ព្រឹទ្ធសភា​អនុម័ត​ច្បាប់​បោះឆ្នោត​ចំនួន​៤​ដែល​​រង​ការ​រិះគន់​ដ៏​ចម្រូងចម្រាស

ដោយ អាស៊ីសេរី
2017.10.19
ម៉ម ប៊ុននាង ២០១៦ ៦២២ លោក ម៉ម ប៊ុននាង សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នា​វិមាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦។
RFA

ព្រឹទ្ធសភា សម្រេច​អនុម័ត​ច្បាប់​ចំនួន ៤ ដ៏​ប្រញាប់​ដែល​ទាក់ទិន​នឹង​ការ​បោះឆ្នោត ក្រោយ​ពី​រដ្ឋសភា​ដែល​សុទ្ធ​សឹង​តែ​ជា​សមាជិក​បក្ស​កាន់​អំណាច បោះ​ឆ្នោត​គាំទ្រ មិន​ដល់​មួយ​ផ្សែង​ធូប​ផង។ ច្បាប់​ទាំង​នេះ ដែល​ត្រូវ​រង​ការ​រិះគន់​ថា ធ្វើ​តាម​បំណង​របស់​លោក ហ៊ុន សែន គឺ​ជា​ផ្នែក​មួយ ដែល​អាច​ជួយ​ជំរុញ​ឲ្យ​តុលាការ​កំពូល ឈាន​ទៅ​រំលាយ​បក្ស​ប្រឆាំង ចេញ​ពី​ឆាក​នយោបាយ ហើយ​អាសនៈ ទាំង ៥៥​អាសនៈ របស់​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រដ្ឋសភា និង​ត្រូវ​ហែក​ចែក​គ្នា​ស៊ី ទៅ​តាម​លំដាប់។

ច្បាប់​ទាំង ៤ទាំង​នេះ ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា​ស្នើ​ឲ្យ​កែ​មាត្រា​មួយ​ចំនួន ក្នុង​បំណង​បើក​ផ្លូវ​ឲ្យ​តុលាការ​កំពូល រំលាយ​បក្ស​ប្រឆាំង គឺ​នៅ​រង់​ចាំ​តែ​ការ​សម្រេច​ចុងក្រោយ​មួយ​វគ្គ​ទៀត ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប៉ុណ្ណោះ ច្បាប់​នេះ​អាច​នឹង​អនុវត្ត​ទៅ​ដោយ​ពុំ​មាន​ឧបសគ្គ​អ្វី​ឡើយ ដូច​ការ​រិះគន់​ថា ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី១៩ ខែ តុលា ឲ្យ​ដឹង​ថា ច្បាប់​ទាំងបួន រួម​មាន​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ជាដើម ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​ពិនិត្យ និង​អនុម័ត​រួច​ហើយ។

បើ​ទោះ​ជា​បែប​ណា សេចក្ដី​សម្រេច​ទាំង​នេះ ត្រូវ​រង​ការ​រិះគន់​ពី​អ្នក​ឃ្លាំមើល ពី​ការ​វិវត្តន៍​ស្ថានការណ៍​នយោបាយ​ថា ជា​សេណារីយ៉ូ ដែល​បក្ស​កាន់​អំណាច កំពុង​រៀបចំ​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ធ្លាក់​ក្នុង​ស្ថានភាព​វិបត្តិ​នយោបាយ​កាន់​តែ​ធ្ងន់ធ្ងរ។

អតីត​ឧត្ដម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ​លោក សឺន ស៊ូប៊ែរ យល់​ឃើញ​ថា ច្បាប់​ដែល​បាន​តាក់តែង និង​ធ្វើ​វិសោធនកម្ម​សា​ចុះ​សា​ឡើង ក្នុង​គោល​បំណង​ដើម្បី​សម្លាប់​ដៃ​គូ នយោបាយ គឺ​ជា​ច្បាប់​ដែល​មាន​លក្ខណៈ​អាក្រក់​បំផុត។ លោក​បន្ត​ថា គេ​ហាក់​មិន​រំពឹង​សោះ​ថា ច្បាប់​ដែល​ត្រូវ​ឆ្លង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ចុងក្រោយ​ទៀត​នេះ អាច​នឹង​មាន​ការ​ពិនិត្យ​ដោយ​ល្អិតល្អន់​ណាស់ ព្រោះ​សមាជិក​ភាគ​ច្រើន នៅ​ក្នុង​អង្គការ​កំពូល​ផ្នែក​ច្បាប់​មួយ​នេះ គឺ​សុទ្ធ​សឹង​តែ​ត្រូវ​ជាមួយ​បក្ស​កាន់​អំណាច។

ស្រប​ពេល​ច្បាប់​ដែល​ធ្វើ​វិសោធនកម្ម ក្នុង​ទិសដៅ​រំលាយ​បក្ស​ប្រឆាំង ហើយ​អាសនៈ ដែល​បាន​ពី​ការ​រំលាយ​បក្ស​ប្រឆាំង​នេះ នឹង​ត្រូវ​ចែក​គ្នា​នោះ ដោយ​ឡែក សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU ដែល​តំណាង​ឲ្យ ១៧៣​ប្រទេស នៅ​លើ​ពិភព​លោក បាន​ចោទ​សួរ​ជា​ច្រើន​សំណួរ ទៅ​សមាជិក​តំណាង​រដ្ឋាភិបាល ដែល​ចូលរួម​ប្រជុំ​កំពូល នៅ​ពេល​នេះ។ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ក៏​ប្ដេជ្ញា​ដែរ​ថា និង​កត់ត្រា​រាល់​ខ្លឹមសារ ហើយ​សន្យា​នឹង​តាមដាន​ដោយ​យក​ចិត្ត​ទុក ជុំវិញ​ស្ថានការណ៍​នេះ​បន្ត​ទៀត មុន​នឹង​ធ្វើ​សេចក្ដី​ចិត្ត​បន្ថែម។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ បាន​ហៅ​ច្បាប់​ដែល​តាក់តែង និង​ធ្វើ​វិសោធនកម្ម​ដោយ​ឯក​បក្ស របស់​បក្ស​កាន់​អំណាច​នេះ​ថា មិន​មាន​​តម្លៃ​គតិយុត្តិ​នោះ​ឡើយ។ លោក​បន្ត​ថា ច្បាប់​ដែល​ធ្វើ​ឡើង​មាន​កំហុស ហើយ​ព្យាយាម​ឲ្យ​ព្រះ​មហាក្សត្រ ឡាយ​ព្រះ​ហត្ថលេខា គឺ​មាន​ន័យ​ស្មើ​និង​កុហក​ព្រះ​មហាក្សត្រ។ ជាង​នេះ​ទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា លោក​នឹង​មិន​ស្ងៀម​ឡើយ ក្នុង​ស្ថានភាព​ចំពោះ​មុខ​កាន់​តែ​អាក្រក់​ទៅ​ៗ​បែប​នេះ។ លោក​បន្ត​ថា ដើម្បី​អាច​ទប់ស្កាត់​សភាពការណ៍​នេះ​បាន លុះ​ត្រា​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ សូម​ឲ្យ​ព្រះ​អង្គ​កុំ​ឡាយ​ព្រះ​ហត្ថលេខា​លើ​ច្បាប់ ដែល​លោក ឡៅ ម៉ុងហៃ យល់​ឃើញ​ថា ជា​ច្បាប់​ដែល​មិន​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ។

ក្នុង​ពេល​ស្ថានការណ៍​នយោបាយ កាន់​តែ​តានតឹង​ឡើង​ៗ គេ​សង្កេត​ឃើញ​ថា ក្រុម​កង​យោធា​ចំណុះ​គ្រប់​អង្គភាព​ឯណេះ​វិញ ក៏​កំពុង​ប្រកាស​ជំហរ​គាំទ្រ និង​ប្រឆាំង​ដាច់​ខាត​ដែរ រាល់​ការ​ប៉ុនប៉ង ធ្វើ​រឿង​អាក្រក់​ដាក់​លោក ហ៊ុន សែន។ អ្នក​វិភាគ​នយោបាយ មើល​ឃើញ​ថា ច្បាប់​ដែល​បាន​អនុម័ត​ហើយ​នេះ គេ​ហាក់​មាន​សង្ឃឹម​តិច​ណាស់ ក្នុង​ការ​ទប់ស្កាត់។ ច្បាប់​ដែល​តាក់តែង​ឡើង គឺ​សុទ្ធ​សឹង​តែ​ជា​មនុស្ស​របស់​បក្ស​កាន់​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។