តុលាការក្រុងភ្នំពេញ សម្រេចបញ្ជូនសកម្មជនបរិស្ថានទាំង៣នាក់ទៅឃុំខ្លួនបណ្ដោះអាសន្ននៅអគ្គស្នងការដ្ឋាននគរបាលជាតិវិញ ដើម្បីរង់ចាំបន្តនីតិវិធីសាក សួរនៅថ្ងៃស្អែកបន្តទៀត។ គ្រួសារនិងមន្ត្រីសិទ្ធិមនុស្ស យល់ថា តុលាការគួរតែទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពួកគាត់ឲ្យមានសេរីភាពឡើងវិញព្រោះសកម្មភាពពួកគាត់ ពុំបានល្មើសច្បាប់នោះទេ។
តុលាការក្រុងភ្នំពេញ មិនទាន់បញ្ចប់ការសាកសួរសកម្មជនបរិស្ថាន ៣នាក់ រួមមាន កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ និងលោក យីម លាងហ៊ី នៅឡើយទេនៅថ្ងៃនេះ។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹម ខឿន ប្រាប់អាស៊ីសេរី នៅល្ងាចថ្ងៃទី១៩ មិថុនាថា ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានផ្ញើឃុំខ្លួនសកម្មជនបរិស្ថានទាំង៣នាក់នៅស្នងការដ្ឋាននគរបាលជាតិមួយយប់ទៀត ហើយព្រឹកស្អែក សមត្ថកិច្ច នឹងបញ្ជូនពួកគេទៅសាកសួរទៅតុលាការដើម្បីសាកសួរបន្តទៀត៖ «មកដល់ពេលនេះស្ថិតក្នុងនីតិវិធីរបស់ព្រះរាជអាជ្ញា ប៉ុន្តែរសៀលនេះគេបានបញ្ជូនមកឲ្យនគរបាលឃុំគ្រងបណ្ដោះអាសន្ន ហើយស្អែក ព្រះរាជអាជ្ញា នឹងបន្តនីតិវិធីគេទៀត»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមទៀតពីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ ដោយទូរស័ព្ទចូលជាច្រើនដងតែពុំមានអ្នកទទួល។
ក្រុមគ្រួសារសាច់ញាតិ ប្រជាពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិល ថ្កោលទោសអាជ្ញាធរចំពោះការចាប់ខ្លួនសកម្មជនទាំងនេះ និងទាមទារឲ្យប្រគល់សេរីភាព និងកិត្តិយសជូនពួកគាត់វិញ។ពួកគាត់ មើលឃើញថា សកម្មភាពរបស់យុវជនចលនាមាតាធម្មជាតិទាំងនោះ មិនបានខុសច្បាប់ឡើយ ហើយពួកគេ បានចូលរួមចំណែក ជាច្រើនក្នុងការការពារធនធានធម្មជាតិ និងបរិស្ថានសម្រាប់ប្រយោជន៍សាធារណៈនិងសង្គមជាតិទាំងមូល។
ម្តាយរបស់យុវជន លី ចាន់ដារ៉ាវុធ នៅតែទទូចឲ្យតុលាការដោះលែងកូនប្រុសរបស់គាត់ និងសកម្មជនបរិស្ថានផ្សេងទៀត ដោយលោកស្រី អះអាងថា ពួកគាត់ សុទ្ធតែជាមនុស្សស្អាតស្អំ ធ្វើការដើម្បីផលប្រយោជន៍សង្គមជាតិសុទ្ធសាធ មិនដែលប្រព្រឹត្ត អំពើល្មើសច្បាប់ឡើយ៖ «ខ្ញុំសូមអំពាវនាវដល់តុលាការ សូមទម្លាក់បទចោទពីសកម្មជនទាំង៣នាក់ ហើយសូមផ្តល់យុត្តិធម៌និងផ្តល់ក្តីស្រលាញ់ដល់សកម្មជនទាំងបីដោយសារពួកគាត់អត់មានធ្វើអីជ្រុលជ្រួសទៅលើអ្នកណាទេ។គាត់គ្រាន់តែចង់ឲ្យបរិស្ថានស្អាត បរិស្ថានល្អ មិនមានក្លិនស្អុយ ហើយចង់សម្បត្តិធម្មជាតិដែលជាកេរពីដូនតានៅបន្តរីកលួតលាស់ល្អ ដោយគាត់អត់មានបានធ្វើអីខុសទេ»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែមិថុនា នៅពេលពួកគេ បានចុះទៅថតទីតាំងបង្ហូរទឹកស្អុយមួយកន្លែងនៅតាមដងទន្លេក្បែរព្រះបរមរាជវាំង។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន អះអាងថា ការចាប់ខ្លួនយុវជនទាំង៣នាក់នេះ ធ្វើឡើងតាមដីកាបង្គាប់របស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង ដែលចោទយុវជនទាំងនោះពីបទបង្កឲ្យអសន្តិសុខសង្គម។ លោក ឆាយ គឹមខឿន ចោទថា យុវជនទាំង៣នាក់ ធ្វើសកម្មភាពការពារបរិស្ថាន ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាល ក្រោមអង្គការចាត់តាំងខុសច្បាប់ និងប្រើប្រាស់ហិរញ្ញប្បទានភេរវកម្មពីក្រៅប្រទេស ក្រោមការដឹកនាំរបស់ស្ថាបនិកចលនាមាតាធម្មជាតិ គឺលោក អាឡិចហាន់ដ្រូ ហ្គន់ស្សាឡេស ឌេវីសុន (Alejandro Gonzalez Davidson)។
ទោះជាយ៉ាងណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)លោក ស៊ឹង សែនករុណា ថ្លែងថា រហូតមកទល់ពេលនេះ លោកមើលមិនឃើញថា ក្រុមចលនាមាតាធម្មជាតិ ដែលតែងធ្វើសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិនោះ ប្រព្រឹត្តអំពើខុសច្បាប់ឬមានចេតនាផ្តួលរំលំរដ្ឋាភិបាលដូចការចោទប្រកាន់ឡើយ។ លោក ស៊ឹង សែនករុណា យល់ថា បទចោទប្រកាន់ដ៏ធ្ងន់ធ្ងរដែលផ្ទុយពីសកម្មភាព និងគោលបំណងរបស់សកម្មជនបរិស្ថានបែបនេះ នឹងធ្វើឲ្យសហគមន៍ជាតិ និងអន្តរជាតិ រិះគន់អាជ្ញាធររដ្ឋាភិបាលថា ជាការធ្វើទុក្ខបុកម្នេញនិងបំបាក់ស្មារតីសកម្មជនបរិស្ថាន៖ «សូមឲ្យពិចារណា និងពិនិត្យមើលឡើងវិញ ការចោទប្រកាន់នេះ វាហាក់ដូចជាធ្ងន់ធ្ងរណាស់សម្រាប់ពួកគាត់ដែលជាអ្នកស្ម័គ្រចិត្តក្នុងការជួយដល់សង្គមជាតិ។ ដូច្នេះគួរតែពិនិត្យមើលឡើងវិញ អាចថា ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងឲ្យពួកគាត់មានសេរីភាពឡើងវិញទៅដើម្បីឲ្យពួកគាត់ បាននៅបម្រើផលប្រយោជន៍សង្គមជាតិទៀត គឺការពារបរិស្ថាន ធនធានធម្មជាតិ ដែលពួកគាត់កំពុងធ្វើហ្នឹង ព្រោះយើងកំពុងតែខ្សត់ខ្សោយធនធានយុវជន ដែលធ្វើកិច្ចការសម្រាប់សង្គមជាតិនេះគឺមានតិចណាស់ មិនច្រើនទេ បើយើងធៀបជាមួយយុវជនដែលភ្លើតភ្លើននៅក្នុងសង្គមកម្ពុជា»។
កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ តុលាការក្រុងភ្នំពេញ ក៏បានផ្ដន្ទាទោសសកម្មជនមាតា ធម្មជាតិ៣នាក់ដាក់ពន្ធនាគារចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនបួនលានរៀល ដោយចោទពីបទញុះញង់។ ទោសទណ្ឌនេះ ដោយសារពួកគាត់ មានគម្រោងស្នើសុំឲ្យរដ្ឋាភិបាល បញ្ឈប់លុបបឹងតាមោកដែលជាបឹងធម្មជាតិនៅសល់ចុងក្រោយក្នុងរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។