គ្រូបង្រៀន ៦នាក់ក្នុងចំណោម ១១នាក់ ដែលបានប្ដឹងករណីក្រសួងអប់រំលុបឈ្មោះពួកគាត់ចេញពីក្របខ័ណ្ឌនោះ បានចូលខ្លួនទៅឆ្លើយបំភ្លឺតាមដីកាកោះលើកទីពីររបស់តុលាការក្រុងភ្នំពេញ នៅថ្ងៃ ទី២៧ មីនា។ ក្រុមគ្រូបង្រៀនអះអាងថា ប្រសិនបើតុលាការសម្រេចរឿងក្ដីនេះដោយយុត្តិធម៌ ពួកគាត់នឹងទទួលបានក្របខ័ណ្ឌដូចដើមវិញ។
ចៅក្រមតុលាការក្រុងភ្នំពេញលោក រស់ ពិសិដ្ឋ បានធ្វើនីតិវិធីផ្សះផ្សាជាថ្មីម្ដងទៀត ប៉ុន្តែភាគីទាំងពីរជាពិសេសខាងក្រសួងអប់រំ មិនព្រមសះជានឹងគ្នាវិញឡើយ ដូច្នេះចៅក្រមក៏បានបន្តនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល។
ក្រោយការដេញដោលជាង ២ម៉ោង តុលាការក្រុងភ្នំពេញបានកំណត់រយៈពេល ៣សប្ដាហ៍ ក្នុងការសម្រេច ចំពោះសំណើរបស់ភាគីក្រសួងអប់រំ ដែលស្នើសុំឱ្យទម្លាក់ចោលបណ្ដឹងរបស់ក្រុមគ្រូបង្រៀន។ នេះបើយោងតាមកំណត់ហេតុស្ដីពីនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលរបស់តុលាការក្រុងភ្នំពេញ ដែលអាស៊ីសេរីទទួលបាន បន្ទាប់ពីតុលាការបានបញ្ចប់សវនាការរឿងនេះនៅថ្ងៃទី២៧ មីនា។
តំណាងក្រសួងអប់រំបន្តលើកយកហេតុផលដែលថា បណ្ដឹងរបស់ក្រុមគ្រូបង្រៀន ធ្វើឡើងហួសរយៈពេលកំណត់ដែលមានចែងក្នុងប្រកាសរបស់ក្រសួងអប់រំស្ដីពីនីតិវិធីនៃការប្ដឹងតវ៉ា។ នីតិវិធីនោះ គឺបើកសិទ្ធិឱ្យមានការប្ដឹងតវ៉ាទៅនឹងការសម្រេចរបស់ក្រសួង ត្រឹមរយៈពេល ៦០ថ្ងៃ គិតពីថ្ងៃចេញសេចក្ដីសម្រេចនោះ។ តំណាងក្រសួងអប់រំបន្តថា នៅក្នុងករណីនេះ ក្រសួងបានលុបឈ្មោះក្រុមគ្រូបង្រៀនតាំងពីចុងខែមករា ឆ្នាំ២០១៨ ក៏ប៉ុន្តែពួកគេទើបតែប្ដឹងតវ៉ានៅខែមករា ឆ្នាំ២០១៩ នេះទៅវិញ។
ក៏ប៉ុន្តែខាងក្រុមគ្រូបង្រៀនអះអាងថា ពួកគាត់មិនបានធ្វើផ្ទុយនឹងប្រកាសនេះទេ។
ប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមគ្រូបង្រៀនលោក រ៉ុង ឈុន ថ្លែងថា ពួកលោកបានដាក់លិខិតទៅក្រសួងអប់រំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបន្តបន្ទាប់ តាមរយៈសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដើម្បីសម្ដែងការមិនពេញចិត្តនឹងចំណាត់ការនេះ និងស្នើសុំឱ្យក្រសួងផ្ដល់ក្របខ័ណ្ឌដល់ពួកលោកឡើងវិញ។ ក៏ប៉ុន្តែសំណើទាំងនោះ មិនត្រូវបានទទួលយកទៅពិចារណាដោះស្រាយឡើយ ដូច្នេះហើយទើបក្រុមគ្រូបង្រៀនសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការ នៅខែមករា ឆ្នាំ២០១៩៖ «យើងបានប្ដឹងទៅក្រសួងអប់រំ ទៅលោកនាយករដ្ឋមន្ត្រីហើយ។ ដូច្នេះអត់មាននិយាយរឿង ៦០ថ្ងៃទេ ពីព្រោះនីតិវិធី កំពុងតែដំណើរការ អ៊ីចឹងយើងទុកឲ្យនីតិវិធីអន្តរាគមន៍ហ្នឹងឲ្យក្រសួងដោះស្រាយ អោយនាយករដ្ឋមន្ត្រីដោះស្រាយប៉ុន្តែនៅពេលជិត១០ខែ ហ្នឹងយើងពុំឃើញមានការឆ្លើយតបពុំឃើញមានការដំណោះស្រាយពីក្រសួងពីនាយករដ្ឋមន្ត្រី។សម្រេចចិត្តចុងក្រោយ ពួកយើងប្ដឹងទៅតុលាការតែម្ដង។ នេះអត់មានខុសទៅនឹងនីតិវិធីឬមួយលើសថ្ងៃដូចការ អះអាងរបស់ក្រសួងអប់រំ » ។
ទោះជាយ៉ាងណា តំណាងក្រសួងអប់រំបានចាត់ទុក ការធ្វើបែបនេះថា ជារឿងមិនត្រឹមត្រូវនោះទេ ព្រោះករណីនេះក្រុមគ្រូបង្រៀនត្រូវធ្វើបណ្ដឹងទាស់ដោយខ្លួនឯង មិនអាចឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្វើជាតំណាងនោះទេ។ ម្យ៉ាងវិញទៀត តំណាងក្រសួងអប់រំបញ្ជាក់ថា បណ្ដឹងនេះត្រូវដាក់មកតុលាការមិនមែនដាក់ទៅនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងអប់រំនោះឡើយ។
ប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមគ្រូបង្រៀនលោក រ៉ុង ឈុន អះអាងថា ក្រុមគ្រូបង្រៀនគឺជាសមាជិករបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដូច្នេះសមាគមមានសិទ្ធិជាតំណាងស្របច្បាប់ក្នុងការអន្តរាគមន៍ករណីនេះ។ លោកសង្កត់ធ្ងន់ថា ប្រកាសរបស់ក្រសួងគ្មានឥទ្ធិពលលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនោះឡើយ ដូច្នេះបើយោងតាមច្បាប់ ក្រសួងអាចត្រឹមតែស្ដីបន្ទោស ឬណែនាំក្រុមគ្រូបង្រៀនតែប៉ុណ្ណោះ មិនអាចលុបឈ្មោះពួកលោកចេញពីក្របខ័ណ្ឌដោយអយុត្តិធម៌បែបនេះឡើយ។ លោករំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់ពួកលោក តាមរយៈការផ្ដល់ក្របខ័ណ្ឌក្រសួងអប់រំដល់ពួកលោកឡើងវិញ៖ «ក្រុមគ្រូបង្រៀនយើងប្រកាន់គោលជំហរទន់ភ្លន់ក្នុងនាមយើងជាគ្រូបង្រៀនយើងចង់ឲ្យមានការផ្សះផ្សាហើយផ្ដល់ក្របខ័ណ្ឌដល់ក្រុមគ្រូបង្រៀនតែដោយឡែកក្រសួងអប់រំជាអាណាព្យាបាលរបស់គ្រូផងបែរជាប្រកាន់ចរិតមិនល្អចំពោះគ្រូបង្រៀនហើយគ្រូបង្រៀនមិនបានប្រព្រឹត្តខុសឆ្គងដូចការចោទប្រកាន់របស់ក្រសួងអប់រំនោះទេ»។
កាលពីដើមឆ្នាំ២០១៨ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានលុបឈ្មោះក្រុមគ្រូបង្រៀនចំនួន ១៣នាក់ ចេញពីក្របខ័ណ្ឌ ក្រោមហេតុផលថា ពួកគេបានបោះបង់ចោលការងារ និងមួយចំនួនទៀត អវត្តមានដោយគ្មានច្បាប់អនុញ្ញាត។
ទោះជាយ៉ាងណា ក្រុមគ្រូបង្រៀនបានបដិសេធការចោទប្រកាន់នេះ និងថាក្រសួងអប់រំបានអនុវត្តផ្ទុយទៅនឹងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ពួកគេយល់ថា ចំណាត់ការរបស់ក្រសួងនេះ គឺជារឿងនយោបាយសុទ្ធសាធ ព្រោះពួកគេគឺជាអតីតសកម្មជន គាំទ្រគណបក្ស សង្គ្រោះជាតិ ដែលរបបក្រុងភ្នំពេញបានរំលាយចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
អង្គការសង្គមស៊ីវិលផ្នែកគណនេយ្យភាពសង្គម ស្នើសុំក្រសួងអប់រំឲ្យផ្ដល់ក្របខ័ណ្ឌដល់ក្រុមគ្រូបង្រៀនវិញ ព្រោះពួកគេជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។