អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ សម្រេចប្តឹងឧទ្ធរណ៍ទាមទារយកលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណមកវិញ ក្រោយពេលចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញបន្តរក្សាទុកវត្ថុចាប់យកទាំងនេះតទៅទៀត។ មេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប នឹងយកបណ្ដឹងឧទ្ធរណ៍នេះដាក់ជូនតុលាការនៅថ្ងៃទីសុក្រ ទី០៧ កុម្ភៈស្អែកនេះ។
មេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក សំ ចំរើន ថ្លែងថា លោកមិនព្យាករណ៍ការសម្រេចរបស់សាលាឧទ្ធរណ៍នោះទេ ប៉ុន្តែលោកនៅតែអះអាថា លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណមិនមែនជាភស្តុតាង ឬវត្ថុតាងនាំទៅដល់ការស្វែងរកការពិតនោះឡើយ។ លោកអះអាងថា កន្លងមកលោកបានដាក់លិខិតស្នើសុំវត្ថុចាប់យកជាច្រើនមុខ ដែលមិនពាក់ព័ន្ធនឹងសំណុំរឿង ក៏ប៉ុន្តែគ្មានវត្ថុចាប់យកណាមួយដែលតុលាការសម្រេចផ្តល់ជូននោះទេ៖ « ខ្ញុំជាមេធាវី និងកូនក្តីយល់ថា វត្ថុទាំងហ្នឹងសុទ្ធតែមិនមែនជាភស្តុតាងទាំងអស់។ ទោះបីជាថា វាមានពាក់ព័ន្ធតិចតួចនឹងសំណុំរឿង ក៏ក្នុងកិច្ចស៊ើបសួរកន្លងមកហ្នឹង សមត្ថកិច្ចបានប្រើប្រាស់វាអស់លទ្ធភាពហើយ ដូចជា Hard Disc ( ម៉ាស៊ីនផ្ទុក ) វាផ្ទុកព័ត៌មាន តែតុលាការបាន copy ( ចម្លង ) យកអស់ហើយ វាគ្រាន់តែឧបករណ៍មួយហ្នឹង ចាំបាច់អ្វីរក្សាទុកទៀត ? យើងយល់ថាអ៊ីចឹង វាអត់មានភាពចាំបាច់អ្វីរក្សាទុកនៅតុលាការទៀតទេ តែគ្រាន់តែយើងមិនយល់ដែរ មូលហេតុអ្វីបានជាមន្ត្រីតុលាការនៅតែព្យាយាមរក្សាទុករបស់ទាំងហ្នឹង ដែលមិនចាំបាច់នៅក្នុងការស្វែងរកការពិត និងរកយុត្តិធម៌នៅក្នុងរឿងក្តីហ្នឹងបន្តទៅទៀត ?» ។
កាលពីពេលថ្មីៗនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានសម្រេចបដិសេធសំណើសុំលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ក្រោមហេតុផលថា វត្ថុចាប់យកទាំងនេះនៅតែមានភាពចាំបាច់ក្នុងដំណាក់កាលស៊ើបសួរ។ ចៅក្រម ពេជ្រ វិជ្ជាធរ បញ្ជាក់នៅក្នុងដីកាចុះថ្ងៃទី២៨ មករាថា ការសម្រេចបែបនេះ គឺស្របទៅតាមយោបល់របស់តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ លោក សេង ហៀង ដែលមិនឯកភាពតាមសំណើរបស់មេធាវីការពារក្តី។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ម៉ៃ ទិត្យថារ៉ា រិះគន់ថា ការបដិសេធរបស់ចៅក្រមស៊ើបសួរនេះ គឺជាការបន្តគាបសង្កត់ និងរឹតត្បិតសិទ្ធិសេរីភាពលើអតីតអ្នកសារព័ត៌មានទាំងពីររូប។ លោកថា ទាំងលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ សុទ្ធតែត្រូវការលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណជាចាំបាច់ ដើម្បីការធ្វើដំណើរ និងស្វែងរកការងារធ្វើ។ លោកអំពាវនាវដល់សាលាឧទ្ធរណ៍សម្រេចតាមសំណើរបស់អ្នកទាំងពីរ ដោយប្រគល់ឯកសារសម្គាល់ខ្លួនទាំងនោះជូនពួកគេវិញ៖ « លោក សុធារិន្ទ ត្រូវការលិខិតឆ្លងដែនដើម្បីទៅសួរសុខទុក្ខបងប្អូនដែលគាត់ជាកម្ពុជាក្រោម មានស្រុកកំណើតនៅកម្ពុជាក្រោម ហើយដូចជាករណីលោក អ៊ួន ឈិន អ៊ីចឹង គាត់ត្រូវការឯកសារគាត់ ដូចជា អត្តសញ្ញាណប័ណ្ណ ដើម្បីបំពេញលិខិតរដ្ឋបាលដើម្បីគាត់ងាយស្រួលក្នុងការធ្វើការងារ។ នេះជាការរឹតត្បិតសិទ្ធិសេរីភាពរបស់គាត់យ៉ាងខ្លាំង ធ្ងន់ធ្ងរ។ វាមិនខុសអ្វីពីកង្កែបនៅក្នុងអណ្តូងអ៊ីចឹង យើងមិនអាចដឹងថា ពិភពលោកខាងក្រៅវាយ៉ាងដូចម្តេច ? យើងដឹងតែពីអណ្តូងរបស់ខ្លួន ជុំវិញខ្លួន » ។
ចំណែក នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត វិញ មានប្រសាសន៍ថា ក្នុងនាមជាអ្នកការពារសិទ្ធិមនុស្សជាង២០ ឆ្នាំមកនេះ លោកមិនធ្លាប់ជួបប្រទះករណីដែលជនជាប់ចោទលែងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយចៅក្រមស៊ើបសួរនៅបន្តរក្សាទុកវត្ថុចាប់យកដែលមិនមែនជាភស្តុតាងបែបនេះឡើយ។ លោករិះគន់ថា ការសម្រេចរបៀបនេះមានន័យការស្មើនឹងការដកហូតសិទ្ធិសេរីភាពនៃការដើរហើរ និងការស្វែងរកការងារធ្វើរបស់អ្នកទាំងពីរ ដែលផ្ទុយទៅនឹងគោលការណ៍ច្បាប់ និងសិទ្ធិមនុស្ស ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ៖« បើមិនប្រគល់ឱ្យ ចុះបើសំណុំរឿងនេះចេះតែអូសបន្លាយ អ៊ីចឹងការបំបិទសិទ្ធិសេរីភាពក្នុងការដើរហើររបស់អ្នកទាំងពីរហ្នឹង កាន់តែអូសបន្លាយទៅ នេះវាប៉ះពាល់ធ្ងន់ធ្ងរណាស់។ ខ្ញុំសង្ឃឹមថា ក្រោយពីមានការប្តឹងជំទាស់នឹងការសម្រេចរបស់សាលាដំបូងទៅសាលាឧទ្ធរណ៍ សាលាឧទ្ធរណ៍នឹងសម្រេចប្រគល់អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនសម្រាប់អ្នកទាំងពីរ ដើម្បីឱ្យមានសេរីភាពដើរហើរពេញលេញ » ។
សហគមន៍ជាតិ និងអន្តរជាតិបានបន្តថ្កោលទោសអាជ្ញាធរកម្ពុជា ដែលចាប់ខ្លួន និងចោទប្រកាន់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ដោយគ្មានមូលដ្ឋានទាក់ទងនឹងបទចោទធ្វើចារកម្ម និងផលិតវីដេអូអាសអាភាស។ ជាពិសេសក្នុងលក្ខខណ្ឌដែលតុលាការមិនព្រមប្រកាសសាលក្រម ប៉ុន្តែបែរជាសម្រេចបន្តស៊ើបអង្កេតរកភស្តុតាងដាក់បន្ទុកអ្នកទាំងពីរបន្ថែមទៀតនោះ ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិវាយតម្លៃថា នេះជាការជាន់ឈ្លីប្រព័ន្ធយុត្តិធម៌ និងបង្ហាញថា រដ្ឋាភិបាល លោក ហ៊ុន សែន គ្មានបំណងបញ្ឈប់ការបង្រ្កាបលើសេរីភាពប្រព័ន្ធផ្សព្វផ្សាយនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។