ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា មិន​ធានា​គោល​ការណ៍​​សន្មត​​ជា​មុន​​ថា​គ្មាន​ទោស

0:00 / 0:00

អ្នកច្បាប់ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស និង​អ្នកវិភាគ​យល់ស្រប​គ្នា ថា​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា មិន​បាន​ធានា​គោលការណ៍​សន្មត​ជាមុន​ថា​គ្មាន​ទោស​។ ការ​មិន​គោរព​គោល​ការ​នេះ ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ មាន​បញ្ហា និង​រំលោភ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ក្តី ដោយ​យុត្តិធម៌​របស់​ជនជាប់ចោទ។

តើ​អ្វី​ជា​គោលការណ៍​សន្មត​ជា​មុន​ថា​គ្មាន​ទោស?

គោលការណ៍​សន្មត​ជាមុន​ថា គ្មាន​ទោស​នេះ បើ​តាម​ភាសា​បច្ចេកទេស​ច្បាប់ ហៅថា គោលការណ៍ ​“​សច្ចធារណ៍​នៃ​និរទោស”។ គោលការណ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ ដើម្បី​ការពារ​សិទ្ធិ សេចក្ដី​ថ្លៃថ្នូរ និង​ភាព​ស្អាតស្អំ ឬ​ភាព​គ្មាន​កំហុស​របស់​ជន​គ្រប់រូប មិន​ថា​អ្នកនោះ​ត្រូវ​បាន​ជាប់​សង្ស័យ ឬ​ជាប់ចោទ ពី​បទ​អ្វី​ក៏ដោយ គឺ​ការពារ​កុំ​ឱ្យ​ម៉ៃ​ថា​អ្នកនោះ​មាន​ពិរុទ្ធ ទាំង​តុលាការ​មិនទាន់​បានសម្រេច​សេចក្ដី​យ៉ាងណា​នៅឡើយ ព្រោះ​មានតែ​ប្រព័ន្ធ​តុលាការ ដែល​ឯករាជ្យ​មួយ​ប៉ុណ្ណោះ ដែល​ច្បាប់​ផ្ដល់​តួនាទី ក្នុងការ​សម្រេច​រឿង​នេះ​។​

បើ​តាម​គោលការណ៍​នេះ គឺ​គ្មាន​ជន​ណា​ម្នាក់ ត្រូវ​គេ​សន្មត​ទុកជាមុន​ថា​មានទោស​នោះ​ឡើយ ដរាបណា​តុលាការ មិន​ទាន់​ចេញ​សម្រេច​ស្ថាពរ រក​ឃើញ​ថា ជន​នោះ ពិត​ជា​មាន​ពិរុទ្ធ។ ឬ​តាម​ន័យ​មួយ​បែប​ទៀត គឺ​ជន​គ្រប់រូប​ត្រូវ​សន្មត​ថា​គ្មាន​ទោស ដរាបណា​តុលាការ​មិន​សម្រេច​ជា​ស្ថាពរ​ថា មានទោស។

អាច​ចាត់ទុកជា​សេចក្ដី​សម្រេច​ស្ថាពរ​របស់​តុលាការ គឺ​ទាល់តែ​សេចក្ដី​សម្រេច​នោះ ជា​សេចក្តី​សម្រេច​ចុងក្រោយ​របស់​តុលាការ​កំពូល​បិទ​ផ្លូវ​តវ៉ា ក្រោយ​ឆ្លងកាត់​នីតិវិធី​ជំនុំ​ជម្រះ​ក្តី និង​បណ្ដឹង​សាទុក្ខ គ្រប់​ដំណាក់កាល​នៃ​កិច្ច​ដំណើរការ​នីតិវិធី តាំងពី​ដំណាក់កាល​ដំបូង គឺ​ដំណាក់កាល​សន្និដ្ឋាន​បញ្ជូន​រឿង​ទៅ​ស៊ើបសួរ​(​ព្រះរាជអាជ្ញា​) ដំណាក់កាល​ស៊ើបសួរ​និង​ចោទប្រកាន់​មុន​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​(​ចៅក្រម​ស៊ើបអង្កេត​) និង​ដំណាក់កាល​ជំនុំជម្រះ​(​សាលាដំបូង​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល)។

គោលការណ៍​សន្មត​ជា​មុន​ថា គ្មាន​ទោស​នេះ សុទ្ធតែ​មាន​ចែង​ធានា ទាំង​ក្នុង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ។ រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា ចែង​ចំណុច​នេះ ត្រង់​មាត្រា ៣៨​។ ច្បាប់​អន្តរជាតិ រួម​មាន​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ មាត្រា ១៤(២) សេចក្ដី​ប្រកាស​ជា​សកល​អំពី​សិទ្ធិមនុស្ស មាត្រា ១១ និង​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) មាត្រា ៦៦ សុទ្ធតែ​ចែង​ការពារ​គោលការណ៍​នេះ។

ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា ទទួល​ស្គាល់​សន្ធិសញ្ញា និង​ច្បាប់​អន្តរជាតិ​ជាច្រើន ជុំវិញ​គោលការណ៍​សិទ្ធិមនុស្ស​នេះ។ ដូច្នេះ​ប្រទេស​កម្ពុជា ជាប់​កាតព្វកិច្ច​អនុវត្ត​គោលការណ៍​នេះ ឱ្យ​មាន​ប្រសិទ្ធភាព។

ទោះជា​យ៉ាង​នេះ​ក្តី អ្នកច្បាប់ និង​អ្នកវិភាគ​មើល​ឃើញ​នូវ​ភាព​ខ្វះ​ចន្លោះ និង​បញ្ហា​ជាច្រើន ក្នុង​ប្រព័ន្ធ​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។

គោលការណ៍​សន្មត​ជាមុន​ថា គ្មាន​ទោស​នេះ គឺ​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត តាំង​ពី​ក្នុង​កិច្ច​ដំណើរការ​នីតិវិធី​ស៊ើបសួរ​មក​ម្ល៉េះ ពោល​គឺ​ក្រោយ​ជន​ណា​ម្នាក់​ត្រូវ​បាន​គេ​សង្ស័យ ថា បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​អ្វីមួយ​។ ក្នុង​ដំណាក់កាល​ស៊ើបសួរ​នេះ បើ​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មាត្រា ១២៧ ចែងថា ចៅក្រម​ស៊ើបសួរ មាន​ករណីយកិច្ច​ស៊ើប​សួររក​ទាំង​ភស្តុតាង​ដាក់​បន្ទុក និង​ដោះ​បន្ទុក។

ភស្តុតាង​ដាក់​បន្ទុក គឺ​សំដៅ​លើ​ភស្តុតាង គាំទ្រ​ឱ្យ​ចោទប្រកាន់​ជនសង្ស័យ ឬ​ជន​ត្រូវ​ចោទ ដើម្បី​កសាង​សំណុំរឿង​ទៅ​កាត់ទោស​។ ចំណែក​ភស្តុតាង​ដោះ​បន្ទុក គឺ​សំដៅ​លើ​ភស្តុតាង ដែល​បញ្ជាក់​​​ពី​​ភាព​ស្អាតស្អំ ឬ​គ្មាន​ទោសពៃរ៍​របស់​ជនសង្ស័យ ឬ​ជន​ត្រូវ​ចោទ។

ក្នុង​ករណី​ខ្លះ ភស្តុតាង​ដាក់​បន្ទុក ងាយ​ស្រួល​រក​ជាង​ភស្តុតាង​ដោះ​បន្ទុក​។ ដូច​ករណី​នៅ​សាលា​ក្តី​ខ្មែរក្រហម ដែល​ភស្តុតាង​អំពី​ការប្រព្រឹត្ត​ខុស នៃ​អតីត​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម គឺ​ងាយ​រក​ជាង​ភស្តុតាង ដែល​បញ្ជាក់​ថា អ្នក​ទាំង​នោះ មិន​បាន​ប្រព្រឹត្ត​ខុស។

អតីត​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ នៃ​សាលាក្តី​ខ្មែរក្រហម ដែល​ជា​ជនជាតិ​បារាំង លោក ម៉ាកសែល ឡឺម៉ុង​ដ៏ (Marcel Lemonde) ធ្លាប់​ត្រូវ​បាន​សហ​មេធាវី​ការពារ​ក្តី​លោក អៀង សារី កាល​ពី​ឆ្នាំ ២០០៩ ប្ដឹង​ដិត​ចិត្ត ដោយ​ឱ្យ​ដក​លោក​ចៅក្រម​រូប​នេះ ចេញ​ពី​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​កូន​ក្តី​របស់​ពួក​លោក ព្រោះ​រង​ការ​ចោទ​ប្រកាន់​ថា លម្អៀង​។

បណ្តឹង​នេះ​ផ្អែកលើ​ការចោទប្រកាន់​របស់​សហការី​របស់​លោក គឺ​លោក វេន បាស្ទីន (Wayne Bastin) ដែល​ចោទ​លោក​ថា ធ្លាប់​ប្រាប់​បុគ្គលិក នៅ​ក្នុង​កិច្ចប្រជុំ នៃ​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​​អង្កេត​អន្តរជាតិ ឱ្យ​ស៊ើបអង្កេត​រក​ភស្តុតាង​ដាក់​បន្ទុក ឱ្យ​បាន​ច្រើនជាង​ភស្តុតាង​ដោះ​បន្ទុក។

លោក ម៉ាកសែល ឡឺម៉ុងដ៏ តប​វិញ​ថា លោក​មិន​ចាំ​ថា​បាន​និយាយ​ដូច្នេះ​នោះទេ​។ ម្យ៉ាងទៀត ​បើ​ទោះ​ជា​លោក បាន​និយាយ​មែន គឺ​និយាយ​ក្នុង​ន័យ កំប្លែង​លេង​តែប៉ុណ្ណោះ ព្រោះ​លោក​និយាយ​​បែបនេះ នៅមុខ​មនុស្ស​ជាច្រើន នៅ​ក្នុង​កិច្ចប្រជុំ។

អង្គ​បុរេជំនុំជម្រះ បាន​ច្រានចោល​បណ្ដឹង​នោះ ព្រោះ​សម្អាង​ថា គ្មាន​ភស្តុតាង​បញ្ជាក់​ថា ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​រូប​នោះ​លម្អៀង។

ភាព​មិន​លម្អៀង​នៃ​ចៅក្រម​នេះ គឺជា​គោលការណ៍​គ្រឹះ​នៃ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ ក្នុង​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​។ ប៉ុន្តែ ភាព​ឯករាជ្យ​របស់​តុលាការ​ជាតិ កំពុង​រង​ភាព​មន្ទិល និង​រិះគន់ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចោទប្រកាន់​សំឡេង​ប្រឆាំង ដែល​ជា​ទូទៅ​ការសម្រេច​ចោទប្រកាន់​នេះ គឺ​ធ្វើជា​លក្ខណៈ​ប្រព័ន្ធ ដោយ​បញ្ជា​ពី​លើ​ថា​ម៉េច ខាងក្រោម​ធ្វើ​តាម​ដូច្នេះ​ដែរ។

វាគ្មិន​កិត្តិយស​ដែល​ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី លោក​មេធាវី សុក សំអឿន។
វាគ្មិន​កិត្តិយស​ដែល​ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី លោក​មេធាវី សុក សំអឿន។

លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុម​អ្នកច្បាប់​អមរិន្ទ ថា បញ្ហា​បំពាន​គោលការណ៍​សន្មត​ទុកជាមុន​ថា​គ្មាន​ទោស​នេះ គឺ​ងាយ​នឹង​កើត​មាន​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នេះ ដោយសារតែ​ច្បាប់​កម្ពុជា​យក​តាម​លំនាំ​ច្បាប់​បារាំង។ លោក​បន្ថែម​ថា នៅ​ពេល​ព្រះរាជអាជ្ញា ចោទប្រកាន់​ជន​ណា​ម្នាក់ តាមរយៈ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ​ច្រើនតែ​ចេញ​ដីកា​ដាក់​បន្ទុក​​ទៅលើ​ជន​នោះ ដោយ​ចេញ​ដី​ចោទប្រកាន់​ស្របតាម​ព្រះរាជអាជ្ញា រួច​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ។

ជាង​នេះ​ទៅ​ទៀត លោក​សង្កេតឃើញ​អំពី​បញ្ហា នៃ​តួនាទី​របស់​ចៅក្រម​ស៊ើប ដែល​ចៅក្រម​ដដែល ដើរតួ​ជា​ចៅក្រម​ស៊ើប​ផង និង​ពេលខ្លះ​ធ្វើជា​ចៅក្រម​ជំនុំជម្រះ​ផង។

ចំណែក​ឯ ឥទ្ធិពល​នៃ​ការ​ថ្លែង​សារ​ពី​មន្ត្រី​រដ្ឋាភិបាល ក្នុង​កិច្ចការ​តុលាការ ក៏​ជា​បញ្ហា​កង្វល់​មួយ ដែល​អាច​ធ្វើ​ឱ្យ​បំពាន​ដល់​គោលការណ៍​យុត្តិធម៌​ព្រហ្មទណ្ឌ​នេះ​ដែរ​។ ការ​ថ្លែង​សារ​ណាមួយ​របស់​មេដឹកនាំ ឬ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង​បុគ្គល ឬ​នីតិបុគ្គល​ក្នុង​រឿង​ក្តី ដូចជា​ហៅ​ជន​ណា​ម្នាក់ ថា ជា​ជន​ដែល​មាន​ពិរុទ្ធ ឬ​ជន​ដែល​ត្រូវតែ​ផ្ដន្ទាទោស​ឱ្យ​ខាង​តែ​បាន ស្រប​ពេល​ដែល​តុលាការ​កំពុង​ដំណើរការ​រឿង​ក្តី គឺ​សុទ្ធតែជា​បច្ច័យ​ដែល​នាំ​ឱ្យ​ល្អក់កករ ដល់​ដំណើរ​ការ​រក​យុត្តិធម៌​ដល់​ភាគី​ដែល​ពាក់ព័ន្ធ នៅ​ក្នុង​រឿង​ក្តី​។​

​ថ្មីៗ​នេះ ក្រោយ​គណៈកម្មការ​អឺរ៉ុប សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ EBA ២០% ឬ​ស្មើនឹង​ជាង ១​ពាន់​លាន​ដុល្លារ លោក ហ៊ុន សែន ដែល​ជា​ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​ថា​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ជនជាប់ចោទ​ម្នាក់​នៅ​ក្នុង​រឿងក្ដី កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ថា​មានទោស​ជា​ជន​ក្បត់ជាតិ ដែល​លោក​បញ្ជា​ឱ្យ​កាត់ទោស​ឱ្យ​ខាងតែ​បាន៖ «ថ្ងៃនេះ​ជូន​សារ​ជាក់លាក់​ច្បាស់លាស់ ថា​កម្ពុជា​មិន​ថយក្រោយ​លើ​ការ​កាត់​ក្តី ចំពោះ​ជន​ក្បត់ជាតិ ឬ​អ្នក​ដែល​ទទួល​នូវ​ទណ្ឌកម្ម​ទេ​។ អ្នកឯង​ត្រូវតែ​ច្បាស់ អ្វី​ដែល​អ្នកឯង​បាន​ធ្វើ អ្នក​ឯង​ត្រូវ​ចាំ អ្នកឯង​យក​ថ្ងៃ​ទី​២៩ ខែ ធ្នូ ឆ្នាំ ២០១៣ គឺជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ក្នុង​ការ​ផ្ដួល​រំលំ​។ អ្នកឯង​ត្រូវតែ​ទទួល​នូវ​ទណ្ឌកម្ម​បែបនេះ​។ គឺ​មិន​អាច​លើកលែង​ឱ្យ​បានទេ»។

លោក សុក សំអឿន ថា បើ​ក្នុង​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ការ​ថ្លែង​សារ​របស់​អ្នកនយោបាយ ឬ​អ្នកកាន់អំណាច អាច​គ្មាន​ឥទ្ធិពល​លើ​សេចក្តី​សម្រេច​របស់​តុលាការ​នោះ​ទេ៖ «បើ​សិន​តុលាការ​គាត់​រឹងមាំ​ដែរ ក៏​អត់​មាន​អ្នកណា​អាច​ហ៊ាន​និយាយ​ដែរ»។

ទោះជា​យ៉ាង​នេះ​ក្តី ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​សព្វថ្ងៃ​នេះ ចៅក្រម និង​ព្រះរាជអាជ្ញា​ជាច្រើន នៅ​តុលាការ​គ្រប់​ជាន់ថ្នាក់ សុទ្ធតែ​ជា​មន្ត្រី​របស់​បក្ស​កាន់អំណាច។

ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​ក្រសួងយុត្តិធម៌ និង​អ្នកនាំពាក្យ​គណៈកម្មការ​សិទ្ធិមនុស្ស​របស់​របប​ក្រុងភ្នំពេញ លោក ជិន ម៉ាលីន ថា តុលាការ​កម្ពុជា ជា​ស្ថាប័ន​ឯករាជ្យ ហើយ​លោក​មិន​ចាត់​ទុក​ការ​ថ្លែង​របស់​​លោក ហ៊ុន សែន ថា ជា​ការ​ជ្រៀតជ្រែក​ទៅលើ​សមត្ថកិច្ច​របស់​តុលាការ ឬ​បំពាន​គោលការណ៍​សន្មត​ទុកជាមុន​ថា​គ្មាន​ទោស​នោះ​ទេ។

លោក​បន្ថែម​ថា ការ​ថ្លែង​នេះ គឺ​ធ្វើ​ឡើង​ក្នុង​នាម​លោក ហ៊ុន សែន ជា​ប្រមុខ​រដ្ឋាភិបាល​មែន ប៉ុន្តែ​ក្នុងនាម​ជាដើម​បណ្តឹង​រដ្ឋប្បវេណី ក្នុង​រឿងក្ដី​ដែល​ចោទប្រកាន់​លោក កឹម សុខា ពី​បទ​ក្បត់ជាតិ៖ «អ៊ីចឹង​ក្នុងនាម​ដើម​បណ្តឹង គាត់​អាច​អាច​បញ្ចេញមតិ និង​ធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​ធានា​ថា ជន​ដែល​ត្រូវ​ចោទ​នោះ ទទួល​ទោស​តាម​ផ្លូវ​ច្បាប់ នៅ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។ ហើយ​គោលការណ៍​សច្ចធារ​នៃ​និរទោស​នេះ មិនមែន​អនុវត្ត​ទៅលើ​ដើមបណ្ដឹង និង​មេធាវី​ដើម​បណ្ដឹង​ទេ ពីព្រោះ​ដើមបណ្ដឹង និង​មេធាវី​ដើមបណ្ដឹង គឺ​គេ​សន្មត​ថា​ជនជាប់ចោទ​ត្រូវ​មានទោស​ហើយ បានជា​គេ​ធ្វើ​គ្រប់​បែប​យ៉ាង ដើម្បី​ឱ្យ​មានការ​អនុវត្ត​ទោស​។ ហើយ​គោលការណ៍​សន្មត​ទុកជាមុន​ថា​គ្មាន​ទោស​នេះ គឺ​ត្រូវ​អនុវត្ត​តែ​ចំពោះ​តុលាការ​នោះ​ទេ​បាទ»។

ផ្ទុយ​ពី​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​លើកឡើង​នេះ សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ថា ជា​ការ​មិន​ត្រឹម​នោះ​ទេ ដែល​ដើម​បណ្តឹង​រដ្ឋប្បវេណី ដើរតួ​ជា​ព្រះរាជអាជ្ញា ក្នុង​ការ​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ​។ លោក អាង ឧត្តម ថា ក្នុងនាម​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​មាន​តួនាទី​គ្រាន់តែ​ថ្លែង​អំពី​ទុក្ខសោក និង​ព្យសនកម្ម​អំពី​ភាពជា​ជនរងគ្រោះ​របស់​ខ្លួន ដើម្បី​ទាមទារ​សំណង​រដ្ឋប្បវេណី​ប៉ុណ្ណោះ មិនមែន​ដើរតួ​ជា​ភាគី​ដើមចោទ​នោះ​ទេ។

ក្នុង​សំណុំរឿង​លោក កឹម សុខា រដ្ឋាភិបាល ជា​ភាគី​មួយ​ក្នុង​រឿងក្ដី​ដែរ ប៉ុន្តែ​ជា​ភាគី​ដើមបណ្ដឹង​រដ្ឋប្បវេណី និង​តំណាង​ដោយ​មេធាវី​មួយ​ក្រុម។

ជុំវិញ​ការ​ថ្លែង​សារ​របស់​លោក ហ៊ុន សែន ដែល​អាច​ប៉ះពាល់​ដល់​ការសម្រេច​របស់​តុលាការ​នោះ​វិញ អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា ថា​កន្លងមក ឱ្យ​តែ​លោក ហ៊ុន សែន បញ្ជា​យ៉ាងម៉េច គឺ​តុលាការ​សម្រេច​យ៉ាង​នោះ​ដែរ ដែល​នេះ​ជា​បញ្ហា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុចរិត​ភាព​របស់​ស្ថាប័ន​តុលាការ និង​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការ​ទទួល​បានការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌។

តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook page
តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​ស្នងការ​អឺរ៉ុប អ្នកស្រី ហ្វេដេរីកា ម៉ូហ្គែរីនី (Federica Mogherini) និង​សហការី (ស្ដាំ) ជួប​​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នា​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen facebook page

បន្ថែម​លើ​សារ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ការ​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ខ្វះ​ព័ត៌មាន​ពិត និង​គ្មាន​តុល្យភាព អំពី​រឿង​ក្តី​នៅ​តុលាការ ដូចជា​ការ​ផ្សព្វផ្សាយ​បំភ្លៃ​ការពិត​ថា​ជន​ណា​ម្នាក់​ជា​អ្នក​មាន​ទោស ស្រប​ពេល​ដែល​រឿង​ក្តី កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅឡើយ​នោះ អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា​ នេះ​ជា​បញ្ហា​ធ្វើ​ឱ្យ​ប៉ះពាល់ ដល់​គោលការណ៍​សន្មត​ជាមុន​ថា គ្មាន​ទោស​នេះ​ដែរ។

ការ​រំលោភ​គោលការណ៍​សន្មត​ជាមុន​ថា​គ្មាន​ទោស​នេះ ក៏​កើតមានឡើង​ដែរ ក្នុង​ករណី​ដែល​ជនជាប់ចោទ ត្រូវ​គេ​ឱ្យ​ស្លៀក​សំលៀកបំពាក់​អ្នកទោស ឬ​ដាក់​ច្រវាក់។

លោក​មេធាវី សុក សំអឿន លោក ស៊ឹង សែនករុណ និង​លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា មាន​សេចក្ដី​ត្រូវការ​ជា​ចាំបាច់ ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​សព្វថ្ងៃ ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ និង​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​ស្តារ​ទំនុក​ចិត្ត​របស់​សាធារណជន​ទូទៅ ឱ្យ​ជឿជាក់​លើ​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​លើកកម្ពស់​ការ​គោរព​សិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស និង​យុត្តិធម៌​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។