឌ៧មករា កាលពីថ្ងៃទី១១ មីនា។ អ្នកស្រីបន្តថា ពួកគាត់បានដាក់បញ្ចូលសាក្សីរស់បន្ថែមក្នុងសំណុំរឿងនេះ ក្រៅអំពីភស្តុតាងជាច្រើនដែលបានដាក់រួចហើយ។ អ្នកស្រីសង្ឃឹមថា តុលាការនឹងមានចំណាត់ការដ៏ត្រឹមត្រូវប្រកបដោយយុត្តិធម៌។
លោកស្រី ឆាយ គឹមហ៊ន៖ «ពេលនេះមើលទៅហាក់ដូចជាមានចំណាត់ការល្អសម្រាប់ពួកយើង តែមិនមែនឲ្យល្អឥតខ្ចោះទេ ត្រឹមតែ ១០ភាគរយតែប៉ុណ្ណោះឯង ព្រោះពីមុនមក ខាងព្រះរាជអាជ្ញាបានហៅពួកយើងទៅស៊ើបសួរ បន្ទាប់មកទៀតបានដល់ចៅក្រមស៊ើបសួរទៀត។ ពួកយើងសង្ឃឹមថា តុលាការនឹងកោះហៅចុងចោទទាំងអស់មកសួរដូចជាពួកយើងដែរ»។
អាជ្ញាធរខណ្ឌទាំង ៣រូប ដែលអ្នកបុរីកីឡា បានប្ដឹងមាន អភិបាលខណ្ឌ៧មករា លោក សោម សុវណ្ណ អភិបាលរង លោក លឹម សុភា និងប្រធានសន្តិសុខខណ្ឌ លោក ប្រាក់ ហាក់។ ការប្ដឹងនេះ បន្ទាប់ពីកងសន្តិសុខខណ្ឌ៧មករា ប្រមាណ ៣០នាក់ ដែលចុះបញ្ជាផ្ទាល់ដោយអភិបាលខណ្ឌ អភិបាលរងខណ្ឌ និងប្រធានសន្តិសុខ បង្ក្រាប និងបណ្ដេញចេញក្រុមអ្នកបុរីកីឡា ដែលបានឡើងទៅរស់នៅអគារបុរីកីឡាជាន់ទី៩ កាលពីថ្ងៃទី១៤ កុម្ភៈ ដោយសារពួកគាត់មិនអាចរង់ចាំក្រុមហ៊ុនដោះស្រាយប្រគល់ជូនគាត់៕