សាលាដំបូងខេត្តសៀមរាបសម្រេចផ្ដន្ទាទោសជនពិការម្នាក់ ឈ្មោះ ភុន យុទ្ធ ឲ្យជាប់ពន្ធនាគារ ១៨ខែ រឿងនិយាយរិះគន់មេដឹកនាំរបបក្រុងភ្នំពេញ តាមបណ្ដាញសង្គមហ្វេសប៊ុក។ ភរិយាលោក ភុន យុទ្ធ អំពាវនាវដល់អង្គការសង្គមស៊ីវិលជួយផ្ដល់មេធាវីផ្នែកច្បាប់ ដើម្បីឲ្យប្ដីគាត់បាននៅក្រៅឃុំ។
ប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តសៀមរាប លោក ស៊ិន សុវណ្ណារ័ត្ន កាត់ទោស ជនពិការជើងពីកំណើត ឈ្មោះ ភុន យុទ្ធ វ័យ ៣៦ឆ្នាំ ឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះ ក្នុងសំណុំរឿងញុះញង់ឲ្យមានការរើសអើង និងជេរប្រមាទសាធារណៈ។
កាលពីថ្ងៃទី១៨ ខែកក្កដា នគរបាលខេត្តសៀមរាប បានចាប់ខ្លួន លោក ភុន យុទ្ធ នៅផ្ទះជួលមួយកន្លែងក្បែរវត្តកេសារ៉ារ៉ាម ក្រោយពេលលោកប្រើគណនេយ្យហ្វេសប៊ុកឈ្មោះ "ខ្ញុំចង់បាននាយករដ្ឋមន្ត្រីថ្មី" និយាយរិះគន់ចំណុចអវិជ្ជមាននៃរបបដឹកនាំសព្វថ្ងៃ និងទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
ក្នុងអំឡុងពេលជាប់ឃុំឃាំង លោក ភុន យុទ្ធ ដែលជាជនពិការស្វិតជើងពីកំណើត ធ្លាប់បានសរសេរសំបុត្រ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយធ្វើអន្តរាគមន៍ឱ្យលោកបានវិលទៅជួបជុំប្រពន្ធកូនវិញ បន្ទាប់ពីលោកបានដឹងកំហុស។
លោកស្រី មុំ វិត ដែលមិនចេះអក្សរ និងជាជនពិការជើងផង មានអារម្មណ៍រន្ធត់នៅពេលស្ដាប់ការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣១ តុលា ដែលតម្រូវឲ្យប្ដីជាប់ឃុំជាច្រើនខែទៀត។ លោកស្រី យល់ថា តុលាការគួរអនុគ្រោះដល់ប្ដីគាត់ ដែលជាជនពិការ ព្រោះថា សូម្បីតែគាត់រស់នៅខាងក្រៅ ក៏មានការលំបាកណាស់ទៅហើយ។ លោកស្រីថា មិនអាចទទួលយកបានទេ ចំពោះការសម្រេចរបស់តុលាការខេត្តសៀមរាបនេះ៖ «និយាយរួមទៅខ្ញុំ មានអារម្មណ៍ក្ដុកក្ដួល ដែលតុលាការឲ្យគាត់ជាប់១ឆ្នាំអ៊ីចឹង។ គាត់ខុសបន្តិចបន្តួចឲ្យគាត់ជាប់ដល់១ឆ្នាំ។ ខ្ញុំចង់ឲ្យគាត់ចេញមកជួបជុំប្រពន្ធកូនវិញ។ សុំឲ្យគាត់នៅក្រៅ សុំត្រឹមតែប៉ុណ្ណឹងទេ» ។
អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា សំដែងការសោកស្ដាយដែលសាលាដំបូងមិនបានទម្លាក់ចោលបទប្រឆាំងលោក ភុន យុទ្ធ ដែលជាជនពិការ បែរជាផ្ដន្ទាទោសគាត់ឲ្យជាប់បន្ថែមទៀតនេះ។ លោកសង្កេតឃើញថា រាល់អ្នកហ៊ានចេញមុខរិះគន់អំពីភាពអសកម្មរបស់រដ្ឋាភិបាលតាមហ្វេសប៊ុក អ្នកទាំងនោះតែងតែរងការចោទប្រកាន់ និងចាប់ខ្លួនជានិច្ច ដោយជាប់ចោទពីបទញុះញង់ និងជេរប្រមាទជាសាធារណៈ។ មន្ត្រីផ្នែកសិទ្ធិមនុស្សរូបនេះ យល់ថា ថ្នាក់ដឹកនាំប្រទេស គឺជាបុគ្គលសាធារណៈ ដែលគួរណាស់តែបើកចិត្តឲ្យទូលាយ ទទួលយកការរិះគន់ពីគ្រប់និន្នាការទាំងអស់ ដោយមិនគួរចាត់វិធានការផ្លូវច្បាប់ចំពោះពលរដ្ឋ ដែលហ៊ានចេញមុខរិះគន់បញ្ហាសង្គមនោះឡើយ៖ «ចំណុចនេះគឺជាចំណុចអាទិភាពដែលចៅក្រម គួរតែពិចារណាការដាក់ទោសទណ្ឌទៅលើគាត់។ គួរណាស់តែឲ្យគាត់បាននៅក្រៅឃុំ ឬក៏ដោះលែងគាត់ឲ្យបានជួបជុំប្រពន្ធ ដើម្បីប្រកបរបរចិញ្ចឹមជីវិត ព្រោះគ្រួសារគាត់ក៏ពឹងផ្អែកលើកគាត់មួយផ្នែកដែរ។ យើងចង់ឃើញឲ្យមានការដោះលែង ប៉ុន្តែយើងមានការសោកស្ដាយដែលតុលាការសម្រេចដាក់ទោសគាត់ជាង១ឆ្នាំហ្នឹង» ។
លោកស្រី មុំ វិត បញ្ជាក់ថា លោកស្រីនឹងពិភាក្សាជាមួយមេធាវីខាងសមាគម អាដហុក ដើម្បីរៀបចំឯកសារដាក់ទៅសាលាឧទ្ធរណ៍ ដើម្បីប្ដឹងទាស់សាលក្រមរបស់សាលាដំបូងខេត្តសៀមរាប។ ក្រៅពីនេះ លោកស្រីស្នើសុំដល់សង្គមស៊ីវិលឱ្យជួយធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាល និងស្ថាប័នតុលាការ ជួយលោក ភុន យុទ្ធ ឲ្យបាននៅក្រៅជួបជុំគ្រួសារ និងប្រកបរបរចិញ្ចឹមជីវិតវិញ។
ក្នុងអំឡុងពេលលោក ភុន យុទ្ធ ជាប់ក្នុងពន្ធនាគារជាង ៣ខែមកនេះ លោកស្រី មុំ វិត ឲ្យដឹងថា គ្រួសារគាត់ជួបប្រទះបញ្ហាជីវភាពប្រចាំថ្ងៃ ដោយជំពាក់ប្រាក់អ្នកជិតខាង ហើយកូនស្រីអាយុ ៥ឆ្នាំក៏កំពុងមានជំងឺ។
ភរិយាជនពិការរូបនេះ អំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសឱ្យជួយឧបត្ថម្ភគ្រួសារគាត់ ដោយសារតែលោកស្រីមិនអាចរកចំណូល ដែលបានពីការដើរលក់វត្ថុអនុស្សាវរីយ៍ដូចពីមុនទៀតទេ៕