ថ្ងៃទី២៨ ខែមេសា មន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារការពារសិទ្ធិមនុស្ស៤បានចូលរួមសវនាការនៅសាលាឧទ្ធរណ៍ ក្នុងសំណុំរឿងសូកប៉ាន់សាក្សី កាលពីជិត៥ឆ្នាំមុន។ តុលាការជាន់ខ្ពស់មួយនេះ មិនទាន់សម្រេចបែបណានៅឡើយទេ នៅក្នុងសវនាការនេះ។
សវនាការនេះមានការចូលរួមពីមន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងមន្ត្រីសិទ្ធិមនុស្សម្នាក់ទៀតគឺលោក ណៃ វ៉ង់ដា តែអវត្តមាន អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា។ មន្ត្រីដែលសិទ្ធិដែលរងការចោទប្រកាន់ និងអ្នកឃ្លាំមើលតុលាការ នៅតែសោកស្ដាយដែលតុលាការជាន់ខ្ពស់មួយមិនបានកោះហៅដើមបណ្ដឹង និងសាក្សី មកឆ្លើយបំភ្លឺនៅតុលាការ។
ក្រុមមន្ត្រីសិទ្ធិមនុស្សក៏ភ្ញាក់ផ្អើល ដែលពួកគេទើបឃើញ មានបណ្ដឹងមួយទៀតពីតំណាងអយ្យការ ដែលមិនពេញចិត្តនឹងការសម្រេចឲ្យពួកគេទាំងនោះនៅក្រៅឃុំកាលពីឆ្នាំ២០១៧។
មន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់សវនាការថា លោកបានស្នើសុំតុលាការឲ្យផ្ដល់សេរីភាពពេញលេញដល់រូបលោកនិងអ្នកផ្សេងទៀត ដោយទម្លាក់ចោលការចោទប្រកាន់។ លោកបន្តថា ការចោទប្រកាន់ថា លោកសូកប៉ាន់សាក្សីគ្មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់នោះទេ។ លោកស្នើទៅតុលាការឲ្យស៊ើបឲ្យឃើញថា តើលោកទទួលបានអ្វីពីសាក្សីនៃការសូកប៉ាន់នេះ។ លោក យី សុខសាន្ត សោកស្ដាយដែលតុលាការសាលាឧទ្ធរណ៍មិនបានផ្ដល់ឲ្យយុត្តិធម៌ដល់ក្នុងពេលនេះ៖ «ចោទប្រកាន់ទៅពាក់ព័ន្ធរឿងសូកប៉ាន់សាក្សី ទាល់តែខ្ញុំចង់បានស្អីពី ខុម ចាន់តារាទី មានស្អីដែលយកឲ្យទៅសូក ខ្ញុំទៅសូកគាត់យកអី ? អត់មាន ខ្ញុំមានតែជួយគាត់ ចំណុចហ្នឹងដែលខ្ញុំស្នើសុំតុលាការពិចារណាវិនិច្ឆ័យឲ្យពួកខ្ញុំមានសេរីភាព»។
សវនាការមានការឃ្លាំមើលពីស្ថានទូតប្រទេសប្រជាធិបតេយ្យ ប្រចាំកម្ពុជា មន្ត្រីអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងអ្នកសារព័ត៌មាន។
ដោយឡែក នាង ខុម ចាន់តារាទី ដែលប្ដូរពីសាក្សីក្លាយជាដើមបណ្ដឹងក្នុងសំណុំរឿងនេះ និងសាក្សីដាក់បន្ទុកម្នាក់ទៀត គឺអ្នកស្រីមេធាវី ទ្រី ឈួន មិនបានចូលបំភ្លឺនៅសាលាឧទ្ធរណ៍នេះដដែល។
អ្នកតាមដានដំណើររឿងនេះ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព និយាយរិះគន់តុលាការដែលនៅតែបន្តអនុញ្ញាតឲ្យមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ចូលថតវីដេអូក្នុងបន្ទប់សវនាការ ខណៈអង្គភាពប្រឆាំងអំពើពុករលួយ ជាភាគីចោទប្រកាន់លើមន្ត្រីសង្គមស៊ីវិល។ អ្នកស្រីសោកស្ដាយចំពោះអវត្តមានដើមបណ្ដឹង និងសាក្សីដាក់បន្ទុក។ អ្នកឃ្លាំមើលសវនាការរូបនេះថា សំណុំរឿងគ្មានធាតុផ្សំគ្រប់គ្រាន់ ក្នុងការចោទប្រកាន់លើមន្ត្រីសិទ្ធិមនុស្សទាំងនេះទេ៖ «ការសម្រេច របស់សាលាឧទ្ធរណ៍យើងអត់ទាន់ម៉េចទេ ប៉ុន្តែ បើសាលាឧទ្ធរណ៍ធ្វើការសម្រេចក្នុងន័យដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ពួកគាត់ទាំង៤រូបហ្នឹង ខ្ញុំ គិតថា ជារឿងមួយអយុត្តិធម៌មែនទែន ដោយសារហេតុអី ពួកគាត់បានចូលរួមសហការ ទៅក្នុង ដំណើរនីតិវិធី មកដល់ពេលនេះ ប៉ុន្តែ ដើមបណ្ដឹង ហើយហ្នឹងសាក្សីដែលបានដាក់បន្ទុកលើពួកគាត់លើពួកគាត់ទេដែលអវត្តមាន»។
កាលពីឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយបានកសាងសំណុំរឿងចោទមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកទាំង៣រូបគឺលោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងមន្ត្រីសិទ្ធិមនុស្សម្នាក់ទៀតគឺលោក ណៃ វ៉ង់ដា ដែលកាលនោះលោកជាមន្ត្រីសមាគមអាដហុក រួមទាំងអគ្គលេខាធិការរងនៃគ.ជ.ប លោក នី ចរិយា ដែលលោកជាអតីតមន្ត្រីសមាគមអាដហុកទាក់ទងការសូកប៉ាន់សាក្សី។ នាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងប្រធានគណបក្សប្រឆាំង លោក កឹម សុខា បានចោទប្រកាន់អ្នកទាំង៥រូបនេះ។ តុលាការក៏បានផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារ១៤ទោស នៅសល់ព្យួរក្រោមបទចោទសមគំនិត និងសូកប៉ាន់សាក្សី។ អ្នកទាំងអស់ក៏សម្រេចប្ដឹងទាស់ការសម្រេចរបស់សាលាដំបូងមកសាលឧទ្ធរណ៍កាលពីខែតុលា ឆ្នាំ២០១៨។ សាលាឧទ្ធរណ៍គ្រោងនឹងប្រកាសសេចក្ដីលើសំណុំរឿងនេះ ព្រឹក ទី២៣ ខែឧសភា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។