សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៦ មករានេះ បានបញ្ចប់សវនាការជំនុំជម្រះលើសំណុំរឿងរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី២ ហើយនឹងបន្តសវនាការទៅ សប្ដាហ៍ក្រោយទៀត។ អ្នកវិភាគយល់ថា សំណុំរឿងរបស់លោក កឹម សុខា គឺជារឿងនយោបាយ។
មេធាវីការពារក្តីរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ប្រាប់អ្នកកាសែតក្រោយបញ្ចប់សវនាការថា សវនាការនៅថ្ងៃទី២ នេះ តុលាការនៅតែបន្តផ្ដោតសួរលើអង្គហេតុ ឬសកម្មភាព ដែលលោក កឹម សុខា បានធ្វើតាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ ដដែល។ អ្នកស្រីមេធាវីបន្តថា សំណួរទាំងនោះ គឺកូនក្តីរបស់លោកស្រីបានឆ្លើយច្បាស់ទាំងអស់ថា គាត់មិនបានប្រព្រឹត្តខុស នោះទេ ហើយសម្ដីដែលលោក កឹម សុខា និយាយក្នុងវីដេអូជាង ២នាទី ដែលរដ្ឋាភិបាលប្រើប្រាស់ជាភស្តុតាងក្នុងការចោទប្រកាន់នោះ គឺមានការកាត់តធ្វើឱ្យមានការភ័ន្តច្រឡំ និងខុសគោលបំណង ពិតរបស់លោក កឹម សុខា៖ «ឯកឧត្ដម កឹម សុខា គាត់បានបញ្ជាក់នៅក្នុងអង្គសវនាការថា ទីមួយ គឺបញ្ហាវីដេអូដែលកាត់ត ថាជាវីដេអូដែលកាត់ត ហើយមួយទៀត លោកបានបញ្ជាក់ចំណុចកាត់ត គឺនៅត្រង់ណា។ គាត់ក៏បានបញ្ជាក់ផងដែរថា គាត់មិនបាននាំបរទេសណាមកឱ្យប្រទូសរ៉ាយ ឬក៏ឈ្លានពាននៅក្នុងប្រទេសកម្ពុជា មិនបានធ្វើឱ្យកម្ពុជាបាត់ទឹកបាត់ដី ឬមួយក៏នាំបរទេសមកឈ្លានពាននៅក្នុងប្រទេសកម្ពុជា ហើយមួយទៀតនោះ គាត់ក៏បានបញ្ជាក់អំពីតួនាទីស្របច្បាប់របស់គាត់នៅក្នុងសភា ព្រឹទ្ធសភា និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧។ មួយទៀតនោះគឺ គាត់បញ្ជាក់អំពីការកាត់តពាក្យយុទ្ធសាស្ត្រ វាភ្ជាប់ជាមួយនឹងពាក្យខាងលើ មានប្រទេសយូហ្គោស្លាវី មានអី ប៉ុន្តែវាបាត់ខ្លឹមសារ មុនពាក្យហ្នឹងមកដល់។ អ៊ីចឹងមុនពាក្យហ្នឹង អ្វីជាយុទ្ធសាស្ត្ររបស់គាត់ គឺបញ្ហារបស់ខ្មែរ ឃ្លាន ខ្លៅ ខ្លាច»។
ម្យ៉ាងវិញទៀត អ្នកស្រី ម៉េង សុភារី បញ្ជាក់ថា ក្រមព្រហ្មទណ្ឌ ត្រង់មាត្រា «សន្ទិដ្ឋិភាពជាមួយបរទេស» ត្រូវបានប្រកាសឱ្យប្រើប្រាស់នៅឆ្នាំ២០១០ ដូច្នេះតុលាការ មិនអាចអនុវត្តធាក់ថយ ឬមិនអាចចោទប្រកាន់ទៅលើសកម្មភាពរបស់លោក កឹម សុខា តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ នោះទេ៖ «អំពើរបស់កូនក្តីរបស់ខ្ញុំគឺសុទ្ធតែជាអំពើដែលត្រឹមត្រូវស្របច្បាប់ គាត់ជាអ្នកប្រជាធិបតេយ្យ គាត់ប្រកាន់គោលការណ៍សិទ្ធិមនុស្ស ហើយនិងប្រជាធិបតេយ្យ គាត់មិនបានធ្វើអំពើទាំងឡាយណា ធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់ជាតិនោះទេ»។
មេធាវីការពារក្តីមេបក្សប្រឆាំងរូបនេះ ឱ្យដឹងថា តុលាការនឹងបន្តសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា សប្ដាហ៍ក្រោយទៀត ហើយនឹងចាក់បញ្ចាំងវីដេអូពេញរបស់លោក កឹម សុខា ដែលបាននិយាយ កាលពីឆ្នាំ ២០០៣ នៅប្រទេសអូស្ត្រាលីផងដែរ។
រីឯមេធាវីតំណាងរដ្ឋាភិបាលដែលជាដើមបណ្តឹង គឺលោក គី តិច ថ្លែងថា លោកមានភស្តុតាងដាក់បន្ទុកលើលោក កឹម សុខា ចំនួន ៣វ៉ាលីធំៗ ដែលលោកជឿថា មេបក្សប្រឆាំងរូបនេះ មិនអាចគេចផុតពីទោសទណ្ឌបានទេ។
ទិដ្ឋភាពនៅខាងក្រៅតុលាការ នៅតែមានការដាក់កម្លាំងការពារសន្តិសុខ រាប់សិបនាក់ ខណៈមានមន្ត្រីសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រលោក កឹម សុខា មួយចំនួននៅជិតៗតុលាការនោះ ប៉ុន្តែមិនមានចំនួនច្រើនដូចសវនាការថ្ងៃទី១ ទេ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ ថ្លែងថា សំណុំរឿងរបស់លោក កឹម សុខា គឺពាក់ព័ន្ធរឿងនយោបាយ។ ដូច្នេះគួរតែសម្របសម្រួលតាមផ្លូវនយោបាយ។ ចំណែកការអនុវត្តច្បាប់របស់តុលាការនៅពេលនេះ គឺចង់មិនចង់ពិបាកធ្វើឱ្យសាធារណជនទទួលយក និងជឿទុកចិត្តបាន។ កញ្ញាបារម្ភថា អ្វីដែលតុលាការនិងរដ្ឋាភិបាលធ្វើនៅពេលនេះ អាចនាំឱ្យកម្ពុជាជួបគ្រោះជាច្រើន ដូចជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងទទួលរងទណ្ឌកម្មផ្សេងៗ ទៀត ព្រមទាំងធ្វើឱ្យធ្វើប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសជាច្រើនក្នុងពិភពលោកផងដែរ៖ «កន្លងមកយើងក៏ដឹងដែរថា វាជារឿងនយោបាយ ហើយបើសិនជាតុលាការទម្លាក់បទចោទវាហាក់ដូចជាខ្ទាស់ជាមួយការអនុវត្តកន្លងមក ដូចជាការរំលាយបក្ស ដូចជាការយកអាសនៈសភា និងអាសនៈក្រុមប្រឹក្សាឃុំ - សង្កាត់ដែលក្រោយពេលរំលាយបក្សនោះ។ អ៊ីចឹងហើយបើសិនជាទម្លាក់ចោលការចោទប្រកាន់ថា តើបញ្ហាទាំងអស់នោះ នឹងដោះស្រាយរបៀបម៉េច។ ចំណុចមួយទៀត អាចនឹងមានការចោទប្រកាន់ ហើយស្នើសុំឱ្យព្រះមហាក្សត្រលើកលែងទោស»។
លោក កឹម សុខា ត្រូវសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ ក្នុងពេលដែលលោកកំពុងមានអភ័យឯកសិទ្ធិសភា។ តុលាការដែលស្ថិតក្រោមឥទ្ធិពលបក្សកាន់អំណាច បានចោទប្រកាន់មេបក្សប្រឆាំងដ៏មានថ្វីមាត់រូបនេះពីបទ “សន្ទិដ្ឋិភាព” ឬការត្រូវរ៉ូវគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល និងបានឃុំខ្លួនលោកនៅពន្ធនាគារ ត្រពាំងផ្លុង ជិតប្រទេសវៀតណាមជាង ១ឆ្នាំ និងបន្ទាប់មកនាំមកឃុំខ្លួនក្នុងផ្ទះរបស់លោកមួយឆ្នាំទៀត។ តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចកែប្រែលក្ខខណ្ឌនៃកាតព្វកិច្ចមួយចំនួនសម្រាប់លោក កឹម សុខា គឺអនុញ្ញាតឱ្យលោក អាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែមិនឱ្យចាកចេញពីកម្ពុជាឡើយ ហើយក៏មិនលោកធ្វើសកម្មភាពនយោបាយដែរ។ ក្រៅពីនេះ តុលាការបានតម្រូវឱ្យលោកឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។
នៅថ្ងៃសវនាការលើកដំបូង លោក កឹម សុខា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដោយបញ្ជាក់ជំហរថា លោកបដិសេធទាំងស្រុងនូវការចោទប្រកាន់ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ មេបក្សប្រឆាំងរូបនេះអះអាងថា លោកមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពានព្រះរាជាណាចក្រកម្ពុជាឡើយ។ លោកបញ្ជាក់ថា សកម្មភាពទាំងអស់របស់លោក គឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ គ្រប់សកម្មភាពនយោបាយរបស់លោក គឺផ្តោតលើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ។
លោក កឹម សុខា នៅតែទាមទារឱ្យតុលាការទម្លាក់ចោលជាស្ថាពរចំពោះបទចោទប្រកាន់ ដើម្បីឱ្យលោកអាចអនុវត្តបាននូវសិទ្ធិសេរីភាពនយោបាយពេញលេញ ក្នុងការចូលរួមបម្រើជាតិមាតុភូមិ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។
សវនាការជំនុំជម្រះក្តីលោក កឹម សុខា នេះ តុលាការ គ្រោងនឹងប្រើរយៈពេលដល់ទៅ ៣ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។