តុលាការខេត្តរតនគិរីមិនទាន់កំណត់ថ្ងៃជំនុំជម្រះសំណុំរឿងអតីតអ្នកកាសែត ឌឹ ខេមបូឌា ដេលី ពីររូប គឺលោក អូន ភាព ដែលបច្ចុប្បន្នកំពុងបម្រើការឱ្យអាស៊ីសេរីនៅទីក្រុងវ៉ាស៊ីតោន (Washington, DC) និងលោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) នៅឡើយទេ ក្រោយលើកពេលសវនាការរឿងនេះកាលពីធ្នូ ឆ្នាំ២០១៩ កន្លងទៅ។ អ្នកជំនាញផ្នែកសារព័ត៌មានស្នើដល់តុលាការឱ្យពន្លឿនរឿងក្ដីនេះ ដើម្បីផ្ដល់យុត្តិធម៌ដល់អ្នកកាសែតទាំងពីរនាក់។
មេធាវីការពារក្ដីឱ្យអតីតអ្នកកាសែតខេមបូឌា ដេលី លោក សេក សុភ័ណ្ឌ ឱ្យដឹងនៅថ្ងៃទី២០ មេសាថា លោកបានសាកសួរមន្ត្រីតុលាការខេត្តរតនគិរីជាច្រើនដងមកហើយ អំពីថ្ងៃសវនាការរឿងក្តីនេះ ក៏ប៉ុន្តែមន្ត្រីតុលាការប្រាប់លោកថា ចៅក្រមមិនទាន់ដាក់ថ្ងៃជំនុំជម្រះជាថ្មីនៅឡើយទេ។ លោកថា លោកបានស្នើទៅមន្ត្រីតុលាការឱ្យជួយពន្លឿនរឿងនេះដែរ តែមិនទាន់មានការវិវឌ្ឍន៍បែបណានៅឡើយទេ។
មេធាវី សេក សុភ័ណ្ឌ បញ្ជាក់ថា ការអូសបន្លាយសំណុំរឿងបែបនេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍កូនក្ដីរបស់លោកជាខ្លាំង ទោះបីជាពួកគាត់កំពុងស្ថិតនៅក្រៅឃុំក៏ដោយ៖« វាប៉ះពាល់ខ្លាំងដោយសារតែសិទ្ធិទទួលបានការកាត់សេចក្ដីដោយយុត្តិធម៌ហ្នឹង ត្រូវមានរយៈពេលមួយសមស្របសម្រាប់ឱ្យមានការវិនិច្ឆ័យ ហើយការស៊ើបអង្កេតហ្នឹងទៀត ក៏មិនត្រូវបន្លាយពេលដែរ ព្រោះវាពាក់ព័ន្ធនឹងគេហៅថា សិទ្ធិទទួលបានការចាត់ទុកថាគ្មានទោសរហូតដល់មានសាលក្រមស្ថាពរ » ។
តុលាការខេត្តរតនគិរីបានចោទប្រកាន់អតីតអ្នកកាសែតខេមបូឌាដេលី (Cambodia Daily) ពីររូប គឺលោក អូន ភាព ជនជាតិខ្មែរ និងលោក លោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) ជនជាតិកាណាដា ពីបទ "ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍"។ ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពេលអ្នកកាសែតទាំងពីររូបនេះបានចុះទៅសម្ភាសពលរដ្ឋពលរដ្ឋឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីខែសីហា ឆ្នាំ២០១៧ ទាក់ទងនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
ទោះជាយ៉ាងណា មេធាវី សេក សុភ័ណ្ឌ ពន្យល់ថា អំពើរបស់កូនក្តីលោកទាំងពីរនាក់ គឺជាការអនុវត្តតាមវិជ្ជាជីវៈសារព័ត៌មាន មិនមែនជាការញុះញង់ ដូចតុលាការចោទប្រកាន់នោះឡើយ៖ « ច្បាស់លាស់ហើយ គឺគាត់បំពេញវិជ្ជាជីវៈគាត់ជាអ្នកសារព័ត៌មាន សម្រាប់ខ្ញុំ វាអត់មានបទល្មើសអ្វីទេ។ អ៊ីចឹងហើយបានខ្ញុំសុំឱ្យតុលាការតម្កល់ទុកឥតចាត់ការតាំងពីដំបូងម៉្លេះ ហើយដល់ពេលស៊ើបទៀត ខ្ញុំក៏បានសុំឱ្យទម្លាក់បទចោទទៀត ប៉ុន្តែតុលាការគេនៅស្ងៀម ហើយបន្តនីតិវិធីរហូតដល់សវនាការ » ។
ចៅក្រមស៊ើបសួរតុលាការខេត្តរតនគិរី បានប្រើពេលស៊ើបអង្កេតរឿងនេះជាង ២ឆ្នាំ រួចក៏បានកំណត់យកថ្ងៃទី២៥ ខែធ្នូ ២០១៩ ជាថ្ងៃបើកសវនាការ ក៏ប៉ុន្តែនៅថ្ងៃនោះមកដល់ ស្រាប់តែប្រធានក្រុមប្រឹក្សាជំនុំជម្រះប្រកាសថា សវនាការត្រូវលើកទៅធ្វើនៅថ្ងៃក្រោយវិញ ដោយសារចៅក្រមមួយរូបជាប់រវល់ទៅក្រៅប្រទេស។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការខេត្តរតនគិរី លោក កែវ ពិសុទ្ធ ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី២០ មេសា ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។
សមាជិកក្រុមប្រឹក្សាសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ម៉ៃ ទិត្យថារ៉ា ស្នើឱ្យតុលាការបើកការជំនុំជម្រះករណីនេះឱ្យបានឆាប់ ព្រោះសំណុំរឿងនេះបានអូសបន្លាយជាច្រើនឆ្នាំមកហើយ ហើយបានបង្កការភ័យខ្លាចដល់អ្នកសារព័ត៌មាននៅកម្ពុជា៖« បើមានការពន្លឿនពេលវេលានៃការបើកអង្គសវនាការលើរឿងហ្នឹង ខ្ញុំគិតថា វាផ្ដល់ផលប្រយោជន៍ជាច្រើនដែរទៅដល់អ្នកសារព័ត៌មានផ្សេងទៀតដើម្បីកុំឱ្យពួកគាត់មានការភ័យខ្លាចក្នុងការធ្វើការងាររបស់ពួកគាត់ » ។
សព្វថ្ងៃនេះ លោក អូន ភាព និងលោក ភីតធ័រ ហ្សមប៊័រ (Peter Zsombor) កំពុងរស់នៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួន ឬការយាយីពីសំណាក់អាជ្ញាធរកម្ពុជា។
ចាប់តាំងពីចុងឆ្នាំ២០១៧ មក របបលោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញស្ថាប័ន និងអ្នកសារព័ត៌មានឯករាជ្យឥតឈប់ឈរ មានជាអាទិ៍ ការបិទកាសែត ខេមបូឌា ដេលី ការបិទហ្វ្រេកង់វិទ្យុមួយចំនួន ការចោទប្រកាន់បែបព្រហ្មទណ្ឌប្រឆាំងនឹងអ្នកសារព័ត៌មាន និងការចាប់ខ្លួនអតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូបដោយគ្មានភស្តុតាងក្រោមបទចោទនៃអំពើចារកម្មជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។