តុលាការកំពូលបន្តតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាបប្រឆាំងនឹងលោក វន់ ពៅ
2024.09.09
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល រក្សាសាលដីការបស់សាលា ឧទ្ធរណ៍ ដែលសម្រេចផ្ដន្ទាទោសប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ ឱ្យជាប់ពន្ធនាគារជាង ៤ឆ្នាំទុកជាបានការ ដដែល។ លោក វន់ ពៅ ថាការសម្រេចនេះ រឹតតែធ្វើឱ្យយុត្តិធម៌សម្រាប់លោក នៅឆ្ងាយដូចជើងមេឃ។
ទោះបីជាតុលាការថ្នាក់ក្រោម តាំងពីសាលាដំបូងរាជធានីភ្នំពេញដល់សាលាឧទ្ធរណ៍ មិនបានផ្ដល់យុត្តិធម៌ដល់រូបលោកក៏ដោយ ប៉ុន្តែក្នុងរយៈពេល ១០ ឆ្នាំមកនេះ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ នៅតែខិតខំបន្តស្វះស្វែងរកយុត្តិធម៌ពីតុលាការជាន់ខ្ពស់។
យ៉ាងណាការរំពឹងទុករបស់លោក វន់ ពៅ ថានឹងទទួលបានយុត្តិធម៌ពីតុលាការ កំពូលនោះ មកដល់ទីបញ្ចប់ លោកត្រូវខកចិត្ត ពីព្រោះតុលាការនៅថ្ងៃទី០៩ ខែកញ្ញា សម្រេចសេចក្ដីដោយរក្សាសាលដីការបស់សាលាឧទ្ធរណ៍ ដែលផ្ដន្ទាទោសលើរូបលោកឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ និង ៦ខែ ពីបទ «ញុះញង់» ពាក់ព័ន្ធនឹងការចូលរួមតវ៉ានៅរោងចក្រកាត់ដេរ យ៉ាកជីន កាលពីឆ្នាំ ២០១៤ ទុកជាបានការដដែល។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលលោក និល ណុន នៅថ្ងៃទី០៩ ខែកញ្ញា បានប្រកាសសាលដីកាថា ការសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយតម្កល់សាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៤ ដល់ ៥ឆ្នាំ ពីបទ«ញុះញង់» លើលោក វន់ ពៅ និងជនជាប់ចោទផ្សេងទៀតថា ជារឿងត្រឹមត្រូវ។ ការប្រកាសសាលដីកានៅថ្ងៃទី០៩ ខែកញ្ញា មិនមានវត្តមានលោក វន់ ពៅ នោះទេ ដោយសារលោកជាប់បេសកកម្មនៅក្រៅប្រទេស។
ភ្លាមៗក្រោយការសម្រេចរបស់តុលាការលោក វន់ ពៅ បានសរសេរនៅលើ ហ្វេសប៊ុករបស់លោកថា យុត្តិធម៌សម្រាប់លោក គឺនៅឆ្ងាយដូចជើងមេឃ។
លោក វន់ ពៅ ប្រាប់វិទ្យុអាស៊ីសេរីបន្ថែមថា លោកខកចិត្ត ដែលតុលាការកំពូល សម្រេចសេចក្ដីដូចតុលាការថ្នាក់ក្រោមដែរ។
លោក វន់ ពៅ៖ «ខ្ញុំខំសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ ប៉ុន្តែអ្វីដែលជាការសង្ឃឹមរបស់ខ្ញុំមិនដូចបំណងអ្វីដែលជាការសង្ឃឹមរបស់ខ្ញុំទេ»។
សហមេធាវីការពារក្ដីឱ្យលោក វន់ ពៅ គឺលោក សឺន ជុំជួន សម្ដែងការ សោកស្ដាយដោយចាត់ទុកការសម្រេចរបស់តុលាការកំពូល ជារឿងអយុត្តិធម៌ សម្រាប់កូនក្ដី។
លោក សឺន ជុំជួន៖ «ពេលសវនាការជំនុំជម្រះហ្នឹង យើងមើលឃើញថា ផ្អែកទៅតាមសំណុំរឿង វាមិនគួរត្រូវបានចោទប្រកាន់ ឬសេចក្ដីសម្រេចរបស់សាលក្រម ឬក៏របស់សាលដីកាសាលាឧទ្ធរណ៍ភ្នំពេញទេ គឺយើងមិនអាចទទួលបាន។ ផ្អែកអង្គហេតុទៅ វាជារឿងមួយវាជាការបំភ្លៃអង្គហេតុ។ បើតុលាការនៅតែសម្រេចតម្កល់អ៊ីចឹង វាជាការសោកស្ដាយមែនទែន»។
លោក វន់ ពៅ ត្រូវបានទាហាន នៃកងឆត្រយោង៩១១ ចាប់ខ្លួនកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ក្នុងពេលចូលរួមឃ្លាំមើលការធ្វើបាតុកម្មរបស់កម្មករនៅរោងចក្រ យ៉ាក់ជីន (Yak Jin) ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ដែលទាមទារដំឡើង ប្រាក់ឈ្នួល ១៦០ដុល្លារ ដែលកាលនោះ លោកត្រូវបានទាហានឆត្រយោង ៩១១ វាយឱ្យរងរបួសធ្ងន់ធ្ងរមុននឹងបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង។
លុះដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ លោក វន់ ពៅ និងជនជាប់ចោទផ្សេងទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៤ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨លានរៀល អំពីបទ«ញុះញង់»ទាក់ទងនឹងព្រឹត្តិការណ៍បាតុកម្មនោះ។
ក្រោយពីអនុវត្តន៍ទោសជាប់ពន្ធនាគាររយៈពេល ៥ខែ គិតតាំងពីថ្ងៃចាប់ខ្លួនលោក វន់ ពៅ ត្រូវបានដោះលែងវិញ នៅអំឡុងខែឧសភា ឆ្នាំ២០១៤ ហើយទោសដែល នៅសល់ត្រូវព្យួរ។
លុះដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចលុបចោល ប្រាក់ពិន័យចំនួន ៨លានរៀល ប៉ុន្តែតម្កល់សាលក្រមផ្ដន្ទាទោស ដាក់ពន្ធនាគារលើលោក វន់ ពៅ និងជនជាប់ចោទផ្សេងទៀត ដូចសាលាដំបូងរាជធានីភ្នំពេញដែរ។
សមាជិកក្រុមប្រឹក្សាតំណាងសមាគម IDEA លោក ស៊ូ សុជាតិ ដែលចូលរួមស្ដាប់ការប្រកាសសាលដីកានេះ ខកចិត្ត ដោយលើកហេតុផលថា លោក វន់ ពៅ ជាជនរងគ្រោះ បែរជាក្លាយជាអ្នកទោសទៅវិញ។
លោក ស៊ូ សុជាតិ៖ «យើងជាជនរងគ្រោះ ប៉ុន្តែអ្វីដែលជាការប្រកាសនេះ គឺយើងបែរជាជនត្រូវជាប់ចោទទៅវិញ។ អ៊ីចឹង អ្វីដែលយើងពិបាកទទួលយក គឺការប្រកាសហ្នឹង តម្កល់សាលដីកានៅដដែល។ មានន័យថា យើងនៅតែជាប់ចោទនូវអ្វី ដែលតុលាការបានចោទតាំងពីសាលាដំបូងរហូតដល់សាលាឧទ្ធរណ៍រហូតមកដល់តុលាការកំពូលនៅដដែលអ៊ីចឹង»។
អង្គការលីកាដូឱ្យដឹងថា លោក វន់ ពៅ ត្រូវបានអាជ្ញាធរចាប់ខ្លួនជាមួយនឹងកម្មករ និងអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ផ្សេងទៀត នៅមុខរោងចក្រ យ៉ាក់ ជីន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ មួយថ្ងៃមុនពេល ដែលកងកម្លាំងចម្រុះរបស់រដ្ឋាភិបាលបានបង្ក្រាបកម្មករ នៅលើផ្លូវ វេង ស្រេង ដែលទាមទារដំឡើងប្រាក់ខែចំនួន ១៦០ដុល្លារ។ ការបង្ក្រាបនេះ បានបណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិចណាស់ចំនួន ៤នាក់ និងរងរបួសយ៉ាងតិច ៣៨នាក់ ខណៈកុមារា ខឹម សុផាត ជាកម្មករ ដែលមានអាយុត្រឹមតែ ១៥ឆ្នាំ នៅពេលនោះ បានរងរបួសធ្ងន់ធ្ងរ ហើយបានបាត់ខ្លួនរហូតដល់ពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។