ក្រុម​​​អ្នក​​​ច្បាប់​​​អាមេរិក​​ រក​​ឃើញ​​​ថា​​ តុលាការ​​​កម្ពុជា​​​ គឺជា​​​ឧបករណ៍​​​នយោបាយ​​

ដោយ មួង ណារ៉េត
2021-06-02
Share
ក្រុម​​​អ្នក​​​ច្បាប់​​​អាមេរិក​​ រក​​ឃើញ​​​ថា​​ តុលាការ​​​កម្ពុជា​​​ គឺជា​​​ឧបករណ៍​​​នយោបាយ​​ កញ្ញា សេង ធារី មេធាវី​អន្តរជាតិ និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
រូប៖ Photo Courtesy

ក្រុម​អ្នក​ច្បាប់​អាមេរិក​ រក​ឃើញ​ថា​ អាជ្ញាធរ​កម្ពុជា​យក​តុលាការ​ធ្វើជា​ឧបករណ៍​បម្រើ​ប្រយោជន៍​នយោបាយ​ ក្នុងការ​ធ្វើទុក្ខ​បុកម្នេញ​ប្រជាពលរដ្ឋ​ ដែល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​។​ ក្រុម​អ្នក​ច្បាប់​​ទាំង​នេះ​ បន្ត​ថា​ មក​ដល់​ពេល​នេះ​ទៅ​​ហើយ​ មិន​គួរ​ណា​កម្ពុជា​នៅ​តែ​មិន​ព្រម​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​សោះ​។

ក្រុម​អ្នក​​ច្បាប់​អាមេរិក​​នៃ​​កម្មវិធី​​ឃ្លាំមើល​ភាពយុត្តិធម៌​នៃ​ការ​ជំនុំ​ជម្រះ​ក្ដី​ ដែល​ជា​ផ្នែក​មួយ​​នៃ​​មូល​និធិ​ដើម្បី​គម្រោង​​យុត្តិធម៌​​អាមេរិក​ (​Clooney​ Foundation​ for​ Justice​ Initiative​)​ ​និង​​ដែល​ជា​ដៃ​គូ​ជា​មួយ​​គណៈ​មេធាវី​អាមេរិក​​ផង​ បាន​តាម​ដាន​​ដំណើរការ​ក្តី​​នៅ​​កម្ពុជា​។​

ក្រុម​នេះ​​បាន​​ចេញ​របាយការណ៍​កម្រាស់​ ១៨​ ទំព័រ​ កាល​ពី​ចុង​ខែ​ឧសភា​ ដោយ​​រក​ឃើញ​​ការ​រំលោភ​បំពាន​​​សិទ្ធិ​របស់​សកម្មជន​​សង្គម​ និង​​​នយោបាយ​ ដែល​ត្រូវ​តុលាការ​​​កោះ​ហៅ​ឲ្យ​​ឡើង​​តុលាការ​​ជាក្រុម​ ដែល​មាន​​គ្នា​​ជិត​ ៥០​ នាក់​ ពី​​បទ​ញុះញង់​​ឱ្យ​​មាន​​ភាព​​វឹកវរ​​​​ដល់​​​សន្តិសុខ​​​សង្គម​ និង​​​សម​គំ​និត​ក្បត់​។​ ក្នុង​នោះ​ មាន​កញ្ញា​ សេង​ ធារី​ ដែល​ជា​ពលរដ្ឋ​ខ្មែរ​មាន​​សញ្ជាតិ​អាមេរិក​ និង​​​ជា​មេធាវី​​មួយ​​រូប​​​ផងនោះ​។​

បទចោទ​ស្តី​ពី​​ការ​ញុះញង់​ និង​សម​គំនិត​ក្បត់​​នេះ​ ជា​បទចោទ​​ដែល​មាន​​ប្រជាប្រិយ​ជាង​គេ​​នៅ​​កម្ពុជា​ ដែល​តុលាការ​​​យក​​មក​ប្រើ​​ដើម្បី​ចោទ​​ប្រកាន់​​អ្នក​​ហ៊ាន​រិះគន់​​រដ្ឋាភិបាល​។​ ជារឿយៗ​​តុលាការ​ ជ្រើស​រើស​យក​​វិធី​​មិន​ចាំបាច់​​ពន្យល់​​អ្វី​ទាំងអស់​ ហើយ​ចោទ​ និង​​​ចាប់​​មនុស្ស​​ជាក្រុម​​ធំ​​​ថែម​​ទៀត​​ផង​។​

CNRP_In_Prision.jpg
រថយន្តដឹកសកម្មជនគណបក្សសង្គ្រោះជាតិមកឡើងសវនាការកាត់ទោសនៅតុលាការសាលាដំបូងរាជធានីភ្នំពេញនាពេលកន្លងមក។

ក្រុម​អ្នក​​ច្បាប់​​អាមេរិក​រក​ឃើញ​ថា ​​អាជ្ញាធរ​មិន​ខ្វល់ខ្វាយ​ក្នុង​ការ​​ពន្យល់​អំពី​បទចោទ​ទាំងនេះ​ដល់​កញ្ញា​​ សេង​ ធារី​ នោះ​ឡើយ​។​ មិន​តែ​​ប៉ុណ្ណោះ​ តុលាការ​ខក​ខាន​​ក្នុង​ការ​​បំពេញ​​ឲ្យ​បាន​​​ត្រឹម​ត្រូវ​​​តាម​នីតិវិធី​ច្បាប់​ ដោយ​​សូម្បី​តែ​ក្នុង​ដីកា​​បញ្ជូន​រឿង​ទៅ​​ជំនុំជម្រះ​ ក៏​គ្មាន​រៀបរាប់​​អំពី​​អំពើ​ និង​​សកម្មភាព​​រប​ស់​​កញ្ញា​ សេង​ ធារី​ ក្នុង​​សកម្មភាព​ និង​​​អំពើ​​ញុះញង់​ និង​​សម​គំនិត​​ក្បត់​ ដូចការ​​ចោទ​ប្រកាន់​នោះ​​ឡើយ​ គឺ​គ្រាន់​​តែ​​សរសេរ​ឈ្មោះ​​កញ្ញា​ប៉ុណ្ណោះ​។​

ជាងនេះ​ទៅ​ទៀត​ ពួក​គាត់​រក​ឃើញ​ថា​ តុលាការ​កម្ពុជា​​មិន​ត្រឹម​តែ​​រំលោភ​ច្បាប់​​ជាតិ​ទេ​ គឺ​បំពាន​បទដ្ឋាន​​អន្តរជាតិ​ទៅ​ទៀត​ ក្នុង​ការណ៍​​ដែល​​មន្រ្តី​​តុលាការ​​បដិសេធ​​សំណើ​របស់​​កញ្ញា​ សេង​ ធារី​ ដែល​ស្នើ​សុំ​​ឯកសារ​​សំណុំ​រឿង​ ដោយ​​​តុលាការ​​យក​​លេស​​ថា​ កញ្ញា​មិន​​អាច​ការពារ​​ក្តី​ដោយ​​ខ្លួន​​ឯង​ ដោយ​​​គ្មាន​​មេធាវី​ ទើប​តុលាការ​​​មិន​ផ្តល់​​ឯកសារ​​សំណុំរឿង​។

ក្រោយ​​តុលាការ​​កោះហៅ​​លើក​​ដំបូង​អស់​រយៈពេល​ ៦​ ខែ​ ប៉ុន្តែ​កញ្ញា​ សេង​ ធារី​ នៅ​តែ​​គ្មាន​ទទួល​បាន​ឯក​សារ​​​តុលាការ​អំពី​បទចោទ​​ទាំង​នេះ​កញ្ញា​ សេង​ ធារី​ សន្និដ្ឋាន​​ថា​ តុលាការ​ទំនង​​ជា​ចោទ​​ប្រកាន់​​កញ្ញា​ អំពី​ការ​រិះគន់​​លោក​នាយក​ដ្ឋមន្រ្តី​ ហ៊ុន​ សែន​។ ការ​សន្និដ្ឋាន​បែប​​នេះ ​គឺ​យោង​លើ​​អង្គហេតុ​ដែល​​តុលាការ​​​ចោទ​សួរ​​ជន​​ជាប់​ចោទ​​ផ្សេង​​ទៀត​ ដោយ​​គ្រាន់​​តែ​​ពួកគាត់​​បញ្ចេញ​​មតិ​រិះគន់​​រដ្ឋាភិបាល​តាម​បណ្ដាញ​​សង្គម​ហ្វេស​ប៊ុក​ និង​​​ការ​ចុច​ចូល​​ចិត្ត​ ឬ​ likes​ ព័ត៌មាន​អំពី​ប្រធាន​​ស្តី​​ទី​​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ សម​ រង្ស៊ី​។​

CNRP_Court.jpg
ទិដ្ឋភាព​ពលរដ្ឋ​តាមដាន​សវនការ​ នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ លើ​សំណុំ​រឿង​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០០ នាក់ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ (Photo courtesy)

តាម​ពិត​សិទ្ធិ​បញ្ចេញ​មតិ​នេះ​ មាន​ធានា​ដោយ​​ច្បាប់​កំពូល​កម្ពុជា​។​ មាត្រា​ ៤១​ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ចែង​ថា ​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ មាន​​សេរីភាព​​ខាង​ការ​​បញ្ចេញ​​មតិ​​របស់​​ខ្លួន​​ សេរីភាព​​ខាង​​សារព័ត៌​មាន​​​ សេរីភាព​​ខាង​​ការ​​បោះ​ពុម្ព​​ផ្សាយ​​ សេរីភាព​​ខាង​​ការ​​ជួប​​ប្រជុំ​។​

ទាំង​​​រដ្ឋ​ធម្មនុញ្ញ​​ និង​​​ក្រម​​នីតិ​វិធី​​​ព្រហ្មទណ្ឌ​​​កម្ពុជា​​ សុទ្ធ​តែ​​​មាន​​​ចែង​​ អំពី​​​គោល​ការណ៍​​​នៃ​​​ការ​​ជំនុំ​ជម្រះ​​ក្ដី​​​ដោយ​​​យុត្តិធម៌​​ ដែល​​​រួម​មាន​​​ទាំង​​​សិទ្ធិ​​​ការពារ​​ក្ដី​​។ មាត្រា​ ៣៨​ នៃ​​រដ្ឋធម្មនុញ្ញ​​កម្ពុជា​​ចែង​ថា​ ជន​​គ្រប់​​រូប​​មាន​​សិទ្ធិ​​ការពារ​​ខ្លួន​​តាម​​ផ្លូវ​​តុលាការ​។ សិទ្ធិ​​ការ​ពារ​​ខ្លួន​​នេះ​ ចែក​​ចេញ​​ជា​​ពីរ​​បន្ត​​ទៀត​ គឺ​​សិទ្ធិ​​ការពារ​​ក្ដី​​ដោយ​​ខ្លួន​ឯង​ ដោយ​​មិន​​ចាំបាច់​​មាន​​មេធាវី​​ និង​​សិទ្ធិ​​មាន​​ជំនួយ​​របស់​​មេធាវី​ ដូច​មាន​​ចែង​​ក្នុង​​មាត្រា​ ៣០១​ នៃ​​ក្រម​​នីតិវិធី​​ព្រហ្មទណ្ឌ​​កម្ពុជា​​។​

ក្រុម​អ្នក​ច្បាប់​អាមេរិក​យល់​ថា​ ការណ៍​ដែល​តុលាការ​កម្ពុជា​មិន​ពន្យល់​លម្អិត​អំពី​បទចោទ​ដល់​ជន​ជាប់ចោទ​​ ចោទ​និង​​ចាប់​មនុស្ស​​ជា​ក្រុម​ធំ​ និង​ប្រើ​ច្បាប់​ដែល​មាន​ភាព​ស្រពិច​ស្រពិល​បែប​នេះ​ បង្ហាញ​​ឲ្យ​ឃើញ​នូវ​ប្រព័ន្ធ​តុលាការ​​ដែល​មិន​ឯករាជ្យ​ និង​​គ្មាន​យុត្តិធម៌​។​

ដូច​គ្នា​នេះ​ដែរ​ មន្រ្តី​សង្គម​ស៊ីវិល​ជាតិ​ ដែល​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​ ក៏​មើល​ឃើញ​អំពី​ភាព​ឆកល្វែង​​ និង​​ការ​អនុវត្ត​​ស្តង់ដា​ពីរ​​របស់​ប្រព័ន្ធ​តុលាការ​​​កម្ពុជា​​នេះ​​ដែរ​។​ អ្នក​នាំ​ពាក្យ​សមាគម​អាដហុក​លោក​ ស៊ឹង​ សែន​ករុណា​ ថា​​រាល់​ករណី​ដែល​ពាក់ព័ន្ធ​នឹង​​អ្នក​បញ្ចេញ​មតិ​​រិះគន់​រដ្ឋាភិបាល​ មិន​ថា​ អ្នក​រិះ​គន់​ជា​សកម្មជន​​បក្ស​​ប្រឆាំង​ មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ ឬ​សកម្មជន​បរិស្ថាន​ និង​​សង្គម​នោះ​ទេ​ គឺ​តុលាការ​​តែង​តែ​ចោទ​ប្រកាន់​ពួកគាត់​​ពី​បទ​ញុះញង់​ ឬ​រួម​គំនិត​​ក្បត់​​នេះ​​៖ «អង្គការ​សង្គម​ស៊ីវិល​​យើង​​ខាង​ក្នុង​​ប្រទេស​ និង​​អង្គការ​​តំបន់​ អង្គការ​​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្តបន្ទាប់​ហើយ​ ថា​ការ​ប្រើប្រាស់​ច្បាប់ ​និង​​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ការ​ចោទ​ប្រកាន់​ ឬ​បើក​សវនាការ​​លើ​អ្នក​ទាំងអស់​នោះ​  គឺ​ជា​ករណី​ពាក់ព័ន្ធ​នឹង​​រឿង​​នយោបាយ​​ហ្នឹង​​ច្រើន​ជាង​»។

ដូចគ្នា​នេះ​ដែរ​​កញ្ញា​ សេង​ ធារី​ ថា​បើ​តុលាការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ត្រឹម​ត្រូវ​ កញ្ញា​មិន​ពិបាក​ក្នុង​ការ​តតាំង​ក្ដី​នោះ​ទេ​ ព្រោះ​កញ្ញា​ជា​មេធាវី​ និង​​បាន​យល់​ដឹង​ច្រើន​អំពី​កិច្ច​ដំណើរការ​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ច្រើន​គួរ​សម​ល្មម​អាច​ការពារក្ដី​ដោយ​ខ្លួន​ឯង​ ដោយ​​ចាំ​បាច់​មាន​មេធាវី​ផង​។​

ប៉ុន្តែ​ជា​អកុសល​ កញ្ញា​ថា ​ប្រព័ន្ធ​តុលាការ​​នៅ​ប្រទេស​ផ្តាច់ការ​ គេ​ប្រើ​ស្នៀត​ដដែលៗ​បែប​នេះ​ឯង​ ដើម្បី​ធ្វើ​បាប​ពលរដ្ឋ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​។​ កញ្ញា​ថា​​ដោយ​សារ​​​តែ​​​តុលាការ​ ក្លាយ​ជា​ឧបករណ៍​នយោបាយ​របស់​បក្ស​កាន់​អំណាច​ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​សំឡេង​ប្រឆាំង​ កញ្ញា​ត្រូវ​ទប់​ទល់​ប្រព័ន្ធ​តុលាការ​បែប​នេះ​ តាម​រូបភាព​​ពីរ​​បែប​ គឺ​ទី​មួយ​តតាំង​តាម​នីតិវិធី​តុលាការ​ និង​​ទីពីរ​​តតាំងក្តី​តាម​រូបភាព​នយោបាយ​ ព្រោះ​វា​លែង​មាន​យុត្តិធម៌​ហើយ​សម្រាប់​កញ្ញា​៖ «អំពី​យុត្តិធម៌​ វា​ហួស​​ពេល​វេលា​ហើយ​ ពី​​ព្រោះ​រឿង​ហ្នឹង​​វា​អយុត្តិធម៌​តាំងពី​ជំហាន​ទីមួយ​ ក្នុង​ការចោទ​ខ្ញុំ​។ ដូច្នេះ​ពេល​ខ្ញុំ​ឆ្លើយ​តប​ ខ្ញុំ​ឆ្លើយតប​ក្នុង​ការ​លេង​សើច​ម្ខាង​ និង​​ជាក់​ស្ដែង​ម្ខាង​​ដោយ​​​តាម​​នីតិវិធី​ច្បាប់​។​ វា​ជា​ការ​ចាំបាច់​ បើ​គេ​លេង​ល្ខោន​ច្បាប់​ ខ្ញុំ​ត្រូវ​​ការ​ចូល​ក្នុង​ឆាក​ល្ខោន​ច្បាប់​ហើយ​។​ ប៉ុ​ន្តែ​បើ​យើង​មើល​ពី​ចម្ងាយ​ យើង​​ឃើញ​ថា​ រូបភាព​ធំ​ដុំ​ មិន​មែន​ជា​តុលាការ​​ជាក់ស្តែង​ទេ​ វា​គ្រាន់​តែ​ជា​ល្ខោន​នយោបាយ​»។ 

Seng_Theary_Court.jpg
កញ្ញា សេង ធារី មេធាវី​អន្តរជាតិ និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។ (Photo courtesy)

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ សំណុំរឿង​របស់​កញ្ញា​ សេង​ ធាវី​ នៅ​ទ្រឹង​មួយ​កន្លែង​ ក្រោយ​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ​ប្រកាស​​ផ្អាក​សវនាការ​ដោយ​​គ្មាន​កាល​កំណត់​ ដោយសារតែ​ការរីករាលដាល​​នៃ​​ជំងឺ​កូវីដ​-​១៩​។​

ក្រោយ​រដ្ឋាភិបាល​ដក​បម្រាម​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ​កាល​ពី​ខែ​ឧសភា​​ តុលាការ​បាន​ចាប់​ផ្តើម​បើក​សវនាការ​ឡើង​វិញ​ ប៉ុន្តែ​រឿង​ក្តី​របស់​កញ្ញា​ សេង​ ធារី​ នៅតែ​មិន​ទាន់​​លឺ​ដំណឹង​ថា ​នឹង​​ចាប់​ផ្តើម​ឡើង​វិញ​នៅ​ពេល​ណានោះ​ឡើយ​។​

វិទ្យុ​អាស៊ីសេរី​ មិន​អាច​សុំ​ការបំភ្លឺ​រឿង​នេះ​ពី​​អ្នក​នាំ​ពាក្យ​តុលាការ​​ក្រុង​ភ្នំពេញ​លោក​ អ៊ី​ រិន្ទ​ បាន​ទេ​។​ វិទ្យុ​អាស៊ីសេរី​ ក៏​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​​​យុត្តិធ​ម៌​លោក​ ជិន​ ម៉ាលីន​​ ជុំវិញ​របាយការណ៍​របស់​ក្រុម​អ្នក​ច្បាប់​អាមេរិក​នោះ​បាន​នៅ​ឡើយ​ដែរ​។ ប៉ុន្តែ កន្លង​មកមន្រ្តីក្រសួង​យុត្តិធម៌តែងតែ​អះអាង​ថា តុលាការ​កម្ពុជា ជាតុលាការ​ឯករាជ្យ និង​អនុវត្ត​នីតិវិធី​តាមច្បាប់​កំណត់

ផ្ទុយពី​ការអះអាង​របស់​មន្រ្តីក្រសួង​យុត្តិធម៌ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​រំលោភច្បាប់​ជាងគេ​បំផុត ឈរ​នៅ​លេខរៀងទី ​១២៧ ជាប់​បាត​តារាង ក្នុងចំណោម​​ប្រទេស​ ១២៨ ​ប្រទេស​នៅ​លើ​ពិភពលោក ក្នុង​សន្ទស្សន៍​នៃ​ការ​គោរព​ច្បាប់​ឆ្នាំ ​២០២០ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project)

បើ​ទោះជា​ដឹងថា ប្រព័ន្ធតុលាការ​កម្ពុជា គ្មាន​យុត្តិធម៌ ក៏​កញ្ញា សេង ធារី ថាកញ្ញារីករាយ​នឹង​បន្តកំដរ​តតាំងក្តី និង​តស៊ូមតិ​យូរតទៅ​ទៀត មិនថា​ ត្រូវប្រថុយ​ប្រថាន​​គ្រោះថ្នាក់​ប៉ុនណានោះ​ឡើយព្រោះ​កញ្ញា​ចង់​ផ្ញើសារ​ដល់​អ្នកដែលរងការរំលោភ​បំពាន​សិទ្ធិ​ទាំងអស់ ឲ្យបាន​ដឹងថា មានតែការ​តស៊ូ​រើបម្រះ​នឹងអំពើ​អយុត្តិធម៌​​នេះ​​តែ​ប៉ុណ្ណោះ ទើបអាចមាន​ការផ្លាស់​ប្តូ​រ​​ជា​វិជ្ជមាន៖ «ខ្ញុំរីករាយក៍មកពីខ្ញុំយក​ករណីខ្ញុំមិនមែន​គ្រាន់​តែការខ្លួនខ្ញុំ ខ្ញុំចង់​ជះឥទ្ធិពល​ក្នុងការ​ការពារ​បងប្អូនយើង​ផ្សេងទៀត ដែល​អត់​មាន​សំឡេង​​ក្នុងឆាក​អន្តរជាតិ»

រីឯ​ក្រុម​អ្នក​ច្បាប់​អាមេរិ​ក​វិញ​ ក្រុម​នេះ​ក៏​បាន​រម្លឹក​ឲ្យ​កម្ពុជា​ គួរ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ឡើង​វិញ​ ដើម្បី​ឲ្យ​តុលាការ​​មាន​ភាព​ឯករាជ្យ​ រួច​ផុត​ពី​ឥទ្ធិពល​នយោបាយ​ ហើយ​ឈប់​ប្រើ​ប្រាស់​ច្បាប់​ស្រពិច​ស្រពិល​ និង​ឈប់​ចាប់​មនុស្ស​ទាំង​ហ្វូង​ឲ្យ​ឡើង​តុលាការ​ ដែល​គ្រាន់​តែ​ពួកគាត់​បញ្ចេញ​មតិ​រិះ​គន់​រដ្ឋា​ភិបាល​បែប​នេះ​តទៅ​ទៀត​ បើ​កម្ពុជា​ចង់​ស្តារ​ប្រព័ន្ធ​យុត្តិធម៌​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល