ប៉ូលិស​ថា មិន​ទាន់​បាន​ភស្តុតាង​បន្ថែម​លើ​សំណុំ​រឿង​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ

0:00 / 0:00

តុលាការ​ក្រុង​ភ្នំពេញ​មិន​ទាន់​បញ្ជូន​ភស្តុតាង​ដែល​បងស្រី​សកម្មជន​ថៃ​លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) បាន​ដាក់​ជូន ដើម្បី​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រឿង​ក្តី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​នេះ​នៅឡើយ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា តុលាការ​គួរតែ​បង្ហាញ​នូវ​តម្លាភាព​ក្នុង​ការ​ស៊ើបអង្កេត​ករណី​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ជឿ​ទុក​ចិត្ត​បាន។

ការ​ស៊ើបអង្កេត​សំណុំរឿង​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម នៅ​កណ្ដាល​ក្រុង​ភ្នំពេញ ហាក់​មិនទាន់​មាន​ដំណើរការ​ទៅមុខ​នៅឡើយ​ទេ ទោះជា​សាច់ញាតិ​របស់​សកម្មជន​រូប​នេះ បាន​ដាក់​ភស្តុតាង​ជាច្រើន​ដើម្បី​ជួយ​ដល់​ការស៊ើបអង្កេត​របស់​អាជ្ញាធរ​យ៉ាង​ណា​ក្តី។

អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១២ ធ្នូ ថា រហូតមកដល់​ពេលនេះ តុលាការ​ក្រុង​ភ្នំពេញ​មិន​ទាន់​បញ្ជូន​ឯកសារ​ភស្តុតាង​ដែល​បងស្រី​របស់​សកម្មជន​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ មក​ឲ្យ​សមត្ថកិច្ច​ក្រុងភ្នំពេញ ដើម្បី​ឲ្យ​ស៊ើបអង្កេត​បន្ថែម​ក្នុង​ករណី​នេះ​នៅឡើយ​ទេ៖ «​ដូចជា​អត់​ឃើញ​មាន​គាត់​មាន​បាន​ទាក់ទង​មក សូម្បីតែ​គាត់​ធ្វើ​ពិធី​ហ្នឹង ក៏​គាត់​អត់​មានបាន​ផ្ដល់​ព័ត៌មាន​មក​ទាល់តែសោះ​។ អត់​ឃើញ​មាន​អី​ទេ ហើយ​ឥឡូវ​បញ្ហា​សំខាន់​បង​អាច​សួរ​ទៅ​ខាង​នោះ​សិន​ទៅ​អ៊ីចឹង ហើយ​ម្យ៉ាងទៀត​វា​កូវីដ​ផង អី​ផង អ៊ីចឹង​បង​អាច​សួរ​បន្ថែម​ទៅ​ខាង​តុលាការ»។

បងស្រី​របស់​លោក វ៉ាន់ឆាឡឺម គឺ​លោកស្រី ស៊ីថាណាន់ សាតស័ក្ដិសិទ្ធិ (Sitanun Satsaksit) បាន​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៨ ធ្នូ​។ លោកស្រី​បាន​ប្រគល់​ភស្តុតាង​ជាច្រើន​ជូន​ដល់​ចៅក្រម​ស៊ើបសួរ លោក ស៊ិន សុវណ្ណរ័ត្ន ដើម្បី​រក​យុត្តិធម៌​ជូន​ប្អូនប្រុស​លោកស្រី ដែល​ត្រូវ​បាន​ក្រុម​ប្រដាប់​អាវុធ​ចាប់​ពង្រត់​បាត់​ដំណឹង​សូន្យឈឹង​តាំង​ពី​ដើម​ខែ​មិថុនា មក​។ ភស្តុតាង​ទាំងនោះ រួមមាន​ឯកសារ​ចំនួន ១៧៧​ទំព័រ និង​សក្ខីកម្ម​ដែល​បញ្ជាក់​ថា ប្អូនប្រុស​របស់​លោក​ស្រី​បាន​ស្នាក់នៅ​កម្ពុជា ពេល​ដែល​ត្រូវ​គេ​ចាប់​ពង្រត់​។ ក្រៅ​ពី​នេះ លោកស្រី​បាន​ដាក់​រូបថត វីដេអូ ភស្តុតាង​ជា​ទូរស័ព្ទ ព័ត៌មាន​លម្អិត​អំពី​គណនេយ្យ​ធនាគារ និង​លិខិតឆ្លងដែន ដែល​បង្ហាញ​ថា លោក វ៉ាន់ឆាឡឺម បាន​ស្នាក់​នៅ​ភ្នំពេញ បន្ទាប់​ពី​គាត់​រត់​ភៀសខ្លួន​ពី​ប្រទេស​ថៃ តាំងពី​ក្រោយ​រដ្ឋប្រហារ​យោធា កាលពី​ឆ្នាំ​២០១៤។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក គុជ គឹមឡុង ដើម្បី​សួរនាំ​អំពី​រឿង​នេះ​បន្ថែម ប៉ុន្តែ​ពុំ​មាន​អ្នកទទួល​ទូរស័ព្ទ​នោះ​ទេ នៅ​ថ្ងៃ​ទី​១២ ធ្នូ នេះ​។​

មេធាវី​ការពារ​ក្ដី​ឱ្យ​បងស្រី​លោក វ៉ាន់ឆាឡឺម គឺ​លោក សំ ចំរើន បញ្ជាក់​ថា លោក​ទុក​ពេលវេលា​ឲ្យ​តុលាការ​សិក្សា និង​ស្រាវជ្រាវ​បន្ថែម​លើ​ភស្តុតាង​ដែល​កូន​ក្តី​របស់​លោក​បាន​ដាក់​ជូន​នេះ ហើយ​ប្រសិនបើ​គ្មាន​ចំណាត់ការ​ណាមួយ​នោះ​ទេ ក្រុម​មេធាវី​នឹង​រៀបចំ​នីតិវិធី​ជំរុញ​បន្ថែម​ទៀត៖ «​មិនទាន់​អី​ជា​ចំណាត់ការ​ពិសេស​អី​ទេ​ណា វា​ទើប​នៅ​ក្នុង​ដំណើរការ​ពិនិត្យ​សិក្សា​ក្នុង​កម្រិត​ទ្រឹស្ដី​។ យើង​រង់ចាំ​បន្តិច ប្រសិនបើ​មិន​ឃើញ​មាន​ចំណាត់ការ​អី​ដូច​ការ​គិត​របស់​យើង ឬ​តាម​ផ្លូវ​ច្បាប់ យើង​មើល​ទៅ​ថា វា​មាន​ភាព​ចាំបាច់​យើង​នឹង​ជំរុញ»។

ចំណែក ប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា និង​តុលាការ គួរ​បង្ហាញ​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​។ លោក​បន្ត​ថា តុលាការ​គួរ​ដោះស្រាយ​បញ្ហា​ដោយ​ឈរ​លើ​ឯករាជ្យភាព តម្លាភាព​មួយ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្ដល់​មុខមាត់ កិត្តិយស ដល់​ប្រទេស​កម្ពុជា៖ «យើង​ត្រូវ​បន្ត​នីតិវិធី ពិសេស​គឺ​ជាមួយ​នឹង​តុលាការ ដើម្បី​ស្វែងរក​ការពិត​ឲ្យ​ឃើញ​សិន ជា​ជាង​យើង​ធ្វើការ​បដិសេធ​ក្នុង​ន័យ​មួយ​ប្រញាប់ប្រញាល់​ពេក វា​អាច​នាំ​ឲ្យ​មានការ​ថ្លោះធ្លោយ ពីព្រោះ​នៅក្នុង​ហ្នឹង​ក៏​គេ​មានការ​សង្ស័យថា មាន​សាក្សី​ខ្លះ​ដែរ ដែល​គេ​បង្ហាញ​ថា បុរស​ជនជាតិ​ថៃ​ហ្នឹង គឺ​មក​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក៏ដូចជា​គេ​បាន​ឃើញ​គាត់​ស្នាក់​នៅ​ឯណាៗ​ហ្នឹង នេះ​គឺ​ទៅ​តាម​អ្វី​ដែល​ជា​ព័ត៌មាន​កន្លង​មក ដែល​យើង​ធ្លាប់​ទទួល​បាន​វា​ទូទៅ​។ ដូច្នេះ​ហើយ​បាន​យើង​ទុក​លទ្ធភាព​ហ្នឹង​ឲ្យ​តុលាការ ដើម្បី​ធ្វើការ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ការពិត ហើយ​ការស៊ើបអង្កេត​នេះ​ត្រូវតែ​ធ្វើឡើង​ដោយ​មាន​លក្ខណៈ​តម្លាភាព ដោយ​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​មហាជន​គេ​អាច​ជឿ​ទុកចិត្ត​បាន»។

សកម្មជន​អាវ​ក្រហម និង​ជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ មាន​វ័យ ៣៧​ឆ្នាំ ត្រូវ​បាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​ចាប់​ពង្រត់ កាល​ពី​ថ្ងៃ​ទី​៤ មិថុនា ក្នុងពេលដែល​លោក​កំពុង​ដើរ​តាម​ផ្លូវ​ទៅ​ទិញ​ម្ហូបអាហារ នៅ​មុខ​កន្លែង​ស្នាក់នៅ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។ អ្នក​រិះគន់​រដ្ឋាភិបាល​ថៃ​រូប​នេះ បាន​រត់គេច​ចេញពី​ប្រទេស​កំណើត​របស់​ខ្លួន បន្ទាប់ពី​រដ្ឋប្រហារ​យោធា ឆ្នាំ​២០១៤ និង​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​នៅតែ​បន្ត​រិះគន់​រដ្ឋាភិបាល​ថៃ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​គាត់​។ កន្លង​មក អាជ្ញាធរ​កម្ពុជា​អះអាង​ថា លោក វ៉ាន់​ឆាឡឺម មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជនបរទេស​ដែល​ស្នាក់នៅ​កម្ពុជា តាំងពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ។ អាជ្ញាធរ​កម្ពុជា​ក៏បាន​បដិសេធ​ថា ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ពង្រត់​នេះ​ឡើយ ហើយ​ការស៊ើបអង្កេត​នៅតែ​បន្ត ប៉ុន្តែ​មិន​ទាន់​មាន​តម្រុយ​ណាមួយ​នៃ​ការស៊ើបអង្កេត​ពី​ករណី​បាត់​ខ្លួន​សកម្មជន​នយោបាយ​ថៃ​លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ​។​

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​ចោទសួរ និង​ជំរុញ​ម្ដង​ហើយ​ម្ដងទៀត ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ស៊ើបអង្កេត​ករណី​នេះ​ដោយ​ម៉ត់ចត់ និង​ឥត​លម្អៀង ហើយ​ត្រូវ​ផ្តល់​ព័ត៌មាន​លំអិត ឬ​ការ​វិវត្ត​នៃ​ការស៊ើបអង្កេត​នោះ ដើម្បី​ធានា​ពី​សុវត្ថិភាព និង​ជោគវាសនា​របស់ លោក វ៉ាន់ឆាឡឺម ជាពិសេស​ត្រូវ​បង្ហាញ​ថា ជនល្មើស​កំពុង​ត្រូវ​បាន​អាជ្ញាធរ​កំណត់​អត្តសញ្ញាណ និង​កំពុង​ស្វែងរក​ចាប់ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។