សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ទាន់​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​ចុងក្រោយ​ជុំវិញ​ការ​ស្លាប់​លោក ពេជ្រ ធារ៉េត

0:00 / 0:00

សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​ឃុំខ្លួន​សួរចម្លើយ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្ត​បាត់ដំបង អះអាង​ថា គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​ក្រសួង​មហាផ្ទៃ​យឺតយ៉ាវ​ចេញ​លទ្ធផល​ស៊ើបអង្កេត និង​ចេញ​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​អំពើ​ទារុណកម្ម​ក្នុង​ដៃ​សមត្ថកិច្ច។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា សមត្ថកិច្ច​ជំនាញ​គួរតែ​ពន្លឿន​ចេញ​លទ្ធផល​ឱ្យ​បាន​ឆាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពួកគាត់ និង​ផ្តល់​ទំនុកចិត្ត​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់។

សាច់ញាតិ​បុរស​ដែល​ស្លាប់​ពេល​ប៉ូលិស​ឃុំខ្លួន​សួរចម្លើយ​នៅ​នគរបាល​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​លើកឡើង​ថា ប្រសិន​សិន​បើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​ឆន្ទៈ​ស្វែងរក​យុត្តិធម៌​ដល់​ពួកគាត់ គឺ​មិន​ពិបាក​រក​ភស្តុតាង និង​អូស​បន្លាយពេល​ក្នុង​ការ​ចេញ​របាយការណ៍​ស៊ើបអង្កេត និង​សេចក្តី​សន្និដ្ឋាន​សម្រេច​ចុងក្រោយ​នោះ​ទេ ព្រោះ​ករណី​ទារុណកម្ម​នេះ​ទាក់ទង​មន្ត្រី​នគរបាល​ស្រុក​សង្កែ​។ សាច់ញាតិ​ជនរងគ្រោះ​ចោទ​ជា​សំណួរ​ថា តើ​ស្ថាប័ន​ទាំងនោះ​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ទៀត ទើប​អាច​ចាប់​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

បងស្រី​បង្កើត​របស់​ជនរងគ្រោះ​គឺ​លោកស្រី ពេជ្រ លីណា ប្រាប់​អាស៊ីសេរី​ថា ប្អូនប្រុស​លោកស្រី បាន​ស្លាប់​ទាំង​អយុត្តិធម៌ ក្រោម​អំពើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ហើយ​រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​ការ​ស៊ើបអង្កេត​ចុងក្រោយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​នៅឡើយ​ទេ។ ស្ត្រី​វ័យ​ជាង​ ៣០​ឆ្នាំ​រូប​នេះ​ឱ្យ​ដឹង​ថា កន្លងទៅ​លោកស្រី និង​សាច់ញាតិ​បាន​ធ្វើ​ដំណើរ​ជាច្រើនលើក​ទៅ​ភ្នំពេញ​ក្នុង​គោលបំណង​ទៅ​បំភ្លឺ​ផង និង​ចង់​ដឹង​ពី​លទ្ធផល​ស៊ើបអង្កេត​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ​ផង តែ​សមត្ថកិច្ច​ទាំងនោះ​តែងតែ​រុញ​ដាក់គ្នា​ដោយ​ឱ្យ​ពួក​លោក​ស្រី​ទៅ​សាកសួរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ ចំណែក​ថ្មីៗ​ នេះ ប្រធាន​ផ្នែក​នីតិកម្ម និង​ជំនួយ​ផ្នែក​ច្បាប់​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម លោក តុប សំភី បាន​សន្យា​នឹង​លោកស្រី​ឱ្យ​រង់ចាំ​ទទួល​លទ្ធផល​រយៈពេល ១៥​ថ្ងៃ​ចំនួន ​២​ដង​មក​ហើយ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ គណៈកម្មការ​ជំនាញ​មួយ​នេះ មិន​គោរព​តាម​ការសន្យា​ដោយ​មិនទាន់​ជូនដំណឹង​មក​សាច់ញាតិ​ជនរងគ្រោះ​ដែល​កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌​នោះ​ទេ៖ «ស្នើសុំ​ទៅ​អគ្គស្នងការ​ដែល​ស៊ើបអង្កេត​ចុងក្រោយ​ករណី​ប្អូន​ខ្ញុំ សូម​ឱ្យ​លោក​អាណិត​ជួយ​ពន្លឿន​បង្ហាញ​លទ្ធផល​ចុង​ក្រោយ​មក ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ប្អូន​ខ្ញុំ​ដែល​គាត់​ស្លាប់​ទាំង​អយុត្តិធម៌ ព្រោះ​គ្រួសារ​ខ្ញុំ​រង់ចាំ​យូរណាស់​ហើយ ហើយ​កុំឱ្យ​ពួក​ខ្ញុំ​រង់ចាំ​យូរ​ពេក​ព្រោះ​ករណី​ប្អូន​របស់ខ្ញុំ គឺជា​ករណី​ប៉ូលិស​យក​ប្អូន​ខ្ញុំ​ទៅ​សួរចម្លើយ​ជា​ជនសង្ស័យ​តែ​ស្លាប់​ក្នុង​ដៃ​សមត្ថកិច្ច អត់​មាន​ទាក់ទង​នឹង​ប្រវត្តិ​គាត់​ដោយ​ពិបាក​ស៊ើប​នោះ​ទេ»។

មក​ទល់​ពេល​នេះ សំណុំរឿង​នៃ​ការ​ស្លាប់​របស់​បុរស​ឈ្មោះ ពេជ្រ ធារ៉េត ដែល​សង្ស័យ​ថា ប៉ូលិស​ស្រុក​សង្កែ​ជា​អ្នកធ្វើ​ទារុណកម្ម​នោះ បាន​អូស​បន្លាយ​ពេល​ជាង ​១​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​យុត្តិធម៌​សម្រាប់​គ្រួសារ​ជនរងគ្រោះ​នោះ​ទេ បើ​ទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​រក​ឃើញ​ជា​ជំហាន​ដំបូង​ថា ប៉ូលិស​ស្រុក​សង្កែ ពិតជា​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​ពិតមែន​ក្តី។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​លោក នុត សាអាន និង​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ក្រសួង​មហាផ្ទៃ លោក ហែម ប៊ុនណា ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​១៦ ខែ​កក្កដា។

កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ កន្លង​ទៅ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ចេញ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន ដោយ​សន្និដ្ឋាន​ថា ជនរងគ្រោះ​ឈ្មោះ ពេជ្រ ធារ៉េត អាច​ស្លាប់​បណ្ដាល​មក​ពី​ការ​វាយ​ធ្វើ​ទារុណកម្ម​ស្រាល​ឬ​ធ្ងន់ ក្នុង​ពេល​ប៉ូលិស​ឃុំខ្លួន​នៅ​អធិការ​នគរបាល​ស្រុក​សង្កែ ប៉ុន្តែ​សមត្ថកិច្ច មិន​បាន​ចាប់​ជនល្មើស​ផ្ដន្ទាទោស​តាមច្បាប់​ឡើយ​។ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម បាន​រុញ​សំណុំ​រឿង​នេះ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ស៊ើបអង្កេត​បន្ថែម​ទៀត ក្រោម​ហេតុផល​ថា មន្ត្រី​ប៉ូលិស​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្តបាត់ដំបង​ផ្តល់​ចម្លើយ​ផ្សេងៗ​គ្នា។

ជុំវិញ​រឿង​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ករណី​នេះ​បើ​ស្ថាប័ន​មាន​សមត្ថកិច្ច​មាន​ឆន្ទៈ​ពិតប្រាកដ​មិន​ស្មុគ្រស្មាញ​ក្នុង​ការ​ស៊ើបអង្កេត​នោះ​ទេ​។ លោក​យល់​ថា សមត្ថកិច្ច​គួរ​បង្ហាញ​លទ្ធផល​ឱ្យ​បាន​ឆាប់ ទោះបី​លទ្ធផល​រក​ឃើញ​យ៉ាងណាក៏ដោយ ដើម្បី​ឱ្យ​គ្រួសារ​ជនរងគ្រោះ​អស់ចិត្ត ឬ​បន្ត​នីតិវិធី​តាម​ប្រព័ន្ធ​តុលាការ​តទៅ​ទៀត​។ លោក យិន ម៉េងលីថា ភាព​យឺតយ៉ាវ​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​អស់ជំនឿ​លើ​ស្ថាប័ន​អនុវត្ត​ច្បាប់៖ «នៅក្នុង​សំណុំរឿង​ហ្នឹង តើ​វា​មាន​អ្វី​ដែល​ជា​អាថ៌កំបាំង ឬ​មាន​អ្នកណា​នៅ​កាង​ពីក្រោយ​បាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ចេញ​របាយការណ៍​មក​រុញ​ដាក់​អគ្គស្នងការ​ដោយ​សន្យា​ពីមួយ​ទៅ​មួយ​ដែល​ធ្វើ​ឱ្យ​គាត់​ខាតបង់​ពេលវេលា ថវិកា​ចុះឡើង​តាមដាន​រឿង​ហ្នឹង ហើយ​យុត្តិធម៌​ពិបាក​រក​ម្ល៉េះ»។

​កាល​ពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២១ បុរស​ម្នាក់​ឈ្មោះ ពេជ្រ ធារ៉េត អាយុ​ ៣១​ឆ្នាំ មាន​មុខរបរ​ជាជាង​ផ្សារ​ដែក រស់នៅ​ក្នុង​ភូមិ​បោះពោធិ៍ ឃុំ​អូរដំបង​១ ស្រុក​សង្កែ បាន​ស្លាប់​បាត់​បង់ជីវិត ក្នុង​ពេល​ប៉ូលិស​ចាប់​ឃុំខ្លួន​សួរចម្លើយ​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ អស់​រយៈពេល​ជាង ៣​ម៉ោង ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា គាត់​រាយ​ខ្សែភ្លើង​អគ្គិសនី ដើម្បី​ឆក់​សម្លាប់​ប្រពន្ធ​នៅក្នុង​ផ្ទះ​ដោយសារ​ភ្លើង​ប្រច័ណ្ឌ។ ប៉ុន្តែ​សាក្សី​អះអាង​ថា ក្នុង​ពេល​កើតហេតុ គឺ​បុរស​ជា​ប្តី​រូប​នេះ មិន​បាន​នៅផ្ទះ​ឡើយ​។​ ប៉ូលិស​ខេត្ត​បាត់ដំបង​បកស្រាយ​ថា លោក ពេជ្រ ធារ៉េត ស្លាប់​ដោយសារ​គាំងបេះដូង ព្រោះ​ប្រើ​ថ្នាំញៀន​ហួស​កម្រិត​។ ប៉ុន្តែ​នៅ​ពេល​សាច់ញាតិពិនិត្យ​សាកសព​ឃើញ​មាន​ស្នាមរបួស និង​ជាំ​ពេញ​ខ្លួន​ចាប់តាំងពី​ជើង​រហូត​ដល់​ក្បាល និង​មាន​ហូរឈាម​តាម​ច្រមុះ និង​ត្រចៀក ព្រមទាំង​ស្នាម​ខូង​នៅ​កន្លែង​ដាក់​ខ្នោះ និង​ស្នាម​ជាំ​ខ្លាំង​នៅ​កជើង​ទាំងពីរ​។ លើស​ពី​នេះ សម្លៀកបំពាក់​របស់​ជន​រងគ្រោះ ត្រូវ​បាន​ផ្លាស់ប្ដូរ ហើយ​សាច់ញាតិ​អះអាង​ថា សមត្ថកិច្ច​បាន​ព្យាយាម​រារាំង​មិន​ឲ្យ​សាច់ញាតិ និង​អ្នកកាសែត ពិនិត្យ​សាកសព​ទៀត​ផង​។ អ្នក​ជំនាញ និង​គ្រួសារ​ជនរងគ្រោះ​សន្និដ្ឋាន​ថា ស្នាម​ជាំ និង​របួស​នៅ​លើ​ដងខ្លួន​សាកសព​លោក ពេជ្រ ធារ៉េត ជា​ស្នាម​រង​ទារុណកម្ម​ដោយ​ការ​វាយដំ និង​ឆក់​ខ្សែភ្លើង ។ ខាង​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម ក៏បាន​ចុះ​ស៊ើបអង្កេត​រក​ឃើញ​ថា ការ​ស្លាប់​របស់​ជនរងគ្រោះ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​របស់​នគរ​បាល​ស្រុក​សង្កែ​ដែរ ។ ទោះជា​យ៉ាងណាក្ដី មក​ទល់​ពេល​នេះ ក្រុម​នគរបាល​ស្រុក​សង្កែ ដែល​ជាប់​សង្ស័យ​ក្នុង​ករណី​នេះ នៅតែ​មាន​សេរីភាព​ដដែល។

បងស្រី​របស់​ជន​គ្រោះ​ ដែល​សកម្ម​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​ប្អូនប្រុស​នេះ បន្ត​អះអាង​ថា លោកស្រី​នឹង​នៅតែ​តស៊ូ​ដល់ទី​បញ្ចប់​ដោយ​មិន​រាថយ​ទេ រហូត​ទាល់តែ​ប្អូនប្រុស​របស់​លោក​ស្រី និង​ក្រុម​គ្រួសារ​ទទួល​បាន​យុត្តិធម៌​​ពិតប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។