លោក អះម៉ាត់ យ៉ះយ៉ា ចូល​បំភ្លឺ​នៅ​តុលាការ​រឿង​​បរិហារកេរ្តិ៍

0:00 / 0:00

រដ្ឋលេខាធិការ​ក្រ​សួង​សង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​ឧសភា បាន​ចូល​បំភ្លឺ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​លោក ឧស្មាន ហាស្សាន់ ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍ ក្នុង​គម្រោង​ធ្វើ​ផ្លូវ​កាត់​វិហារ។ លោក អះម៉ាត់ យ៉ះយ៉ា បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

លោក អះម៉ាត់ យ៉ះយ៉ា ថ្លែង​ក្រោយ​ពេល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១០ ឧសភា ថា លោក​មិន​ទទួល​យក​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ ដែល​លោក អូស្មាន ហាស្សាន់ ប្ដឹង​ទេ។ លោក​បញ្ជាក់​ថា បញ្ហា​ដែល​លោក អូស្មាន ហាស្សាន់ ប្ដឹង​នេះ គឺ​ព្រោះ​តែ​លោក​និយាយ​ត្រង់​ប៉ុណ្ណោះ៖ «ប៉ុន្តែ​ដែល​ខ្ញុំ​ថា ខ្ញុំ​មិន​ការពារ​ថា ខ្ញុំ​អត់​មាន​កំហុស​ទេ ប៉ុន្តែ​ដែល​មាន​បញ្ហា​ដោយសារ​ខ្ញុំ​និយាយ​ត្រង់​ពេក។ កាល​ណា​និយាយ​ត្រង់​ពេក ប៉ះពាល់​កិត្តិយស​របស់​គាត់ រឿង​តែ​ប៉ុណ្ណឹង»

លោក អះម៉ាត់ យ៉ះយ៉ា ឱ្យ​ដឹង​ថា លោក​ត្រូវ​បាន​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អូស្មាន ហាស្សាន់ ប្ដឹង​ទៅ​តុលាការ​នូវ​បទ​បរិហារកេរ្តិ៍ ២​ចំណុច គឺ​ការ​ចោទ​ប្រកាន់​ទី​១ ព្រោះ​លោក​ថា លោក អូស្មាន ហាស្សាន់ ជា​អ្នក​គូស​ប្លង់​ឱ្យ​សាលា​រាជធានី​ភ្នំពេញ សង់​ផ្លូវ​កាត់​វិហារ​ឥស្លាម​នៅ​បឹងកក់។ លោក អូស្មាន ហាស្សាន់ អះអាង​ថា ប្លង់​គម្រោង​ខាង​សាលាក្រុង​ទេ​ជា​អ្នក​គូស។ ឯ​ការ​ចោទ​ប្រកាន់​ចំណុច​ទី​២ ដោយសារ​លោក​ប្រើ​ពាក្យ​ថា ការ​ដោះដូរ​ដី​នៅ​ក្រោយ​វិហារ​នោះ គឺ​បាន​ផលប្រយោជន៍។

លោក អះម៉ាត់ យ៉ះយ៉ា៖ «អា​ហ្នឹង​ចំណុច​ដោយសារ​ខ្ញុំ​និយាយ​ត្រង់ អ្វី​ដែល អូស្មាន ហាស្សាន់ ប្រាប់​ខ្ញុំ ខ្ញុំ​និយាយ​ត្រង់ ម៉្លោះ​ហើយ​វា​ប៉ះពាល់​ដល់​កិត្តិយស​គេ។ អា​ហ្នឹង​ទី​មួយ។ ទី​ពីរ​ខ្ញុំ​និយាយ​ថា កាល​ណា​គេ​ធ្វើ​ប្លង់​ពុះ​ដី​ទៅ គេ​សង​ដី​វិញ។ គេ​សង​ដី​វិញ​នៅ​ខាង​ក្រោយ ឧស្មាន ហាស្សាន់ មាន​គោល​បំណង​យក​ទៅ​ធ្វើ​ខុនដូ ធ្វើ​វីឡា ធ្វើ​ការិយាល័យ ធ្វើ​អី... ខ្ញុំ​និយាយ​ថា បាន​ផលប្រយោជន៍។ ឃើញ​ទេ! ក្នុង​ខួរក្បាល​របស់​ខ្ញុំ ខ្ញុំ​អត់​ចោទ​ប្រកាន់​គាត់​ថា ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។ កាល​ណា​ផលប្រយោជន៍​ផ្ទាល់​ខ្លួន អា​ហ្នឹង​គេ​ប្ដឹង​ខ្ញុំ​បាន​ហើយ។ ខ្ញុំ​គ្រាន់​តែ​ថា បាន​ផលប្រយោជន៍។ អ៊ីចឹង​អា​ពាក្យពេចន៍​ដែល​ខ្ញុំ​ថា ផលប្រយោជន៍​ហ្នឹង​អត់​ខុស​ទេ។ បើ​ខ្ញុំ​ថា ផលប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​គាត់ អា​ហ្នឹង​ខ្ញុំ​ចោទ​ប្រកាន់​គាត់»

លោក អះម៉ាត់ យ៉ះយ៉ា អះអាង​ទៀត​ថា ការ​ប្ដឹង​ផ្ដល់​នេះ គឺ​បន្ទាប់​ពី​លោក​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​កាសែត​ថ្មីៗ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ជុំវិញ​បញ្ហា​ពុះ​ដី​វិហារ​បឹងកក់ ធ្វើ​ផ្លូវ។ ប៉ុន្តែ​ចំណុច​លោក​និយាយ គឺ​ត្រង់​តាម​អ្វី​ដែល​លោក អូស្មាន ហាស្សាន់ ប្រាប់​លោក។

លោក អូស្មាន ហាស្សាន់ នៅ​ថ្ងៃ​ទី​១០ ឧសភា បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ទេ ដោយ​លោក​ថា ជាប់​រវល់​ប្រជុំ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៥ ឧសភា លោក​ធ្លាប់​មាន​ប្រសាសន៍​បដិសេធ​ថា លោក​មិន​បាន​ធ្វើ​លិខិត​ស្នើ​សុំ​ឱ្យ​សាលា​រាជធានី​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​បឹងកក់ នេះ​ទេ គឺ​សាលា​រាជធានី​ភ្នំពេញ មាន​ផែនការ​ធ្វើ​ផ្លូវ​តាំង​ពី​ជំនាន់​លោក កែប ជុតិមា ជា​អភិបាល ហើយ​បន្ត​មក​លោក ប៉ា សុជាតិវង្ស។

លោក អូស្មាន ហាស្សាន់៖ «ទី​មួយ យើង​មិន​ទទួល​យក​ដោយសារ​អី ពេល​ដែល​អភិបាល​មុន​នោះ ដោយសារ​តែ​គាត់​ថា សុំ​ដូរ ប៉ុន្តែ​គាត់​អត់​បាន​បំឡាស់ ដែល​ហៅ​ថា ជំនួស​ឱ្យ​វិញ​ដី​ដែល​បាន​ប៉ះពាល់​នោះ​ទេ។ អ៊ីចឹង​គាត់​ស្នើ​សុំ​ថា ធ្វើ​ផ្លូវ​តែម្ដង។ អ៊ីចឹង​យើង​ថ្នាក់​ដឹក​នាំ​ទាំង​អស់​គ្នា​បាន​ស្នើ​សុំ​ទៅ​សម្ដេច​ថា រក្សា​ឱ្យ​នៅ​ដដែល​ទៅ។ ខ្ញុំ​បាន​ស៊ីញេ​ចុះ​ហត្ថលេខា ឯកឧត្ដម សុះ មូសិន ទាំង​អស់​គ្នា​បាន​ចុះ​ហត្ថលេខា​ទាំង​អស់​គ្នា ទាំង​ឯកឧត្ដម អះម៉ាត់ យ៉ះយ៉ា ទាំង​ស្អី​ហ្នឹង ដល់​អ៊ីចឹង​ទៅ​បាន​គេ​បិទ។ ដល់​ក្រោយ​មក​ជិត​ចុង​អាណត្តិ​ហ្នឹង គឺ​ឯកឧត្ដម កែប ជុតិមា គាត់​ថា ឥឡូវ​ឱ្យ​វិញ ដូរ​ស្អីៗ ឱ្យ​វិញ តែ​គាត់​ចប់​អាណត្តិ​ទៅ។ ដល់​ឯកឧត្ដម​ថ្មី​មក​គាត់​បន្ត​រឿង​ហ្នឹង​បន្តិច​ទៅ។ ប៉ុន្តែ​យើង​មិន​ទាន់​មួយ​រយភាគរយ​ត្រូវ​តែ​ធ្វើ​ឯ​ណា»

នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក មាស ចាន់យ៉ាដា ថ្លែង​ថា គម្រោង​ធ្វើ​ផ្លូវ​នេះ ដើម្បី​រំដោះ​ការ​កក​ស្ទះ​ចរាចរណ៍ ដែល​ជា​ប្រយោជន៍​សាធារណៈ។ ដូច្នេះ អាជ្ញាធរ​នឹង​បន្ត​គម្រោង​នេះ ព្រោះ​ថ្នាក់​ដឹក​នាំ​ជនជាតិ​ចាម ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ចំណែក​ដី​នោះ បាន​ព្រមព្រៀង​រួច​ហើយ។ ប៉ុន្តែ លោក​បដិសេធ​មិន​ប្រាប់​ថា បុគ្គល​នោះ​ជា​អ្នក​ណា​នោះ​ទេ។

លោក អះម៉ាត់ យ៉ះយ៉ា ថ្លែង​ថា លោក​មិន​ប្រឆាំង​សាលា​រាជធានី​ដែល​ចង់​អភិវឌ្ឍន៍​ទេ ប៉ុន្តែ លោក​ចង់​ឱ្យ​ការ​ធ្វើ​ផ្លូវ​នោះ​រាង​កោង​ស្រប​តាម​របង ដោយ​មិន​ធ្វើ​ពុះ​កាត់​ដី​វិហារ​ជា​ពីរ។ លោក​ថា សាលា​រាជធានី​ក៏​បាន​សន្យា​ថា នឹង​ធ្វើ​ប្លង់​ឱ្យ​ច្បាស់លាស់​ជា​ផ្លូវការ ហើយ​យក​ថ្ងៃ​សុក្រ​ណា​មួយ ដើម្បី​សួរ​យោបល់ ប្ដូរ​មតិ​ជា​មួយ​នឹង​សាសនិក​ឥស្លាម ដែល​មក​ថ្វាយ​បង្គំ​នៅ​វិហារ​នោះ។

លោក អះម៉ាត់ យ៉ះយ៉ា ថ្លែង​ថា លោក អូស្មាន ហាស្សាន់ ទទួល​ស្គាល់​ថា ពិត​ជា​មាន​គម្រោង​សាងសង់​សំណង់​ផ្សេងៗ មែន។ ទន្ទឹម​គ្នា​នេះ លោក​ អូស្មាន ហាស្សាន់ ឱ្យ​ដឹង​ថា លោក​កំពុង​ពិនិត្យ​មើល​លទ្ធភាព​សង់​អគារ​ផ្សេងៗ នៅ​លើ​ដី​របស់​វិហារ ដើម្បី​រក​ចំណូល​ទ្រទ្រង់​ការងារ​សាសនា៖ «ពិនិត្យ​ថា ជ្រុង​ណា​មួយ​ដែល​យើង​អាច​អភិវឌ្ឍន៍​បាន ដើម្បី​សាង​សង់​អី​មួយ ដើម្បី​រក​ចំណូល​យក​មក​គាំទ្រ​ដល់​ការងារ។ នៅ​ក្នុង​បរិវេណ​ហ្នឹង​យើង​នឹង​ធ្វើ​អី ព្រោះ​ថា យើង​ត្រូវ​តែ​ធ្វើ​រក​ចំណូល​បាន។ នៅ​ខាង​ណោះ ដូច​ជា អាផាតមិន (apartment) សម្រាប់​ជួល​ឱ្យ​គេ ឬ​ក៏​អហ្វ៊ីស (Office) សម្រាប់​ជួល​ឱ្យ ឬ​ក៏​ជា Retail Shop ដើម្បី​ជួល​ឱ្យ​គេ​ឱ្យ​រក​កម្រៃ​បាន។ តែ​ប៉ុណ្ណឹង»

គម្រោង​ធ្វើ​ផ្លូវ​កាត់​ដី​វិហារ​ឥស្លាម​នៅ​បឹងកក់ ជា​ហេតុ​នាំ​ឱ្យ​មាន​ការ​ជំទាស់​តវ៉ា​ក្នុង​ចំណោម​សាសនិក​ឥស្លាម ដែល​ថ្វាយ​បង្គំ​នៅ​វិហារ​បឹងកក់ ហើយ​បន្ត​ឱ្យ​មាន​ការ​ប្ដឹងផ្ដល់​ពី​បទ​បរិហារកេរ្តិ៍។ លោក​យល់​ថា ការ​ប្ដឹង​លោក​អំពី​បទ​បរិហារកេរ្តិ៍​នេះ គឺ​ជា​ការ​មិន​មាន​ប្រយោជន៍ ហើយ​ខាត​ពេល។ លោក​ស្នើ​សុំ​ឱ្យ​តុលាការ​តម្កល់​រឿង​នេះ​ទុក ព្រោះ​កុំ​ឱ្យ​ខាត​ពេល​វេលា។ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។