តុលាការកំពូលសម្រេចដោះលែងលោក សួង នាគព័ន្ធ បណ្តោះអាសន្នតាមការស្នើសុំនៅថ្ងៃទី១៥ ខែវិច្ឆិកា ក្រោយពីបានជាប់ពន្ធនាគារជាង ៤ខែ ពាក់ព័ន្ធនឹងសកម្មភាពចូលរួមបុណ្យខួបបីឆ្នាំនៃអំពើឃាតកម្មលើអ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីម្នាក់ គឺបណ្ឌិត កែម ឡី។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ការដោះលែងនេះ គឺជាជំហ៊ានវិជ្ជមានមួយ ប៉ុន្តែទាមទារឲ្យដោះលែង និងទម្លាក់ចោលទាំងស្រុង ចំពោះការចោទប្រកាន់លើលោក សួង នាគព័ន្ធ និងលោក គង់ រ៉ៃយ៉ា។
តុលាការកំពូល សម្រេចដោះលែងលោក សួង នាគព័ន្ធ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននៅព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពីតុលាការបានបើកសវនាការជុំនុំជម្រះរយៈពេលមួយម៉ោងលើបណ្តឹងសុំនៅក្រៅឃុំ។ ទោះយ៉ាងណា សំណុំរឿងនេះ មិនទាន់បញ្ចប់នោះឡើយ។ យុវជន កែម ឡីនិយម រូបនេះ នឹងបន្តដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
មេធាវីការពារក្តីឲ្យយុវជន សួង នាគព័ន្ធ គឺលោក សំ សុគង់ មានប្រសាសន៍ថា កូនក្តីរបស់លោក នឹងត្រូវដោះលែងពីពន្ធនាគារព្រៃសយ៉ាងយូរត្រឹមព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ក្រោយបំពេញឯក សារក្នុងពន្ធនាគាររួចរាល់។ លោក សុំ សុគង់ បន្តថា ការសម្រេចឲ្យកូនក្តីរបស់លោកនៅក្រៅឃុំ បណ្តោះអាសន្ននេះ គឺអាចដោយសារតែស្ថានភាពនយោបាយធូរស្រាល ក្រោយលោក ហ៊ុន សែន បញ្ជាឲ្យតុលាការដោះលែងអ្នកទោសនយោបាយទាំងអស់ និងម្យ៉ាងទៀតដោយសារ លោក សួង នាគព័ន្ធ មានលក្ខខណ្ឌគ្រប់គ្រាន់តាមផ្លូវច្បាប់ ដើម្បីបាននៅក្រៅឃុំ៖ « ហ៊ានទី១ ការផ្តល់សេរីជូនគាត់គឺ ជាកត្តាមួយសំខាន់ ហើយកត្តាទី២ មេធាវីការពារនឹងស្វែងរកភស្តុតាងដោះបន្ទុក ដើម្បីស្នើសុំទៅតុលាការក្រុងភ្នំពេញឲ្យពន្លឿនសវនាការឲ្យទម្លាក់បទចោទប្រកាន់ទាំងស្រុងតែម្តងកុំឲ្យមានឈ្មោះថា អ្នកជាប់ពាក់ព័ន្ធនឹងមានទោស»។
លោក សួង នាគព័ន្ធ ត្រូវបានសមត្ថកិច្ចរបបក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ខណៈ លោកកំពុងចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅបរិវេណស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិច នៅស្តុប បូកគោ ដែលជាទីតាំងឃាតកម្មបណ្ឌិត កែម ឡី កើតឡើង និងបានចែកខិតប័ណ្ណសារអំពាវនាវកុំឲ្យមានការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។ តុលាការបានចោទប្រកាន់លោក សួង នាគព័ន្ធ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នៅមុនការចាប់ខ្លួនលោក សួង នាគព័ន្ធ មួយថ្ងៃ ពោលគឺ នៅថ្ងៃទី៩ ខែកក្កដា សមត្ថកិច្ចរបបក្រុងភ្នំពេញ ក៏បានចូលទៅចាប់ខ្លួនយុវជន កែម ឡី និយមម្នាក់ទៀត គឺលោក គង់ រ៉ៃយ៉ា ក្នុងផ្ទះជួលរបស់លោកជាមួយកូនតូចអាយុ ៦ខែ និងភរិយា ព្រមទាំងបងប្អូនបង្កើត ២នាក់ទៀត បន្ទាប់ពីបានផ្សព្វផ្សាយលក់អាវយឺតមានរូប និងទស្សនៈបណ្ឌិត កែម ឡី នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) សម្រាប់ខួបបីឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី។ សមាជិកគ្រួសាររបស់លោក គង់ រ៉ៃយ៉ា ត្រូវបានដោះលែងវិញនៅថ្ងៃបន្ទាប់ ប៉ុន្តែលោក គង់ រ៉ៃយ៉ា ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃសដូច លោក សួង នាគព័ន្ធ ដែរ។ តុលាការកំពូល ទើបតែសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក គង់ រ៉ៃយ៉ា កាលពីថ្ងៃទី៤ ខែវិច្ឆិកាកន្លងទៅ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ការសម្រេចឲ្យលោក សួង នាគព័ន្ធ នៅក្រៅឃុំបណ្តោះអាសន្ននេះ គឺជាជំហានវិជ្ជមានមួយ ប៉ុន្តែលោកនៅតែជំរុញឲ្យតុលាការដោះលែង និងទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងលើលោក សួង នាគព័ន្ធ និងលោក គង់ រ៉ៃយ៉ា៖ « លោក សួង នាគព័ន្ធ អាចមានសេរីភាពឡើងវិញ តែសេរីភាពមិនពេញលេញទេ។ អ្វីដែលសំខាន់ករណីលោក សួង នាគព័ន្ធក្តី និងលោក គង់ រ៉ៃយ៉ា ក្តី ដែលយើងចាត់ទុកថា ជារឿងមួយអយុត្តិធម៌សម្រាប់គាត់ ហើយរឿងចាប់ខ្លួននេះដោយសារគាត់បញ្ចេញមតិផ្ទាល់ខ្លួន ហើយករណីទាំងពីរត្រូវបានទទួលការរិះគន់ផងដែរពីសហគមន៍ជាតិ និងអន្តរជាតិ។ ខ្ញុំគ្រាន់តែសង្ឃឹមថា សាលាដំបូងអាចលើកលែងការចោទប្រកាន់លើអ្នកទាំងពីរឲ្យមានសេរីភាពពេញលេញ » ។
កាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា សួង នាគព័ន្ធ និងលោក គង់ រ៉ៃយ៉ា ជាអ្នកទោសមនសិការ និងអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យដោះលែង និងទម្លាក់ការចោទប្រកាន់ លើអ្នកទាំងពីរនាក់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ អង្គការអន្តរជាតិមួយនេះ ពិនិត្យឃើញថា ការចាប់ ឃុំខ្លួន យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ នេះ ដោយសារតែពួកគេអនុវត្តសិទ្ធិបញ្ចេញមតិ និងសិទ្ធិជួបជុំដោយសន្តិវីធីស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សជាដើម។
អង្គការលើកលែងទោសអន្តរជាតិ រកឃើញថា ការឃុំខ្លួនយុវជនទាំងពីរនាក់ក្នុងពន្ធនាគារព្រៃស ជាង ៣ខែមកនេះ គឺធ្វើឡើងក្នុងលក្ខខណ្ឌរំលោភសិទ្ធិរបស់ពួកគេ ដោយសារអ្នកទាំងពីរ ត្រូវបាន ដាក់ឃុំឃាំងក្នុងបន្ទប់ទំហំ ៤គុណ ៥ម៉ែត្រ ដែលផ្ទុកអ្នកទោសចាប់ពី ២៥ ទៅ ២៧នាក់។ ដូច្នេះមាន ន័យថា ពួកគេត្រូវចែកកន្លែងគ្នារស់នៅក្នុងម្នាក់តិចជាង ០,៧៥ម៉ែត្រការ៉េ។ អង្គការលើកលែងទោសអន្តរជាតិបញ្ជាក់ថា ករណីនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្តនិងសុខភាពរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។