តុលាការកំពូល បានបដិសេធបណ្ដឹងសាទុក្ខរបស់តំណាងសហជីពណាហ្គាវើលដ៍ចំនួន ៧នាក់ និងមិនដោះលែងកញ្ញា ឈឹម ស៊ីថរ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី២៤មីនា។ សង្គមស៊ីវិល និងកូដករណាហ្គាវើលដ៍ ខកចិត្តចំពោះសាលដីការបស់តុលាការកំពូល ហើយស្នើឲ្យតុលាការប្រើប្រាស់ច្បាប់ ស្ដីពីការងារក្នុងការដោះស្រាយបញ្ចប់វិវាទ។
សេចក្តីសម្រេចរបស់តុលាការកំពូល ទៅលើសំណុំរឿងញុះញង់ ប្រឆាំងទៅនឹងស្ត្រីសហជីពនៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ចំនួន ៧រូប ដោយរួមមានប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ផងនោះ គឺពុំមានអ្វីប្រែប្រួលខុសពីការសម្រេច របស់តុលាការជាន់ទាបនោះឡើយ។ អនុប្រធានតុលាការកំពូល និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកចៅក្រម គង់ ស្រ៊ីម បានចេញសាលដីកាសម្រេចឲ្យប្រធានសហជីពណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បន្តឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស (ម២) ដដែល។ ចំណែក សមាជិកសហជីពចំនួន ៦នាក់ទៀត រួមមាន លោកស្រី ឈឹម សុខន លោកស្រី ហៃ សុភាព លោកស្រី ឃ្លាំង សុបិន្ត លោកស្រី រី សុវណ្ណឌី លោកស្រី ស៊ុន ស្រី ពេជ្រ និងលោកស្រី ទូច សិរីមាស ដែលកំពុងស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ននោះ តុលាការកំពូលបន្តដាក់ពួកគាត់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ សាលដីការបស់សាលាកំពូលនេះ ធ្វើឡើងដោយផ្អែកលើមូលហេតុ មិនមានលិខិតផ្ទេរសិទ្ធិឲ្យមេធាវី នៅក្នុងបណ្ដឹងសារទុក្ខនេះ។ ការប្រកាសសាលដីកានេះ ក៏មានវត្តមានរបស់កញ្ញា ឈឹម ស៊ីថរ នៅក្នុងបន្ទប់សវនាការផងដែរ។
នៅខាងក្រៅតុលាការកំពូលឯនោះវិញ ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ៣០នាក់ ដែលបានក្រាលកន្ទេលអង្គុយរង់ចាំពន្លឺយុត្តិធម៌នោះ ពួកគាត់មានការខកចិត្តនៅពេល ដឹងអំពីការសម្រេចរបស់តុលាការកំពូល ដែលមិនព្រមប្រគល់សេរីភាពជូនកញ្ញា ឈឹម ស៊ីថរ និងមិនឲ្យសមាជិកសហជីពផ្សេងទៀត រួចផុតពីការចោទប្រកាន់ទាំងអយុត្តិធម៌។
កូដករណាហ្គាវើលដ៍ម្នាក់ គឺកញ្ញា សៀក បញ្ញា ថ្លែងទាំងហួសចិត្តថា ដំណើរការសំណុំរឿងក្ដីទៅលើតំណាងសហជីពណាហ្គាវើលដ៍ ហាក់អូសបន្លាយពេលមិនដឹងថាដល់ថ្ងៃណាទើបអាចរកដំណោះស្រាយបានឡើយ។ កញ្ញាបន្តថា ក្រុមកូដករណាហ្គាវើលដ៍ គ្រាន់តែធ្វើកូដកម្មដែលស្ថិតក្រោមច្បាប់ ការងារក្នុងការទាមទារលក្ខខណ្ឌការងារជាមួយថៅកែក្រុមហ៊ុន មិនមែនជាការញុះញង់ ឬផ្ដួលរំលំរដ្ឋាភិបាលនោះទេ។
កញ្ញា សៀក បញ្ញា៖«រឿងករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ ដែលថៅកែណាហ្គាវើលដ៍ គេរំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញប្រចាំប្រទេសកម្ពុជា និងរំលោភបំពានសិទ្ធិការងាររបស់កម្មករខ្មែរនៀក តើអ្នកណាខ្ពស់ជាងតុលាការកំពូលនេះ អ្នកណាអាចដោះស្រាយរឿងនេះបានបើតុលាការកំពូលផុតនេះ ផុតដល់តុលាការកំពូលហើយ ហើយតុលាការកំពូលថាផុតពីគាត់ អញ្ចឹងបានន័យថា មានអ្នកនៅលើ ផុតខ្ពស់ជាងតុលាការកំពូលហ្នឹងទៀតបានអាចដោះស្រាយរឿងវិវាទណាហ្គាវើលដ៍ ហ្នឹងបាន»។
ពាក់ព័ន្ធនឹងករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោកខកចិត្តចំពោះសាលដីការបស់សាលាកំពូលនេះ។ លោកថា ការធ្វើកូដកម្មរបស់ក្រុមកម្មករនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាការទាមទារឲ្យមានការដោះស្រាយវិវាទការងារ ដែលជាប់គាំងជាងមួយឆ្នាំមកនេះ ដូច្នេះលោកថា ស្ថាប័នពាក់ព័ន្ធ គួរតែដោះស្រាយបញ្ហានេះតាមរយៈច្បាប់ការងារ មិនគួរមានការចាប់ដាក់ពន្ធនាគារ ឬការចោទប្រកាន់ថាជាបទល្មើសផ្សេងទៀតនោះទេ។
លោក អំ សំអាត៖«យើងឃើញថាករណីណាហ្គាវើលដ៍នេះ ហាក់បីដូចជាការរើសអើង ទៅលើសហជីព ហើយរំលោភសិទ្ធិទៅលើសហជីព បុគ្គលិកកម្មករដែលជាសមាជិកសហជីពណាហ្គាវើលដ៍ហ្នឹង»។
ការចោទប្រកាន់ និងការដាក់ទោសទណ្ឌទៅលើស្ត្រីសហជីពទាំង៧រូប ពាក់ព័ន្ធនឹងបទចោទប្រកាន់ញុះញង់នេះ កើតមានដោយសារតែសកម្មភាពកូដកម្មអហិង្សារបស់ពួកគេ ដើម្បីទាមទារឲ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ដោះស្រាយវិវាទការងារ ក្រោយពេលក្រុមហ៊ុន បានបញ្ឈប់ បុគ្គលិកទ្រង់ទ្រាយធំ ដែលរួមមានថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍ នៅក្នុងគោលបំណងរំលាយសហជីពមួយនេះ។ ដំបូងឡើយ សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីសហជីពទាំង៧រូបជាបន្តបន្ទាប់ កាលពីដើមឆ្នាំ២០២២ ហើយត្រូវបានដោះលែងវិញ ក្រោយឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល២ខែ ។ ក៏ប៉ុន្តែក្រោយមកសមត្ថកិច្ច ចាប់ខ្លួនប្រធានសហជីពកញ្ញា ឈឹម ស៊ីថរម្ដងទៀត នៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស (ម២) ម្តងទៀត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។
ករណីនេះមិនមែនតែក្រុមកូដករណាហ្គាវើលដ៍ និងមន្ត្រីសិទ្ធិមនុស្សនោះទេ ក្រុមអង្គការ និងសហជីពជាតិ-អន្តរជាតិ ព្រមទាំងក្រុមប្រទេសប្រជាធិបតេយ្យផង សុទ្ធតែចាត់ទុកថា ការចោទប្រកាន់ និងការចាប់ឃុំខ្លួនតំណាងសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រីនេះ គឺជារឿងអយុត្តិធម៌បំផុត។ ពួកគេ ទទូចដល់រដ្ឋាភិបាល លោកហ៊ុន សែនឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ និងទម្លាក់ចោលការ ចោទប្រកាន់ទាំងអស់ ទៅលើកូដករណាហ្គាវើលដ៍ ហើយងាកទៅដោះស្រាយវិវាទការងារនេះ ឲ្យត្រឹមត្រូវឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។