តុលាការកំពូលនឹងលើកយករឿងក្តីព្រហ្មទណ្ឌប្រឆាំងនឹងសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី ទៅជំនុំជម្រះនៅថ្ងៃទី១ ខែកក្កដា ខាងមុខ។ មន្ត្រីសិទ្ធិមនុស្សរំពឹងថា តុលាការជាន់ខ្ពស់មួយនេះនឹងផ្តល់យុត្តិធម៌ដល់លោក រ៉ាត់ រត្នមុនី វិញ ព្រោះលោកមិនមានកំហុសអ្វីឡើយ។
សហមេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី គឺលោក ឡោ ជុនធី ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៥ មិថុនាថា តុលាការកំពូលបានជូនដំណឹងអំពីកាលបរិច្ឆេទនៃសវនាការនៅពេលថ្មីៗនេះ ហើយពួកលោក និងកូនក្តីនឹងចូលរួមក្នុងការជំនុំជម្រះតាមកាលកំណត់។
មេធាវី ឡោ ជុនធី បញ្ជាក់ថា កូនក្តីរបស់លោកត្រឹមជាអ្នកបកប្រែ និងជាអ្នកសម្របសម្រួលការផលិតខ្សែភាពយន្តឯកសារ "ម្តាយខ្ញុំ លក់ខ្ញុំ" ឱ្យសារព័ត៌មាន RT (Russia Today) មិនបានប្រព្រឹត្តបទល្មើសញុះញង់នោះឡើយ។ ជាមួយគ្នានេះ លោកថា គាត់ក៏គ្មានចេតនាធ្វើឱ្យអាប់ឱនកិត្តិយសស្ត្រីខ្មែរ ដូចការចោទប្រកាន់របស់អាជ្ញាធរដែរ។ មេធាវីរូបនេះបញ្ជាក់ថា តាំងពីដំណាក់កាលដំបូងមក តុលាការមិនបានកោះហៅតំណាងទូរទស្សន៍ RT ឱ្យមកឆ្លើយបំភ្លឺនោះឡើយ ពោលគឺតុលាការដាក់បន្ទុកតែទៅលើកូនក្តីរបស់លោកតែម្នាក់ប៉ុណ្ណោះ៖ «អ្វីដែលធ្វើ គឺជា Video News ( វីដេអូព័ត៌មាន ) អ៊ីចឹង Video News កាលណាសម្ភាសបានព័ត៌មានអ្វី ដាក់ព័ត៌មានហ្នឹងទៅ។ ចំណុចហ្នឹងដែលគាត់ថា គាត់អត់មានចេតនាថា វាប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីទេ ហើយខាង RT គេលើកឡើងមកថា លោក រត្នមុនី ហ្នឹង គ្រាន់តែជួយដល់ខាងគេទេ។ គេមិនដាក់បន្ទុកលើ រត្នមុនី ទេ»។
អាជ្ញាធរថៃបានចាប់ខ្លួនលោក រ៉ាត់ រត្នមុនី បញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា កាលពីចុងឆ្នាំ២០១៨ នៅពេលលោក និងគ្រួសារកំពុងព្យាយាមសុំទិដ្ឋាការទៅប្រទេសហូឡង់ (Netherland) ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញ។ អាជ្ញាធរខ្មែរបានចោទលោកថា បានផ្តល់លុយឱ្យប្រភព ដើម្បីនិយាយប្រឌិតសាច់រឿង នៅក្នុងភាពយន្តឯកសារ “ម្តាយខ្ញុំ លក់ខ្ញុំ” ប៉ុន្តែតួអង្គម្នាក់ធ្លាប់អះអាងប្រាប់អាស៊ីសេរីថា អ្វីដែលនាងនិយាយគឺជារឿងពិតផ្ទាល់ខ្លួន មិនមានការផ្តល់លុយកាក់ឱ្យនិយាយកុហកនោះឡើយ។
ទោះជាយ៉ាងណា តុលាការក្រុងភ្នំពេញបានកាត់ទោសលោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ២ ឆ្នាំ ពីបទ “ញុះញង់ឱ្យមានការរើសអើង” ហើយតម្រូវឱ្យលោកបង់សំណងដល់ដើមបណ្តឹងដែលជាតួអង្គម្តាយកូននៅក្នុងភាពយន្តឯកសារនោះ ចំនួនជិត ២ម៉ឺនដុល្លារអាមេរិក។ សាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សេចក្តីសម្រេចនេះទុកជាបានការដដែល ទោះជាសវនាការធ្វើឡើងដោយគ្មានការចូលរួមពីភាគីដើមបណ្តឹងយ៉ាងណាក្តី។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា តុលាការកំពូលហាក់យឺតយ៉ាវក្នុងការជម្រះក្តីនេះ ព្រោះមេធាវីបានប្តឹងសាទុក្ខតាំងពីខែធ្នូ ឆ្នាំ២០១៩ ស្របពេលលោក រ៉ាត់ រត្នមុនី បានជាប់ឃុំលើសពីពាក់កណ្តាលនៃទោសទៅហើយ។ ទោះជាយ៉ាងណា អ្នកការពារសិទ្ធិមនុស្សរូបនេះរំពឹងថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់លោក រ៉ាត់ រត្នមុនី ព្រោះករណីនេះរងការរិះគន់ថា ជាការបង្ក្រាបលើសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ៖ «ទាក់ទៅនឹងសវនាការថ្ងៃ០១ នៅតុលាការកំពូលនេះ យើងជាសង្គមស៊ីវិល សង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់លោក រ៉ាត់ រត្នមុនី និងទម្លាក់ចោលបទចោទប្រកាន់សម្រាប់លោក ហើយដោះលែងលោកឱ្យមានសេរីភាពឡើងវិញ»។
គិតត្រឹមពាក់កណ្តាលខែមិថុនា ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា (CCTUF) លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃស អស់រយៈពេលជាង១ ឆ្នាំកន្លះមកហើយ ហើយទោសជាប់ពន្ធនាគាររបស់លោកនឹងត្រូវបញ្ចប់នៅអំឡុងខែធ្នូ ខាងមុខ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផង បានវាយតម្លៃថា ការដាក់ទោសលោក រ៉ាត់ រត្នមុនី កាន់តែធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិ បាត់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដោយសារតែសកម្មជនសិទ្ធិការងាររូបនេះមិនទទួលបានសវនាការជំនុំជម្រះប្រកបដោយយុត្តិធម៌ឡើយ។ ពួកគេស្នើស្នើយ៉ាងទទូចដល់អាជ្ញាធរកម្ពុជា ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសកម្មជនសិទ្ធិការងាររូបនេះវិញដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។