តុលាការ​កំពូល សម្រេច​បញ្ជូន​សំណុំរឿង កុមារ កាក់ សុវណ្ណច្ឆ័យ ទៅ​សាលាឧទ្ធណ៍​កាត់​ក្ដី​ឡើង​វិញ

0:00 / 0:00

តុលាការ​កំពូល​សម្រេច​បញ្ជូន​សំណុំរឿង​កូនប្រុស​សកម្មជន​គណបក្ស​ប្រឆាំង គឺ​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ទៅ​សាលាឧទ្ធរណ៍​កាត់ក្ដី​ឡើងវិញ ដោយ​ទទួល​យក​តែ​ផ្នែក​ខ្លះ​នៃ​ដីកា​សម្រេច​របស់​សាលាឧទ្ធរណ៍​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា សាលាឧទ្ធរណ៍​គួរ​ដំណើរការ​សវនាការ​សំណុំរឿង​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ឡើងវិញ​ឱ្យ​បាន​ឆាប់ និង​ត្រូវ​លើកលែង​ទោស​បទ​ចោទប្រកាន់​មក​លើ​កុមារ​រូប​នេះ ដើម្បី​បញ្ចៀស​ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ទៅ​លើ​កុមារ។

សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ថ្ងៃទី​១២ ខែ​តុលា​នេះ បាន​បញ្ជូន​សំណុំរឿង កុមារ កាក់ សុវណ្ណច្ឆ័យ ឱ្យ​សាលាឧទ្ធរណ៍​កាត់ក្ដី​ឡើងវិញ ដោយ​តុលាការ​កំពូល​ទទួលយក​អង្គហេតុ​របស់​ដីកា​សម្រេច​នៃ​សាលាឧទ្ធរណ៍ ក៏ប៉ុន្តែ​បដិសេធ​ចំពោះ​ការ​ផ្ដន្ទាទោស និង​ការ​ដាក់​លក្ខខ័ណ្ឌ​៦​ចំណុច ទៅលើ​កុមារ កាក់ សុវណ្ណច្ឆ័យ។

កុមារ កាក់ សុវណ្ណច្ឆ័យ មាន​អាយុ​១៧​ឆ្នាំ គឺជា​កូនប្រុស​របស់​លោក កាក់ កុម្ភា ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ពី​បទ​រួមគំនិត​ក្បត់​។ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ក្មេងប្រុស​រូប​នេះ កាល​ពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​ចោទ​ថា កុមារ​រូប​នេះ​បាន​ជេរប្រមាថ​មេដឹកនាំ​រដ្ឋាភិបាល​ក្នុង​ក្រុម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram)។ ។ បន្ទាប់​ពី​បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ម​២ អស់​រយៈពេល​៤​ខែ ១៥​ថ្ងៃ​មក កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

ជុំវិញ​រឿង​នេះ ម្ដាយ​របស់​កុមារ កាក់ សុវណ្ណច្ឆ័យ គឺ​លោកស្រី ព្រុំ ចន្ថា យល់ឃើញ​ថា ការ​ដែល​តុលាការ កាត់ទោស​ដាក់​ពន្ធនាគា​រលើ​កូនប្រុស​របស់​គាត់​កន្លង​មក គឺជា​ការ​គំរាមកំហែង បំបាក់ស្មារតី​ដល់​កូនប្រុស​របស់​គាត់ និង​គ្រួសារ​របស់​លោក​ស្រី ដែល​តែងតែ​បន្ត​ការ​តស៊ូ​ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការចូលរួម​នយោបាយ​ជាមួយ​គណបក្សប្រឆាំង​។ លោកស្រី​ថា សាលាឧទ្ធរណ៍​គួរ​លើកលែង​ការ​ផ្ដន្ទាទោស​លើ​កូនប្រុស​របស់​លោក​ស្រី ព្រោះ​កូន​របស់​លោកស្រី​ស្ថិត​នៅ​ក្នុង​វ័យ​កុមារ ហើយ​លោកស្រី​ថា ការ​ផ្ដន្ទាទោស​របស់​តុលាការ​ដំបូង​កន្លង​មក​នេះ ធ្វើ​ឱ្យ​ប៉ះពាល់ ធ្ងន់ធ្ងរ​ដល់​អនាគត​កូន​របស់​លោកស្រី៖ «ទីមួយ​ប៉ះពាល់​ដល់​ការរៀនសូត្រ ទី​ពីរ​ការ​រើសអើង ទី​បី​ពេល​ដែល​គាត់​ធ្វើការ​ទៅ គាត់​នឹង​មាន​វិប្បដិសារី​ថា គាត់​នៅ​ជាប់​អី​អ៊ីចឹង​ទៅ អាហ្នឹង​ជា​ទោស​មួយ​ធ្ងន់ធ្ងរ​មែនទែន។ អ៊ីចឹង​គាត់​ត្រឹមតែ​ជា​ក្មេង​អនីតិជន ហើយ​គាត់​មាន​ជំងឺ​អ៊ីចឹង​ទៀត (​ជំងឺ​ខ្សោយ​បញ្ញា Autism) សូម​ឱ្យ​ទម្លាក់​រាល់​ការ​ចោទ ឬក៏​ឱ្យ​គ្រួសារ​គ្រប់គ្រង​អប់រំ​គាត់​ទៅ ចង់​និយាយ​អញ្ចឹង ខ្ញុំ​សុំ​ប៉ុណ្ណឹង ហើយ​ទម្លាក់​ការ​ចោទ​ទៅ​ព្រោះ​គាត់​នៅ​ក្មេង​ណាស់។

មេធាវី​ការពារ​ក្ដី​ឱ្យ​កុមារ កាក់ សុវណ្ណច្ឆ័យ គឺ​លោក សំ សុគង់ យល់​ឃើញ​ថា ដីកា​សម្រេច​ផ្ដន្ទាទោស​កុមារ កាក់ សុវណ្ណច្ឆ័យ ពី​តុលាការ​ជា​បន្តបន្ទាប់​កន្លង​ទៅ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​សិទ្ធិ​របស់​កុមារ។ លោក​បន្ថែម​ថា ផ្អែក​តាម​ច្បាប់​ក្រម​ព្រហ្មទណ្ឌ អនុសញ្ញា​ស្ដីពី​សិទ្ធិ​របស់​កុមារ និង​ច្បាប់​ស្ដីពី​យុត្តិធម៌​កុមារ បាន​ចែង​តម្រូវ​ឱ្យ​ចៅក្រម​ត្រូវ​គិតពិចារណា​ឱ្យ​បាន​ខ្ពស់ និង​បញ្ចៀស​ការ​ផ្ដន្ទាទោស​ទៅលើ​កុមារ ដោយ​ត្រូវ​ប្ដូរ​ពី​ការ​ដាក់ទោស​ជាប់​ពន្ធនាគារ ទៅជា​ការ​ស្ដារ​នីតិសម្បទា ឬ​អប់រំ​ជំនួស​វិញ​។ លោក សំ សុគង់ ក៏​សំណូមពរ​ដល់​តុលាការ​លើកលែង​ការចោទប្រកាន់​លើ កុមារ កាក់ សុវណ្ណច្ឆ័យ ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិ​កុមារ ដូច​អ្វី​ដែល​រដ្ឋាភិបាល​បាន​ចុះ​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​ជាមួយ​អង្គការសហប្រជាជាតិ​កន្លងមក៖ « ខ្ញុំ​សុំ​ឱ្យ​អាជ្ញាធរ ក៏ដូចជា​តុលាការ រាជរដ្ឋាភិបាល​ក៏ដោយ ទាក់ទង​នឹង​សំណុំរឿង​របស់​កុមារ​ហ្នឹង គួរតែ​ពិចារណា​ឱ្យ​បាន​ដិតដល់ ហើយ​ជាពិសេស​គឺ​គិត​ពី​ផល​ប្រយោជន៍​របស់​កុមារ ដូច​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ ក៏ដូចជា​សិទ្ធិ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ​ហ្នឹង »

ជុំវិញ​រឿង​នេះ​ដែរ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់ឃើញថា ការ​បង្វិល​សំណុំ​រឿងនេះ​ទៅឱ្យ​សាលាឧទ្ធរណ៍​កាត់ក្ដី​ឡើងវិញ គឺ​ដោយសារ​តុលាការ​កំពូល​មាន​មន្ទិលសង្ស័យ​ទៅលើ​ចំណុច​មួយចំនួន​នៃ​អង្គច្បាប់​។ លោក អំ សំអាត ក៏​សំណូមពរ​សាលាឧទ្ធរណ៍​គួរ​បើក​សវន​ករ​សំណុំរឿង កុមារ កាក់ សុវណ្ណច្ឆ័យ ឡើងវិញ​ឱ្យបាន​ឆាប់ និង​ត្រូវ​លើកលែង​បទចោទប្រកាន់​មក​លើ​កុមារ​រូប​នេះ ដើម្បី​បញ្ចៀស​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ទៅលើ​កុមារ៖ « ព្រោះ​យើង​មើលទៅ ទីមួយ​ផល​ប្រយោជន៍​របស់​កុមារ ទី​ពីរ​កុមារ​ហ្នឹង​គាត់​មាន​ជំងឺ​ជាប់​ប្រចាំ​កាយ​ហៅថា អូទីហ្សឹម​ហ្នឹង (Autism) ហើយ​ទី​បី បើ​យើង​មើល​ទៅលើ​កិច្ច​សន្ទនា​ដែល​យក​មក​ធ្វើ​ភស្តុតាង​ហ្នឹង ជា​ការ​សន្ទនា​តាម​របៀប ការ​បញ្ចេញ​មតិ​តាមរយៈ​ឯកជន​ទេ »

កាលពី​ថ្ងៃទី​១ វិច្ឆិកា ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ួង វុទ្ធា បាន​សម្រេច​ផ្ដន្ទាទោស កុមារ កាក់ សុវណ្ណច្ឆ័យ ដាក់​ពន្ធនាគារ​ចំនួន​៨​ខែ ក្នុង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​។ ប៉ុន្តែ​ចៅក្រម​បាន​កាត់​តម្រឹម​ទោស​ពន្ធនាគារ​ឲ្យ​អនុវត្ត​ត្រឹម​៤​ខែ​កន្លះ ហើយ​ព្យួរទោស​នៅ​សល់ និង​បន្ថែម​លក្ខខណ្ឌ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​តុលាការ​រយៈពេល​២​ឆ្នាំ។

ក្រៅពី​ធ្លាប់​ជាប់​ពន្ធនាគារ កុមារ​រូប​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​២​នាក់ យក​ដុំឥដ្ឋ​គប់​ចំក្បាល​របួស​រហូត​ដល់​ដែរ ២០​ថ្នេរ កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០២១ ហើយ​មក​ដល់​ពេលនេះ​សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជន​ដៃដល់​ណា​ម្នាក់​យក​មក​ផ្ដន្ទាទោស​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។