តុលាការគ្រោង​ជម្រះក្តីសកម្មជនមាតាធម្មជាតិ​ ៣នាក់នៅ​សប្តាហ៍​ក្រោយ

ដោយ សេក បណ្ឌិត
2021.03.25
តុលាការគ្រោង​ជម្រះក្តីសកម្មជនមាតាធម្មជាតិ​ ៣នាក់នៅ​សប្តាហ៍​ក្រោយ (ឆ្វេង) លោក ថុន រដ្ឋា កញ្ញា ឡង គន្ធា និង​កញ្ញា ភួន កែវរស្មី ក្រុមយុវជនចលនាមាតាធម្មជាតិ។
រូប៖ ហ្វេសប៊ុករបស់ពួកគេទាំងបីនាក់។

សាលាដំបូង​រាជធានីភ្នំពេញ​គ្រោង​លើក​យក​​សំណុំ​រឿងសកម្មជន​មាតាធម្មជាតិទៅជំនុំ​ជម្រះ នៅថ្ងៃទី៣១ ខែមីនា បន្ទាប់​ពី​បាន​លើក​ពេល​កាល​ពី​ចុងខែកុម្ភៈ ដោយ​សារ​ការ​រាតត្បាត​ជំងឺកូវីដ-១៩ ក្នុង​សហគមន៍។ ប៉ុន្តែសវនាការ​នេះគ្រោង​​ធ្វើ​ឡើង​ចំពោះតែ​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ទាំង ៣នាក់ រួម​មាន ​យុវជន​ ថុន រដ្ឋា ឡុង គន្ធា និង​ភួន កែវរស្មី ប៉ុណ្ណោះ។ ចំណែក​អ្នក​នៅក្រៅឃុំ ២នាក់​ទៀត​ ពួក​គេ​មិន​មាន​ឈ្មោះក្នុង​លិខិត​របស់​តុលាការ​នោះទេ។

ប្រពន្ធ​លោក ថុន រដ្ឋា លោក​ស្រី ប៉ាត់ រស្មី ទទូច​ដល់​តុលាការ​ឱ្យ​បើក​សវនាការ​រឿងនេះតាម​កាល​កំណត់ ពីព្រោះ​ប្តីលោក​ស្រី​បានជាប់​ឃុំ​ដោយ​អយុត្តិធម៌​អស់​រយៈពេល​ជាច្រើន​ខែមក​ហើយ។ លោក​ស្រីទាម​ទារ​ឱ្យ​តុលាការ​ដោះលែងប្តី និង​សហការីពីរនាក់​ទៀត ពីព្រោះ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វីឡើយ។ លោក​ស្រី​បន្ថែម​ថា ការ​ឃុំ​ខ្លួន​ប្តីលោកស្រីយូរ​ ប៉ះពាល់​ជាខ្លាំង​ដល់​ផ្លូវចិត្ត និង​ជីវភាពគ្រួសារ ជាពិសេស​កូន​តូច​របស់​លោក​ស្រី ​ត្រូវ​រស់​នៅ​ដោយ​កំព្រាឪពុក«ប្តី​របស់​នាង​ខ្ញុំ ហើយ​និង​គ្នា​គាត់​ពីរនាក់​ទៀតហ្នឹង ត្រូវ​ទទួល​បាន​យុត្តិធម៌តាំងពីយូរ​ ព្រោះគាត់​អត់​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ទេ ហើយ​តុលាការ​ចេះ​តែ​ពន្យារៗ ​រហូត​មក​ដល់​ឥលូវ។ គាត់​គ្រាន់​តែ​ការពារ​បរិស្ថាន​ធនធាន​ធម្មជាតិ​ដែ​ល​គាត់​ស្រឡាញ់ អ៊ីចឹង​តុលាការ​នៅថ្ងៃទី៣១ ហ្នឹង ជំនុំ​ជម្រះ​ដោះលែង​ឱ្យ​គាត់​មាន​សេរីភាព​វិញទៅ ព្រោះ​គាត់​អត់​បាន​ប្រព្រឹត្ត​​កំហុស​អ្វីទេ»

អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន​​មាតាធម្មជាតិ​ទាំង ៣នាក់ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ២០២០។ ការ​ចាប់​ខ្លួន​នេះ កើត​មាន​ឡើងបន្ទាប់​ពី​កញ្ញា​ ឡុង គន្ធា បាន​បង្ហោះសារ​លើ​ហ្វេសប៊ុក​អំពីគម្រោង​ដើរពី​វត្តភ្នំទៅកាន់​ភូមិគ្រឹះលោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំជួប​ផ្ទាល់​ជាមួយ​លោកនិយាយ​អំពីបញ្ហា​លុប​បឹង​តាមោក ដែល​ស្ថិត​នៅ​ជាយ​​រាជ​ធានី​​ភ្នំពេញ។ តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ រួម​ទាំងលោក អាឡិច និង​សកម្មជន​ខ្មែរ​ថាវរៈ កញ្ញា ជា គន្ធីន សរុប​ទាំងអស់ ៥នាក់ ​ពី​បទ​ញុះញង់​ឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​​សង្គម ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២ឆ្នាំ។

មេធាវីការពារក្តី​ឱ្យ​សកម្មជនទាំង ៥រូប គឺលោក សំ ចំរើន ប្រាប់​អាស៊ីសេរី​ថា លោក​មិនដឹង​ពី​មូលហេតុ​ដែល​តុលាការ​គ្រោងជម្រះរឿងនេះ​ ទៅលើ​កូន​ក្តីលោក​​តែបីនាក់​បែបនេះទេ។ លោក​បញ្ជាក់ថា លោកនឹងពិភាក្សា​​ជាមួយ​កូន​ក្តី​ពីរនាក់​ទៀត ដើម្បី​ស្នើសុំ​បំបែក​សំណុំ​រឿង។ មេធាវី សំ ចំរើន ថ្លែងទៀតថា ពួក​លោក​ចង់​ឱ្យ​សវនាការ​នេះ​ធ្វើ​ឡើង​ដោយ​ឆាប់​រហ័សតា​ម​កាល​កំណត់ ប៉ុន្តែដំណើរការ​ជាក់ស្តែងយ៉ាងណានោះ លោក​ក៏​មិន​ប្រាកដ​ដែរ ព្រោះតុលាការ​ជា​អ្នក​សម្រេច។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសាកសួរ​រឿងនេះ​បាន​ទេ នៅថ្ងៃទី២៥ ខែមីនា ដោយ​ទូរស័ព្ទ​ចូល តែពុំ​មាន​អ្នក​ទទួល។

អ្នក​នាំពាក្យ​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ទទួល​ស្គាល់ថា ជំងឺកូវីដ-១៩ កំពុង​រាតត្បាត​ខ្លាំង ប៉ុន្តែ​តុលាការ​គួរ​តែ​លៃលក​យ៉ាង​ណា​ឱ្យ​សវនាការ​នេះ​អាច​ប្រព្រឹត្តទៅបាន ព្រោះ​សកម្មជនមាតាធម្មជាតិ​​ទាំង ៣នាក់ បាន​ជាប់ឃុំ​ជាច្រើន​ខែមក​ហើយ។ លោ​ក​សង្កត់ធ្ងន់ថា ការ​អូស​បន្លាយ​ពេល​កាន់​តែយូរក្នុង​ដំណើរ​ការ​ក្តី ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​សកម្មជន​ទាំងនោះ៖ «ពួក​គាត់​ទាំងអស់នេះ តាម​ដែល​យើង​ពិនិត្យ​មើល​កន្លងមក គឺ​មិន​មាន​អ្វី​ដែល​ជា​រឿង​រង​ការ​ចោទ​ប្រកាន់​អ្វី​ដល់​​កម្រិត​ធ្ងន់ធ្ងរ​ទេ ពីព្រោះ​ពួក​គាត់​សុទ្ធ​តែ​ជា​សកម្មជន​ដែល​ធ្វើ​កិច្ច​ការ​ងារ​សម្រាប់​ផល​ប្រយោជន៍ដល់​សង្គម​​ជាតិ»។​

គិត​ត្រឹម​ចុងខែមីនា ឆ្នាំ២០២១ នេះ សកម្មជន​មាតាធម្មជាតិ​ទាំង ៣នាក់ បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារអស់​រយៈពេលជិត ៧ខែ​ហើយ​។ ពួកគេ​នឹង​ត្រូវ​ជាប់​ឃុំ​​បន្តទៀត បើ​តុលាការ​ពន្យាពេល​សវនាការ ឬក៏​សម្រេចផ្តន្ទាទោស​ទៅ​តាម​បទចោទ​ប្រកាន់។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និង​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​ថ្កោល​ទោស​របបលោក ហ៊ុន សែន ​ជា​បន្តបន្ទាប់ ជុំវិញការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន និង​សកម្មជន​នយោបាយតាម​ទំនើងចិត្តនេះ។ ពួក​គេ​​​ស្នើ​យ៉ាង​ទទូច​ឱ្យ​របបនេះ ទម្លាក់​ចោលបទចោទប្រកាន់ និង​ដោះលែង​អ្នក​ជាប់ឃុំទាំងនោះឱ្យ​មាន​សេរីភាព ជាពិសេស​ត្រូវ​ងាក​មក​គោរព​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។