តុលាការ​កំពូល​នឹង​សម្រេច​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​​លោក រ៉ុង ឈុន នៅ​ចុង​ខែវិច្ឆិកា

0:00 / 0:00

តុលាការ​កំពូល​​បាន​ពន្យារ​ពេល​ប្រកាស​សាលដីកា​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​លោក​រ៉ុង ឈុន ទៅ​ថ្ងៃ​ទី២៥ វិច្ឆិកា​ខាង​មុខ ក្រោយ​បញ្ចប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី១១ វិច្ឆិកា។ មេធាវី​ទទូច​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​លោក រ៉ុង ឈុន មាន​សេរីភាព​វិញ​ឱ្យ​បាន​ឆាប់។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ុង ឈុន គឺ​លោក ជូង ជួងី ប្រាប់​អាស៊ី​សេរី​ថា អង្គ​ជំនុំជម្រះ​ក្ដី​បាន​សួរ​ដោល​​ចំនួន ២ករណី គឺ​រឿង​ការ​ឃុំ​ខ្លួន​ខុស​នីតិវិធី និង​សំណើ​សុំ​ឱ្យ​ដោះ​លែង​កូន​ក្ដី​លោក​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។ លោក​​ឱ្យ​ដឹង​ថា លោក រ៉ុង ឈុន ដែល​ចូល​នៅ​ក្នុង​សវនាការ​នេះ បាន​ងើប​ឈរ​និយាយ​នៅ​ចំពោះ​អង្គ​ជំនុំជម្រះ​ថា ករណី​ដែល​លោក​ចុះ​ទៅ​មើល​នៅ​តំបន់​ព្រំដែន​​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នោះ គឺ​ជា​ការ​ចូល​រួម​ឈឺឆ្អាល​បញ្ហា​ព្រំដែន​។ លោក​ថា លោក រ៉ុង ឈុន សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​អាជ្ញាធរ​ចាប់​ខ្លួន​លោក​​​​​ដាក់​ពន្ធនាគារ ដោយសារ​តែ​ការ​ឈឺឆ្អាល​បញ្ហា​សង្គម​បែបនេះ៖ «គាត់​ព្យាយាម​និយាយ​ច្រើន​ ប៉ុន្តែ​តុលាការ​កាក់​គាត់ ដោយ​តុលាការ​អះអាង​ថា អ្វី​ដែល​គាត់​និយាយ​ថា អ្វី​ដែល​គាត់​លើក​ហ្នឹង ទុក​លើក​នៅ​ក្នុង​​អង្គសេចក្ដី​ ហើយ​ព្រឹក​មិញ​នេះ​គេ​ហៅ​ថា មុន​អង្គ​សេចក្ដី។ ខ្ញុំ​យល់​ថា ពាក់​ព័ន្ធ​ហ្នឹង​ការ​ចាប់​ខ្លួន​ហ្នឹង គឺ​បំពាន់​នីតិវិធី ដែល​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​ករណី​បទ​ល្មើស​ជាក់​ស្ដែង ខណៈ​ដែល​ក្រុម​ខ្ញុំ​ជា​សហ​មេធាវី​យល់​ឃើញ​ការ​បង្ហោះ​តាម​ហ្វេសប៊ុក​នេះ​ វា​មិន​មែន​ជា​បទល្មើស​ជាក់​ស្ដែង​ទេ។ ទី២ ពាក់​ព័ន្ធ​ហ្នឹង​សុំ​នៅ​ក្រៅ​ឃុំ តំណាង​មហា​អយ្យការ​ គេ​យល់​ឃើញ​ថា ខ្លាច​លោក រ៉ុង ឈុន បង្កើត​ឱ្យ​មាន​ចលាចល ប៉ុន្តែ​ពួក​ខ្ញុំ​សហ​មេធាវី យល់​ឃើញ​ថា លោក រ៉ុង ឈុន គាត់​អត់​មាន​បង្កើត​ឱ្យ​មាន​ចលាចល​អី​ទេ »

សវនាការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ុង ឈុន បាន​ប្ដឹង​ទាស់​​នឹង​សេចក្ដី​សម្រេច​​របស់​តុលាការ​ថ្នាក់​ក្រោម ដែល​បន្ត​ឃុំ​ខ្លួន​លោក រ៉ុង ឈុន ក្រោម​ហេតុផល​ថា ដើម្បី​បញ្ចប់​បទ​ល្មើស និង​កុំ​ឱ្យ​មាន​បទ​ល្មើស​កើត​ឡើង​ជា​ថ្មី។

នៅ​ក្នុង​ថ្ងៃ​សវនាការ​នេះ មាន​ក្រុម​យុវជន​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រមាណ ២០នាក់ បាន​នាំ​គ្នា​កាន់​បដា​ស្រែក​តវ៉ា​នៅ​មុខ​តុលាការ​កំពូល ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង និង​ផ្តល់​សេរីភាព​ជូន​លោក រ៉ុង ឈុន សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ជា​ច្រើន​នាក់​ទៀត ដែល​អាជ្ញាធរ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។ ពួក​គេ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​អយុត្តិធម៌។​

អ្នក​គាំទ្រ​លោក រ៉ុង ឈុន ស្រែក​ទាមទារ​តុលាការ​កំពូល​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន ពេល​នគរបាល​នាំ​លោក​ទៅ​ធ្វើ​សវនាការ​នៅ​តុលាការ​កំពូល ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
អ្នក​គាំទ្រ​លោក រ៉ុង ឈុន ស្រែក​ទាមទារ​តុលាការ​កំពូល​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន ពេល​នគរបាល​នាំ​លោក​ទៅ​ធ្វើ​សវនាការ​នៅ​តុលាការ​កំពូល ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបពីហ្វេសប៊ុក៖ Ouk Chhayavy )
អ្នក​គាំទ្រ​លោក រ៉ុង ឈុន ស្រែក​ទាមទារ​តុលាការ​កំពូល​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន ពេល​នគរបាល​នាំ​លោក​ទៅ​ធ្វើ​សវនាការ​នៅ​តុលាការ​កំពូល ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។
អ្នក​គាំទ្រ​លោក រ៉ុង ឈុន ស្រែក​ទាមទារ​តុលាការ​កំពូល​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន ពេល​នគរបាល​នាំ​លោក​ទៅ​ធ្វើ​សវនាការ​នៅ​តុលាការ​កំពូល ថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបពីហ្វេសប៊ុក៖ Ouk Chhayavy)

ចំណែក​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា តុលាការ​គួរ​តែ​ដោះ​លែង​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ តាម​ការ​ស្នើសុំ​របស់​មេធាវី និង​ក្រុម​អ្នក​តវ៉ា ព្រោះ​លោក​យល់​ថា សកម្មភាព​លោក រ៉ុង ឈុន ពុំ​មែន​ជា​អំពើ​ខុស​ច្បាប់​អ្វី​ឡើយ។ លោក​និយាយ​ថា ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​សង្គម​ដទៃ​ទៀត​អាច​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ​កាន់​តែ​អាប់អួ ព្រោះ​ប្រជាពលរដ្ឋ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន​នេះ ហើយ​ពួក​គេ​នឹង​បន្ត​នាំ​គ្នា​សម្ដែង​មតិ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​កាន់​តែ​ច្រើន​ឡើង៖ «ហើយ​ខ្ញុំ​គិត​ថា ការ​ដោះ​លែង​ពួក​គាត់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នេះ គឺ​មិន​ខុស​អី​ពី​នីតិ​វិធី​តុលាការ​ទេ ក្នុង​នីតិវិធី​បើ​សិន​ពួកគាត់​មាន​ផ្ទះ​សម្ដែង​ត្រឹម​ត្រូវ មាន​មុខ​របរ​ត្រឹមត្រូវ មាន​ការ​ងារ​ត្រឹមត្រូវ ហើយ​សន្យា​នៅ​ក្នុង​តុលាការ​ហ្នឹង គាត់​នឹង​ផ្ដល់​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់​នីតិវិធី​ខ្ញុំ​គិត​ថា វា​មាន​ជា​ទម្រង់​នៃ​ការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ហ្នឹង​មាន​ស្រាប់​ទៅ​ហើយ។ គាត់​មិន​ទៅ​ធ្វើ​អី​បន្ត​ទៀត​ទេ។ មាន​មនុស្ស​មួយ​ចំនួន​ដែល​បាន​ដោះ​លែង​នៅ​ក្រៅ​ឃុំ​ថ្មីៗ ច្រើន​ដែរ​ហើយ​ក៏​មិន​ឃើញ​មាន​អី​កើត​ឡើង​​ដែរ ហើយ​ក៏​មិន​ឃើញ​មាន​ភាព​វឹកវរ​អី​ទេ »

អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន និង​សិទ្ធិ​ការងារ លោក រ៉ុង ឈុន ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​យប់​ថ្ងៃ​ទី៣១ កក្កដា ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​លោក​បាន​និយាយ​ថា អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូងឃ្មុំ។ ក្រោយ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន មក អាជ្ញាធរ​បាន​បន្ត​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ ក្រុម​យុវជន ​និង​សកម្ម​ជន​សង្គម​ជាង ២០នាក់​ហើយ ដោយ​តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន ក្នុង​នោះ​ក៏​រួម​ទាំង​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ផង បាន​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​ទាំង​នេះ​ និង​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ។ សហគមន៍​ជាតិ និង​អន្តរជាតិ​បន្ត​ស្នើ​សុំ​យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់ ហើយ​បើក​ឱ្យ​ប្រជាពលរដ្ឋ​បាន​ចូល​រួម​សម្ដែង​មតិ​ដោយ​សន្តិវិធី​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។