តុលាការ​ខេត្ត​កំពង់ស្ពឺ​ដោះលែង​ស្ត្រី​មាន​ជម្លោះ​ដីធ្លី​បន្ទាប់​ពី​លោក ហ៊ុន សែន អន្តរាគមន៍

0:00 / 0:00

តុលាការ​ខេត្ត​កំពង់ស្ពឺ ដោះ​លែង​អ្នក​ភូមិ​ពីរ​នាក់​ដែល​ជាប់​ពន្ធនាគារ​ក្នុង​រឿង​ទំនាស់​ដីធ្លី នៅ​យប់​ថ្ងៃ​ទី​១៤ មីនា។ ការ​ដោះ​លែង​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​អាជ្ញាធរ​ខេត្ត ឲ្យ​ធ្វើ​ការ​ជាមួយ​តុលាការ​ទាំង​យប់ ដើម្បី​សុំ​ធានា​អ្នក​ភូមិ​ទាំង​ពីរ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

ស្ត្រី​ដែល​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ពាក់ព័ន្ធ​ក្នុង​រឿង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​គាត់​ដាក់​ពន្ធនាគារ គឺ​ជា​រឿង​អយុត្តិធម៌​មួយ បើ​ទោះ​បី​ជា​មាន​ការ​ដោះលែង​ក៏ដោយ។

ស្ត្រី​ទាំង​ពីរ​នាក់​នោះ​មាន​ឈ្មោះ យូ រ៉ន និង អ៊ីត រុំ រស់នៅ​ភូមិ​ថ្មី ឃុំ​តាំងសំរោង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

លោកស្រី យូ រ៉ន ថ្លែង​ថា តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​ចោទ​ប្រកាន់​គាត់ និង​អ្នក​ភូមិ​ដោយ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ឡើយ។ លោកស្រី​ស្នើ​ឲ្យ​ដោះលែង​ពួក​គាត់​ឲ្យ​មាន​សេរីភាព​ជា​រហូត ពីព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖«ខ្ញុំ​បាន​ចេញ​ពី​ពន្ធនាគារ​យប់ ហើយ​ឯកឧត្ដម ហ៊ុន ម៉ានី និង ហ៊ុន មានិត កូន​របស់​សម្ដេច​ផ្ទាល់​ ម៉ង​ ដែល​គាត់​ចូល​ទៅ​ជាមួយ​អភិបាល​ខេត្ត ចូល​ទៅ​កន្លែង​ពន្ធនាគារ​ដោះ​ខ្ញុំ​មក ។ ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​ទេ គេ​ចោទ​ខ្ញុំ​ថា​ខ្ញុំ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ ម្ចាស់​អចលនវត្ថុ ​ហ្នឹង គឺ​ខ្ញុំ​អត់​បាន​ប្រើ​អំពើ​ហិង្សា​ទេ។ ចាប់​ខ្ញុំ​ដាក់​ពន្ធនាគារ គឺ​អយុត្តិធម៌​ណាស់​ តុលាការ​ខេត្ត ​កំពង់ស្ពឺ ពុក​រលួយ ​ណាស់ ព្រះរាជអាជ្ញា​យប់​មិញ​ក៏​មក​តាម ព្រឹក​ឡើង​មក​តាម​ទៀត មក​ដល់​ដី​ជម្លោះ​កើត​ហេតុ​ទៀត ម៉ោង​១១-១២​យប់ គាត់​រត់​ទាំង​យប់​ម៉ង»។

លោកស្រី យូ រ៉ន ថ្លែង​បន្ត​ថា ក្បួន​រថយន្ត​ជាង ១០​គ្រឿង​របស់ លោក ហ៊ុន ម៉ានី តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹក​នាំ​ពួក​គាត់​ចូល​ភូមិ និង​ចុះ​ទៅ​ស្វែង​យល់​ដល់​ដី​ទំនាស់ និង​បាន​ជូន​លុយ​ឲ្យ​ពួក​គាត់​ទាំង​ពីរ​នាក់​ក្នុង​ម្នាក់ ៣០០​ដុល្លារ ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​សន្យា​ដោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ការ​ដោះលែង​ស្ត្រី​អ្នក​ភូមិ​ទាំង​ពីរ​នាក់​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​អភិបាល​ខេត្ត ឲ្យ​ធ្វើ​ការ​ជាមួយ​តុលាការ​ទាំង​យប់ ដើម្បី​សុំ​ធានា​អ្នក​ភូមិ​ទាំង​ពីរ​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា លោក​ខក​ចិត្ត​ខ្លាំង​ណាស់​ដែល​តុលាការ​ខេត្ត​កំពង់ស្ពឺ ចាប់​តំណាង​ប្រជាជន ២​នាក់​ឃុំ​ខ្លួន ដែល​លោក​ទើប​តែ​បាន​ដឹង។ លោក​សរសេរ​បន្ត​ថា កូន​ប្រុស ២​នាក់​របស់​លោក គឺ​លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កំពង់ស្ពឺ ដើម្បី​ជួយ​ប្រជាជន​ក្នុង​រឿង​នេះ។ លោក​សង្ឃឹម​ថា ព្រះរាជអាជ្ញា​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ទាំង ២​នាក់​បាន​នៅ​ក្រៅ​ឃុំ ប្រសិន​បើ​មិន​ទុក​ចិត្ត លោក ហ៊ុន សែន សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ឃុំ​កូន​លោក​ទាំង​ពីរ​ជំនួស​វិញ​ចុះ។

ក្រោយ​ការ​ដោះលែង​ស្ត្រី​រងគ្រោះ​ដីធ្លី​ទាំង ២​នាក់​រួច នៅ​ថ្ងៃ​ទី​១៥ មីនា លោក ហ៊ុន សែន បាន​សរសេរ​ឆ្លើយ​តប​នឹង​មតិ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា តុលាការ​ឯករាជ្យ មិន​ស្ថិត​ក្រោម​អំណាច​រាជ​រដ្ឋាភិបាល​ទេ។ បើ​ស្ថិត​ក្រោម​អំណាច​រាជ​រដ្ឋាភិបាល មិន​បាច់​ខ្ញុំ​សុំ​ធានា​ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ គឺ​បញ្ជា​ឲ្យ​ដោះលែង​តែ​ម្ដង។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា តុលាការ គឺ​ជា​ឧបករណ៍​មួយ​ដែល​ភាគី​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​ប្រើប្រាស់ ដោយ​មិន​បាន​ផ្អែក​ទៅ​លើ​គោលការណ៍​ច្បាប់ អង្គ​ហេតុ និង​ភស្តុតាង​ពិត​ប្រាកដ។ លោក​ថា ពលរដ្ឋ​រងគ្រោះ​ពីរ​ត្រួត គឺ​បាត់បង់​ដីធ្លី និង​ជាប់​ពន្ធនាគារ​ដោយសារ​តែ​តុលាការ​មិន​ឯករាជ្យ។ លោក អំ សំអាត មាន​មតិ​ថា ការ​អន្តរាគមន៍​នេះ ដោយសារ​តែ​នាយក​រដ្ឋមន្ត្រី​មើល​ឃើញ​ពី​ភាព​អយុត្តិធម៌​ក្នុង​ប្រព័ន្ធ​យុត្តិធម៌៖ «បើ​រឿង​នេះ​វា​សម​ហេតុ​សម​ផល​ហើយ មាន​ភាព​យុត្តិធម៌ មិន​មែន​សម្ដេច​នាយក​រដ្ឋមន្ត្រី ក្នុង​នាម​នីតិប្រតិបត្តិ ឃើញ​ភាព​អយុត្តិធម៌ ហើយ​លោក​លូក​ដៃ​អន្តរាគមន៍ ហើយ​ហ៊ាន​ថា​បើ​សិន​ជា​មិន​លែង​ទេ ឲ្យ​ឃុំ​កូន​ លោក​ទាំង ​ពីរ​ជំនួស​វិញ។ នេះ​យើង​ឃើញ​ហើយ វា​ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ហើយ វា​មាន​ ភាព​អយុត្តិធម៌។ តុលាការ​ខ្លួន​ឯង ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ខ្លួន​ក្លាយ​ជា​តុលាការ​ឯករាជ្យ មុន​នឹង​សម្រេច​ ឃុំ​ខ្លួន ​ទៅ​លើ​ជន​ណា​ម្នាក់។ មាន​ភាព​អយុត្តិធម៌ ប្រមុខ​រដ្ឋាភិបាល​ធ្វើ​បទ​អន្តរាគមន៍​ទៅ​នាំ​ឲ្យ​គេ​ ចោទ​ប្រកាន់ ​ថា នីតិប្រតិបត្តិ​លូក​លាន់ ឬ​ក៏​រំលោភ​អំណាច​ប្រព័ន្ធ​តុលាការ​នោះ​ទេ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ លោក អ៊ូ ផាត ដើម្បី​បំភ្លឺ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី​១៥ មីនា។

កាល​ពី​ថ្ងៃ​សុក្រ ទី​១១ មីនា ចៅក្រម​នៃ​តុលាការ​ខេត្ត​កំពង់ស្ពឺ លោក តូង ពុទ្ធារ៉ា បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី ២​នាក់​ដែល​ជា​តំណាង​សហគមន៍​ភ្នំ​ស្រួច ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ ដែល​តម្រូវ​ឲ្យ​ពួក​គាត់​បញ្ឈប់​សកម្មភាព និង​ឋិត​នៅ​ឲ្យ​ឆ្ងាយ​ពី​ដី​ទំនាស់ ដែល​ភាគី​ម្ខាង​ទៀត​មាន​តំណាង​ពលរដ្ឋ​ជាង ៨០​គ្រួសារ បាន​ប្ដឹង​ពួក​គេ​ទៅ​តុលាការ​កាល​ពី​ឆ្នាំ​២០១៥។

ក្រោយ​ការ​ចាប់​ខ្លួន​មួយ​ថ្ងៃ តំណាង​អ្នក​ភូមិ​ជាង ១៦០​គ្រួសារ បាន​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឲ្យ​អន្តរាគមន៍​ដោះលែង។

អ្នក​ភូមិ​ឲ្យ​ដឹង​ថា ពលរដ្ឋ ១៦៥​គ្រួសារ បាន​កាន់​កាប់​ដី​ទំនាស់​ជាង ៣០០​ហិកតារ តាំង​ពី​ឆ្នាំ​១៩៧៩។ នៅ​ឆ្នាំ​២០០៦ មាន​មន្ត្រី​ទាហាន​កង​រថពាសដែក អាសេអូ (ACO) ឈ្មោះ ទូច សុភក្ត្រ បាន​អះអាង​ថា ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន និង​បាន​ប្ដឹងផ្ដល់​អ្នក​ភូមិ​កាល​ពី​ឆ្នាំ​២០១១។ ទោះ​បី​ជា​យ៉ាង​ណា វិវាទ​នេះ​មិន​បាន​បញ្ចប់​នោះ​ទេ។ ក្រុម​និស្សិត​បាន​ចុះ​ទៅ​វាស់វែង​ដី​ចែក​ជូន​ដល់​ពលរដ្ឋ ប៉ុន្តែ​ពួក​គាត់​ពុំ​ទទួល​បាន​ឡើយ បែរ​ជា​បែង​ចែក​ឲ្យ​ពលរដ្ឋ​ជាង ៨០​គ្រួសារ​ផ្សេង​ទៀត ហើយ​ពលរដ្ឋ​ទាំង​នោះ​បាន​លក់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន ភួង សារឿន។ វិវាទ​នេះ បាន​នាំ​ឲ្យ​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ម្ដង​ទៀត ដែល​មាន​ឈ្មោះ ជីវ កុំ និង​កូន​ប្រធាន​ភូមិ​ថ្មី ឈ្មោះ អ៊ីម ដា ជា​តំណាង​ពលរដ្ឋ​ជាង ៨០​គ្រួសារ ប្ដឹង​អ្នក​ភូមិ​ទៅ​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។